Tag: Xiaomi

  • CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

    CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

    អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ចិន​ Xiaomi នា​ថ្ងៃ​នេះ​ បាន​ឱ្យ​ដឹង​ថា គោល​ដៅ​របស់លោក​សម្រាប់​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន​ គឺ​វា​នឹង​ជា «រថយន្ត​ស្អាត​បំផុត​ ងាយ​ស្រួល​បើកបរ​បំផុត និង​ឆ្លាត​វៃបំផុត» ហើយ​មាន​តម្លៃ​ក្រោម​ 69,424 ដុល្លារ​អាម៉េរិក​។

    នៅ​ថ្ងៃ​ទី​ 28 ខាង​មុខ Xiaomi នឹង​ប្រកាស​តម្លៃ​​ជា​ផ្លូវ​ការ​ ហើយ​ក៏​ចាប់​ផ្ដើម​ទទួល​ការ​បញ្ជា​ទិញ​សម្រាប់​រថយន្ត​អគ្គិសនី SU7។

    លោក Lei Jun ដែល​ជា​ CEO របស់ Xiaomi បាន​អួត​ថា SU7 មាន​បច្ចេកវិទ្យា​ដែល​អាច​បង្កើន​ល្បឿន​បាន​ល្អ​ជាង​រថយន្ត​អគ្គិសនី​ Tesla របស់​អាម៉េរិក និង Porsche របស់​អាល្លឺម៉ង់​ទៅ​ទៀត​។

  • ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

    ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

    ក្រុម​ហ៊ុន​ចិន Xiaomi បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress នៅ​ Barcelona គ្រា​ដែល​តាំង​បង្ហាញ​ SU7 ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ SU7 ត្រូវ​បាន​បង្ហាញ​ដោយ​ផ្ទាល់​ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ព័ត៌មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​ កាល​ពីចុងឆ្នាំ​មុន​។

    SU7 គឺជា​ម៉ូដែលសេដាន​កីឡា​ ដែល​មាន​ពណ៌​ខៀវ​ខ្ចី​ដ៏​ទាក់​ទាញ​។ រថយន្ត​នេះ​បើ​ប្រាស់​ម៉ូទ័រ​​អគ្គិសនី​របស់​ Xiaomi និងអាច​បង្កើន​ល្បឿន​ពី 0 ទៅ 100 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើពេល​តែ​ 2.78 វិនាទី​។

    Xiaomi SU7 នឹង​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ 101 kWh ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង 800 គីឡូម៉ែត្រ​ ឆ្ងាយ​ជាង​ច្រើន​បើធៀប​នឹង​បណ្ដា​រថយន្ត​អគ្គិសនី​នា​បច្ចុប្បន្ន​។ រថយន្ត​នេះ​ក៏​មាន​បំពាក់​មុខ​ងារ​បញ្ចូល​ថាមពល​លឿន ដែល​អាច​ធ្វើ​ដំណើរ​បាន 500 គីឡូម៉ែត្រ ក្រោយ​ពី​សាក​ថ្ម​បាន​ 15 នាទី​។

    អំពី​បច្ចេកវិទ្យាវិញ SU7 ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​អង្គញាណ​ដែល​អនុញ្ញាត​ឱ្យ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្ត​ រួម​នឹង​អេក្រង់​កម្សាន្ត​​ 16 អ៊ិញ និង​អេក្រង់​បង្ហាញ​ព័ត៌មាន​សម្រាប់​អ្នក​បើក​បរ​ ក៏ដូច​ជា​ប្រព័ន្ធ​បញ្ជា​ដែល​អាច​បង្វិល​បាន​ផងដែរ​។

    យោង​តាម Absolute Geeks បើ​ទោះ Xiaomi មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​អំពី​តម្លៃ​ ឬ​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវការ ប៉ុន្តែ​ពួក​គេ​កំពុង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​នៅ​ក្នុង​ top 5 របស់​ពិភពលោក​។ ប្រការ​នេះ​មាន​ន័យ​ថា Xiaomi SU7 អាច​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​បរទេស​ បើ​ទោះ​តម្លៃ​របស់​វា​ទំនង​ជា​ខ្ពស់​៕

  • Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

    Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

    ម៉ូដែល​ដំបូង​របស់​ Xiaomi EV គឺ SU7 នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ផលិត​ឆាប់​ៗ​ខាង​មុខ​។

    យោង​តាម​សេចក្ដី​ប្រកាស​ Xiaomi EV មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ប្រហែល 2,000 គ្រឿង​​នៅ​ក្នុង​ខែ​មីនា​ និង​បង្ហើយ​ការ​បង្កើន​បរិមាណ​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2024​ ដែល​ក្នុង​នោះ​ ពួក​គេ​នឹង​ផលិត​បាន​ជាង 10,000 គ្រឿង​នៅ​ក្នុង​ខែ​កក្កដាឆ្នាំ​នេះ​។

    ក្រុម​ហ៊ុន​ចិន Xiaomi បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មីនា​ឆ្នាំ 2021 ថា ពួក​គេ​នឹង​ចូល​រួម​ផលិត​រថយន្ត​ ដោយ​បញ្ជាក់​ថា ពួក​គេ​នឹង​វិនិយោគ​ 10 ពាន់លាន​យុន​សម្រាប់​ដំណាក់​កាលដំបូង​នៃ​សកម្មភាព​ជំនួញ​ផ្នែក​រថយន្ត​ ហើយ​គ្រោង​នឹង​វិនិយោគ​ 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ក្នុងរយៈ​ពេល​​ 10 ឆ្នាំ​ខាង​មុខ​។

    ក្រុម​ហ៊ុន​ខាង​លើ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី SU7 របស់​ខ្លួន​កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​ និង​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​សង្ឃឹម​ថា នឹង​ក្លាយ​ជាមួយក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​លំដាប់​ពិភពលោក​ នៅ​ក្នុង​រយៈ​ពេល​ពី 15 ទៅ 20 ឆ្នាំ​ទៀត​។

    Xiaomi មិន​ទាន់​ប្រកាស​ព័ត៌មាន​ស្ដី​ពី​តម្លៃ​របស់ SU7 ក៏ដូចជា​ពេល​វេលា​បង្ហាញ​រថយន្ត​នេះ​ជា​ផ្លូវ​ការ​។ ប៉ុន្តែ បើ​យោង​តាម​ CnEVPost កំណែ​ខ្ពស់​បំផុត​របស់​ Xiaomi SU7 នឹង​មាន​តម្លៃ​ 50,320 ដុល្លារ​អាម៉េរិក​៕

  • ក្រុមហ៊ុន Xiaomi ផលិតស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេបំផុត តែ 285ដុល្លារ

    ក្រុមហ៊ុន Xiaomi ផលិតស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេបំផុត តែ 285ដុល្លារ

    ក្រុម​ហ៊ុន Xiaomi បាន​ផលិត​ចេញ​​នូវ​ស្មាតហ្វូនម៉ូដែល Redmi K30 (5G) ​​ដែល​មាន​បំពាក់​នូវ​ប្រព័ន្ធ 5G តែ​តម្លៃត្រឹមតែ 285ដុល្លារ​ប៉ុណ្ណោះ (ឬ​ 1999 យន់​)​ ដែល​នេះជា​តម្លៃ​​លក់​រាយ​នៅ​ប្រទេស​ចិន និងបាន​ចេញ​លក់​កាល​ពី​ខែ​មករា​កន្លង​មក​។

    Redmi K30 បាន​​ចេញ​លក់​លើ​ទីផ្សារ​ហើយ​ តម្លៃ​នេះ​អាច​ជាប់​ក្នុង​បញ្ជី​ស្មាតហ្វូន 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត​មួយ ​នា​ពេល​បច្ចុប្បន្ន​។

    ចំពោះ​លក្ខណសម្បតិ្តរបស់​ K30 នេះវិញ គឺ​បំពាក់​កាមេរ៉ា​ក្រោយ 4គ្រាប់ ប្រើ​បន្ទះ​ឈីប Snapdragon 765G មាន​ 5G, មាន​ថ្ម​ទំហំ 4500 mAh, តែប្រើ​អេក្រង់​រាងអន់​បន្តិច​គឺ​ LCD ដែល​មាន Refresh Rate 120Hz​។

