ម្ដាយ​ជនជាតិ​ចិន​ម្នាក់​បារម្ភ​ខ្លាច​កូនស្រី​ជា​បណ្ឌិត «មិនអាច​រកបាន​ប្ដី» នឹង​គេ

ស្ដ្រី​ជា​ម្ដាយ​មួយរូប​នៅ​ខេត្ត Zhejiang ប្រទេស​ចិន បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​កូនស្រី​ជា​បណ្ឌិត​របស់គាត់​កំពុង​អង្គុយ​អាន​សៀវភៅ និង​រអ៊ូដាក់​នាង​ថា គិតតែ​ពី​រៀន ដោយ​បារម្ភ​ខ្លាច​កូនស្រី​មិនអាច​រកបាន​ប្ដី​នឹង​គេ។

ក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ក្នុង​សប្ដាហ៍​នេះ ម្ដាយ​របស់​នារី​ជា​បណ្ឌិត​មួយ​​រូប​នៅ​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន និយាយថា គាត់​បារម្ភ​ថា កូនស្រី​គាត់​នឹងមិន​អាច​បាន​ជួប​បុរស​ដែល​អាច​រៀបការ​ជាមួយគ្នា​បាន ក្នុងពេលកូនស្រី​គាត់​កំពុង​អាន​សៀវភៅ​នៅក្បែរ​តុ​ធ្វើការ។

«ដល់​ម៉ោង​ចូល​គេង​ហើយ។ ឈប់រៀន​ទៀត​ទៅ ហើយ​ទៅ​គេង​ភ្លាម​ទៅ» ស្ត្រី​ជា​ម្ដាយ​និយាយ​នៅក្នុង​វីដេអូ​ដូច្នេះ។ កូនស្រី​គាត់​ងើបមុខ​ឡើង និង​សើច ប៉ុន្តែ​មិន​ឆ្លើយតប។

ស្ត្រី​ជា​ម្ដាយ​រូបនេះ​បានឱ្យដឹងថា កូនស្រី​របស់គាត់​គឺជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ក្នុង​តំបន់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​នៅ​កាណាដា។ អ្នកស្រី​គិតថា កូនស្រី​គាត់​ល្អ​ខ្លាំងណាស់ និង​មាន​មោទកភាព​ចំពោះ​សមិទ្ធ​ផល​របស់​នាង។

ក៏ប៉ុន្តែ អ្នកស្រី​ក៏​បារម្ភ​ខ្លាំង​ដែរ​នៅពេល​ឃើញ​កូនស្រី​មិន​ចំណាយ​ពេលខ្លះ​សម្រាប់​មិត្តភក្ដិ ឬ​រក​មិត្តភក្ដិ​ថ្មី ហើយ​គិតតែ​ពី​នៅផ្ទះ និង​អាន​សៀវភៅ។

វីដេអូ​ស្ដី​ពី​រឿងរ៉ាវ​នេះ​បាន​ទាក់ទាញ​អ្នក​ចូល​មើល​ជិត 9 លាន​លើក និង​បញ្ចេញមតិ​ជិត 3,700 លើក ក្រោយពី​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ក្នុងនោះ អ្នកខ្លះ​បញ្ចេញយោបល់​គាំនារី​ជា​កូន​ ហើយ​អ្នក​ខ្លះ​យល់​ស្រប​នឹង​ការ​បារម្ភ​របស់​ស្ត្រី​ជា​ម្ដាយ​។

អ្នក​ចូល​មើល​បាន​​លើក​ហេតុផល​ជាច្រើន​មក​អះអាង មានដូចជា​ថា «មិន​រាប់អាន​មិត្តថ្មីៗគឺ​មិនអាច​ជួប​មនុស្ស​ក្នុង​ក្ដី​ស្រមៃ», «ប្រុសៗមិនសូវ​ហ៊ាន​ស្រលាញ់​នារី​ដែលមាន​ចំណេះដឹង​ខ្ពស់ជាង​ខ្លួន​នោះទេ» ឬ​​ថា «ការអាន​សៀវភៅ ការទទួលយក​​ចំណេះដឹងថ្មីៗគឺជា​សេចក្ដីសុខ​របស់​នាង» ជា​ដើម​។ល។

Advertisement