Tag: WHO

  • ចិននឹងជម្នះគ្រប់ឧបសគ្គៈទាំងអស់ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

    ចិននឹងជម្នះគ្រប់ឧបសគ្គៈទាំងអស់ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

    លោក​ Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៣ មីនា​ បានបញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹង​ជួយ​កម្ពុជា យកឈ្នះ​ជំងឺ​រាតត្បាត​COVID-19។ ​

    ដោយឆ្លើយ​ទៅនឹង​សំនួរ​អ្នកសារព័ត៌មាន ជុំវិញ​ការបញ្ជូន​សម្ភារ​បរិក្ខា​ពេទ្យ និង​ក្រុម​អ្នកជំនាញ​សុខាភិបាល​៧​នាក់មក​កម្ពុជា​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ឥឡូវនេះ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការទប់ស្កាត់​វីរុស​COVID-19 ដ៏​កាច​សាហាវ ។ ដូច្នេះ​វា​មិន​ត្រឹមតែ​អាច​និយាយបានថា ចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ប៉ុន្តែ​វា​ពិតជា​សាកស​មណាស់ សម្រាប់​មិត្តភាព​ដែកថែប នៅក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​COID-19​នេះ ជាពិសេស​រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង​»​។​

    កាលពី​ថ្ងៃទី​23 មីនា​ ឆ្នាំ 2020 រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​7​នាក់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​COVID-19 ​ក្រៅពីនេះចិនក៏បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​នូវ​សម្ភារពេទ្យមួយចំនួន​រួមមាន ឧបករណ៍​ធ្វើ​តេ​ស្តិ៍​, ឧបករណ៍​ដកដង្ហើម N95(ម៉ាស់), របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​ជាដើម​។
    គិត​ត្រឹម​ព្រឹក​ថ្ងៃទី​24 មីនា​ ឆ្នាំ2020​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​COVID ចំនួន​87នាក់ ក្នុងនោះ​ជាសះស្បើយ​2​នាក់ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​65ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​60​ឆ្នាំ​។

  • WHO ថា សមត្ថ​ភាព​សម្លាប់​មនុស្ស​របស់​ Covid-19 ខ្ពស់​ជាង​គ្រុន​​ផ្ដាសាយ Influenza

    WHO ថា សមត្ថ​ភាព​សម្លាប់​មនុស្ស​របស់​ Covid-19 ខ្ពស់​ជាង​គ្រុន​​ផ្ដាសាយ Influenza

    អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​ប្រកាស​ឱ្យ​ដឹង​ថា អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ Covid-19 ប្រហែល​ 3,4​% ខណៈ​ដែល​មេរោគ​ផ្ដាសាយ​​ធំ (ឬ​ហៅ​ថា​គ្រុន​ផ្ដាសាយ​​​រដូវ​ influenza/seasonal) មិន​ដល់​1%។

    ប្រធាន​អង្គការ​សុខ​ភាព​ពិភពលោក​ (WHO) លោក Tedros Adhanom Ghebreyesus បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​នៅ​ឯទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃទី​3មីនា​ ឆ្នាំ​2020។ ប្រធាន​អង្គការ​នេះ​បាន​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​ ត្រៀម​ខ្លួន​ទទួល​ព្យាបាល​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែម​ និង​ធានា​សុវត្ថិ​ភាព​ដល់​ក្រុម​គ្រូពេទ្យ​។