    មួយ​វិញ​ទៀត​ ក្រុមហ៊ុនក៏​គ្រោង​នឹង​បញ្ចេញ​ ​ស្មាតហ្វូន​ម៉ូដែល​ Redmi K30i ជា​សិស្ស​ប្អូនចេញ​មក​មួយ​ទៀត ហើយ​ដាក់​តម្លៃ​កាន់​តែ​ទាប​ជាងសិស្ស​បង​ផង​ដែរ។ បើ​សិន Redmi K30i អាច​ចេញ​លក់​នោះ​ គេរំពឹង​ថា ​នឹង​លក់​រាយ​ក្នុង​តម្លៃត្រឹមតែ 255ដុល្លារ​ប៉ុណ្ណោះ(1799 យន)។ បើ​ដូច​នេះ កំណត់ត្រា​ថ្មី នឹង​អាច​ធ្វើឱ្យ​វា​ក្លាយ​ជា​​ទូរស័ព្ទ 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត ​ប្រចាំ​ឆ្នាំ2020នេះ៕

  • សូមស្វាគមន៍វត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9S : Power To Win

    សូមស្វាគមន៍វត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9S : Power To Win

    ភាពស្រស់ស្អាតទាក់ទាញចិត្តយុវវ័យ កម្លាំងម៉ាស៊ីនខ្លាំងក្លា កាមេរ៉ា4គ្រាប់ដ៏ទាក់ទាញ និងបទពិសោធន៍នៃការប្រើប្រាស់ដែលគ្មានគូប្រៀប។

    ភ្នំពេញ, កម្ពុជា ថ្ងៃទី 4 ខែមេសា ឆ្នាំ 2020– នៅថ្ងៃនេះ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក បានបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9S ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីប៉ុន្តែសមត្ថភាពវិញខ្លាំងក្លាមិនធម្មតានោះទេ។ ស្មាតហ្វូនត្រកូល Redmi Noteនេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនគួរអោយជឿនោះទេសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ហើយអ្វីដែលពិសេសនោះស្មាតហ្វូនស៊េរីថ្មីនេះក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីបខ្លាំងក្លា ការឌីស្សាញរូបរាងយ៉ាងទាក់ទាញលេចធ្លោរ កាមេរ៉ា 4 គ្រាប់សមត្ថភាពខ្លាំងក្លា និងជាពិសេសនោះគឺថាមពលថ្មប្រើប្រាស់បានយូរតែម្តង។

    លោក Peaker Gao ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “Redmi Note គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមថ្នាក់ស៊េរីដែលមានការគាំទ្រពេញនិយមប្រើប្រាស់បំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហើយរហូតមកទល់ពេលនេះ នៅលើពិភពលោកមានអ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note9S ចំនួន 110 លាននាក់ ដែល “S” គឺមានន័យថា Special (ពិសេស) ហើយនៅថ្ងៃទី 6 ខែមេសានេះគឺជាខួប 10 ឆ្នាំបស់ក្រុមហ៊ុន Xiaomi យើងក៏ធ្វើការអភិវឌ្ឍនូវម៉ូឌែលដ៏ពិសេសនេះ សម្រាប់អ្នកគាំទ្រ Mi របស់យើងគ្រប់គ្នា។ ស្មាតហ្វូន Redmi Note 9S មានសមត្ថភាពខ្លាំងក្លាអស្ចារ្យបំផុតក្នុងការប្រើប្រាស់ ហើយបើនិយាយអំពីតម្លៃវិញពិតជាសក្តិសមឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នាតែម្តង”។
    លោក Peaker Gao បន្ថែមថា “នៅក្នុងពេលវេលាដ៏លំបាកនៃកូរ៉ូណាវីរុសនេះ យើងគឺជារលកនៃសមុទ្រតែមួយ យើងជាស្លឹកឈើនៃដើមឈើតែមួយ យើងជាផ្កានៅក្នុងសួនច្បារតែមួយ។ យើងនៅជាមួយគ្នាជានិច្ច។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រទេសកម្ពុជានឹងធ្វើការបរិច្ចាក និងព្យាយាមក្នុងការផ្តល់នូវសម្ភារៈដែលចាំបាច់សម្រាប់ការទ្រទ្រង់ទៅលើការរស់នៅប្រចាំថ្ងៃ។ ជីវិតរបស់យើងគ្រប់គ្នាប្រហែលជាមានការប៉ះពាល់ដោយសារតែកូរ៉ូណាវីរុសនេះ ប៉ុន្តែយើងមិនដែលចុះចាញ់នោះទេ។ នៅក្នុងវប្បធម៌របស់ក្រុមហ៊ុន Xiaomi នោះ យើងតែងតែជឿជាក់ថាអ្វីមួយដែលអស្ចារ្យនឹងកើតឡើងជាក់ជាមិនខាន”។

    សមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអនុភាព និងថាមពលថ្មប្រើប្រាស់បានយូរ

    ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 720G ដ៏មានអនុភាពខ្លាំងក្លាដែលមានអង្គគណនា octa-core CPU ជាមួយនឹងល្បឿននាឡិកាដល់ទៅ 2.3GHz ក្រាហ្វិកកាតខ្លាំង Adreno 618 GPU និងបច្ចេកវិទ្យា 8nm ថែមទៀតផង។ ស្មាតហ្វូន Redmi Note 9S ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេជាមួយនឹងបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់វា និងការពង្រឹងទៅលើប្រសិទ្ធិ​ភាពនៃការប្រើប្រាស់ដ៏ខ្លាំងក្លាបំផុត។

    នៅក្នុងនាមជាស្មាតហ្វូនមួយនៅក្នុងត្រកូល Redmi Note ដែលមានភ្ជាប់ជាមួយនឹងម៉ូទ័ររំញ័រ Z-axis នោះវាជួយក្នុងការបង្កើនទៅលើល្បឿននៃការឆ្លើយតបល្អប្រសើរជាងមុនបើធៀបជាមួយនឹងម៉ូទ័រធម្មតានោះ។ ថាមពលថ្មទំហំ 5020mAh របស់ស្មាតហ្វូននេះធ្វើអោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងការប្រើប្រាស់បានពេញមួយថ្ងៃទោះបីជាប្រើប្រាស់នូវកម្មវិធីធំៗក៏ដោយ។ នៅពេលដែលធ្វើការបញ្ចូលថ្មនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពល 18W fast charging និងដុំឆ្នាំងសាក 22.5W charger ។

    ការឌីស្សាញរូបរាងល្អឥតខ្ចោះ និងការបង្ហាញដ៏អស្ចារ្យនៅលើអេក្រង់ធំទូលាយក្នុងការប្រើប្រាស់

    ជាមួយនឹងការឌីស្សាញរូបរាងថ្មីទាក់ទាញ អេក្រង់ពេញគែមយ៉ាងស្រស់ស្អាតទាក់ទាញចិត្តបំផុតនោះ ស្មាតហ្វូន Redmi Note 9S នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានរូបរាងជាការ៉េ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹងប៊ូតុង Power ដែលពិតជាដំណើរការលឿនមែនទែនក្នុងការដោះសោរប្រើប្រាស់នោះ។

    ជាមួយនឹងការបំពាក់នូវអេក្រង់ធំដែលមានទំហំ 6.67 អ៊ីង FHD+ DotDisplay និងកាមេរ៉ាក្រោមអេក្រង់ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi នោះ ស្មាតហ្វូននេះ ពិតជាមានរូបរាងប្រណិត និងការឌីស្សាញល្អឯកជាមួយនឹងអេក្រង់ដែលមានទំហំដល់ទៅ 91% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ អេក្រង់នេះ ក៏មានការបញ្ជាក់វិញ្ញាបនបត្រពី TÜV Rheinland ដែលធ្វើការធានាថាកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយភ្នែករបស់អ្នកទស្សនានៅលើអេក្រង់នេះបានយូរ និងមិនមានការរោយភ្នែកអ្វីនោះទេ។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀតផងនោះគឺពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White)។

