Erling Haaland បំបែកកំណត់ត្រារបស់ Mbappe ហើយ​ឈ្នះដាច់លើ Messi, Ronaldo ក្រោយពី Man City ផ្ដួល Leipzig 7-0

Erling Haaland

(អង់គ្លេស) – ក្រោយ​ជ័យជម្នះ​លើ Leipzig ក្នុង​លទ្ធផល 7-0 កាលពី​ម្សិលមិញ Erling Haaland បាន​បំបែក​កំណត់ត្រា​របស់ Kylian Mbappe ក្លាយជា​កីឡាករ​វ័យ​ក្មេង​បំផុត​រកបាន 30 គ្រាប់​នៅ Champions League។

Haaland ស៊ុត​បញ្ចូល​ទី​បាន​ប្រាំ​គ្រាប់​នៅក្នុង​ការប្រកួត​ឈ្នះ Leipzig 7-0 ក្នុង​ជើង​ទី​ពីរ​នៃ​វគ្គ 1/8។ អំឡុងពេល​បង្កើតបាន hat-trick (រកបាន​បី​គ្រាប់​ក្នុង​មួយ​ប្រកួត) Haaland បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ (អាយុ 22 ឆ្នាំ និង 236 ថ្ងៃ) ដែល​រកបាន 30 គ្រាប់​នៅឯ​ពានរង្វាន់ Champions League។ កំណត់ត្រា​ចាស់​គឺ​វ័យ 22 ឆ្នាំ និង 352 ថ្ងៃ របស់ Kylian Mbappe។

Haaland និង Mbappe សុទ្ធតែ​បាន​ឆ្លង​ផុត​ឆ្ងាយ​ពី Lionel Messi និង Cristiano Ronaldo។ Messi រកបាន 30 គ្រាប់​នៅ Champions League ក្នុង​វ័យ 23 ឆ្នាំ និង​បី​ខែ ខណៈដែល Ronaldo រកបាន 30 គ្រាប់​ក្នុង​វ័យ 26 ឆ្នាំ និង 7 ខែ។

បើ​គិត​អំពី​ចំនួន​ប្រកួត (25 ប្រកួត) Haaland ក៏​ក្លាយជា​កីឡាករ​ដែល​រកបាន 30 គ្រាប់​ឆាប់​ជាងគេ​បង្អស់​នៅ Champions League។ ដោយមាន​ឯតទគ្គ​កម្មនេះ Haaland ក៏​យកឈ្នះ​លើ​កំណត់ត្រា​ចាស់​របស់ Ruud Van Nistelrooy អតីត​ខ្សែប្រយុទ្ធ​របស់ Man Utd និង Real ផងដែរ។

ទន្ទឹមនឹងនេះ Haaland ក៏​តាម​ទាន់​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​មួយ​ប្រកួត​នៅ Champions League។ Messi ធ្លាប់​កាន់កាប់​កំណត់ត្រា​នេះ នៅពេល​រកបាន​ប្រាំ​គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​នៃ​​វគ្គ 1/8 នៅ​ឆ្នាំ​ 2011-2012 ជា​រដូវ​កាលដែល Barca បានឈ្នះ Leverkusen 7-1។ ក្នុង​ខែតុលា 2014 Luiz Adriano ក៏បាន​ក្លាយជា​កីឡា​ករទី​ពីរ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ប្រាំ​គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ Champions League ពេលដែល ក្រុម​ Shakhtar Donetsk បាន​ឈ្នះ Bate Borisov 7-0 នៅ​វគ្គ​សន្សំ​ពិន្ទុ។

Erling Haaland

ក៏ប៉ុន្តែ បើ​ធៀប​ទៅនឹង​សិស្ស​ច្បង​ពីររូប ការ​ស៊ុត​បញ្ចូល​ទី​ប្រាំ​គ្រាប់​ក្នុង​មួយ​ប្រកួត​របស់ Haaland នៅតែ​គួរឱ្យ​ជក់ចិត្ត​ជាង​គេ​។ ខ្សែប្រយុទ្ធ​របស់ Man City ត្រូវការ​ពេល​តែ 57 នាទី​ប៉ុណ្ណោះ​ដើម្បី​សម្រេចបាន​លទ្ធផល​នេះ ខណៈដែល Messi និង Adriano ត្រូវការ 84 នាទី និង 82 នាទី។

