យន្តហោះ​អវកាស​​ Virgin Galactic បន្ត​ដឹក​មនុស្ស​ឡើង​ទៅក្បែរ​គន្លង​តារាវិថី​ផែនដី

(សហរដ្ឋ​អាម៉េរិក) – Virgin Galactic បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ដឹក​មនុស្ស​ឡើង​ទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី​ផែនដី​លើក​ទីប្រាំ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ជំនួញ​​នៅ​ខែ​ក្រោយ​។

បេសកកម្ម​កាល​ពី​ថ្ងៃទី 25 ឧសភា ដែល​មាន​ឈ្មោះ​ថា Unity 25 គឺជា​ជើង​ហោះ​ហើរ​ដំបូង​របស់​​ក្រុម​ហ៊ុន​ Virgin Galactic ទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​គោចរ​ផែនដី​ គិត​ចាប់​ពី​ខែ​កក្កដា 2021​ ក្រោយ​ពី​ក្រុម​ហ៊ុន​នេះ​បាន​ដឹក​មហាសេដ្ឋី​ Richard Branson សហស្ថាបនិក​របស់​ Virgin Group ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Virgin Galactic និង​អតិថិជន​ជា​ច្រើន​រូប​ផ្សេង​ទៀត​ ឡើង​ទៅ​ទី​អវកាស​។

Virgin Galactic ប្រើ​ប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ក្នុង​អាកាស​ដើម្បី​ដឹក​មនុស្ស​ និង​ឧបករណ៍​ស្រាវ​ជ្រាវ​ឡើង​ទៅ​កាន់​ទី​អវកាស​ក្បែរ​កន្លង​តារាវិថិ​ផែនដី​។ បច្ចុប្បន្ន ប្រព័ន្ធ​នេះ​​រួម​មាន​យាន​ចំនួន​ពីរ​គ្រឿង​គឺ​យាន​​អវកាស​ដែល​អាច​ដឹក​មនុស្ស​បាន​​ 8 នាក់​ ឈ្មោះ VSS Unity និង​យន្តហោះ​ដឹក​ជញ្ជូន VMS Eve​។ Unity ត្រូវ​បាន​​ Eve នាំ​ឡើង​ពី​ព្រលាន​យន្តហោះ​។ ពេល​ Eve ហោះ​ដល់​កម្ពស់​ 15,000 ម៉ែត្រ វា​នឹង​ទម្លាក់​ Unity ដើម្បី​ឱ្យ​យាន​នេះ​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត​ ហើយ​បន្ត​ហោះ​ឡើង​ទៅ​លំហ​ក្បែរ​គន្លង​គោចរ​ផែនដី​។

អតិថិជន​ដែល​ហោះ​ក្នុង​យាន​ Unity នឹង​បាន​បណ្ដែត​ខ្លួន​ក្នុង​ស្ថាន​ភាព​គ្មាន​ទម្ងន់​ច្រើន​នាទី​ និង​គយ​គន់​ផែនដី​ពី​អវកាស​ មុន​ពេល​ហោះ​ចុះ​ចត​លើ​ព្រលាន​យន្តហោះ​។ Unity បាន​ធ្វើ​ការ​ហោះ​ហើរ​បែប​នេះ​ចំនួន​ប្រាំ​លើក​មក​ហើយ​។ បេសកកម្ម​ថ្មី​បំផុត​ត្រូវ​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង 23 និង 15 នាទី ថ្ងៃ​ទី 24 ឧសភា​ (ពេល​វេលា​នៅ​កម្ពុជា​)​ ពេល​ Eve ហោះ​ឡើង​ពី​អវកាសយានដ្ឋាន Spaceport America នៅ​ New Mexico​។ Unity ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​គ្រោង​ឆ្អឹង​​នៅ​ចន្លោះ​ដង​ខ្លួន​ទាំង​ពីរ​របស់​យន្តហោះ​ដឹក​ជញ្ជូន Eve​។

មនុស្ស​ទាំង​ 8 នាក់​ដែល​ចូល​រួម​ក្នុង​ជើង​ហោះ​ហើរ​ថ្មី​បំផុត​នេះ​គឺ​សុទ្ធ​តែ​ជា​បុគ្គលិក​របស់ Virgin Galactic​ ក្នុង​នោះ​ក៏​មាន​ប្រធាន​ផ្នែក​បណ្ដុះ​បណ្ដាល​អ្នក​អវកាស​ លោក​ស្រី​ Beth Moses ផងដែរ​។

យោង​តាម​តំណាង​របស់ Virgin Galactic បន្ទាប់​ពី​ផ្ដាច់​ខ្លួន​ យាន Unity ហោះ​ក្នុង​ល្បឿន​អតិបរមា​ 3,630 គីឡូម៉ែត្រ​/ម៉ោង​ និង​ឡើង​ដល់​កម្ពស់​ 87.2 គីឡូម៉ែត្រ។ ណាសា​ឱ្យ​ដឹង​ថា​ កម្ពស់​នេះ​អាច​ចាត់​ទុក​ដូច​បាន​ហោះ​ដល់​ទីអវកាស។ ក៏​ប៉ុន្តែ​លំហ​អវកាស​ចាប់​ផ្ដើម​ពី​កម្ពស់​ 100 គីឡូម៉ែត្រ​។

យាន Unity ត្រលប់​មក​កាន់​ផែនដី​នៅ​ម៉ោង 00 និង 37 នាទី ថ្ងៃ​ទី 26 ឧសភា 2023​ នៅ​ Spaceport America​។ ចំណែក​យន្ត​ហោះ​ Eve ក៏​បាន​ចុះ​ចត​ដល់​ដី​ប៉ុន្មាន​នាទី​មុន​នោះ​ ហើយ​បេសកកម្ម​ Unity 25 ក៏​បាន​បញ្ចប់​៕

Advertisement