Tag: vietnam

  • Forbes​ ប្រកាស​ថា ប្រទេស​វៀត​ណាម​មាន​មហាសេដ្ឋី​តែ​4​រូប​ ខណៈ​1រូប​ទៀត​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ

    Forbes​ ប្រកាស​ថា ប្រទេស​វៀត​ណាម​មាន​មហាសេដ្ឋី​តែ​4​រូប​ ខណៈ​1រូប​ទៀត​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ

    ឆ្នាំ​នេះ(2020) ប្រទេស​វៀត​ណាម មាន​មហា​សេដ្ឋី​តិច​ជាង​ឆ្នាំ​2019​ ចំនួន​1រូប​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​ទស្សនវដ្ដី​ Forbes ហើយ​ទ្រព្យ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​វៀតណាម​ក៏បាន​ថយ​ចុះ​2.1​ពាន់​លាន​ដុល្លារ​ផងដែរ​។

    ទស្សនាវដ្ដី​ Forbes របស់​សហរដ្ឋ​អាមេរិក​ទើប​តែ​បាន​ប្រកាស​ផ្សាយ​​បញ្ជី​​រាយ​នាម​ស្ដី​អំពី​មហាសេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ​2020​នេះ​។ ក្នុង​បញ្ជី​នោះគេឃើញ​មានមហាសេដ្ឋីវៀត​ណាម​ចំនួន​4រូប​ គឺ​ប្រធាន​ក្រុម​ហ៊ុន​ Vingroup (លោក Pham Nhat Vuong) និង​​ CEO របស់​ VietJet Air (អ្នក​ស្រី Nguyen Thi Phuong Thao)​ រួម​នឹង​ប្រធាន​ក្រុម​ហ៊ុន​ Thaco (លោក​ Tran Ba Duong) និង​ប្រធាន​ក្រុម​ហ៊ុន​ Techcombank (លោក​ Ho Hung Anh)។ ចំណែក​លោក Nguyen Dang Quang ប្រធាន​ក្រុម​ហ៊ុន​ Masan លែង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ​ទៀត​ហើយ​។

    លោក​ Pham Nhat Vuong
    លោក​ Pham Nhat Vuong

    ដើម្បី​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​រាយ​នាម​មហាសេដ្ឋី​ឆ្នាំ​2020​នេះ Forbes ត្រូវ​វាយ​តម្លៃ​ទៅ​លើ​ទំហំ​ទ្រព្យ​របស់​បុគ្គល​ជា​អ្នក​មាន​ម្នាក់ៗ​ ដោយ​យោង​ទៅ​លើ​​តម្លៃ​ភាគ​ហ៊ុន​ និង​អត្រា​ប្ដូរ​ប្រាក់​​នៅ​ក្នុង​ថ្ងៃ​ទី​18​មីនា​។

    ឆ្នាំ​នេះ ក៏ជា​ឆ្នាំ​ដំបូង​ដែល​ចំនួន​មហាសេដ្ឋី​របស់​វៀត​ណាម​បាន​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ មិន​ត្រឹម​តែ​​ចំនួន​មហា​សេដ្ឋី​នោះ​ទេ សូម្បី​តែ​ទ្រព្យ​សរុប​របស់​មហា​សេដ្ឋី​វៀត​ណាម​ទាំង​4​រូប​ក៏​បាន​ថយ​ចុះ​​2.1​ពាន់​លាន​ដុល្លារ​ផង​ដែរបើ​ធៀប​នឹង​ឆ្នាំ​2019។ មូលហេតុ​នៃ​ការ​ធ្លាប់​ចុះ​នេះ​ គឺ​ដោយ​សារ​មាន​ការ​ប្រែ​ប្រួល​ខុស​ធម្មតា​នៃ​ទី​ផ្សារ​មូល​បត្រ​នៅ​ក្នុង​អំឡុង​​3​ខែ​ដើម​ឆ្នាំ​2020​នេះ​។