Haaland ក៏​បំបែក​កំណត់ត្រា​ស្ដីពី​ការរកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​មួយ​រដូវ​កាល​សម្រាប់​ក្លឹប Man City។ ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​ស កំពុង​កាន់កាប់ 39 គ្រាប់​ក្នុង​រដូវ​កាល 2022-2023 ច្រើនជាង​មួយគ្រា​ប់​ធៀប​នឹង​កំណត់ត្រា​ចាស់​របស់ Tommy Johnson ក្នុង​រដូវ​កាល 1928-1929។

ពេល​បាន​ជួយ​ឱ្យ Man City រកបាន​បី​គ្រាប់​នៅ​ចុងការ​ប្រកួត​តង់​ទីមួយ ចំនួន​ hat-trick របស់ Haaland ក៏បាន​កើនឡើង​ដល់​ប្រាំ​លើក​សម្រាប់​ក្លឹប​នៅ​គ្រាប់​ការប្រកួត​ក្នុង​រដូវ​កាល​នេះ ច្រើនជាង​បី hat-tricks បើ​ធៀប​នឹង​កីឡាករ​ដទៃ​នៅឯ​ពានរង្វាន់​ជើងឯកកំពូលៗចំនួន​ប្រាំ​នៅ​អឺរ៉ុប។ ខ្សែប្រយុទ្ធ​របស់​ន័​រ​វែ​ស​នេះ​ថែមទាំង​ក្លាយជា​កីឡាករ​ដែល​កំពុង​លេង​នៅ​លី​គ​កំពូល​អង់គ្លេស​ដំបូង​គេ​ដែល​រកបាន​ប្រាំ hat-tricks ក្នុង​មួយ​រដូវ​កាល រាប់​ចាប់តាំងពី Harry Kane សម្រេចបាន​កាលពី​រដូវ​កាល 2016-2017។

Haaland ធ្លាប់​រកបាន 29 គ្រាប់​ក្នុង 27 ប្រកួត​សម្រាប់ Salzburg និង 86 គ្រាប់​ក្នុង 89 ប្រកួត​សម្រាប់ Dortmund។ កាលពី​ឆ្នាំ 2022 គាត់​បានមក​ទាត់​ឱ្យ Man City ក្នុងតម្លៃ​ខ្លួន 66 លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន Haaland នាំមុខគេ​ក្នុងការ​ដណ្ដើមយក​តំណែង​ស្ដេច​កម្ទេច​សំណាញ់​ទី Champions League 2022-2023 ដោយ​រកបាន​ដប់​គ្រាប់។ Haaland ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាង Mohamed Salah ចំនួន​ពីរ​គ្រាប់ និង​ច្រើនជាង Mbappe បី​គ្រាប់។ Mbappe អស់​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់​បន្ថែម ព្រោះ PSG ត្រូវបាន​ជម្រុះ។ ចំណែក Salah ក៏​ទំនងជា​នឹងត្រូវ​មាន​វាសនា​ដូច Mbappe ដោយសារ Liverpool ចាញ់ Real 2-5 នៅ​ជើង​ទីមួយ​នៃ​វគ្គ 1/8។

Manchester City បាន​ឡើងដល់​វគ្គ 8 ក្រុម​ចុងក្រោយ (1/4) បន្ទាប់ពី​បានឈ្នះ Leipzig 8-1​ នៅ​វគ្គ​ 1/8​។ ដោយសារតែ​នៅសល់​ប្រហែល​ប្រាំ​ប្រកួត​ទៀត​នៅ Champions League នា​រដូវ​កាល​នេះ Haaland ប្រាកដជា​រកបាន​គ្រាប់​បាល់​បន្ថែម និង​បន្ត​បំបែក​កំណត់ត្រា​នានា​ក្នុង​វិស័យ​បាល់ទាត់៕

Advertisement