ការជួបគ្នា៤លើកកាលពីមុនរវាងក្រុម Real និង Atletico ក្នុងក្របខ័ណ្ឌអឺរ៉ុប

Real Madrid និង Atletico Madrid នឹង​ត្រូវ​ជួប​គ្នា​ជា​លើក​ទី​៥​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​​កំពូល​អឺ​រ៉ុប នៅពេល​ដែលក្រុម Atletico ធ្វើ​ដំណើរ​ទៅកាន់​​​កីឡដ្ឋាន Santiago Bernabeu ដើម្បី​ធ្វើ​ការ​ប្រកួត​ជើង​ទី​១ នៃ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាលផ្តាច់​​ព្រ័ត្រ នៅ​រាត្រី​នេះ​។ រាល់​ការ​ជួប​គ្នា​​៤​លើក​កាល​ពី​​មុន បាន​បញ្ចប់​ទាំង​ការ​ខក​ចិត្ត​សម្រាប់​​ក្រុម Atletico ខណៈ​ដែល​ក្រុម Real នឹង​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជាលើក​​ទី​៣​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​តាមរយៈ​ការ​ផ្តួល​​គូ​ប្រជែង​ស្ថិត​ក្នុង​​ទីក្រុង​តែមួយ​របស់​ពួគគេ​។ ខាង​ក្រោម​នេះ​គឺ​ការ​ជួប​គ្នា​៤​លើក​កាល​ពី​មុន​នៃ​​ក្រប​ខ័ណ្ឌ​កំពូល​អឺ​​រ៉ុប​។

ការ​ប្រកួត European Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​កាល​ពីឆ្នាំ​១៩៥៩

ក្រុម Atletico បាន​ជួប​សំណាង​អាក្រក់ បើ​ទោះ​បី​បាន​​ទទួល​លទ្ធ​ផល​ស្មើ​ទាំង​ពីរ​ជើង​ក៏​ដោយ ក្នុង​ការ​ប្រកួត​កាល​ពីឆ្នាំ​១៩៥៩​។ ក្រុម Real បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ក្នុង​លទ្ធ​ផល ២-០ នៅ​មុន​ពេលក្រុម Atletico បាន​តាម​ស្មើ​វិញ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ក្រោយ​មក បន្ទាប់​ពី​ឈ្នះ​ ១-០​។ ប៉ុន្តែ កាល​នោះ ច្បាប់​​គ្រាប់​បាល់​ក្រៅ​ដី​មិន​ទាន់​ត្រូវ​បាន​អនុ​វត្ត​ឡើយ ហេតុ​នេះ ក្រុម​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ Playoff​។ Real បាន​ទទួល​ជ័យ​ជម្នះ ២-១ ក្នុង​ការ​ប្រកួត​វគ្គ Playoff នោះ​​ដែល​ត្រូវ​បាន​​រៀប​ចំ​ឡើង​​នៅ​ទីក្រុង Zaragoza​។

ការ​ប្រកួត Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​២០១៤

Atletico បាន​ជួប​ការ​ខក​ចិត្ត​ដ៏​ធំ ក្រោយ​​ពី​ពួក​គេ​​មាន​គ្រាប់​បាល់​នាំ​មុខ​រហូត​ដល់​ទៅ​នាទី ទី​៩៣ នៅមុន​ពេល​ក្រុម Real បាន​​វាយ​បក​តាម​ស្មើ​វិញ ហើយ​ក្រុម Real បាន​បន្ត​លើក​ពាន Champions League ក្រោយ​ពី​បាន​ផ្តួល​ក្រុម Atletico ក្នុង​លទ្ធ​ផល ៤-១ នៅ​នាទី​បន្ថែម​១៥​នាទី​ពីរ​ដង​។

ការ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ កាល​ពីឆ្នាំ​២០១៥

ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​ផ្ទះខ្លួន​ឯង​ពី​ការ​ប្រកួត​ជើង​ទី​១ Atletico បាន​​ជួប​សំណាង​អាក្រក់​ក្នុង​ជើង​ទី​២ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Javier Hernandez បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ចុង​ម៉ោង​ដើម្បី​ជួយ​ឲ្យ Real ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​ ១-០​។

ការ​ប្រកួត Champions League វគ្គផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​២០១៦

ការ​ប្រកួត​នេះ បាន​​ស្ថិ​តក្នុង​ភាព​ស្វិត​ស្វាញ​យ៉ាង​ខ្លាំង ខណៈ​ដែល Real បាន​រក​​​គ្រាប់​បាល់​​នាំ​មុខ​មុន មុន​​នឹងក្រុម Atletico បាន​ធ្វើ​ការ​វាយ​​បក​​តាម​​ស្មើ​វិញ​​នៅ​រយៈ​ពេល​១១​នាទី​ចុងក្រោយ ដើម្បី​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១​។ ក្រោយ​ពី​លទ្ធ​ផល​នៅ​តែ​រក្សា ១-១ បន្ទាប់​ពី​នាទី​បន្ថែម​១៥​នាទី​ពីរ​ដង ក្រុម Real នៅ​តែ​ជួប​សំណាង​ល្អ​ ដោយ​ពួក​គេ​បាន​យក​ឈ្នះ​ក្នុង​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី ៥-៣ ដើម្បី​លើក​​ពាន​ជា​លើក​ទី​១១​​របស់​ពួក​គេ​៕

 

Leave a Comment