រថយន្ត​អគ្គិសនី​នឹងមាន​តម្លៃ​ស្មើនឹង​រថយន្ត​សាំង​ចាប់ពី​ឆ្នាំ 2030?

អគ្គនាយក​ប្រតិបត្តិ​របស់ Ford អះអាងថា ដល់​ក្រោយ​ឆ្នាំ 2030 ការចំណាយ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​នឹង​អាច​ប្រហាក់ប្រហែល​នឹង​ការផលិត​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង។

តម្លៃ​រថយន្ត​អគ្គិសនី​បានចាប់ផ្ដើម​ថយចុះ ក្នុងនោះ​មាន​ម៉ូ​ដែល​ខ្លះ​ក៏​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ល្អ​ជាមួយនឹង​រថយន្ត​ប្រើ​សាំង។ ថ្លែងប្រាប់ Reuters កាលពីពេលថ្មីៗនេះ CEO របស់​ក្រុមហ៊ុន Ford លោក Jim Farley យល់​ថា ការចំណាយ​លើ​ការផលិត​រថយន្ត​អគ្គិសនី​នៅតែ​ខ្ពស់ជាង​បើ​ធៀប​នឹង​កំណែ​ប្រពៃណី។

លោក Jim Farley ជឿថា យ៉ាងហោចណាស់​ក៏​ត្រឹម​ក្រោយ​ឆ្នាំ 2030 ទើប​រថយន្ត​អគ្គិសនី​មានតម្លៃ​ស្មើនឹង​រថយន្ត​ប្រេងសាំង នៅពេល​រថយន្ត​អគ្គិសនី​ជំនាន់​ទី​ពីរ ឬ​ទី​បី​បង្ហាញខ្លួន។

ប្រហែល​ពី​ឆ្នាំ 2030 ដល់ 2035 ការចំណាយ​លើ​ការផលិត​រថយន្ត​អគ្គិសនី​នឹង​ថយចុះ​ដោយសារតែ​តម្រូវការ​កម្មករ​​ទាប​ជាង​បច្ចុប្បន្ន ព្រោះថា​បរិមាណ​គ្រឿងបន្លាស់​របស់​រថយន្ត​អគ្គិសនី​តិចជាង​ធៀប​នឹង​រថយន្ត​ប្រេងសាំង។ ទន្ទឹមនឹងនេះ ការដែល​ថ្ម​ផ្ទុក​ថាមពល​មាន​ទំហំ​តូច​ក៏​ប្រើប្រាស់​វត្ថុធាតុដើម​តម្លៃ​ទាប និង​តិចជាង​ធៀប​នឹង​ថ្ម​ធំ ក៏​រួមចំណែក​ធ្វើឱ្យ​តម្លៃ​រថយន្ត​ធ្លាក់ចុះ។

ក្រៅពីនេះ ក្រុមហ៊ុន​នានា​ក៏​អាច​កាត់បន្ថយ​ការចំណាយ​តាមរយៈ​ការលក់​រថយន្ត​តាម​អន​ឡាញ និង​លក់​សេវាកម្ម​ឌីជីថល​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ផងដែរ៕

Advertisement