លោកយាយ វ័យ 94ឆ្នាំ គ្រង​ឈុត​កូនក្រមុំ​ជា​លើកដំបូង ក្រោយ​គេង​ស្រមៃ​មក 70ឆ្នាំ

លោកយាយ បាន​ស្លៀក​ឈុត​កូនក្រមុំ​ជា​លើកដំបូង ក្រោយ​គេង​ស្រមៃ​អស់ 70ឆ្នាំ ព្រោះតែ​ការរើសអើង​ជាតិ​សាសន៍​ពណ៌​សម្បុរ កាលពី​អតីតកាល ធ្វើឱ្យ​មិនបាន​ស្លៀក​ឈុត​អាពាហ៍ពិពាហ៍ ដូចដែល​ខ្លួន​នឹក​សង្ឃឹម។

ការ​បាន​គ្រង​ឈុត​កូនក្រមុំ ក្នុង​ថ្ងៃ​រៀបការ គឺជា​ក្ដី​ស្រមៃ​ដ៏​ធំធេង​របស់​នារី​គ្រប់រូប រួមទាំង​ក្ដី​ស្រមៃ​របស់ “ម៉ា​ថា មែ អូ​ហ្វ៊ី​លៀ មូ​ន ថាក់​ឃើ​រ” លោកយាយ​ស្បែក​ខ្មៅ អាយុ 94ឆ្នាំ មកពី​រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក​ផងដែរ តែ​គួរឱ្យ​សោកសៅ​បំផុត ដែល​នៅ​ថ្ងៃ​ត្រូវ​រៀបការ លោកយាយ​បែរជា​ត្រូវបាន​អាជ្ញាធរ​រារាំង រើសអើង​មិនឱ្យ​គ្រង​ឈុត​កូនក្រមុំ ដូចដែល​ខ្លួនឯង​នឹក​សង្ឃឹម​បាន។

លោកយាយ ថាក់​ឃើ​រ រៀបការ​ជាមួយ​ស្វាមី ក្នុង​ឆ្នាំ1952 ដែល​ក្នុងអំឡុង​ពេលនោះ មានការ​បែងចែក​ពណ៌​សម្បុរ និង​រើសអើង​ជាតិ​សាសន៍​យ៉ាងខ្លាំង​ក្លា ទើប​ធ្វើឱ្យ​ស្ត្រី​ស្បែក​ខ្មៅ មិន​បានទទួល​ការអនុញ្ញាត ឱ្យចូល​ហាង ដើម្បី​ជួល​សម្លៀកបំពាក់​ឈុត​អាពាហ៍ពិពាហ៍​បានឡើយ ដោយហេតុ​នេះហើយ ទើប​លោកយាយ​ត្រូវ​ស្លៀក​ឈុត​ផ្សេង ដែលមាន​ពណ៌​ខៀវចាស់ ដើម្បី​ចូល​ពិធីមង្គលការ​របស់ខ្លួន​ជំនួស​វិញ។

ទោះជា​ពេលវេលា កន្លងផុត​ទៅជិត 70ឆ្នាំ​ហើយ​ក្ដី តែ​លោកយាយ ថាក់​ឃើ​រ នៅតែ​នឹក​ស្រមៃ ចង់គ្រង​ឈុត​កូនក្រមុំ​ជានិច្ច ហើយ​ថ្ងៃមួយ នៅពេលដែល​លោកយាយ​អង្គុយ​ទស្សនា​ឈុត​ឆាក​រៀបការ​នៅក្នុង​ខ្សែភាពយន្ត​រឿង “Coming to America” ជាមួយ “អ៊ែ​ង​ជើ​ឡា ស្ត្រូ​សៀរ” ដែលជា​ចៅស្រី លោកយាយ​ក៏​ខ្សិ​ប​ប្រាប់​នាង​ថា ចង់​សាកល្បង​ស្លៀក​ឈុត​កូនក្រមុំ ដូច​នៅក្នុង​កុន​ឱ្យបាន​ម្ដង។

ក្រោយពី​បានឮ​សេចក្ដីប្រាថ្នា​របស់លោក​យាយ​ហើយ ស្ត្រូ​សៀរ ក៏​សម្រេចចិត្ត​ធ្វើឱ្យ​លោកយាយ​ថាក់​ឃើ​រ ភ្ញាក់ផ្អើល ដោយ​ការ​ណាត់​លោកយាយ​ទៅ​ហាង​ជួល​ឈុត​អាពាហ៍ពិពាហ៍ ហើយ​មិន​ត្រឹមតែ​ប៉ុន​ហ្នឹង​ទេ នាង​ថែមទាំង​ជួល​ជាង​តុបតែង​មុខ មកជួយ​បន្ថែម​ភាពស្រស់ស្អាត​ជូន​លោកយាយ​ទៀតផង។

នៅ​ទីបំផុត ថ្ងៃ​ដែល​ទន្ទឹងរង់ចាំ ក៏​មកដល់  នៅពេលដែល​លោកយាយ បាន​សាកល្បង​ស្លៀក​ឈុត​កូនក្រមុំ​ពណ៌​ស​ដូច​ក្ដី​បំណង…ភ្លាមៗនោះ នៅពេលដែល​លោកយាយ បានឃើញ​ខ្លួនឯង​នៅក្នុង​កញ្ចក់ ក៏​ញញឹម​ឡើង​យ៉ាង​ស្រស់ និង​ឈរ​ថតរូប​យ៉ាង​មាន​សេចក្ដីសុខ ធ្វើឱ្យ​មនុស្សម្នា ដែល​នៅ​ជុំវិញ​ទីនោះ រំភើបចិត្ត រលីងរលោង​ទឹកភ្នែកគ្រប់ៗគ្នា។

“អ្នក​ទាំងអស់គ្នា ដឹង​ទេ? ខ្ញុំ​មិនអាច​បង្ហាញ​ចេញមក​ទាំងអស់​បាន​ថា តើ​វា​ពិសេស​ប៉ុនណា​ឡើយ តែ​វា​វិសេស​ខ្លាំងណាស់! ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ខ្លួនឯង​កំពុង​ជិត​បាន​រៀបការ​អ៊ីចឹង ខ្ញុំ​មិន​ចង់​ដោះ​ឈុត​ហ្នឹង​ចេញ​វិញ​សោះ”៕

ប្រភព៖ timesnownews, Facebook
រៀបរៀង​ដោយ​អ្នកគ្រូ ស.សមចិន្ដា

Advertisement