    អ្នក​ស្រី Nguyen Thi Phuong Thao
    អ្នក​ស្រី Nguyen Thi Phuong Thao

    2020​ គឺជា​ឆ្នាំ​ទី​8​ហើយ​ដែល​លោក​ Pham Nhat Vuong មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​ Forbes ដោយ​មាន​ទ្រព្យ​ 5.6​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​1​ពាន់​លាន​ដុល្លារបើ​ធៀប​នឹង​ឆ្នាំ​2019​ និង​ឈរ​លំដាប់​ទី​286​ក្នុង​ពិភព​លោក​។ លោក​ Vuong មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​2013 ដែល​កាល​ណោះ​ ​មាន​ទ្រព្យ​សរុប​1.5​ពាន់​លាន​​ដុល្លារ​ និង​ឈរ​លំដាប់​ទី​974​ក្នុង​ពិភពលោក​។

    លោក Tran Ba Duong
    លោក Tran Ba Duong

    មហាសេដ្ឋី​លំដាប់​ទី​2​នៅ​វៀត​ណាមគឺ CEO របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Vietjet Air អ្នក​ស្រី Nguyen Thi Phuong Thao ដោយ​មាន​ទ្រព្យ​សរុប​ 2.1​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​200​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​2019 និង​ឈរ​លំដាប់​ទី​1,001​នៅ​លើ​ពិភពលោក​។

    មហាសេដ្ឋី​លំដាប់​ទី​3​នៅ​វៀត​ណាមគឺ​លោក Tran Ba Duong ដោយ​មាន​ទ្រព្យ​សរុប​ 1.5​​ពាន់​លាន​ដុល្លារ​ ថយចុះ​200​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​ទៅ​ និង​ឈរ​លំដាប់​លេខ​​1,415​ក្នុង​ពិភពលោក​។

    លោក​ Ho Hung Anh
    លោក​ Ho Hung Anh

    ឈរ​លំដាប់​ទី​4​នៅ​វៀត​ណាម គឺ​មហា​សេដ្ឋី​ Ho Hung Anh។ បើ​ធៀប​នឹង​ឆ្នាំ​2019​ ទ្រព្យ​សរុប​របស់​លោក Ho Hung​ Anh​ បាន​ថយ​ចុះ​700​លាន​ដុល្លារ​ នៅ​សល់​តែ​1​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​2020​នេះ។ មហាសេដ្ឋី​រូប​នេះ ឈរលំដាប់​​ទី​1,990​ ក្នុង​ចំណោម​មហា​សេដ្ឋី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​ Forbes៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19

    វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19

    Robot ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យា​ស្ថាន​បច្ចេក​ទេស​យោធា​​របស់​ក្រសួង​ការ​ពារ​ជាតិ​​វៀតណាម អាច​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​អាហារ​ ថ្នាំពេទ្យ សំរាម​ជា​ដើម នៅ​ជុំវិញ​កន្លែង​ព្យាបាល​អ្នកជំងឺ​ COVID-19។

    រ៉ូបូត​ដែល​មាន​ឈ្មោះ​ថា Vibot នេះ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ឯមន្ទីរ​ពេទ្យ​ Bac Thang Long នា​ទី​ក្រុង​ហាណូយ។ តួនាទី​របស់​វា​នៅ​ទី​នេះ គឺការ​យក​ថ្នាំពេទ្យ​ទៅ​ចែក​ជូន​អ្នក​ជំងឺCOVID-19​ ជំនួស​ក្រុម​គិលានុបដ្ឋាក​។ Vibot ត្រូវ​បាន​គេ​កំណត់​ឱ្យ​យក​ថ្នាំ​ពេទ្យ​ដែល​ក្រុម​គ្រូពេទ្យ​បាន​រៀប​ចំ​ ធ្វើ​ដំណើរ​ទៅ​កាន់​​បន្ទប់​របស់​អ្នក​ជំងឺ​ ហើយ​អញ្ជើញ​អ្នក​ជំងឺ​ឱ្យ​ចេញ​មក​យក​ថ្នាំ​ និង​អរគុណ​ រួច​ជូន​ពរ​សុខ​ភាព​ល្អ​ដល់​អ្នកជំងឺ​ ខណៈ​ចល័ត​ទៅ​កាន់​បន្ទប់​ផ្សេង​ទៀត​។ ក្នុង​ពេល​ចល័ត​ រ៉ូបូត​នេះ​ថែម​ទាំង​ចាក់​ចម្រៀង​​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​ទប់ស្កាត់​ COVID-19 ផងដែរ​។

