ទោះ​ធ្លាប់​គេ​វាយលុក​ក្ដី តែ​ប្រព័ន្ធ Telegram នៅតែ​ជា​កម្មវិធី​ឆាត​ល្អ​ជាងគេ

Telegram គឺជា​កម្មវិធី ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៣ ដោយ​បងប្អូន​ជនជាតិ​រុស្ស៊ី 2រូប ដែលមាន​ឈ្មោះថា Pavel និង Nikolai Durov។ កម្មវិធី​នេះ ក៏​អាច​ប្រើប្រាស់​បាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជាច្រើន​ដែរ ដូចជា iOS, macOS, Android, Windows Phone, Windows, និង Linux។

បច្ចុប្បន្ន​កម្មវិធី​ផ្ញើ​សារ Telegram កំពុង​ពេញនិយម​ប្រើប្រាស់​ជា​សាធារណៈ ឬ​តាម​ក្រុមហ៊ុន​អាជីវកម្ម និង​អង្គភាព​នានា​ជាដើម ហើយ​នោះ ក៏​ព្រោះតែ​ភាពងាយស្រួល​ប្រើប្រាស់​របស់​វា ទាំង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ការផ្ទេរ​រូបភាព វីដេអូ ឬ​ឯកសារផ្សេងៗ បាន​ក្នុង​ទំហំ​ធំ​ទៀតផង តែ​ដោយសារតែ​ការនិយម​ប្រើប្រាស់​នេះ ទើប​មានមតិ​ជាច្រើន​បាន​ចោទសួរ​ឡើង​ថា តើ​កម្មវិធី​នេះ​មាន​សុវត្ថិភាព​ដែរឬទេ?

បើ​និយាយ​ពី​សុវត្ថិភាព Telegram មាន​មុខងារ​ការពារ​ទិន្នន័យ (encryption) 2ស្រទាប់ (two layers encryption) ដើម្បី​ការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ មិនឱ្យ​ជន​ទី3 ប្រើប្រាស់​ទិន្នន័យ​នោះបានទេ បើ​ទោះ​មាន​ករណី​លួច​យក​ទិន្នន័យ​ដោយ​ប្រការ​ណាមួយ​ក៏ដោយ ប៉ុន្ដែ​ចំណុច​ដែល​មិនទាន់មាន​សុវត្ថិភាព​ពេញលេញ​នោះ គឺថា រាល់​ការជជែក​របស់​អ្នកប្រើប្រាស់​ជា​ស្វ័យប្រវត្តិ​លើ Telegram គឺ​មិនមាន​កា​រប​ម្លែ​ង​ទិន្នន័យ​ទេ ទាល់តែ​អ្នក​ប្រើ​បើក​មុខងារ​ជជែក​ជាសម្ងាត់ (secret chat) ទើប​ប្រព័ន្ធ​ចាប់ផ្ដើម​ធ្វើការ​ការពារ​ទិន្នន័យ (client to client encryption) ខុសពី​កម្មវិធី​ផ្ញើ​សារ WhatsApp ដែលមាន​មុខងារ​នេះ​ជា​ស្វ័យប្រវត្តិ​រាល់​ការជជែក​នានា។

Telegram បាន​ចាប់យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​មួយចំនួន ដោយ​រក្សាទុក​ត្រឹម​រយៈពេល ១២ខែ ដែល​រួមមាន​ដូចជា អាសយដ្ឋាន​អ៊ីនធឺណិត (IP Address), ឧបករណ៍​ដែល​ចូលទៅ​ប្រើប្រាស់​គណនី, ឈ្មោះ​គណនីចាស់ៗធ្លាប់បាន​ប្ដូរ និង​ទិន្នន័យ​ដទៃ​ផ្សេងទៀត។

បើជា​ធ្លាប់មាន​គេ​វាយលុក​ប្រព័ន្ធ​នេះ​ខ្លះ​ក្ដី តែ​ទោះយ៉ាងណា ក៏​Telegram នៅតែ​ជា​កម្មវិធី​ល្អ​ជាងគេ​មួយ បើ​ធៀប​នឹង WhatApps ឬ Messenger ជាដើម និង​តាមរយៈ​ការកំណត់​ប្រព័ន្ធ​ការពារ​ឱ្យបាន​ត្រឹមត្រូវ​ជាមុន​នោះ Telegram អាចជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ល្អ​មួយ សម្រាប់​ការធ្វើទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ក្រុមគ្រួសារ​បាន៕

Advertisement