Tag: World Cup 2022

  • Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

    Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

    ស្ថាប័ន Guinness កាលពី​ថ្ងៃទី 01 សីហា ប្រកាសថា Lionel Messi កំពុង​កាន់កាប់​កំណត់ត្រា​ពិភពលោក​ចំនួន 41 ច្រើនជាង Cristiano Ronaldo ចំនួន​មួយ​កំណត់ត្រា។

    ក្នុងចំណោម​កំពូល​តារាបាល់ទាត់​ពិភពលោក Messi និង Ronaldo មានកំណត់​ត្រា​ពិភពលោក​ច្រើនជាងគេ ដោយមាន 81 កំណត់ត្រា​ ដែល​ត្រូវបាន Guinness ទទួលស្គាល់។ ក្រៅពីនេះ ពុំមាន​កីឡាករ​ដទៃ​រូប​ណា​ដែលមាន​កំណត់ត្រា​លើសពី 10។ ខ្សែប្រយុទ្ធ Robert Lewandowski ដែល​ឈរ​លំដាប់​ទី​បី​ដោយមាន 9 កំណត់ត្រា ខណៈ Kylian Mbappe មាន 5 និង Neymar មាន 4។

    កំណត់ត្រា​ថ្មី​បំផុត​របស់ Messi ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ Guinness គឺ «កីឡាករ​ដែល​លេង​បាន​ច្រើន​ប្រកួត​បំផុត​នៅ World Cup» ដោយ​ចូលរួម​លេងបាន​ 26 ប្រកួត និង «កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ World Cup ច្រើនជាងគេ​ក្នុងតួនាទី​ជា​ប្រធាន​ក្រុម» ដោយ​រកបាន 7 គ្រាប់។ កំណត់ត្រា​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​សាង​ឡើង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup កាលពី​ថ្ងៃទី 18 ធ្នូ 2022 ពេលដែល Messi រកបាន​ពីរ​គ្រាប់ ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ក្លាយជា​ជើងឯក។

    នៅ World Cup 2022 Messi ក៏​ទទួលបាន​កំណត់ត្រា​មួយ​ផ្សេងទៀត​ពី Guinness នោះ​គឺ «កីឡាករ​ដំបូង​គេ​ដែល​បង្ក​ឱកាស​រកបាន​គ្រាប់​បាល់​នៅ World Cup ចំនួន 5 រដូវ​កាល។

    ចំណែក Ronaldo វិញ កំណត់ត្រា​ថ្មី​បំផុត​ដែល​បានទទួល​ពី Guinness គឺ «បុគ្គល​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​នៅលើ Instagram» ដោយមាន​អ្នកតាមដាន​ជាង 565 លាន​នាក់ គិត​ត្រឹម​ថ្ងៃទី 24 មីនា 2023។ នៅថ្ងៃនោះ Ronaldo ក៏​ទទួលបាន​កំណត់ត្រា​មួយ​ផ្សេងទៀត គឺ «បុរស​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​លើ Instagram»។ បច្ចុប្បន្ន ចំនួន​គណនី​ដែល​តាមដាន Ronaldo នៅលើ Instagram បាន​កើន​ឡើងដល់​ជាង 598 លាន​នាក់។

    Ronaldo ក៏​ធ្លាប់​បង្ហោះ​រូបថត​ស្ដីពី​កំណត់ត្រា Guinness មួយ​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម ពេល CR7 យកឈ្នះ​លើ Ali Daei ដោយបាន​ក្លាយជា​កីឡាករ​ដែល​ទាត់​ចូល​ទី​បាន​ច្រើន​គ្រាប់​​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​។ Ronaldo រកបាន 123 គ្រាប់ នៅក្នុង 200 ប្រកួត​ដែល​បាន​ទាត់​ឱ្យ​ព័រទុយហ្កាល់៕

  • ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

    ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

    ការ​ដណ្ដើមបាន​ជ័យជម្នះ​លើ​នូ​វែ​លសេ​ឡង់ មិន​ត្រឹមតែ​ជួយ​ឱ្យ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​មាន​ពិន្ទុ​ជា​លើកដំបូង​នៅ World Cup នោះទេ តែ​ក៏​ជួយ​ឱ្យ​ក្រុម​នេះ​គិតដល់​ដំណាក់កាល​ឡើងដល់​វគ្គ​ជម្រុះ​ផ្ទាល់​ផងដែរ។

    នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៃ​ពូ​ល A ដែល​មាន​បួន​ក្រុម​គឺ ​ហ្វ៊ីលីពីន​ ស្វ៊ីស នូវែលសេឡង់ និង​ន័រវែស នៅ World Cup នារី 2023 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 25 កក្កដា 2023 ហ្វ៊ី​លី​ពី​ន​ទទួលបាន 3 ពិន្ទុ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​បាន​ផ្ដួល​នូ​វែ​ល​សេ​ឡង់ 1-0។

    ចំណែក​ន័​រ​វែ​ស​ឈរ​នៅ​បាត​តារាង និង​មាន​ហានិភ័យ​ត្រូវបាន​ជម្រុះឆាប់ៗនេះ ព្រោះតែ​ទទួលបាន 1 ពិន្ទុ ក្រោយពី​បាន​​ទាត់​​ពីរ​ប្រកួត។ រីឯស្វ៊ី​ស​វិញ កំពុងតែ​ត្រៀម​ដណ្ដើម​សំបុត្រ​ឡើងទៅ​វគ្គ​បន្ទាប់ នៅពេល​មាន 4 ពិន្ទុ​ក្នុង​ដៃ។

    ការប្រកួត​នៅ​ពូ​ល A នឹង​ធ្វើឡើង​ប្រកបដោយ​ភាព​តានតឹង​នៅ​ជើង​ចុងក្រោយ ពេល​ដែល​​ក្រុម​ទាំង 4 សុទ្ធតែ​នៅមាន​ឱកាស។ សម្រាប់​ក្រុម​ហ្វ៊ី​លី​ពី​ន ក្រោយ​ជ័យជម្នះ​ដំបូង​នៅ World Cup ក្រុម​នេះ​ថែមទាំង​អាចបង្កើត​បាន​ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​រំភើប ដោយ​ការ​ក្លាយជា​ក្រុម​ដំបូង​គេ​របស់​អាស៊ីអាគ្នេយ៍​ដែល​​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល។

    បើសិន​ធ្វើបាន​ដូច្នេះ ក្រុមកីឡា​ការិនី​បាល់ទាត់​ហ្វ៊ី​លី​ពី​ន នឹង​បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន។ ការកំណត់​របស់ FIFA បាន​ចែងថា បណ្ដា​ក្រុមបាល់ទាត់​ដែល​ចូលរួម​ប្រកួត​នឹង​បានទទួល​ប្រាក់រង្វាន់ 1.56 លាន​ដុល្លារ​អាម៉េរិក ខណៈដែល​កីឡាការិនីម្នាក់ៗនឹង​បានទទួល​ប្រាក់រង្វាន់ 30,000 ដុល្លារ​អាម៉េរិក​បន្ថែម​ទៀត។

    ខ្ទង់​ប្រាក់រង្វាន់​ខាងលើ​នឹង​កើនឡើង​ នៅពេល​ឡើងដល់​ដំណាក់កាល​ខ្ពស់ជាង​នេះ។ សម្រាប់​ហ្វ៊ី​លី​ពី​ន បើសិន​បាន​ឡើងដល់​វគ្គ 1/8 ក្រុម​នេះ​នឹង​បានទទួល​ប្រាក់រង្វាន់ 1.87 លាន​ដុល្លារ​អាម៉េរិក គ្រា​ដែល​កីឡាការិនីម្នាក់ៗនឹង​បានទទួល 60,000 ដុល្លារ ខ្ពស់ជាង​ពីរដង​ធៀប​នឹង​វគ្គ​ចែក​ពូ​ល។ ប្រាក់រង្វាន់​នេះ​កើនឡើង​ថែមទៀត បើសិន​ពួកគេ​បាន​ឡើងដល់​វគ្គ​ខ្ពស់ជាង​នេះ។