    ក្នុង​ដំណាក់​កាល​ដំបូង​ រ៉ូបូត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជញ្ជូន​​អាហារ​ និង​ថ្នាំ​ពេទ្យ​ជា​ដើមដោយ​ស្វ័យ​ប្រវត្ត​​ ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​បន្ទប់​អ្នក​ជំងឺ​ ព្រម​ទាំង​អាច​នាំ​យក​សំរាម​ ឬ​របស់​របរ​ផ្សេង​ៗ​ពី​បន្ទប់​អ្នក​ជំងឺ​ទៅ​កាន់​​កន្លែង​ដែល​គេ​បាន​កំណត់​។ រ៉ូបូត​នេះ​ក៏​ថែម​ទាំង​អាច​ជួយ​ភ្ជាប់​ទំនាក់​ទំនង​ពី​ចម្ងាយ​រវាង​ក្រុម​គ្រូពេទ្យ​ និង​អ្នក​ជំងឺ​ទៀត​ផង​។

    លោក​បណ្ឌិត​ Tang Quoc Nam អ្នក​ស្រា​វជ្រាវ​នៅ​មន្ត្រី​បច្ចេក​ទេស​យោធា និង​ជា​អ្នក​ដឹក​នាំ​គម្រោង​ បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្រសួង​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ប្រគល់​ភារ​កិច្ច ​ពួកគេ​ក៏​​រចនា​​រ៉ូបូត​នេះ​បាន​ដោយ​ជោគ​ជ័យ ដោយ​ចំណាយ​ពេល​ត្រឹម​តែ​2សប្ដាហ៍​ប៉ុណ្ណោះ​។​ រ៉ូបូត​នេះ​ដំណើរ​ការ​ដោយ​មាន​ការ​បញ្ជា​ពី​មជ្ឈ​មណ្ឌល​ប្រតិបត្តិ​ការ​របស់​វា​​។

    រ៉ូបូត Vibot របស់​កង​ទ័ព​វៀតណាម

    ប្រធាន​មន្ទីរ​ពេទ្យ​ Bac Thang Long បាន​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​រ៉ូបូត​នេះ​ នៅ​ពេល​ដែល​វា​អាច​បំពេញ​ភារ​កិច្ច​ជា​ច្រើន​ជំនួស​​បុគ្គលិក​សុខាភិបាល​ចាប់​ពី​3ដល់​5​នាក់​។

    វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19
    ​រ៉ូបូត​ TUG នៃ​​ក្រុម​ហ៊ុន​ Aethon របស់​សហរដ្ឋ​អាមេរិក

    រ៉ូបូត​ខាង​លើ​នេះ​ក៏នឹង​ត្រូវ​​អភិវឌ្ឍ​បន្ត​​​ទៀត​។ នេះ​បើ​តាម​លោក Nguyen Lac Hong អនុប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​បច្ចេក​ទេស​យោធា​នៃ​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម​។ មន្ទីរ​ស្រាវ​ជ្រាវ​នេះ​ក៏​មាន​មហិច្ឆតា​ដើរ​ឱ្យ​ទាន់​រ៉ូបូត​ TUG នៃ​​ក្រុម​ហ៊ុន​ Aethon របស់​សហរដ្ឋ​អាមេរិក​ទៀត​ផង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម ផ្អាក​ទាំង​​ស្រុង​​រាល់​ការ​ហោះ​ហើរ​ទៅ​-មក​អន្តរ​ជាតិ​