    Redmi Note 9S គឺជាកំពូលស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Xiaomi ដែលមានការអភិវឌ្ឍយ៉ាងល្អឥតខ្ចោះដើម្បីផ្តល់នូវភាពពិតចិត្តសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធការពារការកំពប់ទឹកពីលើ និងកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការពារទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀតផង។

    ការថតរូបភាព និងវីដេអូជាមួយនឹងភាពច្នៃប្រឌិតខ្ពស់បំផុតនៃកាមេរ៉ា4គ្រាប់ដ៏អស្ចារ្យ

    ស្មាតហ្វូន Redmi Note 9S នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា4គ្រាប់ដ៏អស្ចារ្យនៅផ្នែកខាងក្រោយរបស់វាជាមួយនឹងកាមេរ៉ាគោលទំហំ 48MP 1/2” sensor ដែលអាចផ្តិតរូបភាពបានកម្រិតខ្ពស់បំផុត។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា 8MP ultra-wide-angle ដែលអនុញ្ញាតអោយលោកអ្នកអាចធ្វើការផ្តិតរូបភាពជាក្រុមបានកាន់តែធំទូលាយ ខណៈពេលដែលកាមេរ៉ា 5MP macro lens និង 2MP depth sensor អាចជំនួយក្នុងការថតរូបភាពបានកាន់តែស្រស់ស្អាតគ្រប់កាលៈទេសៈតែម្តង។

    បើនិយាយអំពីកាមេរ៉ាខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 9S នេះមានកាមេរ៉ាដែលមានទំហំ 16MP ដែលជាកាមេរ៉ា Selfie បង្កប់នៅក្រោមអេក្រង់ដែលពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ ទោះបីជាគែម Bezels ខាងមុខរបស់វាតូចយ៉ាងណាក៏ដោយនោះ វាមិនធ្វើអោយប៉ះពាល់ដល់គុណភាពកាមេរ៉ានោះទេ។

    តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់

    ស្មាតហ្វូន Redmi Note 9S នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី8ខែមេសានេះជាមួយនឹង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ ពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White) ដែលមានតម្លៃ 209 USD សម្រាប់ទំហំ 4GB+64GB និងតម្លៃ 249 USD សម្រាប់ទំហំ 6GB+128GB អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores ទាំង4 សាខានៅភ្នំពេញ, ហាង នីកា, Tech Zone…និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop, Tinhtinh Online Shop, La Rue… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កណ្តាល កែប កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ)។

    អំពីក្រុមហ៊ុន Xiaomi

    ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

    ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

    Xiaomi បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី4របស់ពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 213 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។

    នៅក្នុងខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុននេះក៏ស្ថិតនៅក្នុងបញ្ជីរបស់ Fortune Global 500 ជាលើកដំបូងបំផុតនៅក្នុងចំណាត់ថ្នាក់ទី 468 និងជាប់ចំណាត់ថ្នាក់ទី7នៃក្រុមហ៊ុនអ៊ីនធឺណិតថែមទៀតផង។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមបញ្ជី Fortune Global 500 នៅក្នុងឆ្នាំ 2019 ៕

  • កុំព្យូទ័រ​ស៊េរី​ថ្មី​របស់ Xiaomi ស្អាត ហើយ​ខ្លាំង​ទៀត

    កុំព្យូទ័រ​ស៊េរី​ថ្មី​របស់ Xiaomi ស្អាត ហើយ​ខ្លាំង​ទៀត

    ម្សិលមិញ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​របស់​ចិន Xioami បាន​បញ្ចេញ​នូវ​កុំព្យូទ័រ​យួរដៃ Mi Notebook Pro មាន​រូបរាង​ស្អាត និង​មាន​សមត្ថភាព​ដំណើរការ​ខ្លាំង ដើម្បី​ប្រជែង​ជាមួយនឹង​ស៊េរី​កុំព្យូទ័រ​របស់ Apple។

