Tag: Zinedine Zidane

  • លោក Zidane បង្ហើបថា Ronaldo នឹងចូលលេងពេលប៉ះ Man Utd យប់នេះ

    លោក Zidane បង្ហើបថា Ronaldo នឹងចូលលេងពេលប៉ះ Man Utd យប់នេះ

    លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចូលលេងក្នុងការប្រកួតដណ្តើមពាន UEFA Super Cup ជាមួយនឹងក្រុម Manchester United ក្រោយពីបានធ្វើដំណើររួមជាមួយនឹងក្រុមរបស់លោកទៅកាន់ទីក្រុង Skopje កាលពីថ្ងៃចន្ទ។

    Ronaldo ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមរបស់ម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះបែបមិននឹកស្មានដល់សម្រាប់ការប្រកួតនៅរាត្រីនេះ ក្នុងរដ្ឋធានីរបស់ប្រទេសម៉ាសេដ្វាន ក្រោយពីទើបតែបានវិលទៅធ្វើការហ្វឹកហាត់វិញជាមួយនឹងក្លិបរបស់គេកាលពីចុងសប្តាហ៍មុននេះ។


    រដូវក្តៅរបស់គេបានស្ថិតក្នុងរឿងអាស្រូវដោយសារតែការចោទប្រកាន់ទាក់ទងនឹងការបន្លំការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញដែលនាំឲ្យរូបគេត្រូវធ្វើការបង្ហាញខ្លួនក្នុងតុលាការកាលពីសប្តាហ៍មុន និងបង្កើតឲ្យមានពាក្យចចាមអារ៉ាមផ្សេងៗ ជុំវិញអនាគតរបស់គេ។ បើយោងតាមរបាយការណ៍មួយពីស្ថានីយវិទ្យុរបស់អេស្ប៉ាញ Cadena Ser កីឡាករ Ronaldo បានប្រាប់តុលាការថា រូបគេចង់វិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយសារតែបញ្ហានៃការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញ។


    កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោករូបនេះ ត្រូវបានអនុញ្ញាតឲ្យបន្តសម្រាកវិស្សមកាលនៅរដូវក្តៅនេះ ក្រោយពីលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ក្នុងយុទ្ធនាការ Confederations Cup ក្នុងប្រទេសរុស្ស៊ីរួចមក។ ប៉ុន្តែ បើទោះបីជាបែបនោះក៏ដោយ ក៏លោក Zidane បានឲ្យដឹងថា៖ «មានរឿងជាច្រើនដែលកំពុងតែកើតឡើង និងមានសំឡេងរំខានជាច្រើនកើតឡើងជុំវិញរូបគេ ប៉ុន្តែរូបគេមិនមានបញ្ហាអ្វីឡើយ»។

    ការបង្ហាញខ្លួនជាលើកចុងក្រោយរបស់ Ronaldo សម្រាប់ក្លិបនេះ បានកើតឡើងកាលពីដើមខែមិថុនានៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទី2គ្រាប់ធ្វើឱ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះ 4-1 លើក្រុម Juventus ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីដើមខែមិថុនា ខណៈដែល Real Madrid បានការពារពានរបស់ខ្លួនយ៉ាងជោគជ័យ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
    ប្រភពពី៖ The Daily Star

  •  Zidane ៖ Ronaldo នឹង​ជួយ​ឲ្យ Real លើក​ពាន Champions League ពេល​ប៉ះ Juventus រាត្រី​នេះ

     Zidane ៖ Ronaldo នឹង​ជួយ​ឲ្យ Real លើក​ពាន Champions League ពេល​ប៉ះ Juventus រាត្រី​នេះ