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម ផ្អាក​ទាំង​​ស្រុង​​រាល់​ការ​ហោះ​ហើរ​ទៅ​-មក​អន្តរ​ជាតិ​

    បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុកនៃ​ប្រទេស​វៀត​ណាម​ ចាប់​ផ្ដើម​ផ្អាក​ទាំង​ស្រុង​រាល់​ជើង​ហោះ​ហើរ​ទៅ​-មក​អន្តរ​ជាតិ​ ចាប់​ពី​ថ្ងៃ​នេះ ដោយ​សារ​ការ​រាត​ត្បាត​របស់​វីរុស COVID-19។

    ជើង​ហោះ​ហើរ​អន្តរជាតិ​ចុង​ក្រោយ​ក្នុង​ដំណាក់​កាល​នេះ​ របស់​ Vietnam Airlines នឹង​ចេញ​ដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់​ មក​កាន់​វៀត​ណាម​ នា​ថ្ងៃទី​25មីនានេះ ដោយ​ដឹក​អ្នក​ដំណើរ​ 170​នាក់​ និង​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​ Van Don (Van Don International Airport or Ha Long Airport) ក្នុង​ខេត្ត Quang Ninh ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​វៀត​ណាម ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ហាណូយ និង​ព្រំ​ដែន​ជាប់​ជាមួយ​ប្រទេស​ចិន​​។

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietnam Airlines និង​ Jetstar Pacific នឹង​បិទ​ជើង​ហោះ​ហើរ​អន្តរជាតិ​ ចាប់​ពី​ថ្ងៃទី​30​មេសា​ខាង​មុខ​។ Bamboo Airways ផ្អាក​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​តែ​មួយ​គត់​ ដែល​ហោះ​ទៅ​កាន់​កូរ៉េខាង​ត្បូង​ និង​បន្ត​ការ​បិទ​ជើង​ហោះ​ហើរអន្ត​ជាតិថ្មី​ទៀតផងដែរ​។

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម ផ្អាក​ទាំង​​ស្រុង​​រាល់​ការ​ហោះ​ហើរ​ទៅ​-មក​អន្តរ​ជាតិ​Vietjet Air បាន​ផ្អាក​ជើង​ហោះ​ហើរ​អន្តរជាតិ​ ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ចិន តៃ​វ៉ាន់ កូរ៉េខាង​ត្បូង ឥណ្ឌា​ និង​ប្រទេសជប់ុន។ ក្រុម​ហ៊ុន​នេះ នៅ​តែ​លក់​សំបុត្រ​ដែល​ធ្វើ​ដំណើរ​ពី​រដ្ឋធានី​ហាណូយ​ ទៅ​កាន់​រាជ​ធានី​នៃ​ប្រទេស​ជប៉ុន​ និង​ត្រឡប់​មក​វិញ នៅ​ក្នុង​ថ្ងៃ​ទី​31​មីនា 2មេសា និង​4មេសា​។

    មិន​មែន​មាន​​តែ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ ក្រុម​ហ៊ុន​អាកាស​ចរណ៍​បរទេស​​ជា​ច្រើន​ក៏​បាន​ផ្អាក​​និង​លុប​ចោល​ជើង​ហោះ​ហើរ​មក​កាន់​ប្រទេស​វៀត​ណាម​ផងដែរ​។

    ប្រទេស​វៀត​ណាម បច្ចុប្បន្នបាន​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋបរទេស​ទាំង​អស់​ លើក​លែង​តែ​អ្នក​ដែល​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​​ផ្លូវ​រដ្ឋ​។

    ដើម្បី​ទប់ស្គាត់​ការ​ឆ្លង​ COVID-19 ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​វៀត​ណាម ក៏​បាន​បង្កើន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​ទៅ​លើ​​យន្ត​ហោះ​ដែល​បាន​ដឹក​អ្នក​ដំណើរ​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា អាច​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ​ផងដែរ។