    តម្រូវ​ការ​នៃ​កា​ប្រើ​ប្រាស់​សម្ភារ​វេជ្ជសាស្ត្រ និង​សម្ភារ​ការ​ពារ​សុខ​ភាព​ ដូច​ជា​ម៉ាស់ ស្រោម​ដៃ និង​វ៉ែន​តា​ ឬរបាំង​មុខកញ្ចក់​​​ជា​ដើម​​របស់​ពិភពលោក​នឹង​កើន​ឡើង​ប្រមាណជា​ 40% ទៅ​តាម​ទំហំ​​នៃការ​ឆ្លង​រាល​ដាល​របស់​​មេរោគ​រាត​ត្បាត​ Covid-19។ WHO ក៏បាន​ស្នើ​ឱ្យ​បណ្ដារោង​ចក្រ បង្កើន​ផលិត​ភាព​ ដើម្បី​អាច​ផលិត​សម្ភារ​ចាំបាច់​ខាង​លើ ទៅ​តាម​តម្រូវ​ការ​ទី​ផ្សារ​ និង​ដើម្បី​ធានា​ការ​ផ្ទត់​ផ្គង់ឱ្យ​បាន​​​គ្រប់​គ្រាន់​។

    ប្រធានអង្គការ​សុខ​ភាព​ពិភពលោក បាន​ថ្លែង​ថា “និយាយ​រួម Covid-19 មិន​សូវ​ឆ្លង​ដូច​ជា​គ្រុន​ផ្ដាសាយ​តាម​រដូវ (influenza/seasonal)នោះ​ទេ​។ ក៏ប៉ុន្តែ អាការ​រោគ​របស់​វា សាហាវ​ជាង​​គ្រុន​ផ្ដាសាយ​រដូវ។ បច្ចុប្បន្ន មិន​ទាន់មាន​​វ៉ាក់​សាំង​ ឬ​វិធី​ព្យាបាល​ពិសេស​ណា​មួយ​​ សម្រាប់​រោគ​រាត​ត្បាត Covid-19 នៅឡើយ​។

    លោក​វេជ្ជ​បណ្ឌិត Mike Ryan អ្នក​គ្រប់​គ្រង​កម្មវិធី​សុខ​ភាព​អាសន្ន​របស់​ WHO បាន​ថ្លែង​ថា “បណ្ដា​ប្រទេស​​ កំពុង​តែ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​រឹត​ត្បិត​ការ​ដើរ​ហើរ និង​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​ក្នុង​ចំណោម​អ្នក​ទេស​ចរ ដោយ​​ចាត់​ទុក​ថា​ ជា​វិធាន​ការ​តែ​មួយ​គត់​ដើម្បី​ទប់​ស្កាត់​​នឹង​រោគ​រាត​ត្បាត​នេះ​”។

    លោក​វេជ្ជ​បណ្ឌិត​បន្ត​ថា ក្រុម​មន្ត្រី​នៃ​បណ្ដា​ប្រទេស​ គួរ​តែផ្ដោត​ទៅ​លើ​វិធាន​ការ​ទប់​ស្កាត់ “ប៉ុន្តែ ត្រូវ​តែ​ត្រៀម​លក្ខណឱ្យ​បាន​រួច​រាល់​ ព្រោះ​រោគ​រាត​ត្បាត​នេះ​នឹង​ឆ្លង​រាល​ដាលខ្លាំង​ជាង​នេះ ហើយ​គួរ​​ត្រៀម​ខ្លួន​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​នេះផងដែរ​”៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • តើចង់ដឹងទេថា ក្នុងអំឡុងពេលបង្ខាំងខ្លួន 14ថ្ងៃដើម្បីពិនិត្យរកមេរោគ COVID-19 គ្រូពេទ្យជំនាញតម្រូវឱ្យធ្វើអ្វីខ្លះ?

    តើចង់ដឹងទេថា ក្នុងអំឡុងពេលបង្ខាំងខ្លួន 14ថ្ងៃដើម្បីពិនិត្យរកមេរោគ COVID-19 គ្រូពេទ្យជំនាញតម្រូវឱ្យធ្វើអ្វីខ្លះ?

