Apple ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ប៉ាតង់​សម្រាប់​ម៉ូ​ដែល iPhone ធ្វើ​អំពី​កញ្ចក់​ថ្លា មាន​អេក្រង់​ច្រើន

ក្រុមហ៊ុន Apple របស់ អាម៉េរិក ទើបតែ​បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ប័ណ្ណ​ប៉ាតង់​សម្រាប់​រចនាបថ​លម្អិត​នៃ​រូបរាង​របស់ iPhone ជំនាន់​ថ្មី​ដែល​ធ្វើ​អំពី​កញ្ចក់​ទាំងស្រុង ដោយមាន​អេក្រង់​ព័ទ្ធជុំវិញ អនុញ្ញាតឱ្យ​បង្ហាញ​រូបភាព​ទាំង​អេក្រង់​មុខ ទាំង​អេក្រង់​ក្រោយ។

យោងតាម​សារព័ត៌មាន Daily Mail កញ្ចក់​អាចជា​ទិន្នាការ​ថ្មី​បំផុត​របស់ Apple ហើយ​ក្រុមហ៊ុន​នេះ​ក៏​កំពុងតែ​ត្រៀមខ្លួន​ក្នុងការ​បញ្ចេញ​ផលិតផល​ដែល​ប្រើប្រាស់​កញ្ចក់​ភាគច្រើន មានដូចជា​នាឡិកា​ឆ្លាត​វៃ និង​កុំព្យូទ័រ​ជាដើម។

ពាក្យស្នើសុំ​ប័ណ្ណ​ប៉ាតង់ ទើបត្រូវ​បាន Apple បញ្ជូនទៅ​កាលពី​សប្ដាហ៍​មុន។ ប៉ុន្តែ ប្រការនេះ​មិនមែន​មានន័យថា រចនាបថ​ណាមួយ​ដែលមាន​នៅក្នុង​ពាក្យស្នើសុំ​នោះ សុទ្ធតែ​នឹងត្រូវ​បាន​ផលិត​នោះឡើយ។

iPhone ដែល​ធ្វើ​អំពី​កញ្ចក់​ពិសេស​នេះ​ត្រូវបាន​អធិប្បាយ​ថា ដូច​ទៅនឹង​ឧបករណ៍​អេឡិចត្រូនិក​ដែលមាន​សម្បក​ជា​កញ្ចក់។

ពាក្យស្នើសុំ​ប័ណ្ណ​ប៉ាតង់ រួមមាន​ទាំង​គំនូរ​ដែល​បង្ហាញថា ប៊ូ​តុង​មួយចំនួន​នឹងមាន​នៅលើ​អេក្រង់​កោង​ដែល​លាតសន្ធឹង​តាម​បណ្ដោយ​គែម​របស់​ទូរស័ព្ទ ក្នុងនោះ​មានដូចជា ប៊ូ​តុង Airplane mode, Wi-Fi និង ប៊ូ​តុង​គ្រប់គ្រង​សំឡេង។

ចំនុច​ពិសេស​បំផុត​នៅក្នុង​រចនាបថ​នៃ​ទូរស័ព្ទ​នេះ​គឺ​អេក្រង់​ខាងក្រោយ ពោលគឺ​វា​មាន​ទាំង​អេក្រង់​មុខ និង​អេក្រង់​ក្រោយ។
ឯកសារ​ថែមទាំង​បាន​បរិយាយ​ថា iPhone ថ្មី​របស់ Apple នឹងមាន​អេក្រង់​ព័ទ្ធជុំវិញ​គែម​ទាំងឡាយ​របស់​វា ដើម្បី​អនុញ្ញាតឱ្យ​ផ្ទៃ​ទាំង 6 របស់​វា​អាច​បង្ហាញ​រូបភាព ឬ​យ៉ាងហោចណាស់​ក៏ត្រូវ​បាន​បិទ​ជិត និង​មាន​រន្ធ​សម្រាប់​មុខងារផ្សេង។

ទន្ទឹមនឹងនេះ Apple ក៏បាន​បង្ហាញ​អំពី​រចនា​រូបរាង​នៃ​នាឡិកា​ថ្លា​មើលឃើញ​គ្រឿងក្នុង និង​ប្រអប់ sever case របស់​កុំ​ព្យូ​ព័រ Mac Pro ផងដែរ។

បើទោះជា​គំនិត​ស្ដីអំពី iPhone ធ្វើ​អំពី​កញ្ចក់​ថ្លា អាច​នឹងមិន​មានលទ្ធភាព​ត្រូវបាន​បង្កើតឡើង​ក៏ដោយ ប៉ុន្តែ រចនា​រូបរាង​បែបនេះ​អាច​បង្ហាញ​ឱ្យ​គ្រប់គ្នា​យល់​អំពី​ទិសដៅ​ថ្មី​នាពេល​អនាគត​របស់ Apple៕

Advertisement