ទិដ្ឋភាព «មួយ​គ្មាន​​ពីរ»​ លើ​​ផែនដី!​ នារី​​បម្រើ​​លើ​​យន្ត​ហោះ​ ឈរ​លើ​​កំពូល​​អគារ​​ខ្ពស់​​ជាង​គេ​​ក្នុង​​ពិភព​លោក ​ដោយ​មាន​​យន្ត​ហោះ​​ឆ្វែល​​ពី​ក្រោយ​

ទិដ្ឋភាព​ដូច​បាន​និយាយ​ក្នុង​ចំណងជើង​របស់​អត្ថបទ​នេះ កំពុង​ទាក់​ទាក់​ចំណាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន។ ថ្មីៗនេះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម Youtube របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates (នៃ​រាជាណាចក្រ​ឌូ​បៃ) បាន​បង្ហោះ​វីដេអូ​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ។

វីដេអូ​បង្ហាញថា នារី​ដែល​ស្លៀក​ឈុត​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់ ឈរ​នៅលើ​កំពូល​អគារ Burj Khalifa (កម្ពស់​ជិត ៨៣០ ម៉ែត្រ) ដែល​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក និង​ស្ថិតនៅក្នុង ទីក្រុង​ឌូ​បៃ។ នារី​រូបនេះ​និយាយថា៖ «ខ្ញុំ​នៅតែ​ស្ថិតនៅ​ទីនេះ»។ ភ្លាមនោះ យន្តហោះ ១ គ្រឿង ប្រភេទ​ធំ​បំផុត​ក្នុង​ពិភពលោក គឺ Airbus A៣៨០ ក៏​បង្ហាញខ្លួន​នៅ​ខាងក្រោយ​ខ្នង​របស់​នារី​នេះ។

សារ​ដែល​នារី​រូបនេះ រួម​នឹង​ក្រុម​អ្នកបើកបរ​យន្តហោះ Emirates A៣៨០ ផ្ញើជូន​ពិភពលោក នោះ​គឺ៖ «សូម​ហោះហើរ​ជាមួយ​យន្តហោះ Emirates A៣៨០ ដើម្បី​ទៅ​ចូលរួម​ព្រឹត្តិការណ៍ Dubai Expo ២០២០ ដែលជា​ពិធី​តាំងពិព័រណ៍​អន្តរជាតិ​ធំ​បំផុត​ក្នុង​ពិភពលោក»។

Dubai Expo ២០២០ ត្រូវបាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ១ តុលា ២០២១ ដល់ ៣១ មីនា ២០២២។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចំនួន ១៩២ កំពុង​តាំង​បង្ហាញ​ផលិតផល និង​សេវា​របស់​ពួកគេ ក្នុងនោះ​មាន កម្ពុជា ផងដែរ

នារី​ជា​អ្នកបម្រើ​លើ​យន្តហោះ​នៅក្នុង​វីដេអូ​នេះ តាមពិត​គឺជា Nicole Smith-Ludvik ដែលជា​អត្ត​ព​លិ​ក​ផ្នែក​លោត​ឆត្រយោង និង​ជា​បុគ្គល​ល្បីឈ្មោះ​នៅលើ​បណ្ដាញ​សង្គម។

វីដេអូ​នេះ បាន​ទាក់ទាញ​អ្នក​ចូល​មើល​រាប់​លាន​លើក។ អ្នក​ចូល​មើល​ជាច្រើន​ឆ្ងល់​ថា ហេតុអ្វី​យន្តហោះ​អាច​ហោះ​ក្បែរ​នារី​រូបនេះ​បាន​យ៉ាង​ដូច្នេះ។ ក្រុមហ៊ុន Emirates បាន​ចូលមក​បកស្រាយ​ថា ថា​ពិត យន្តហោះ​នេះ ហោះ​ឆ្ងាយ​ពី​នាង​រហូតដល់ ៨០០ ម៉ែត្រ ប៉ុន្តែ ដោយសារ​អ្នក​ថត​ស្ថិតនៅ​ជិត នាង Nicole Smith-Ludvik ពេក ទើប​ឃើញ​យន្តហោះ​នៅ​ជិតបង្កើយ​ដូច្នេះ៕

Advertisement