    10ចំណុចប្រតិបត្តិ ក្នុងការ “បង្ខាំងខ្លួនឯង” 14ថ្ងៃ ដើម្បីពិនិត្យរកមេរោគ COVID-19 សម្រាប់ដែលអ្នកធ្វើដំណើរត្រឡប់មកពីបរទេស ដែលគ្រូពេទ្យជំនាញតម្រូវឱ្យអនុវត្តនោះ ក្រៅពីការពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគហើយ ការ “ថើប” ក៏ជាចំណុចមួយដែលត្រូវប្រយ័ត្នដែរ ព្រោះអាចចម្លងមេរោគកំណាចនេះបានដូចគ្នា។

    ដូចយើងបានដឹងច្បាស់ហើយថា មេរោគ COVID-19 អាចចម្លងគ្នាបានតាម 2ករណីៈ តាមរយៈលម្អង Droplets ដូចជាការក្អក ឬកណ្ដាស់ដាក់គ្នាក្នុងចម្ងាយ 1ម៉ែត្រ និងដៃប៉ះពាល់គ្នា​ (Contact)និងការប៉ះពាល់វត្ថុផ្សេងៗដែលប្រឡាក់លម្អងទឹកដែលចេញពីទឹកសម្បោរ ទឹកមាត់ដែលជាប់នៅលើវត្ថុផ្សេងៗក្នុងទីសាធារណៈ ដូចជា តុ កៅអី បង្កាន់ដៃជណ្ដើរ ប៊ុតុងចុចជណ្ដើរយន្ត-ល- រួចហើយយកដៃមកប៉ះមាត់ ច្រមុះ ភ្នែក និងក្រៅពីនេះ ការសម្ដែងសេចក្ដីស្រឡាញ់រវាងគូស្នេហ៍ដោយការ “ថើប” ក៏បង្កឱ្យមានភាពប្រថុយប្រថានក្នុងឆ្លងមេរោគ COVID-19 បានដូចគ្នា។

    10ចំណុចប្រតិបត្តិ ក្នុងការ “បង្ខាំងខ្លួនឯង” 14ថ្ងៃៈ

    1. នៅក្នុងផ្ទះ, រាយការណ៍ទៅអាជ្ញាធរពេលមានអាការខុសប្រក្រតីខាងសុខភាព និងកំណត់ចំនួនអ្នកមកសួរសុខទុក្ខ ឬមកលេង។

    2. ពាក់ម៉ាស់អនាម័យការពារគ្រប់ពេលវេលា។

    3. បិទគម្របបង្គន់មុនចុចទឹកបង្ហូរគ្រប់ពេល ដើម្បីកាត់បន្ថយការខ្ទាតសាយភាយរបស់មេរោគវីរុស។

    4. ក្អក និងកណ្ដាស់ដោយការខ្ទប់មាត់នឹងក្រដាសអនាម័យ។

    5. រួចលាងដៃដោយទឹក និងសាប៊ូ ឬជេលលាងសម្អាតដៃ ឬទឹកអាល់កុល75% បន្ទាប់ពីបោះក្រដាសអនាម័យនោះចោល។

    6. បើកបង្អួច ដើម្បីឱ្យខ្យល់អាកាសបក់ចេញ-ចូលបានល្អ។

    7. ផ្អាក ឬតមការទទួលទានអាហាររួមជាមួយអ្នកដទៃ និងចែករបស់ប្រើប្រាស់ផ្ទាល់ខ្លួនដោយឡែក។

    8. លាងសម្អាតចានដោយទឹកសាប៊ូលាងចាន មុនពេលប្រើជានិច្ច។

    9. ឈរឆ្ងាយពីអ្នកដទៃចម្ងាយជាង 1ម៉ែត្រ។

    10. បើសិនត្រូវចេញពីផ្ទះ ហាមប្រើ(ជិះ)រថយន្តដឹកជញ្ជូនសាធារណៈជាដាច់ខាត។

    ក្រៅពីនេះ មានរឿងមួយដែលសំខាន់ ដែលត្រូវប្រុងប្រយ័ត្ន ខណៈពេលបង្ខាំងខ្លួនឯងដើម្បីពិនិត្យរកមេរោគ ដែលអ្នកខ្លះអាចនឹងភ្លេចខ្លួន ឬនឹកមិនដល់នោះ គឺ “ការថើប”។

