Tag: Westerdam

  • នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

    នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

    (ខេត្ត​ព្រះសីហនុ) – នាវា​ទេសចរណ៍ខ្នាត​ធំ Westerdam នា​ថ្ងៃ​ទី 28 ធ្នូ 2023 នេះ ត្រូវ​បានអនុញ្ញាត​ឱ្យ​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​ភ្ញៀវ​នៅ​លើ​នាវា​នេះ​ឡើង​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។ នេះ​បើ​តាម​ទំព័រ​ CPP។

    នេះ​គឺជា​ការ​ចូល​ចត​ជា​លើក​ទីពីរ​របស់​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​របស់​កម្ពុជា​ បន្ទាប់​ពី​ការ​ចូល​ចត​លើក​ទីមួយ​កាល​ពី​ឆ្នាំ 2020 ជា​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ និង​ជា​ពេល​ដែល​នាវា​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​បដិសេធ​ការ​ស្នើ​សូម​ចូល​ចត​។

    ការ​ចូលចត​ជា​លើក​ទីពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី 28 ខែ​ធ្នូ ឆ្នាំ 2023​ របស់​ Westerdam គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាង​ពីរ​ពាន់​នាក់​។ ដំណើរ​ចូល​ចត​ជា​ថ្មី​នេះ ត្រូវ​បាន​ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទទួល ក៏​ដូច​ជា​រំលឹកខួបបីឆ្នាំនៃការស្នើ​សូម​ចូល​ចតរបស់នាវា Westerdam នៅ​កម្ពុជា។

    យោង​តាម​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវជាង​ពីរ​ពាន់​នាក់​នៅ​លើ​នាវា​នេះ មាន​ភ្ញៀវ​ប្រមាណ 500 នាក់​បាន​ឡើង​មកទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ និង​​ខេត្តកែប​។

    «តាមរយៈការចូលចតជាលើកទីពីរ​របស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត» រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹម​ដូច្នេះ​។

    យោង​តាម​ឯកឧត្ដម​រដ្ឋមន្ត្រី នាវា​ទេសចរណ៍​នេះ​នឹង​ចត​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​គ្រោង​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​វេលាម៉ោង 9 យប់​នេះ​។

    នៅក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​​ជាង 4.91 លាន​នាក់ ក្នុង​នោះភ្ញៀវ​ពី​ប្រទេស​ថៃមាន​ចំនួន​ច្រើន​ជាង​គេ ពោល​គឺ 1.65 លាន​នាក់ ខណៈ​​ភ្ញៀវ​ពី​វៀតណាម​ច្រើន​ជាង​គេ​លំដាប់​ទីពីរ និង​​​ចិន​លំដាប់​ទីបី​​៕

  • អ្នកទេសចរ​ចុង​ក្រោយ​នៃ​​នាវា​ Westerdam ​បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ត្រៀម​ខ្លួន​​វិល​ត្រឡប់​ទៅ​ស្រុក

    អ្នកទេសចរ​ចុង​ក្រោយ​នៃ​​នាវា​ Westerdam ​បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ត្រៀម​ខ្លួន​​វិល​ត្រឡប់​ទៅ​ស្រុក

    អ្នក​ទេសចរ​ចុង​ក្រោយ​ចំនួន​233នាក់មក​ពី​​នាវា​ Westerdam បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​​ភ្នំ​ពេញ​​កាល​ពី​ល្ងាច​ថ្ងៃទី​19កុម្ភៈ និង​ត្រៀម​ខ្លួន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​រៀង​ៗខ្លួន​ បន្ទាប់​ពី​បាន​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​។

    អ្នក​ទេសចរ​ខាង​លើ​នេះ បាន​ចាក​ចេញពី​នាវា​ Westerdam ដែល​កំពុង​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ជូន​ដំណើរ​ និង​ទទួល​ស្វាគមន៍​ ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនកម្ពុជា​ ឯក​ឧត្តម ស៊ុន ចាន់​ថុ​ល និង​ អ្នក​គ្រប់​គ្រង​នាវា Westerdam លោក Orlando Ashford រួម​នឹង​ថ្នាក់​ដឹក​នាំ​ក្រសួង​សុខា​ភិបាល​ ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​។ល។

    ក្រុម​អ្នក​ទេសចរ​ 233នាក់មក​ពី​​នាវា​ Westerdam នេះ បាន​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ សុខា​ភ្នំ​ពេញ និង​បាន​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​ទស្សនីយភាព​សិល្បៈបុរាណ​ខ្មែរ​នៅ​ទី​នោះ​ផងដែរ​ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ ឯក​ឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។

