Nadhmi Al-Nasr នាយកប្រតិបត្តិនៃគម្រោង NEOM បានឱ្យដឹងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់មហាទីក្រុងនេះសម្រេចបាន 20% ហើយ។
យោងតាម Al-Nasr ដំណើរការសាងសង់មហាទីក្រុងអនាគត NEOM កំពុងប្រព្រឹត្តទៅត្រូវតាមគម្រោងការ។ វីដេអូថ្មីបំផុតដែលត្រូវបានចែករំលែកដោយគណៈគ្រប់គ្រងគម្រោងបានបង្ហាញនូវទិដ្ឋភាពជាក់ស្ដែងនៃគម្រោងធំៗចំនួន 4 របស់មហាគម្រោង NEOM រួមមាន កោះ Sindalah, The Line, Trojena និង Oxagon នេះបើតាម Menafn ចុះផ្សាយកាលពីថ្ងៃទី 22 មករា 2023។
Sindalah គឺជាគម្រោងស្ថាបនាកោះប្រណិតនៅចំតំបន់ប្រសពគ្នារវាងសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម អនុញ្ញាតឱ្យកប៉ាល់ និងនាវាប្រណិតរបស់ពិភពលោកទៅមកបាន។ តំបន់លំហែកាយនេះនឹងរួមមានក្លឹបលើឆ្នេរសមុទ្រ ក្លឹបនាវាទេសចរណ៍ មជ្ឈមណ្ឌលហាត់ប្រាណ ស្ប៉ា ហាងទំនិញប្រណិតរាប់សិប និងទីលានវាយកូនគោល សណ្ឋាគារ និងកំពង់ផែធំមួយ។ Sindalah នឹងមានផ្ទៃដីឡើងដល់ជាង 840,000 ម៉ែត្រក្រឡា។
The Line គឺជាទីក្រុងឆ្លាតវៃអាចដាក់មនុស្សបាន 9 លាននាក់ ដោយមានទំហំ 34 គីឡូម៉ែត្រក្រឡា។ អាកាសធាតុនៅទីនេះនឹងត្រជាក់ល្មមដោយសារមានរុក្ខជាតិធម្មជាតិនៅជុំវិញ។ ប្រជាជននៅទីនេះអាចទៅទទួលរាល់សេវាកម្មផាសុកភាពដោយដើរតែ 5 នាទីប៉ុណ្ណោះ ហើយអាចធ្វើដំណើរពីដើមក្រុងទៅចុងក្រុងដោយជិះរថភ្លើងល្បឿនលឿនតែ 20 នាទី។ The Line មិនមានរថយន្ត និងមិនមានការបំភាយឧស្ម័នពុល ដោយសារដំណើរការដោយថាមពលកកើតឡើងវិញ 100%។ ទីក្រុងនេះមានទទឹង 200 ម៉ែត្រ, បណ្ដោយ 170 គីឡូម៉ែត្រ និងកម្ពស់ 500 ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ។
Trojena គឺជាតំបន់លំហែកាយសម្រាប់អ្នកជិះស្គីលើទឹកកក ស្ថិតនៅចម្ងាយ 50 គីឡូម៉ែត្រពីតំបន់ឆ្នេរនៃឈូងសមុទ្រ Aqaba និងមានកម្ពស់ចាប់ពី 1,500 ម៉ែត្រ ដល់ 2,600 ម៉ែត្រ ហើយមានទំហំជិត 60 គីឡូម៉ែត្រក្រឡា។ ដោយមានអាកាសធាតុខុសគ្នានៅក្នុងតំបន់ ជាទីដែលសីតុណ្ហភាពក្នុងរដូវរងាចុះដល់ក្រោម 0 អង្សាសេ និងអាកាសធាតុពេញមួយឆ្នាំតែងតែត្រជាក់ជាង 10 អង្សាសេ ធៀបនឹងតំបន់ដទៃ គម្រោង Trojena នឹងមានសេវាកម្មកីឡាជិះស្គីលើទឹកកកនៅខាងក្រៅអគារ និងកីឡាផ្សងព្រេងជាច្រើនផ្សេងទៀត ដែលគ្រោងនឹងស្ថាបនារួចរាល់នៅឆ្នាំ 2026។
Oxagon គឺជាទីក្រុងដែលមានរូបរាងជា 8 ជ្រុង (អដ្ឋកោន) ស្ថិតនៅជាយម្ខាងរបស់មហាគម្រោង NEOM។ Oxagon នឹងអនុវត្តគោលការណ៍រស់នៅប្រកបដោយភាពសុខដុមជាមួយធម្មជាតិ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលមានបច្ចេកវិទ្យាទំនើបបំផុតលើពិភពលោក ដោយមានកំពង់ផែសមុទ្រ និងព្រលានយន្តហោះទំនើបបំផុត។ គម្រោងនេះនឹងបម្រើដល់វិស័យចំនួន 7 រួមមាន ថាមពលប្រកបដោយនិរន្តរភាព ការដឹកជញ្ជូនដោយស្វ័យប្រវត្ត ការផលិតទឹកស្អាត ការផលិតអាហារប្រកបដោយនិរន្តរភាព ថែទាំសុខភាព បច្ចេកវិទ្យា និងការផលិតឧបករណ៍បច្ចេកវិទ្យាឌីជីថល (រួមមាន ទូរគមនាគមន៍ បច្ចេកវិទ្យាអវកាស រ៉ូបូត) រួមនឹងមធ្យោបាយសាងសង់ទំនើបបំផុត នេះបើតាម Interesting Engineering។