    “ការបង្ខាំងខ្លួន 14ថ្ងៃ អាចហៅបានថាជា ជនត្រូវបានសង្ស័យ គ្មានអាការឈឺថ្កាត់ តែមានឱកាសអាចមានផ្ទុកមេរោគ ដូច្នេះដើម្បីការមិនប្រហែស សូមពាក់ម៉ាស់កាពារនៅក្នុងផ្ទះ លាងដៃឱ្យស្អាត ចែករបស់ប្រើប្រាស់ដោយឡែក គួរទទួលអាហារដោយឡែកពីគ្នា មិនប្រឡូកប្រឡែងជាមួយអ្នកដទៃ ផ្អាកការចូលរួមក្នុងសង្គម ផ្អាកទៅសាលារៀន ផ្អាកទៅធ្វើការ និងសូមណែនាំឱ្យចៀសវាងពីការថើប ទោះជាថើបកូន ថើបចៅ ឬថើបក្មេងៗក៏ដោយ” លោកគ្រូពេទ្យជំនាញណែនាំ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

    ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

    យោង​តាម​ស្ថិតិ​របស់​អង្គ​ការ​សុខភាព​ពិភពលោក (WHO) ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​លើស​ពី​ 10,000នាក់​ទៅ​ហើយ គិត​ត្រឹម​ថ្ងៃទី​3មីនា​។

    របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី​3មីនា ​មានអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 យ៉ាង​ហោច​ណាស់ 10.566 នាក់​ នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​72 នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ ក្នុង​នោះ​​យ៉ាង​តិច​ 1,792​នាក់គឺជា​អ្នក​ជំងឺ​​ថ្មី​ ដែល​បាន​ឆ្លង​ត្រឹម​​រយៈ​ពេល​24ម៉ោង​ចុងក្រោយ​នេះ​។

    នៅ​ក្នុង​​អំឡុង​ពេល​ WHO ស្រង់​ស្ថិតិ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​​ដល់​​166​ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​ 37ករណី​ក្នុង​រយៈ​ពេល​ត្រឹម​តែ​24ម៉ោង​ចុង​ក្រោយ​នេះ​។

    របាយ​ការណ៍​របស់​ WHO បាន​ឱ្យ​ដឹង​ថា “8ប្រទេស​ថ្មីទៀត ដូច​ជា អង់ដូរ៉ា ហ្ស៊កដានី ឡាតវី ម៉ារ៉ុក ព័រទុយ​ហ្កាល់ អារ៉ាប់ប៊ីសាអ៊ូឌីត សេណេហ្គាល់ និង​ ទុយនីស៊ី បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​ថ្មី​​ក្នុង​អំឡុង​24ម៉ោង​កន្លង​ទៅ​នេះ​ផងដែរ”។

    គិត​មក​ដល់​បច្ចុប្បន្ន​ នៅ​ប្រទេស​ចិន(ចិនដីគោក) ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា បាន​កើន​ឡើង​ដល់​ជាង 80,304​នាក់​ ខណៈ​ចំនួន​អ្នក​ស្លាប់​គឺ​​ 2,946​នាក់​។ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ​នៅ​ទូទាំង​ពិភព​លោក បាន​កើន​ដល់ជាង 92,861នាក់ គិត​មក​ដល់​ពេលនេះ​​។

    ក្រៅ​ពី​ប្រទេស​ចិន ប្រទេស​ចំនួន​3ផ្សេង​ទៀត​ រួម​មាន​កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ ក៏បាន​ក្លាយ​ជាសម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក ចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19

    អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក ចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19