    គិត​មក​ដល់​ល្ងាច​នេះ (25មីនា) ប្រទេស​វៀត​ណាម​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19​ ចំនួន​134​ករណី​ ក្នុង​នោះ​មាន​17​ករណី​បាន​ជាសះ​ស្បើយ​។ អ្នក​ជំងឺ​​នៅ​ប្រទេស​នេះ​ភាគ​ច្រើន​មាន​ជាប់​ទាក់​ទង​នឹង​អ្នក​មក​ពី​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ ហើយ​ក្រោយ​មក​ក៏​ឆ្លង​រាល​ដាល​ក្នុង​ស្រុក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! វៀត​ណាម​ផលិត​​បន្ទប់​សម្លាប់​មេរោគ​​ទូទាំង​រាង​កាយ​ ​សម្រាប់​ប្រើ​​ក្នុង​​មន្ទីរពេទ្យ​ ដែល​វា​មាន​តម្លៃ​…

    COVID-19! វៀត​ណាម​ផលិត​​បន្ទប់​សម្លាប់​មេរោគ​​ទូទាំង​រាង​កាយ​ ​សម្រាប់​ប្រើ​​ក្នុង​​មន្ទីរពេទ្យ​ ដែល​វា​មាន​តម្លៃ​…

    បន្ទប់​សម្លាប់​មេរោគ​ ដែល​​ប្រើ​ប្រាស់​កម្ដៅ និង​បាញ់ផ្សែង​​ថ្នាំ​សម្លាប់​មេរោគ​ទូទាំង​រាង​កាយ​ ដោយ​​ប្រើ​ពេល​ត្រឹម​​តែ​30​វិនាទី​​ ត្រូវ​បាន​មន្ទីរពេទ្យ​មួយ​ចំនួន​ដាក់​ឱ្យ​ប្រើ​ប្រាស់​។

    វិទ្យាស្ថានវេជ្ជសាស្ត្រជនជាតិភាគតិចទីក្រុងហូជីមិញ​ ប្រើ​ប្រាស់​បន្ទប់​សម្លាប់​មេរោគ​ ចាប់​ពី​ថ្ងៃទី​22​មីនា​ ឆ្នាំ​2020។ វិទ្យា​ស្ថាន​នេះ ទទួល​ពិនិត្យ​អ្នកជំងឺ​ប្រហែល​1,000​នាក់​​ក្នុង​1​ថ្ងៃ​ៗ ពិសេស​គឺមនុស្ស​ចាស់​។ អ្នក​ដែល​មក​ពិនិត្យ​ជំងឺ​នៅ​ទី​នេះ​ ត្រូវ​បាន​ណែនាំ​ឱ្យ​លាង​ដៃ​នឹង​អាល់​កុល រួច​ចូល​ទៅ​ក្នុង​បន្ទប់​សម្លាប់​មេរោគ​ មុន​ពេល​ឈាម​ចូល​ក្នុង​បរិវេណ​មន្ទីរពេទ្យ​។ បុគ្គលិក​ពេទ្យ​ទាំង​អស់​ក៏​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ដូច្នេះ នៅ​មុន​ និង​ក្រោយ​ការ​ពិនិត្យ​អ្នក​ជំងឺ​។

    ថ្ងៃទី​23​មីនា មន្ទីរពេទ្យ​អន្តរជាតិ DNA ក៏​បាន​ដាក់​ឱ្យ​ប្រើ​បន្ទប់​សម្លាប់​មេរោគ​​ចល័ត​​ ដែល​​មាន​សមត្ថ​ភាព​​សម្លាប់​មេរោគ​ឱ្យ​មនុស្ស​ចំនួន​1,000​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ។ សកម្ម​ភាព​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​ទូទាំង​មន្ទីរពេទ្យ វាស់​កម្ដៅ​ខ្លួន លាង​ដៃ​ដោយ​អាល់​កុល ពាក់​ម៉ាស់ និង​ឈុត​ការ​ពារ​មេរោគ​ទាំង​អ្នក​ជំងឺ​ និង​គ្រូពេទ្យ​។ល។