    កុំព្យូទ័រ​នេះ​មាន​រាងស្ដើង តួខ្លួន​រចនា​ឡើង​ពី​លោហៈ​ម៉ាញ៉េ​ស្យូ​ម អាល់​ឡយ (Magnesium alloy) មាន​ទម្ងន់​ស្រាល ត្រឹមតែ 1.95 គីឡូក្រាម លើ​អេក្រង់​ទំហំ 15.6 អ៊ី​ញ។ វា​ត្រូវបាន​ក្រុមហ៊ុន​បំពាក់​ជាមួយនឹង​បន្ទះ​ឈី​ប​មាន​សមត្ថភាព​ខ្ពស់ Intel Core i7 និង​មាន RAM 8GB/16GB ទំហំ​ផ្ទុក 256 GB ប្រភេទ SSD មាន​ក្រាហ្វិក NVIDIA GeForce MX150 និង​ភ្ជាប់​នូវ​រន្ធ Port សរុប​ចំនួន 7។ Mi Notebook Pro ក៏មាន​ប្រើ​នូវ​ទ្រនាប់​ស្គែ​ន​ក្រយៅដៃ Fingerprint នៅ​បរិវេណ Touch Pad និង​មានប្រើ​នូវ​ប្រព័ន្ធ​ត្រជាក់ Symmetrical Cooling សម្រាប់​ជួយ​កាត់បន្ថយ​កម្ដៅ ទោះជា​ប្រើ​យូរ​ក៏​គ្មាន​បញ្ហា​កម្ដៅ​ដែរ។

    កុំព្យូទ័រ​នេះ ភ្ជាប់​ជាមួយ​បាស់​បំពង​សំឡេង​មកពី​ក្រុមហ៊ុន Harman និង​បច្ចេកវិទ្យា​សំឡេង Dolby panoramic sound។ កុំព្យូទ័រ​យួរដៃ​មួយ​នេះ​ត្រូវបាន Xiaomi ចាប់ផ្តើម​លក់​នៅក្នុង​តម្លៃ CNY 5,600 (ប្រមាណ $860) សម្រាប់​ប្រភេទ Core i5 ចំណែក​ប្រភេទ Core i7 មានតម្លៃ CNY 6,400 (ប្រមាណ $980)៕

    Video៖ https://youtu.be/NXy63RHhlYA

  • Nokia និង Xiaomi ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ

    Nokia និង Xiaomi ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ

    ក្រុមហ៊ុន Nokia និង Xiaomi Technology របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយ កាលពីថ្ងៃពុធម្សិលមិញ ដោយក្រុមហ៊ុនទាំង 2 នឹងធ្វើការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវបច្ចេកវិទ្យាថ្មីៗដែលខ្លួនមាន។

    Nokia នឹងផ្តល់ឧបករណ៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ិនធើណេត ខណៈក្រុមហ៊ុន Xiaomi នឹងផ្ដល់ត្រឡប់មកវិញនូវបន្ទះឈីបដែលជាបច្ចេកវិទ្យាថ្មីដែលក្រុមហ៊ុនទើបបង្កើតបានសម្រាប់ប្រើលើស្មាតហ្វូនរបស់ Nokia។ លោក Rajeev Suri នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានថ្លែងថា៖ «ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខគេមួយក្នុងពិភពលោក ហើយយើងរីករាយដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះ»។

    សម្រាប់បន្ទះឈីបដែល Xiaomi ទើបដាក់ចេញនេះមានឈ្មោះថា Surge S1 ប្រភេទ Octa-Core SoC អមជាមួយស៊ីភីយូ 8 គ្រាប់ ដោយបួនគ្រាប់រត់បានល្បឿន 2.2GHz និងបួនគ្រាប់ទៀតរត់បានល្បឿន 1.4GHz។ បន្ទះឈីបនេះ វាមិនមែនខ្លាំងណាស់ណាទេ ប៉ុន្តែវាជាដំណាក់កាលដំបូងរបស់ Xiaomi ដែលអាចបង្កើតបន្ទះឈីបខ្លួនឯងឡើងបានសម្រាប់ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Qualcomm និង MediaTek៕