ដី​ដែន​ដែល​អាច​ជំនួស​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ចូល​ប្រកួត​វគ្គ​ជម្រុះ World Cup 2026

ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​ទំនងជា​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) និង​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ប្រកួត​វគ្គ​ជម្រុះ World Cup 2026។

ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បាល់ទាត់​ឥណ្ឌូណេស៊ី​ត្រូវ​ប្រឈម​នឹង​ព័ត៌មាន​ដែល​មិនអាច​អាក្រក់​ជាង​នេះ​ពី FIFA។ បញ្ហា​កើតឡើង​បន្ទាប់ពី​អភិបាលខេត្ត Bali បាន​ជំទាស់​ការចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 World Cup 2023 (ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​កោះ Bali) ធ្វើឱ្យ FIFA សម្រេចចិត្ត​លុបចោល​ពិធី​ចាប់​លេខចែក​ពូ​ល​សម្រាប់​ការប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ។

ថ្មីៗនេះ FIFA បានសម្រេច​ចិត្ត​លុបចោល​សិទ្ធិ​ក្នុងការ​ប្រារព្ធ​វគ្គ​ផ្ដាច់ព្រ័ត្រ U20 World Cup 2023 របស់​ឥណ្ឌូណេស៊ី។ ប្រការនេះ​មានន័យថា កូនសិស្ស និង​គ្រូបង្វឹក Shin Tae-yong ក្នុងនាម​ជា​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី មិនបាន​ចូលរួម​ព្រឹត្តិការណ៍ World Cup 2023 សម្រាប់​វ័យ​ក្រោម 20 ឆ្នាំ។

ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ទទួលស្គាល់ថា «ឥណ្ឌូណេស៊ី​នឹងត្រូវ​ប្រឈម​ជាមួយនឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ពី FIFA» លោក​បន្ថែមថា ក្រុមបាល់ទាត់​ជម្រើសជាតិ និង​ថ្នាក់​ក្លឹប​របស់​ឥណ្ឌូណេស៊ី ក៏​ប្រឈម​នឹង​ហានិភ័យ​បាត់បង់​សិទ្ធិ​ចូលរួម​ប្រកួត​នៅ​ពានរង្វាន់​អន្តរជាតិ​នានា។

«បញ្ហា​នេះ​ធ្វើឱ្យ​បាល់ទាត់​ឥណ្ឌូណេស៊ី​មានការ​ភ័យខ្លាច ព្រោះ​យើង​ធ្លាប់បាន​ឆ្លងកាត់​វា​កាលពី​ឆ្នាំ 2015 រហូតដល់​ឆ្នាំ 2016 ទើប​ទណ្ឌកម្ម​ត្រូវបាន​លុបចោល។ ឥណ្ឌូណេស៊ី​នឹងត្រូវ​ធ្វើ​គ្រប់យ៉ាង​តែម្នាក់ឯង»។

បើសិនជា​ការបារម្ភរ​បស់​ប្រធាន PSSI បាន​កើតឡើង​ពិតមែន ឥណ្ឌូណេស៊ី​នឹងត្រូវ​ប្រឈម​នឹង​ការបាត់បង់​សិទ្ធិ​ចូលរួម​វគ្គ​ផ្ដាច់ព្រ័ត្រ Asian Cup 2023 ក៏ដូចជា​វគ្គ​ជម្រុះ World Cup 2026។

បាល់ទាត់​ឥណ្ឌូណេស៊ី និង​ស្រីលង្កា​គឺជា​ស្ថាប័ន​ដែល​ទទួល​ទណ្ឌកម្ម​ពី FIFA ព្រោះតែ​បាន​បណ្ដោយឱ្យ​រដ្ឋាភិបាល​ជះឥទ្ធិពល​មិនល្អ។

ក្រោយពី​ឥណ្ឌូណេស៊ី​ត្រូវបាន​ដកហូត​សិទ្ធិ​ចូលរួម​វគ្គ​ជម្រុះ​នៅ World Cup 2026 ដែនដី​ដែល​អាច​ចូលមក​ជំនួយ​គឺ​ប្រជុំ​កោះ Mariana។ ប្រជុំ​កោះ​នេះ​បាន​ចូល​ជា​សមាជិក AFC តាំងពី​ឆ្នាំ 2020 និង​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​រាល់​ការប្រកួត​របស់​តំបន់​អាស៊ី។ ប្រជុំ​កោះ Mariana រួមមាន​ដែនដី Guam របស់​សហរដ្ឋ​អាម៉េរិក និង​ប្រជុំ​កោះ Mariana ខាងជើង​ដែលជា​ដែនដី​សម្ព័ន្ធ​របស់​សហ​រដ្ឋ​អាម៉េរិក នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក៕

Advertisement