Atletico សម្លឹងរកការសងសឹក Real នៅរាត្រីនេះ

Atletico Madrid និង​លោក Diego Simeone ដែល​ជា​គ្រូ​បង្វឹក​របស់​ពួក​គេ នឹង​ស្រេក​ឃ្លាន​ក្នុង​ការ​សង​សឹក​​នៅ​​កីឡ​ដ្ឋាន Santiago Bernabeu ពេល​ជួបក្រុម Real Madrid ក្នុង​ការ​ប្រកួត​​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ នៃក្រប​ខ័ណ្ឌ Champions League នៅ​​រាត្រី​នេះ ស្រប​ពេល​ដែល​ក្រុម​ភ្ញៀវ​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​គឺ​​ខ្សែ​ប្រយុទ្ធ Antoine Griezmann​។

ក្រុម Atletico សង្ឃឹម​ថា នឹង​លុប​ចោល​នូវ​ការ​ខក​ចិត្ត​ផ្សេង​​ៗ​ទាក់​ទង​នឹង​ការរង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ ក្រោម​ស្នា​ដៃ​ Real​។ ក្រុម Atletico បាន​បាត់​បង់​ Jose Maria Gimenez ដោយ​សារ​តែ​បញ្ហា​របួស​​ក្រលៀន ដែល​មាន​ន័យ​ថា ក្រុម​ភ្ញៀវ នឹង​ត្រូវ​អវត្ត​មាន​​ខ្សែ​ការ​ពារ​ដ៏​សំខាន់​បី​នាក់​របស់​ពួក​គេ​។ ស្រប​ពេល​ដែល​ក្រុម​របស់​​លោក Simeone មាន​កេរិ៍្ត​ឈ្មោះ​​ទៅ​លើ​ការ​មាន​តំបន់​ការ​ពារ​យ៉ាង​រឹង​មាំ ពួក​គេ​ក៏​មាន​​តំបន់​ប្រយុទ្ធ​យ៉ាង​មុត​ស្រួច​ផង​ដែរ ខណៈ​ដែល​ពួក​គេ​ទើប​តែ​បាន​ផ្តួលក្រុម Las Palmas ក្នុង​លទ្ធ​ផល ៥-០ កាល​ពី​ចុង​សប្តាហ៍​​មុន​នេះ ដោយ​ខ្សែ​ប្រយុទ្ធ Kevin Gameiro បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​​។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម Real របស់​លោក Zinedine Zidane កំពុង​តែ​សម្លឹង​រក​​​ការ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជាក្រុម​ដំបូង​គេ​ក្នុង​ការ​ការ​ពារ​ពាន Champions League យ៉ាង​ជោគ​ជ័យ ក៏ដូច​ជា​បញ្ចប់​ការ​គ្រប់​គ្រង​របស់​ក្រុម Barcelona ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ La Liga​។ លោក Zidane បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បំណង​របស់​លោក​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​ពីរ​ក្នុង​​រដូវ​កាល​តែមួយ​រួច​ជា​ស្រេច​​។ កីឡាករ​សំខាន់​ៗ​ជាច្រើន​ដូច​ជា Ronaldo, Gareth Bale, Karim Benzema, Luka Modric ឬ Toni Kroos សុទ្ធ​សឹង​បាន​អវត្ត​មាន​ក្នុង​ការ​ប្រកួត​​លីក​៣​លើក​ចុងក្រោយ​របស់​ក្រុម Real​។ ក្នុង​ពេល​អវត្ត​មាន​កីឡាករ​ឆ្នើម​ៗ​ទាំង​នេះ កីឡាករ​មួយ​ចំនួន​ដូច​ជា Isco, Alvaro Morata និង Marco Asensio បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ហើយ Real បាន​ឈ្នះ​រាល់​ការ​​ប្រកួត​ទាំង​៣​លើក​នោះ តាមរយៈ​ការ​ស៊ុត​បាល់​​​បញ្ចូល​ទី​សរុប​ដល់​ទៅ​១៣​​គ្រាប់​។ ក្រុម Real បាន​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួត​នេះ តាម​រយៈ​ការ​ផ្តួល​ក្រុម Valencia ក្នុង​លទ្ធ​ផល ២-១​ កាល​ពី​ចុង​សប្តាហ៍​ថ្មី​ៗ​នេះ​។ ការ​ប្រកួត​នេះ​​នឹង​ចាប់​​ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​​៕

ប្រភពពី​៖ sports.yahoo

Leave a Comment