    FIFA បាន​បង្កើន​ប្រាក់រង្វាន់​របស់ World Cup នារី​ឆ្នាំ 2023 ឡើងដល់ 110 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង 3 ដង បើ​ធៀប​នឹង​ឆ្នាំ 2019 ហើយ​ស្មើ​​នឹង 1/3 នៃ World Cup 2022 នៅ​កាតា។

    បើសិនជា​បានឈ្នះ​ន័​រ​វែ​ស ហ្វ៊ី​លី​ពី​ន​នឹង​បាន​ឡើងទៅ​វគ្គ​បន្ទាប់។ ក្នុងករណី​ស្មើ តំណាង​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​នឹងមាន 4 ពិន្ទុ និង​គ្រាប់​បាល់​ចំណេញស្មើ​នឹង​ -1។ ពេលនោះ ហ្វ៊ី​លី​ពី​ន​នឹងត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការប្រកួត​រវាង​ក្រុម​ស្វ៊ី​ស និង​នូ​វែ​ល​សេ​ឡង់។

    កាលពី​អតីតកាល ក្រុម​នារី​ថៃ​គឺជា​ក្រុម​ដំបូងគេ​​របស់​អាស៊ីអាគ្នេយ៍​ដែល​បាន​ឡើងទៅ​ប្រកួត​នៅ World Cup ហើយក៏​បានឈ្នះ​មួយ​ប្រកួត។ ក្រុម​នេះ​បានឈ្នះ​កូត​ឌឺ​វ័រ​ក្នុង​លទ្ធផល 3-2 នៅ World Cup 2015។ ក៏ប៉ុន្តែ ក្រុម​នារី​ថៃ​ពេលនោះ​ត្រូវ​ឈរ​លំដាប់​ទី​បី​នៅក្នុង​ពូ​ល​របស់ខ្លួន និង​មិនអាច​ឡើងទៅ​វគ្គ​ជម្រុះ​ផ្ទាល់៕

  • ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

    ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

    ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែងថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅ​ជាមួយ​ក្លឹប Paris Saint-Germain ម្ដងទៀត នៅ​រដូវក្ដៅ​ឆ្នាំនេះ។

    លោក Emmanuel Macron បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការជជែក​គ្នា​ម្ដងទៀត​ជាមួយនឹង Mbappe ក្នុង​បំណង​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​បារាំង​រូបនេះ​លេង​បាល់​ឱ្យ​ក្លឹប​ក្នុងស្រុក។ ប្រសាសន៍​របស់លោក Emmanuel Macron ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាស​ជា​ផ្លូវការ​ថា មិនមាន​បំណង​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG និង​ត្រូវ​ចាកចេញ​ក្រោយពី​ចប់​កិច្ចសន្យា។ ចំណែក PSG ក៏បាន​ប្រកាស​អំពី​តម្លៃ​ខ្លួន 200 លាន​អឺរ៉ូ​របស់ Mbappe។

    លោក Emmanuel Macron ថ្លែងថា «Mbappe គឺជា​កីឡាករ​ឆ្នើម និង​ស្ថិតក្នុង​លំដាប់​កំពូល ដូចដែល​គ្រប់គ្នា​បានដឹង។ ដូច្នេះ គាត់​មាន​ទំនោរ​ទៅរក​ការធ្វើ​ចំណាកស្រុក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​យកឈ្នះ​លើ​ឧបសគ្គ​ថ្មី​ក្នុង​អាជីព»។ លោក​បន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មិនមាន​ដំណឹង​ល្អ​ណាមួយ​សម្រាប់​គ្រប់គ្នា តែ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព (ក្នុង​ការ​បញ្ចុះ​បញ្ចូល​ Mbappe) ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក»។