    សារ​ធាតុ​​​សម្លាប់​មេរោគ​ ដែល​ប្រើ​នៅ​ក្នុង​បន្ទប់​សម្លាប់​មេរោគ​ចល័ត​នេះ គឺ​ធាតុ​រាវ​ anolyte ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ដោយ​ក្រសួង​សុខាភិបាល​វៀតណាម និង​អន្តរជាតិ​ ក្នុង​ការ​សម្លាប់​មេរោគ​នានា​ ដូចជា បាក់​តេរី វីរុស​ ផ្សិត សម្រាប់​លាង​ដៃ​ សម្លាប់​មេរោគ​លើ​ឧបករណ៍​សុខាភិបាល។ល។ សារ​ធាតុ anolyte មិន​ប៉ះពាល់​ដល់​សុខ​ភាព​ ឬ​ស្បែក​ និង​កោសិកា​មនុស្ស​នោះ​ទេ​។ ទឹក​អំបិលអ៊ីយ៉ុងក្នុង​បន្ទប់​សម្លាប់​មេរោគ​នេះ ក៏​អាច​សម្លាប់​មេរោគ​ក្នុង​ច្រមុះ និង​បំពង់ក​បាន​ដែរ​​។

    បន្ទប់​សម្លាប់​មេរោគ​មួយ​ចំនួន​ ត្រូវ​បាន​ដាក់​នៅ​ទីតាំង​នៃ​កិច្ច​ប្រជុំ​នានា​ នៅ​ឯទីក្រុង​ហាណូយ​ ហើយ​ពេល​ខាង​មុខ វា​នឹង​ត្រូវ​ដាក់​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ប្រទេស​វៀត​ណាម​។

    បន្ទប់​សម្លាប់​មេរោគ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ ស្ថិត​ក្រោម​​សម្ព័ន្ធ​យុវជន​ក្រុង​ហូជីមិញ​(Ho Chi Minh City Youth Union) សហការ​ជាមួយ​មហាវិទ្យា​ពហុ​បច្ចេក​ទេស​ហូជីមិញ​។ បន្ទប់​សម្លាប់​មេរោគ​នេះ មាន​បំពាក់​ឧបរកណ៍​ចាប់​រូប​ភាព​មនុស្ស​ អំពូល​ភ្លើង​ផ្ដល់​សញ្ញា ប្រព័ន្ធ​បាញ់​ចំហាយ​ថ្នាំ​សម្លាប់​មេរោគ​​ស្វយ​ប្រវត្ត​ មិន​ធ្វើ​ឱ្យ​សើម អាច​សម្លាប់​មេរោគ​ទូទាំង​រាង​កាយ​ ដោយ​ប្រើ​ពេល​តែ​30​វិនាទី​ប៉ុណ្ណោះ​។ បន្ទប់​សម្លាប់​មេរោគ​នេះ ក៏មាន​កង់​ និង​អាច​ដោះ​ចេញ ងាយ​ដឹក​ជញ្ជូន ព្រម​ទាំង​មាន​ផ្លូវ​សម្រាប់​ជន​ពិការ​ជើង​ដែល​ប្រើ​រទេះ​​ផង​ដែរ​។ បន្ទប់​នេះ​ក៏នឹង​ឈប់​បាញ់​ចំហាយ​ថ្នាំដោយ​ខ្លួន​ឯង​​ បើ​សិន​គ្មាន​អ្នក​ប្រើ​ប្រាស់​។

