ក្រោយ​ស៊ី​ហ្គេម​លើក​ទី 32 ឥណ្ឌូណេស៊ី​ថា នឹង​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ U23 អាស៊ីអាគ្នេយ៍​ឆ្នាំ 2023

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី​បានប្រកាសថា កីឡាករ​របស់​ប្រទេស​នេះ​នឹង​បញ្ចេញ​ថ្វី​ជើង​ដ៏​ល្អ​បន្ថែមទៀត​ក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​យុវជន​អាយុ​ក្រោម 23 ឆ្នាំ (U23) នៅ​តំបន់​អាស៊ីអាគ្នេយ៍​​ឆ្នាំ 2023។

នៅ​ពានរង្វាន់​បាល់ទាត់ U23 អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 (AFF U23 Championship 2023) ក្រុម U23 ឥណ្ឌូណេស៊ី​ធ្លាក់​ទៅក្នុង​ពូ​ល B ដែលមាន U23 ម៉ាឡេស៊ី និង U23 ទី​ម័​រ​ខាងកើត បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​បាន​​ធ្វើ​ឡើង​រួច​រាល់​។ ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាន​និយាយថា «បើ​ទោះ​គូប្រកួត​ជា​អ្នកណា យើង​ក៏​ត្រូវតែ​ត្រៀម​ឱ្យបាន​ហ្មត់ចត់​បំផុត»។

លោក Erick Thohir បន្តថា «ខ្ញុំ​មាន​សុទិដ្ឋិនិយម ព្រោះថា បរិយាកាស​របស់​បាល់ទាត់​ឥណ្ឌូណេស៊ី​នៅតែ​ល្អ បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ខ្ញុំ​ជឿជាក់ថា ប្រការនេះ​នឹង​បន្ថែម​ថាមពល​វិជ្ជមាន​ដើម្បី​ក្រុម​ជម្រើសជាតិ U23 បន្ត​ដណ្ដើមបាន​លទ្ធផល​ល្អ​បំផុត និង​ដណ្ដើមបាន​សិទ្ធិ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ»។

ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir (អាវ​ក្រហម)

ពានរង្វាន់​ជើងឯក​បាល់ទាត់ U23 អាស៊ីអាគ្នេយ៍ឆ្នាំ​ 2023 នឹង​ជា​ឈ្នាន់​ដើម្បី​ក្រុមបាល់ទាត់​ឥណ្ឌូណេស៊ី​មានការ​ត្រៀមខ្លួនបាន​​ល្អ​បំផុត​សម្រាប់​មហា​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទ្វីបអាស៊ី​ឆ្នាំ 2023 (ASIAD លើក​ទី 19) ក៏​ដូច​ជា​​វគ្គ​ផ្ដាច់ព្រ័ត្រ U23 ទ្វីបអាស៊ី​ផងដែរ​។

ការប្រកួត​បាល់ទាត់​នៃ​ពានរង្វាន់​យុវជន​អាយុ​ក្រោម 23 ឆ្នាំ​នៅ​តំបន់​អាស៊ាន (AFF U23 Championship 2023) នឹងធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី 17 សីហា ដល់ 26 សីហា។ ក្រុម U23 របស់​កម្ពុជា ត្រូវ​ស្ថិតនៅក្នុង​ពូ​ល A ជាមួយនឹង​ព្រុយ​ណេ  មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​ថៃ៕

Advertisement