    លោក Emmanuel Macron លើកទឹកចិត្ត Kylian Mbappe នៅ World Cup 2022

    កាលពី​ឆ្នាំមុន ប្រធានាធិបតី​បារាំង ក៏បាន​ជជែក​គ្នា​ជាមួយ Mbappe ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​នេះ ហើយ PSG ក៏​រក្សាបាន Mbappe ​មួយឆ្នាំ​ទៀត។ ក៏ប៉ុន្តែ លើក​នេះ ស្ថានភាព​នៅ​ក្លឹប PSG ហាក់​មិនល្អ​ប្រសើរ គ្រា​ដែល​កីឡាករកំពូលៗរបស់​ក្លឹប​នេះ មានដូចជា Messi ជាដើម ត្រូវបាន​អ្នកគាំទ្រ​របស់ PSG ធ្វើបាប​ផ្លូវចិត្ត ហើយ​ជើង​ខ្លាំង​ខ្លះ​ក៏​ចាកចេញ ឬ​មាន​បំណង​ចាក​ចេញ​​ជា​បន្តបន្ទាប់ ស្រប​ពេលដែល​ទីផ្សារ​ក្រៅប្រទេស​កំពុង​មានភាព​​ទាក់ទាញ​ខ្លាំង៕

  • Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    (ប្រទេស​ចិន) – ប្រធាន​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ចាត់​ទុក​ World Cup 2022 ​ថា​ជា​​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភពលោក​​ចុង​ក្រោយ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​។

    «ខ្ញុំ​គិត​ថា​ មិន​ទេ។ កាតា 2022 គឺជា​ World Cup ចុង​ក្រោយ​របស់​ខ្ញុំ​។ …ខ្ញុំ​នឹង​​មិន​ចូល​រួម​​រដូវ​កាល​បន្ទាប់​ទៀត​នោះ​ទេ» Lionel Messi បាន​ឆ្លើយ​តបទៅ​កាន់​ទីភ្នាក់​ងារ​សារព័ត៌មាន​កីឡា​ចិន Titan Sports កាល​ពី​ព្រលប់​ថ្ងៃ​ទី 13 មិថុនា ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​អូស​បន្លាយ​អាជីព​នៅ​អន្តរជាតិ​រហូត​ World Cup 2026​។

    កាល​ពី​ខែ​កុម្ភៈ Messi ធ្លាប់​បាន​និយាយ​ដល់​លទ្ធភាព​នៃ​ការ​មិន​ចូល​រួម​ប្រកួត​នៅ​ World Cup 2026 ម្ដង​រួច​មក​ហើយ​។ គាត់​បារម្ភ​ចំពោះ​កាតា​អាយុ​ និង​កម្លាំង​ដែល​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​។

    កាល​ពី​ខែ​វិច្ឆិកា 2022 នៅ​ប្រទេស​កាតា Messi ​រួម​ចំណែក​រក​បាន​ 7 គ្រាប់​ និង​បង្ក​ឱកាស​បាន​ 3​ គ្រាប់ ​ដែល​ជួយ​ឱ្យ​អាហ្សង់ទីន​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក World Cup និង​ទទួល​បាន​ងារ​ជា​កីឡាករ​ឆ្លើម​បំផុត​​នៅ​រដូវ​កាល​នោះ​។

    បច្ចុប្បន្ន Messi មាន​​ពាន​រង្វាន់​បាល់​មាស​​ចំនួន 7 ដែល​នេះ​គឺជា​​​កំណត់​​​ពិភពលោក​។ បើ​សិន​ជា​ចូល​រួម​ប្រកួត​នៅពេល​ Word Cup 2026 ដែល​នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាម៉េរិក ម៉ិកស៊ិក និង​កាណាដា​ Messi នឹង​មាន​ឱកាស​បំបែក​កំណត់​ត្រា​របស់​ខ្លួន​។ ក៏ប៉ុន្តែ ពេល​ World Cup 2026 ត្រូវ​បាន​រៀប​ចំ ក៏​ជា​ពេល​ដែល Messi ​មាន​អាយុ​ 39 ឆ្នាំ​៕