    លោក Doan Ngoc Hai ប្រធាន​មន្ទីរ​សុខ​ភាព​ការ​ងារ​ និង​បរិស្ថាន​ របស់​ក្រសួង​សុខាភិបាល​​បាន​ឱ្យ​ដឹង​ថា វៀត​ណាម​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​វិធាន​ការ​សម្លាប់​មេរោគ​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​វីរុស​ COVID-19 ដូច​ជា​ការ​លាង​ដៃ​នឹង​អាល់​កុល ជូត​សម្លាប់​មេរោគ​កន្លែង​ដែល​ប៉ះពាល់​ច្រើន​ជាដើម​ ប៉ុន្តែ នៅ​លើ​រាង​កាយមនុស្ស ដូច​ជា​ផ្ទៃ​មុខ ក ខោអាវ​ជា​ដើម ក៏​អាច​មាន​ជាប់​មេរោគ​។

    ដោយ​មើល​ឃើញ​ភាព​ជាក់​ស្ដែង​ខាង​លើ វិទ្យា​ស្ថាន​សុខ​ភាព​ការ​ងារ និង​បរិស្ថាន​ សហការ​ជាមួយ​មហាវិទ្យា​ល័យ​ពហុ​បច្ចេក​ទេស​ហាណូយ​ ក៏បាន​បង្កើត​ប្រព័ន្ធ​​សម្លាប់​មេរោគ​ទូទាំង​រាងកាយ​នេះ​ដែរ​។ ប្រព័ន្ធ​សម្លាប់​មេរោគ​នេះ មាន​2​​បន្ទប់​ គឺ​1ជា​បន្ទប់​ស្ងួត និង​1ទៀត​ជា​បន្ទប់​សើម។ បន្ទប់​ស្ងួត​ សម្លាប់​មេរោគ​ដោយ​ប្រើ​កម្ដៅ និង​អូហ្សូន ខណៈ​​បន្ទប់​សើម គឺ​ប្រើ​ប្រាស់​សារធាតុ​រាវ​ដែល​​មាន​សមត្ថ​ភាព​ក្នុង​ការ​​សម្លាប់​មេរោគ​។

    ប្រសិទ្ធ​ភាព​របស់​បន្ទប់ស្ងួត​ អាច​សម្លាប់​មេរោគ​បាន​70% ចំណែក​បន្ទប់​សើមវិញ អាច​សម្លាប់​មេរោគ​រហូត​ដល់​99.99​%។ បន្ទប់​សម្លាប់​មេរោគ​នេះ មាន​តម្លៃ​ប្រហែល​ពី 65-70​លាន​ឌុង (2,790-3,000ដុល្លារ​អាមេរិក)៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • វេជ្ជបណ្ឌិត​វៀត​ណាម​ដំបូង​គេ​​បង្អស់​ដែល​បាន​ឆ្លង​វីរុស COVID-19 ខណៈ​ចំនួន​ករណី​ឆ្លង​មេរោគ​នេះ កើន​ដល់​…

    វេជ្ជបណ្ឌិត​វៀត​ណាម​ដំបូង​គេ​​បង្អស់​ដែល​បាន​ឆ្លង​វីរុស COVID-19 ខណៈ​ចំនួន​ករណី​ឆ្លង​មេរោគ​នេះ កើន​ដល់​…

    បុរស​ជា​វេជ្ជ​បណ្ឌិត​វ័យ​29​ឆ្នាំ ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​​ជាតិ​​ជំងឺ​ត្រូពិក​ ត្រូវ​បាន​រកឃើញ​ថា មាន​ផ្ទុកវីរុស​ COVID-19 ដូច្នេះគាត់​បាន​ក្លាយ​ជា​បុគ្គលិក​សុខាភិបាល​ដំបូង​គេ​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​កន្លែង​ធ្វើ​ការ​។

    វេជ្ជ​បណ្ឌិត​រូប​នេះ គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​កូរ៉ូណា​ទាំង​3​នាក់​ ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ ប្រកាស​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​ COVID-19 នៅ​ប្រទេស​វៀត​ណាម​​ កើន​ដល់​116​នាក់​។

