សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

រូបភាព​បង្ហាញ​ពី​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី

​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា California (Caltech) បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​បាច់​ប្រើ​ខ្សែ​​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​។

ជា​លើក​ដំបូង​ហើយ​ដែល​​អគ្គិសនីអាច​​ត្រូវ​បាន​បាញ់បញ្ជូន​ពីទី​អវកាស​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​។​ នេះ​បើ​តាម​ New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 05 មិថុនា 2023​។ គម្រោង​អគ្គិសនីបាន​ពី​​ព្រះ​អាទិត្យ​​ក្នុង​ទី​អវកាស​ (SSPP) មាន​គោល​ដៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត​គ្មាន​ដែន​កំណត់​នៅ​ក្នុង​គន្លង​តារា​វិថី​ផែនដី​។

អគ្គិសនីបាន​ពី​​ព្រះអាទិត្យ​ក្នុង​ទី​អវកាស​អាច​ដោះ​ស្រាយបញ្ហា​ថាមពល​ស្អាត​ជា​ច្រើន​នៅ​លើ​ផែនដី​។ បណ្ដាញ​ផលិត​អគ្គិសនី​លើ​គន្លង​តារា​វិថី​ផែនដី​អាច​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យក្នុង​រយៈ​ពេល​​ 24/7 ដោយ​វា​មិន​មាន​ការ​រំខាន​ពី​បរិយាកាស​ ឬ​បញ្ហា​អាកាស​ធាតុ​។ យោង​តាម​ទ្រឹស្ដី ផ្ទាំង​សូឡា​ដែល​ដាក់​​ក្នុងទី​អវកាស​អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង 8​ ដង​ បើ​ធៀប​នឹង​ផ្ទាំង​សូឡា​ដាក់​នៅ​លើ​ដី​។​

ស្ថាប័ន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​​ បើ​ទោះ​ត្រូវ​ជួប​ឧបសគ្គ​ធំ​ៗ​ជា​ច្រើន​។ ក្នុង​នោះមាន​ដូច​ជា​ ទំហំ​ដ៏​ធំ​របស់​ផ្ទាំង​សូឡា​ ថ្ម​សម្រាប់​ផ្ទុកថាមពលដែល​​បាន​ពីព្រះ​អាទិត្យ​ ប្រព័ន្ធ​ទទួល​អគ្គិសនី​ពី​ទីអវកាស​​នៅ​លើ​ដី​។ល។

ប្រព័ន្ធ​ប្រមូល​ និង​បាញ់​បញ្ជូនអគ្គិសនី​នៅ​ទី​​អវកាស​ក៏​ត្រូវ​ការ​ការ​បាញ់បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​​ចំនួន​ 39 លើក​ (សម្រាប់​ថ្ម​ម៉ូឌុល​ស្រាល និង​ឆ្លាត​វៃ​របស់ Caltech) មុន​នឹង​ដំឡើង​​ក្នុង​ទី​អវកាស​។

ប្រព័ន្ធ​ SSPD-1 សម្រាប់​ធ្វើ​តេស្ត​ក្នុង​គម្រោង​ខាងលើ​ដែល​មាន​ទម្ងន់ 50​ គីឡូក្រាម​ ត្រូវ​បាន​ដាក់​ក្នុង​យាន​អវកាស​ Momentus Vigoride និង​បាញ់​បង្ហោះ​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​ដោយ​រ៉ុក្កែត​​របស់ SpaceX កាល​ពី​ថ្ងៃទី 03 មករា 2023​។

​ម៉ូឌុល MAPLE

SSPD-1 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ម៉ូឌុល​តូច​ៗ​ចំនួន​បី​គ្រឿង​ រួម​មាន​ ម៉ូឌុល DOLCE សម្រាប់ធ្វើ​តេស្ត​​បណ្ដា​ម៉ូឌុល​ដែល​អាច​បត់​បាន​ ខណៈ​ម៉ូឌុល ALBA ធ្វើ​តេស្ត​​ថ្មផ្ទុក​ថាមពល​ និង​ម៉ូឌុល MAPLE ធ្វើ​តេស្ត​បច្ចេកវិទ្យា​បាញ់​បញ្ជូន​​អគ្គិសនី​មិន​ប្រើខ្សែ​​ពី​ទី​អវកាស​មក​កាន់ស្ថានីយ​ទទួល​នៅ​លើ​ដី​​។

ការ​ធ្វើតេស្ត​បាញ់បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​ប្រើ​ខ្សែ​ និង​ទទួល​បាន​ជោគ​ជ័យ​របស់​​ក្រុមអ្នក​អ្នក​ជំនាញ​​នៅ​វិទ្យាស្ថាន​​បច្ចេក​វិទ្យា California បញ្ជាក់​ថា ការ​ទាញ​យក​ថាមពល​​មិន​ចេះ​រី​ង​ស្ងួត​ និង​ស្អាត​ពី​ទីអវកាស​ បញ្ជូន​មក​កាន់​ផែនដីដើម្បី​ប្រើ​ប្រាស់​ គឺជា​រឿង​ដែល​​ទៅ​រួច​ 100%​៕

Advertisement