  • ក្រោយ​សម្រេច​ជ្រើស​យក​ក្លឹប Inter Miami កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បង្ហើប​ពី​ការពិត​ស្ដីពី PSG

    ក្រោយ​សម្រេច​ជ្រើស​យក​ក្លឹប Inter Miami កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បង្ហើប​ពី​ការពិត​ស្ដីពី PSG

    ក្រោយពី​បាន​បញ្ជាក់ថា​នឹង​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami តារាបាល់ទាត់​ពិភពលោក Lionel Messi ក៏បាន​ទទួលស្គាល់ថា ខ្លួន​មិន​ទទួលបាន​សុភមង្គល​ក្នុង​រង្វង់​ពីរ​ឆ្នាំ​ដែល​លេង​ឱ្យ Paris Saint-Germain។

    Messi ចាក​ចេញពី PSG ក្នុងនាម​ជា​កីឡាករ​សេរី​ក្នុងស្ថានភាព​ភាគី​ទាំងពីរ​សុទ្ធតែ​មិន​ចង់​បន្ត​កិច្ចព្រមព្រៀង​ជាមួយគ្នា ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ។ ពេលវេលា​នៅ​ជាមួយគ្នា​រវាង M10 និង PSG បានបញ្ចប់​ក្នុង​រយៈពេល​ពីរ​ម៉ោង នៅ​ពេល​ Messi ត្រូវបាន «ព្យួរ​ជើង​ក្នុង​ក្រុម» ព្រោះតែ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​បារាំង​ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្លឹប។ ចាប់ពីពេលនោះ​មក Messi បាន​យល់ព្រម​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami បើ​ទោះ​ចិត្ត​ចង់​ទាត់​ឱ្យ Barcelona នៅ​អេ​ស្ប៉ា​ញ។

    «ពីរ​ឆ្នាំ​កន្លង​នៅ PSG គឺជា​ពេលវេលា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិនមាន​សុភមង្គល។ ខ្ញុំ​មិនអាច​ទទួលបាន​ជីវ​ភាពជា​របស់​ខ្លួនឯង។ ហើយ​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​គ្រួសារ​ខ្ញុំ។ ពីរ​ឆ្នាំ​កន្លង ខ្ញុំ​ពិតជា​បាន​បាត់បង់​ពេលវេលា​ជា​ច្រើន​ដែល​អាច​​នៅ​ជាមួយកូនៗ…» Messi បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​បណ្ដាញសារព័ត៌មាន​អេ​ស្ប៉ា​ញ និង​ត្រូវបាន​ចុះផ្សាយ​ដោយ​ទំព័រ Mundo Deportivo និង Sport កាលពីពេលថ្មីៗនេះ។

    Messi និង PSG ទំនងជា​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​នឹង​គ្នា បន្ទាប់ពី M10 ចាកចេញ និង​ក្រោយពី​កិច្ច​សម្ភាស​ខាងលើ។ ចំណែក​អ្នកគាំទ្រ​របស់ Barcelona វិញ​ក៏​កំពុង​អន់ចិត្ត​ព្រោះតែ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​នេះ​មិន​អនុញ្ញាតឱ្យ​នាំយក Messi មក​ចូល​ជា​សមាជិក​ជាថ្មី។

    រឿងរ៉ាវ​ម្ចាស់​ជើងឯក World Cup 2022 សម្រេចចិត្ត​ទាត់​ឱ្យ​ក្លឹប Inter Miami ត្រូវបាន​បញ្ជាក់​រួចហើយ។ បើតាម​គម្រោង M10 នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម​នេះ​ចាប់ពី​ខែកក្កដា​ខាងមុខ៕