    លោក Zinedine Zidane ជឿ​ជាក់​ថា ភាព​ជា​អ្នក​ដឹក​នាំ​របស់​ខ្សែ​ប្រយុទ្ធ​ដ៏​​មាន​ឥទ្ធិ​ពល Cristiano Ronaldo នឹង​ក្លាយ​ជា​កត្តា​​កាត់​សេចក្តី​ដ៏សំខាន់ នៅពេល​ដែល​ក្រុម Real Madrid ចូលឆ្ពោះទៅរក​ការ​ប្រកួត​ប្រវត្តិ​សាស្ត្រ​ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្រប​ខ័ណ្ឌ Champions League ជា​មួយ​នឹង​ក្រុម Juventus នៅ​រាត្រី​នេះ​។

    Ronaldo នឹង​ស្ថិតក្នុង​ការ​ចាប់​អារម្មណ៍​ ខណៈដែល​ក្រុម​របស់​លោក Zidane នឹង​ខិត​ខំព្យា​យាម​​​ធ្វើ​ឲ្យ​ក្លិបរបស់លោកក្លាយ​ជា​ក្លិប​ដំបូង​គេ​ក្នុង​​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប​​២​លើក​ជាប់​ៗ​គ្នា ចាប់​តាំង​ពី​ក្លិប AC Milan ធ្លាប់ធ្វើ​បាន​សម្រេច​កាល​ពី​២៧​ឆ្នាំ​មុនម្តងរួចមកហើយ​។ បើ​ទោះ​បី​មនុស្ស​ជាច្រើន​បាន​រិះ​គន់​ទៅ​លើ​ Ronaldo សម្រាប់​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដែល​គ្មានភាព​រស់​រវើក ក្នុង​ពេលដែល Real ឈ្នះ​លើការប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​ក្រុម Atletico Madrid ក៏​ដោយ ប៉ុន្តែ រូប​គេ​នៅ​តែ​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​ចូល​ទី​យ៉ាង​​ល្អ​ក្នុង​ការ​ប្រកួត​កាល​ពី​​ឆ្នាំ​មុន ហើយ​ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពីឆ្នាំ​២០១៤​ផងដែរ​។ Ronaldo បាន​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​មុត​ស្រួច​ម្តង​ទៀត​ក្នុង​រដូវ​កាល​នេះ ដោយ​​រូប​គេ​បាន​បំពេញ​​ការរក​បាន​៤០០​គ្រាប់​សម្រាប់​ក្រុម Real ខណៈ​ដែលក្រុម​​របស់​គេ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​កំពូល​របស់អេ​ស្ប៉ាញជា​លើក​ទី​១​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​។ លោក Zidane ជឿ​ជាក់​ថា សុច្ឆន្ទៈ​នៃ​ការ​ស្រេក​ឃ្លាន​ជ័យ​ជម្នះ​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​​វ័យ​៣២​ឆ្នាំ​រូប​នេះ នឹង​ក្លាយ​ជា​កូន​សោ​សំខាន់ក្នុង​​ការ​ជួយ​ឲ្យ​​ក្រុម Real ទទួល​ជោគ​ជ័យ ពីព្រោះ​រូប​គេ​​មាន​កម្រិត​ស្តង់​ដារ​លេង​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​ជឿ​ជាក់​ថា នឹង​​ក្លាយ​ជា​ជំនួយ​ដ៏ធំ​សម្រាប់​ក្រុម​​។

    លោក Zidane បាន​​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​នៅ​​ឯ​កីឡដ្ឋាន Principality ក្នុង​ទីក្រុង Cardiff កាល​ពី​ថ្ងៃ​សុក្រ ថា៖ « Ronaldo ជា​មនុស្ស​ល្អ រូប​គេ​ព្រួយ​បារម្ភ​ពី​អ្នក​ដទៃ ហើយ​អ្វី​ដែល​​សំខាន់​នោះ​​គឺ​ថា រូប​គេ​មាន​ភាព​​ជាកីឡាករ​អាជីព​។ រូប​គេ​​កើត​មកគឺ​ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ ជា​ពិសេស​នៅ​លើ​ទីលាន​តែម្តង។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា រូប​​គេ​ចង់​បាន​ជ័យ​ជម្នះ​»​។

    ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺយប់នេះ​៕