    នៅ​ឯខេត្ត​ព្រះ​សីហនុវិញ នាវា​ទេសចរណ៍ Westerdam ក៏​នឹង​ត្រូវ​ចាក​ចេញ​ពី​កំពង់​ផែ​ ដោយ​នាំ​យក​បុគ្គលិក​នាវា​ចំនួន 747នាក់ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន។

    នាវា​ទេសចរណ៍​របស់​​អា​មេ​រិ​ក​ Westerdam នេះ បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​​ថ្ងៃ​ទី​13​កុម្ភៈ ឆ្នាំ​2020 បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពីកម្ពុជា​ ក្រោយពីធ្វើ​ដំណើរ​គ្មាន​ទីដៅ​​រយៈ​ពេល​2សប្ដាហ៍នៅ​លើ​សមុទ្រ​ ដោយ​សារ​តែ​ប្រទេស​មួយ​ចំនួន​ មិន​អនុញ្ញាត​ឱ្យ​ចូល​ចត ព្រោះ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា និងដោយ​សារ​​តែ​​នាវា​នេះ​ធ្លាប់​ស្ថិត​នៅ​ក្នុងកំពង់​ផែ​ទីក្រុង​ហុង​កុង​ដែល​ជា​តំបន់​អាច​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19៕

  • នាយក​រដ្ឋ​មន្ត្រីកម្ពុជា​ក្នុងឋានៈជាម្ជាស់ផ្ទះ នឹង​អញ្ជើញ​ទៅ​ស្វាគមន៍អ្នក​ទេសចរ​នៅ​លើ​នាវា Westerdam

    នាយក​រដ្ឋ​មន្ត្រីកម្ពុជា​ក្នុងឋានៈជាម្ជាស់ផ្ទះ នឹង​អញ្ជើញ​ទៅ​ស្វាគមន៍អ្នក​ទេសចរ​នៅ​លើ​នាវា Westerdam

    នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅ​មុន​នេះ​បន្តិច បានសរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា សម្តេចនឹងទៅសម្ដែងស្វាគមន៍ក្រុមអ្នកទេសចរ​នៅ​លើនាវា Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ដើម្បី​បង្ហាញពីសាមគ្គីភាពនិងការទទួលខុសត្រូវក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ។

    “អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាព ទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំ ដែលគ្មានកន្លែងចូលចត ឱ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល​១៣​ថ្ងៃមកហើយ ឱ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព”។ នេះ​គឺ​ជា​សំណេរ​របស់​សម្ដេច​ ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​។

    សម្ដេច​ ហ៊ុន​ សែន​ បាន​បន្ត​ថា ៖ “ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ”។

    សម្ដេច​ បាន​បញ្ចប់​ថា ៖ “សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា ដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក”៕

  • ទេសចរលើនាវា​ Westerdam 20នាក់ ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​មាន​បញ្ហា​សុខ​ភាព

    ទេសចរលើនាវា​ Westerdam 20នាក់ ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​មាន​បញ្ហា​សុខ​ភាព

    អាជ្ញាធរក្រុង​ព្រះសីហនុ បាន​អះអាងថា អ្នកទេសចរលើនាវា Westerdam ចំនួន20នាក់មានបញ្ហាសុខភាព​បន្ដិច​បន្ដួច ដូចជាជំងឺក្រពះពោះវៀន និងរាករូសជាដើម ប៉ុន្តែ មិន​បាន​បញ្ជាក់​ថា មាន​រោគសញ្ញានៃ​វីរុសកូរ៉ូណានោះទេ។

    ក្រុម​មន្ដ្រីសុខាភិបាល និងមន្ដ្រីអង្គការសុខភាពពិភពលោក (WHO) បាន​នាំ​យក​កំហាករបស់ពួកគេ ធ្វើ​ដំណើរ​​តាម​ឧត្ថម្ភាគចក្រមក​កាន់វិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូរ៉ូណា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Fresh News។

    ក្រុម​មន្ត្រី​សុខាភិបាល​ បាន​ឱ្យ​ដឹងថា ភ្ញៀវទេសចរទាំង20នាក់នេះ ​ត្រូវបាន​​ដាក់ឲ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយ​ឡែកនៅលើកប៉ាល់ Westerdam៕