  • ប្រទេស​កាតា បង្កើតបាន «ឯតទគ្គ​កម្ម​ក្រៀមក្រំ» នៅ World Cup

    ប្រទេស​កាតា បង្កើតបាន «ឯតទគ្គ​កម្ម​ក្រៀមក្រំ» នៅ World Cup

    (ប្រទេស​កាតា)-បរាជ័យ​នៅ​ចំពោះមុខ អេក្វាទ័រ ធ្វើឱ្យ កាតា ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ​ដំបូង​គេ​ដែល​បាន​ចាញ់​​នៅក្នុង​ការប្រកួត​បើកឆាក World Cup។

    ក្នុងការ​ប្រកួត​បើកឆាក​កាលពី​ថ្ងៃទី 20 មករា កាតា បាន​ចាញ់ អេក្វាទ័រ 0-2។ កីឡាករ​ខ្សែប្រយុទ្ធ Enner Valencia រកបាន 2 គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ ដោយ​ការទា​ត់បាល់​ពិន័យ​នៅ​នាទី​ទី 16 និង​ការ​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី 31។

    ដោយ​ទទួលបាន​លទ្ធផល​នេះ កាតា បាន​ក្លាយជា​ម្ចាស់ផ្ទះ​ដំបូង​គេ​ដែល​ចាញ់​នៅក្នុង​ការប្រកួត​បើកឆាក​នៅ រដូវ​កាល World Cup។ ក្នុង 21 រដូវ​កាល​មុន​នោះ ក្រុម​ម្ចាស់ផ្ទះ 22 ក្រុម សុទ្ធតែ​រកបាន​ពិន្ទុ ក្នុងនោះ​មាន 16 ក្រុម​បានឈ្នះ និង 6 ស្មើ។ World Cup 2002 គឺជា​រដូវ​កាល់​តែ​មួយ​គត់​ដែល​មាន​ 2 ប្រទេស​ធ្វើជា​ម្ចាស់​ផ្ទះ គឺ​ ជប៉ុន និង កូរ៉េខាងត្បូង​។

    ការប្រកួត​បើកឆាក​នៅ World Cup 2022 ក៏​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​កៅអី​រាប់ពាន់​ត្រូវបាន​ទុកឱ្យ​នៅ​ទំនេរ​នៅក្នុង​តង់​ទី​ពីរ។ យោងតាម​ទំព័រ Marca អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ​ប្រហែល 15,000 នាក់ បាន​ចាក​ចេញពី​កន្លែង ក្រោយពី ក្រុម​កាតា ចាញ់​ក្រុម​របស់ អេក្វាទ័រ ខណៈដែល​ទំព័រ Ole វិញ យល់ថា អ្នកគាំទ្រ​ចាកចេញ​គឺ​ដើម្បី​ចៀសវាង​ការកកស្ទះ​ផ្លូវ។

    ទំព័រ Marca សរសេរថា ការចាកចេញ​របស់​ទ​ស្ស​និក​ជន​គឺ​ព្រោះតែ​ពួកគេ​ឃ្លាន។ អាហារ​ឆាប់​អស់ ចំណែក​ភេសជ្ជៈ​ក៏​មិនមាន​អ្វី​ក្រៅពី​ទឹក​សុទ្ធ និង​ភេសជ្ជៈ​ផ្អែម។ ប្រទេស​កាតា ហាម​ការលក់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​នៅក្នុង​កីឡដ្ឋាន។

    ពិធីបើក​ការ​ប្រកួត​នៅ World Cup 2022 របស់ កាតា

    នៅ​កីឡដ្ឋាន Al Bayt អ្នកគាំទ្រ​មួយចំនួន​ត្រូវ​ពាក់អាវ​រងា ដោយសារតែ​គណៈកម្មកា​រ​កីឡដ្ឋាន​បើក​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដើម្បី​ជួយ​ឱ្យ​កីឡាករ​ទទួលបាន​ផាសុកភាព​ជាង​មុន​នៅក្នុង​​អាកាសធាតុ​ឡើង​កម្ដៅ​ដល់ 32 អង្សា​សេ​នៅ ប្រទេស​កាតា៕