ឡាន​ហោះ​ល្បឿន​ជាង 700 គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce

អ្នក​រចនា​ជនជាតិ​អ៊ីតាលី Pierpaolo Lazzarini បង្ហាញ​ម៉ូ​ដែល​ឡាន​ហោះ Aircar ដែល​អាច​ក្លាយជា​បដិវត្តន៍​ក្នុង​វិស័យ​គមនាគមន៍​នាពេល​អនាគត ដោយ​វា​មាន​ល្បឿន​លឿន និង​ហោះ​បាន​ឆ្ងាយ។

Aircar ដែល​ឡាន​ហោះ​ប្រតិកម្ម​រហ័ស​នេះ​មាន​បណ្ដោយ 6 ម៉ែត្រ អាច​ដឹក​មនុ​ស្សបាន​បួន​នាក់។ Aircar ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce ចំនួន​បួន​គ្រឿង និង​មាន​ទម្ងន់​ស្រាល​ខ្លាំង ដោយសារ​ត្រូវបាន​ផលិតឡើង​ពី​សរសៃ​កាបូន។ ម៉ាស៊ីននីមួយៗរបស់​វា​អាច​បញ្ជា​ទិសដៅ​ផ្ដេក និង​ល្បឿន ព្រមទាំង​ធានា​លំនឹង និង​មាន​កម្រិត​បត់បែន​ខ្ពស់​ក្នុងពេល​ប្ដូរ​ទិស។

រូបរាង​ឡាន​ហោះ​ Aircar ល្បឿន​ជាង 700 គីឡូម៉ែត្រ/ម៉ោង​របស់ Lazzarini

ឡាន​ហោះ​នេះ​អាច​ហោះហើរ​ក្នុង​ល្បឿន 750 គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បាន​ចម្ងាយ 3,200 គីឡូម៉ែត្រ បន្ទាប់ពី​ចាក់​សាំង​មួយ​ពេញ។

បច្ចុប្បន្ន Aircar កំពុងស្ថិត​ក្នុងដំណាក់កាល​រចនា​រូបរាង។ Lazzarini កំពុង​រក​វិធី​ធ្វើឱ្យ Aircar ក្លាយជា​ការពិត​នៅក្នុង​ឆ្នាំ 2024 ដោយ​ការបង្ហាញ​គំរូ​ពិត​ដំបូង មុនពេល​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ។ បើសិន​គ្រប់យ៉ាង​ដំណើរការបាន​រលូន Aircar អាច​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​ចាប់ពី​អំឡុង​មួយ​ទសវត្សរ៍​ទៀត៕

Advertisement