  • នាវា Westerdam បាន​ចូល​ចត​នៅ​កំពង់ផែខេត្ត​ព្រះសីហនុ៖ ភាគី​ពាក់​ព័ន្ធ​ ​អរគុណ​កម្ពុជា

    នាវា Westerdam បាន​ចូល​ចត​នៅ​កំពង់ផែខេត្ត​ព្រះសីហនុ៖ ភាគី​ពាក់​ព័ន្ធ​ ​អរគុណ​កម្ពុជា

    ក្រោយ​ពី​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ បណ្ដែត​ខ្លួន​នៅ​លើ​សមុទ្រ ព្រោះ​គ្មាន​ប្រទេស​ណា​អនុញ្ញាត​ឱ្យ​ចូល​ចត​ ដោយ​សារ​តែ​ភ័យ​ខ្លាច​មាន​មេរោគ​កូរ៉ូណា ពេល​នេះ​នាវា​ទេសចរណ៍ Westerdam ក៏បាន​មក​ដល់​ក្រុង​ព្រះសីហនុ តាម​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​។

    នៅ​ព្រឹក​ថ្ងៃទី​ 13កុម្ភៈ​នេះ នាវា​ដឹក​អ្នក​ទេសចរ Westerdam ដែល​ដោត​ទង់​ជាតិហូឡង់ និង​មាន​ផ្ទុក​អ្នក​ដំណើរ​ 1455នាក់ និង​នាវិក 800នាក់​ បាន​មក​ដល់​ក្រុង​ព្រះសីហនុ។

    អ្នក​ដំណើរ​ទាំង​អស់​ដែល​នៅលើ​​កប៉ាល់​នេះ បាន​ត្រូវ​អនុញ្ញាត​ឱ្យ​ឡើង​គោក ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ភ្នំ​ពេញ ហើយ​ឡើង​យន្ត​ហោះ​ ឆ្ពោះ​ទៅ​កាន់ប្រទេស​រៀង​ៗ​ខ្លួន​។

    ក្រុម​ហ៊ុន Holland America Line និង​​អ្នក​ទេសចរ​ទាំង​អស់ មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង និង​បាន​អរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​អនុញ្ញាត​នេះ។ ក្រុម​ហ៊ុន Holland America Line ដែល​ជា​ម្ចាស់​នាវា​នេះ ក៏​នឹង​ចេញ​សោហ៊ុយ​ធ្វើ​ដំណើរដល់​អតិថិ​ជន​របស់​ខ្លួន​ រហូត​ដល់​ពួកគេ​ទៅ​ដល់​ផ្ទះ​​។

    ទាក់​ទិន​នឹង​បញ្ហា​នេះដែរ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO លោក Tedros Adhanom Ghebreyesus ក៏​បានអរគុណ​ចំពោះ​សម្តេច ហ៊ុន សែន ដែល​បាន​អនុញ្ញាតឱ្យ​នាវា Westerdam ចូល​ចត​ក្នុង​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ។

    ឯក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2020នេះ។

    មុន​នេះ​ ប្រទេស​ថៃ​ និង​បណ្ដា​ប្រទេស​ និង​កោះ​មួយ​ចំនួន បាន​បដិសេធ​មិន​ឱ្យ​នាវា​ Westerdam ចូល​ចត​ក្នុង​កំពង់​ផែ​របស់​ពួកគេ​ ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​មាន​វត្តមាន​មេរោគ​កូរ៉ូណា​នៅ​លើ​កប៉ាល់​នេះ បើ​ទោះ​ថ្នាក់​ដឹក​នាំ​កប៉ាល់​បាន​អះអាង​ថា មិន​មាន​អ្នក​ណា​មាន​​ផ្ទុក​មេរោគ​នេះ​ក៏ដោយ។

    គួរ​រំឭកថា កប៉ាល់ Diamond Princess ដែល​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​កំពង់​ផែ​មួយ​របស់​ជប៉ុន​ ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​តែ​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​នៅ​លើ​នាវា​នោះ ហើយ​គេ​ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ កាន់​តែ​ច្រើន​ឡើង​ៗ​។ ប្រការ​នេះ​ហើយ​ ធ្វើ​ឱ្យ​នាវា Westerdam របស់​ក្រុម​ហ៊ុន Holland America Line ទទួល​រង​ឧបសគ្គ​​ដោយ​សារ​បញ្ហា​នៅលើ​នាវា​ កប៉ាល់ Diamond Princess៕