រាជធានី​ភ្នំពេញ ហាម​មិនឱ្យ​បើក​​​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ខណៈ​ដែល​​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ

អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​រាជធានី អនុវត្ត​វិធានការ​នៃ​ការហាម​មិនឱ្យ​បើក​អាជីវកម្ម ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​​ដែល​ស្ថិត​នៅក្នុង​ភូមិ​សាស្ត្រ​​រាជធានី​ភ្នំពេញ។

បទបញ្ជា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី ការជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ ភ្នំពេញ នា​រសៀល​ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 នៅ​សាលា​រាជធានី​ភ្នំពេញ។

ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ​ហើយ ប៉ុន្តែ​ចំពោះ​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ គឺ​មិន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​នោះទេ ខណៈ​ភោជនីយដ្ឋាន និង​បៀរហ្គាឌិន ត្រូវបាន​អនុញ្ញាត។ ការដាក់​បម្រាម​នេះ ត្រូវបាន​អភិបាល​រាជធានី ពន្យល់ថា ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ គឺជា​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ COVID-19។

ឯកឧត្តម អភិបាល ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ រៀបចំ អនុវត្ត​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន ឱ្យបាន​ល្អ នៅពេល​ពួកគាត់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង៕

Advertisement