ការដែល ប្រទេសលីទុយអានី (Lithuania) ទទួលបានជោគជ័យក្នុងការសាងសង់ស្ថានីយផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) អណ្ដែតលើទឹក ដើម្បីបានឯករាជ្យពីថាមពលរបស់ រុស្ស៊ី គឺជាមេរៀនមួយសម្រាប់បណ្ដាប្រទេសនៅក្នុង សហភាពអឺរ៉ុប។
កាលពី ១២ ឆ្នាំមុន អ្នកនយោបាយ អតីតរដ្ឋមន្ត្រីក្រសួងចរាចរណ៍ និងបណ្ដាញទំនាក់ទំនងរបស់ លីទុយអានី លោក Rokas Masiulis ត្រូវបានប្រគល់ភារកិច្ចថ្មី ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆតា គឺ «បញ្ចប់ការពឹងផ្អែកលើឥន្ធនៈរបស់ រុស្ស៊ី»។
ក្នុងនាមជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Klaipedos Nafta ដែលជាប្រតិបត្តិករប្រចាំកំពង់ផែប្រេងគ្រប់គ្រងដោយរដ្ឋ លោក Masiulis ធ្វើការត្រួតពិនិត្យលើដំណើរការ និងដាក់ឱ្យប្រើប្រាស់ស្ថានីយឧស្ម័នធម្មជាតិរាវអណ្ដែតលើទឹក (Liquefied Natural Gas/LNG) នៅលើលម្ហសមុទ្រ Baltic របស់ លីទុយអានី។ LNG គឺជាឧស្ម័នធម្មជាតិដែលត្រូវបានធ្វើឱ្យចុះត្រជាក់ទៅជាសភាពរាវ នៅប្រហែល -១២៦ អង្សាសេ សម្រាប់ងាយស្រួលក្នុងការដឹកជញ្ជូន និងការផ្ទុក។
ស្ថានីយឧស្ម័នដែលមានឈ្មោះថា FSRU Independence (ហៅកាត់ថា «Independence» ឬ «ឯករាជ្យ») នេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០១។ វាត្រូវបានសាងសង់ឡើងដើម្បីធានាថា អ្នកប្រើប្រាស់ក្នុង ប្រទេសលីទុយអានី នៅតែទទួលបានឧស្ម័ន សូម្បីតែនៅពេលទំនាក់ទំនងផ្នែកនយោបាយជាមួយ រុស្ស៊ី ប្រែងជាអាក្រក់ដល់ថ្នាក់ប្រភពផ្គត់ផ្គង់ពី ទីក្រុងមូស្គូ ត្រូវបានកាត់ផ្ដាច់។
កាលពីដើមខែនេះ នៅពេលសង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន បន្តអូសបន្លាយ រដ្ឋាភិបាលលីទុយអានី បានប្រកាសថា ពួកគេបានក្លាយជាប្រទេសអឺរ៉ុប ដំបូងគេ ដែលបានផ្អាករាល់សកម្មភាពនាំចូលឧស្ម័នពី រុស្ស៊ី។ ស្ថានីយឧស្ម័ន «Independence» នេះ បានបង្ហាញអំពីតម្លៃដ៏ធំធេងរបស់វា ហើយប្រភពផ្គត់ផ្គង់ឧស្ម័នសម្រាប់ លីទុយអានី នៅតែដំណើរការដោយរលូន។
«ខ្ញុំពិតជាមានមោទកភាពជាមួយនឹងគម្រោង Independence នៅពេលយើងបានចាប់ផ្ដើមអនុវត្ត ប៉ុន្តែ ខ្ញុំពិតជានឹកស្មានមិនដល់ថា មកដល់ពេលនេះ គម្រោងមួយនេះមានតួនាទីយ៉ាងសំខាន់ដូច្នេះសោះ» លោក Masiulis ថ្លែងដូច្នេះ។
ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda សង្កត់ធ្ងន់ថា «ច្រើនឆ្នាំមុន លីទុយអានី បានធ្វើការសម្រេចចិត្តមួយដែលថ្ងៃនេះ អនុញ្ញាតឱ្យយើងផ្អាកទំនាក់ទំនងផ្នែកថាមពលជាមួយ រុស្ស៊ី បានដោយងាយ។ បើសិន លីទុយអានី អាចធ្វើបាន ដូច្នេះប្រទេសដទៃទៀតនៅ អឺរ៉ុប ក៏អាចធ្វើបាន!»។ លោក Nauseda ថែមទាំងបានប្រកាសថា ប្រទេសនេះនឹងលែងទិញប្រេងរបស់ រុស្ស៊ី ផងដែរ។
ស្ថានីយឧស្ម័ន «Independence» របស់ លីទុយអានី គឺជាប្រព័ន្ធស្ដារ និងឃ្លាំងផ្ទុកអណ្ដែតលើទឹក ដែលហៅថា FSRU (Floating Storage and Regasification Unit)។ ប្រព័ន្ធនេះត្រូវបានសាងសង់ក្នុងរយៈពេលខ្លី ក្នុងនោះ ការអនុវត្តគម្រោងអាចចំណាយពេលពី ១ ដល់ ៣ ឆ្នាំ ហើយតែងតម្រូវឱ្យមានលិខិតអនុញ្ញាតតិចជាង ធៀបនឹងនៅលើដីគោក។ FSRU អាចផ្លាស់ទីពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀត។
សំខាន់ជាងនេះ FSRU ក៏អនុញ្ញាតឱ្យប្រទេសមួយអាចជ្រើសរើសប្រភពផ្គត់ផ្គង់ LNG របស់ពួកគេបានតាមចិត្ត។ សម្រាប់ លីទុយអានី បច្ចុប្បន្នទទួលយកការផ្គត់ផ្គង់ LNG មួយផ្នែកធំពី ន័រវែស, អាម៉េរិក និង កាតា៕