មានមនុស្សជាច្រើន ច្រើនតែព្រងើយកន្តើយនឹងការដុសសម្អាតធ្មេញ ដោយមិនបានដឹងឡើយថា ភាពស្អាត មានអនាម័យនៅក្នុងប្រអប់មាត់ ក៏មានចំណែកសំខាន់ខ្លាំងដែរ ព្រោះវាអាចហុចផលប៉ះពាល់ ដល់អវយវៈផ្នែកដទៃទៀតបាន ដោយយើងគួរដុសសម្អាតធ្មេញ យ៉ាងតិចក្នុង 1ថ្ងៃ ឱ្យបាន 2ដង និងចូរប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ មិនមែនជាច្រាសដែលរឹងខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឱ្យធ្មេញងាយឆាប់សឹករេចរឹល។ ទំហំរបស់ក្បាលច្រាសដុសធ្មេញ ក៏គួរមានខ្នាត ដែលសមល្មមក្នុងការចូលទៅដល់គ្រប់កន្លុកកន្លៀតរបស់ធ្មេញ បានយ៉ាងងាយស្រួល និងត្រូវផ្តល់ភាពសំខាន់ ទៅលើការដុសសម្អាតធ្មេញ ដែលត្រឹមត្រូវតាមក្បួនវិធី និងគ្រប់ៗទីតាំងរបស់ធ្មេញនីមួយ…ដោយសារដូច្នេះហើយ ទើបថ្ងៃនេះ ឡារ៉ែន មានវិធីដុសសម្អាតធ្មេញដែលត្រឹមត្រូវ មកជម្រាបជូនដូចតទៅ៖
- គួរដុសសម្អាតធ្មេញឱ្យត្រូវវិធី ក្រោយពេលបរិភោគអាហាររួចគ្រប់ពេល តែបើមិនមានភាពងាយស្រួលក្នុងការដុសសម្អាតធ្មេញទេនោះ ក៏គួរតែខ្ពុរមាត់ខ្លាំងៗដោយទឹកស្អាត រៀងរាល់ពេលញ៉ាំបាយហើយ និងត្រូវដុសសម្អាតធ្មេញយ៉ាងតិចក្នុង 1ថ្ងៃ 2ដង គឺពេលភ្ញាក់ពីដំណេក និងមុនចូលគេង។
- ក្រោយពេលដុសធ្មេញ អាចប្រើម្រាមដៃ ដុសធ្វើម៉ាស្សាលើសាច់អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បីជួយឱ្យអញ្ចាញធ្មេញរឹងមាំ។
- ទទួលទានបន្លែ និងផ្លែឈើ ដែលជួយថែបំប៉នសាច់អញ្ចាញធ្មេញ និងជួយសម្អាតធ្មេញបែបងាយៗ ដូចជា ផ្លែក្រូច ប៉ិគក់ ត្របែក និងផ្លែជម្ពូ ជាដើម។
- ចៀសវាងពីការខាំហែកវត្ថុរឹងៗដោយធ្មេញ ដូចជា ហែកថង់ប្លាស្ទិក ខាំខ្សែចំណងឱ្យដាច់ ប្រើធ្មេញខាំបើកគម្របដបជាដើម ព្រោះអាចធ្វើឱ្យធ្មេញជំពើស បែក ឬរង្គើបានយ៉ាងងាយ។
- សង្កេតមើលធ្មេញ និងអញ្ចាញ បន្ទាប់ពីដុសសម្អាតធ្មេញរួច ដោយការឆ្លុះកញ្ចក់ មើលក្នុងប្រអប់មាត់ម្តងម្កាល បើឃើញមានចំណុចខ្មៅៗ ស្នាមហើមក្រហមៗនៅលើសាច់អញ្ចាញ ឬមានកំណកកំបោររឹងៗនៅតាមជើងធ្មេញ គួរតែទៅជួបទន្តពេទ្យ ដើម្បីពិនិត្យព្យាបាលជាបន្ទាន់។
- មិនគួរកេះធ្មេញ ដោយមិនចាំបាច់នោះទេ ព្រោះនឹងធ្វើឱ្យជើងធ្មេញ មានប្រហោង និងអាចឆ្លងមេរោគបានទៀតផង។
- ក្នុងករណីដែលធ្មេញទឹកដោះ(សម្រាប់ក្មេងតូច)រង្គើ ធ្វើឱ្យឈឺខណៈពេលញ៉ាំអាហារ ឬពេលដុសសម្អាតធ្មេញ ឬក៏មានធ្មេញពុកផុយ របេះអស់នៅសល់តែគល់ លែងមានធ្មេញហើយនោះ គួរតែទៅប្រឹក្សាជាមួយទន្តពេទ្យ ដើម្បីដកចេញភ្លាម។
វិធីដុសសម្អាតធ្មេញ
ការដុសសម្អាតធ្មេញ គួរដុសសម្អាត ឱ្យសព្វគ្រប់លើធ្មេញ និងគ្រប់ផ្នែករបស់ធ្មេញ ដែលច្រាសដុសធ្មេញអាចចូលទៅដល់។ ពេលដុស មិនចាំបាច់ប្រើកម្លាំងសង្កត់ខ្លាំងៗទេ ការដុសសម្អាតធ្មេញម្តងៗ គួរប្រើពេលវេលា ពី 2 – 3នាទី។ ការចាប់កាន់ច្រាសដុសធ្មេញ គួរចាប់កាន់ដងច្រាស ដោយម្រាម4 ចំណែកម្រាមមេដៃ ដាក់សង្កត់នៅលើដងច្រាស ដែលធ្វើឱ្យអាចកម្រើកម្រាមដៃ ឱ្យច្រាសដុសធ្មេញវាសចុះ ឬវាសឡើងបានពេញដៃ៕