ថ្មីៗនេះ មានព័ត៌មានថា រថយន្តអគ្គិសនីច្រើនម៉ូដែលដែលផលិតឡើងក្រោមកិច្ចសហការរវាង Nissan និង Renault នឹងត្រូវបានបង្ហាញនៅប្រទេសឥណ្ឌា ខណៈ Nissan ឥណ្ឌា ក៏នឹងអាចបញ្ចេញរថយន្តអគ្គិសនីដំបូងៗរបស់ខ្លួន។
សារព័ត៌មានមួយចំនួននៅឥណ្ឌា បានរាយការណ៍អំពីការធ្វើតេស្តរថយន្ត SUV អគ្គិសនីប្រភេទប្រណិត Nissan Leaf ប៉ុន្តែ ក៏មានដំណឹងថា Nissan នឹងដាក់លក់រថយន្តអគ្គិសនីតម្លៃទាបនៅប្រទេសឥណ្ឌា។ រថយន្តតម្លៃទាបនេះនឹងប្រើប្រាស់រូបរាងរបស់រថយន្តម៉ាស៊ីនសាំង Micra ដែលបានឈប់ផលិតនៅឥណ្ឌាទៅហើយ។
កាលពីឆ្នាំមុន Nissan បានបង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ។ រថយន្តអគ្គិសនីនេះគឺត្រូវបានយោងទៅតាមម៉ូដែលរថយន្តសាំង Micra និងត្រូវបានអភិវឌ្ឍដោយប្រើបច្ចេកវិទ្យា CMF-BEV ថ្មី។ Nissan Micra Electric ដែលជិតនឹងបង្ហាញខ្លួននឹងមានរូបរាងទាន់សម័យ រួមនឹងមុខងារដ៏អស្ចារ្យជាច្រើន។
បច្ចុប្បន្ន ក្រុមហ៊ុន Nissan កំពុងប្រឹងប្រែងផលិត និងគ្រោងចែកចាយរថយន្តអគ្គិសនីក្នុងបរិមាណច្រើនទៅកាន់ទីផ្សារអន្តរជាតិ ក្រោមកិច្ចសហការរបស់ Renault និង Mitsubishi។
Nissan ណែនាំរថយន្តអគ្គិសនីស៊េរីថ្មីទៅកាន់ទីផ្សារអឺរ៉ុប
រថយន្តអគ្គិសនីដែលប្រើប្រាស់រូបរាង Nissan Micra នឹងធ្វើដំណើរបានជាង 300 គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលថាមពលមួយពេញ ហើយវានឹងប្រជែងជាមួយ Tiago EV របស់ Tata Motors និង Comet EV របស់ MG ដែលជិតមានវត្តមានក្នុងទីផ្សារ។ ក៏ប៉ុន្តែ Nissan ឥណ្ឌា មិនទាន់ប្រកាសជាផ្លូវការស្ដីពីព័ត៌មានខាងលើនៅឡើយ៕