ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េខាងត្បូង​តម្លៃ​ជាង​ 245 លាន​ដុល្លារ នឹង​ចាប់ផ្ដើម​ស្ថាបនា​នៅ​ឆ្នាំក្រោយ

គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ នឹងត្រូវ​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្ងៃទី 09 ធ្នូ នៅ​វិមាន​សន្តិភាព ហើយ​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំក្រោយ នេះ​បើតាម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងការបរទេស​កម្ពុ​ជា។

គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េខាងត្បូង ឆ្លង​ទន្លេសាប និង​ទន្លេមេគង្គ ពី​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ ទៅ​ជ្រោយចង្វារ និង អរិ​យ្ស​ត្រ ខេត្តកណ្ដាល ដែល​នឹង​ចំណាយ​ថវិកា 245,909,000 ដុល្លារ​អាមេរិក​នេះ គឺជា​ស្ពាន​ខ្សែកាប​ដែលមាន​ជើង​សសរ​ទម្រ​ខ្ពស់​សំខាន់​ចំនួន​ពីរ ហើយ​ជើង​សសរ​រង្វើល ងាយស្រួល​កប៉ាល់​ឆ្លងកាត់​ពី​ខាងក្រោម។

យោងតាម​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ពាន​ដែលមាន​ប្រវែង​សរុប​ជាង 2 គីឡូម៉ែត្រ​នេះ នឹង​ជួយ​សម្រួល​ឱ្យ​ការធ្វើ​ចរាចរណ៍ កាត់បន្ថយ​ការកកស្ទះ​ចេញចូល​រាជធានី​ភ្នំពេញ និង​ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​អរិយ​ក្សត្រ ស្វាយជ្រុំ។

គម្រោង​ស្ថាបនា​ស្ពាន​ខាងលើនេះ​ស្ថិតក្នុង​ចំណោម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​ពីរ​នៅ កម្ពុជា ដែល​ផ្ដល់​ឥណទាន​សម្បទាន​ដោយ កូរ៉េខាងត្បូង។ ឥណទាន​សម្បទាន​តម្លៃ 1,500 លាន​ដុល្លារ​អាម៉េរិក សម្រាប់ កម្ពុជា ពី​ឆ្នាំ 2022-2026 របស់ កូរ៉េខាងត្បូង គ្រោង​នឹង​ចុះហត្ថលេខា​នៅថ្ងៃនេះ។

ឥណទាន​សម្បទាន​ដែល​ផ្ដល់​ដោយ កូរ៉េខាងត្បូង នេះ នឹងចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ខិតខំ​របស់ កម្ពុជា ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការពង្រឹង​ប​ន្ធែ​ម​នូវ​ទំនាក់ទំនង​ល្អ​ទ្វេភាគី​ដែលមាន​ស្រាប់​រវាង កម្ពុជា និង កូរ៉េខាងត្បូង នេះ​បើតាម ក្រសួងការបរទេស​ក​ម្ពុ​ជា៕

Advertisement