គម្រោង​ស្ថាបនា​ផ្លូវ​រូង​ខ្នាត​ធំ​ក្រោម​សមុទ្រ ប្រវែង 900 ម៉ែត្រ រួចរាល់​ជា​ស្ថាពរ

(ប្រទេស​ចិន)-រូង​ក្រោម​ដី​សម្រាប់​ផ្លូវដែក​ត​ភ្ជាប់ Macao និង​កោះ Hengqin ដែល​ស្ថាបនា​ដោយ​ម៉ាស៊ីន​ជីក​រូង​ក្រោម​ដី​ខ្នាត​យក​ប្រវែង 87 ម៉ែត្រ បាន​រួចរាល់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅថ្មីៗនេះ។

ផ្លូវ​រូង​ក្រោម​សមុទ្រ​ដែលមាន​អង្កត់ផ្ចិត​ធំ​សម្រាប់​រថភ្លើង​ធុន​ស្រាល ដែល​ត​ភ្ជាប់​តំបន់​រដ្ឋបាល​ពិសេស Macao (SAR) ជាមួយនឹង​កោះ Hengqin ខេត្ត Guangdong ប្រទេស​ចិន ត្រូវបាន​ស្ថាបនា​រួចរាល់​កាលពី​ថ្ងៃទី 25 វិច្ឆិកា 2022។

ផ្លូវ​រូង​នេះ​មាន​អង្កត់ផ្ចិត​ខាងក្រៅ និង​ខាងក្នុង​ប្រវែង​ជា​បន្តបន្ទាប់​គឺ 7.7 ម៉ែត្រ និង 7 ម៉ែត្រ។ ផ្លូវ​រូង​នេះ​ស្ថិតក្នុង​គម្រោង Hengqin Line ដែលជា​ផ្នែក​ពង្រីក​បន្ថែម​របស់​ប្រព័ន្ធ​ដឹកជញ្ជូន​រហ័ស​ធុន​ស្រាល (LRT) របស់ Macao។ គម្រោង Hengqin Line មាន​ប្រវែង​សរុប 2.2 គីឡូ​ម៉េ​ត្រ ក្នុងនោះ 900 ម៉ែត្រ​គឺជា​ផ្លូវ​រូង​ក្រោម​សមុទ្រ។

ដើម្បី​ដោះស្រាយ​បញ្ហា​ដី​ទន់​នៅ​ជុំវិញ​ផ្លូវ​រូង ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​ស្ថាបនា​ផ្លូវដែក​ចិន បាន​ផលិត​ម៉ាស៊ីន​ជីក​រូង​ដែលមាន​ខែល​ការពារ​សម្ពាធ EPB។ នេះ​គឺជា​ម៉ាស៊ីន​ធំ​បំផុត​ក្នុង​ប្រភេទ​នេះ​ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​នៅ Macao ដោយមាន​អង្កត់ផ្ចិត​ប្រវែង 7.98 ម៉ែត្រ និង​បណ្ដោយ 87 ម៉ែត្រ។

ម៉ាស៊ីន​ខ្នាត​យក្ស​នេះ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វៃ មានដូចជា​ប្រព័ន្ធ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​ទំនើប ដែល​ជួយ​ធានា​សុវត្ថិភាព​របស់​សំណង់។

តាម​ផែនការ គម្រោង​ខាងលើនេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំ 2024។ នេះ​គឺជា​ផ្លូវ​សម្រាប់​ប្រជាជន​ទៅមក​រវាង​តំបន់ Macao និង Hengqin និង​ជួយ​បង្កើន​កិច្ចសហការ​ក្នុង​តំបន់​ឈូ​ត​សមុទ្រ Guangdong – Hong Kong – Maocao ផងដែរ៕

Advertisement