    (ម៉ាឌ្រីដ, អេស្ប៉ាញ និងហ្សឺណែវ, ស្វីស)៖ កាលពីថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2020 អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19 ដោយបានអំពាវនាវឱ្យមានការទទួលខុសត្រូវ និងកិច្ចសម្របសម្រួល។ សេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារដូចខាងក្រោម៖

    ក្នុងខណះដែលការរីករាយដាលនៃជម្ងឺវីរុសកូរ៉ូណាបច្ចុប្បន្ននៅតែបន្តកើតមាន អង្គការសុខភាពពិភពលោក និងអង្គការទេសចរណ៍ពិភពលោក ប្តេជ្ញាធ្វើការរួមគ្នាក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍ និងការធ្វើដំណើរ ទៅនឹងវិបត្តិ Covid-19 នេះ។

    នៅថ្ងៃទី30 ខែមករា ឆ្នាំ2020 អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរាតត្បាតនៃ Covid-19 ជាភាពអាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ ហើយបានដាក់ចេញនូវអនុសាសន៍បណ្តោះអាសន្នមួយចំនួន។ អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ឱ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ផ្អែកតាមព័ត៌មានទទួលបាននាពេលបច្ចុប្បន្ន។

    អង្គការសុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានាយ៉ាងជិតស្និទ្ធ សំដៅពង្រីកឱ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ តាមដានអំពីការឆ្លងនិងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និងសហគមន៍សកលលោក ស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។

    កិច្ចសហប្រតិបត្តិការជាគន្លឹះ

    វិស័យទេសចរណ៍មានការប្តេជ្ញាមុតមាំ តម្កល់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ពលរដ្ឋជាអាទិភាព ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិមានតួនាទីស្នូលយ៉ាងសំខាន់ក្នុងការធានាឱ្យវិស័យនេះ អាចចូលរួមទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព។

    អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកកំពុងសហការប្រឹក្សាយោបល់គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងដៃគូផ្សេងៗទៀត សំដៅជួយដល់បណ្តារដ្ឋទាំងឡាយឱ្យធានាបានការអនុវត្តវិធានការសុខភាពប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឱ្យនៅតិចបំផុតនូវការរារាំងមិនចាំបាច់ដល់ចរាចរណ៍ និងពាណិជ្ចកម្មអន្តរជាតិ។

    ការឆ្លើយតបពីវិស័យទេសចរណ៍ ទាមទារឱ្យមានការថ្លឹងថ្លែងសមស្របទៅតាមភាពគម្រាមកំហែងសុខភាពសាធារណៈ និងផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុក តាមរយៈការជំរុញឱ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្វាក់តម្លៃទេសចរណ៍ មានដូចជា ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរ ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំជាទូទៅរបស់អង្គការសុខភាពពិភពលោក។

    អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយគ្រប់សហគមន៍ទាំងអស់ និងប្រទេសទាំងឡាយដែលរងការប៉ះពាល់ដោយភាពអាសន្ននៃសុខភាពបច្ចុប្បន្ន សំដៅចូលរួមកសាងអនាគតមួយកាន់តែប្រសើរ និងកាន់តែរឹងមាំ។

    ការរឹតបន្តឹងលើការធ្វើដំណើរទាំងឡាយណាដែលឃ្លាតឆ្ងាយពីស្មារតីខាងលើ អាចបណ្តាលឲ្យមានការរំខានមិនចាំបាច់ដល់ចរាចរណ៍អន្តរជាតិ រួមទាំងផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍ផងដែរ។

    ស្ថិតក្នុងដំណាក់កាលប្រឈមនេះ អង្គការសុខភាពពិភពលោកសូមចូលរួមជាមួយសហគមន៍អន្តរជាតិទាំងអស់ ដើម្បីរក្សាសាមគ្គីភាពជាមួយប្រទេសរងផលប៉ះពាល់នានា៕

    ប្រភព៖ ក្រសួងទេសចរណ៍