    វេជ្ជ​បណ្ឌិត​ខាង​លើ​ ដែល​ត្រូវ​បាន​ចាត់​ទុក​​ជា​ “អ្នក​ជំងឺ​ទី​116” នេះ ធ្វើ​ការ​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៅ​ក្នុង​មន្ទីរពេទ្យ​​ជាតិ​ផ្នែក​ជំងឺ​ត្រូពិក (National Hospital Of Tropical Diseases) ទី​2 នៅ​តំបន់​ Dong Anh ទីក្រុង​ហាណូយ​។ តួនាទី​របស់​វេជ្ជ​បណ្ឌិត​នេះ គឺ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​លើ​អ្នក​ដែល​ត្រូវ​សង្ស័យ​ឆ្លង​មេរោគ ព្យា​បាល​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​ និង​សង្គ្រោះ​បន្ទាន់​ចំពោះ​អ្នក​ជំងឺកូរ៉ូណា​ធ្ងន់​ធ្ងរ​។

    ក្នុង​ពេល​ធ្វើ​ការ វេជ្ជ​បណ្ឌិត​នេះ មាន​សម្ភារ​វេជ្ជ​សាស្ត្រ​ការ​ពារ​ខ្លួន​គ្រប់​គ្រាន់​។​ ក្រោយ​ម៉ោង​ធ្វើ​ការ គ្រូពេទ្យ​នេះ​ក៏​សម្រាក​នៅ​ក្នុង​កន្លែង​ដាច់​ដោយ​ឡែក​សម្រាប់​បុគ្គលិក​សុខាភិបាល​ ដែល​នៅ​ក្នុង​មន្ទីរពេទ្យ។

    ថ្ងៃ​ទី​19 ខែ​មីនា គាត់​មាន​អាការ​ឈឺ​ក្រហាយ​បំពង់ក។ ថ្ងៃទី​20មីនា គាត់​មាន​អាការ​ក្អក ឈឺ​សាច់​ដុំ ក្ដៅ​ខ្លួន​។ ថ្ងៃទី​21​មីនា គាត់​ក៏បាន​បង្ខាំង​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ត្រៀម​សង្គ្រោះ​បន្ទាន់​មួយ​ ហើយ​បាន​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា​។ លទ្ធ​ផល​បាន​បង្ហាញ​ថា គាត់​មាន​ផ្ទុក​មេរោគ​ COVID-19។

    បុគ្គលិក​សុខាភិបាល​ទាំង​អស់​ដែល​បាន​ធ្វើ​ការ​ជាមួយ​វេជ្ជ​បណ្ឌិត​ខាងលើ​ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​បង្ខាំង​ដាច់​ដោយ​ឡែក​​ ដើម្បីធ្វើ​តេស្ត​ និង​​តាម​ដាន​សុខ​ភាព​។

    ចំណែក​អ្នក​ជំងឺ​2នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​វីរុស​ COVID-19 ក្នុង​ពេល​ជា​មួយ​គ្នា​នឹង​លោក​វេជ្ជ​បណ្ឌិត​ខាង​លើ​នេះ​ដែរ​នោះ គឺមាន​​ម្នាក់​មក​ពី​ប្រទេស​ឆែក (Czech) និង​ម្នាក់​ទៀត​មក​ពី​ប្រទេស​ហូឡង់។

    គិត​មក​ដល់​​ពេល​នេះ ប្រទេស​វៀត​ណាម បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​116​ករណី​ ក្នុង​នោះ​មាន​17ករណី​បាន​ជា​សះស្បើយ។ អ្នក​ជំងឺ​ក្រៅ​ពី​នេះ ដែល​ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​ចំនួន​3នាក់ផងដែរនោះ ក៏​កំពុងទទួល​ការ​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​។

    នៅ​ទូទាំង​ពិភពលោក អ្នក​បាន​ឆ្លង​មេរោគ COVID-19 បាន​កើន​ដល់​ 339,039​នាក់​ ក្នុង​នោះ​មាន 99,014​​នាក់​បាន​ជា​សះស្បើយ និង​14,698​នាក់បាន​បាត់​បង់​ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ក​ម្ពុជា​មាន​​អ្នក​​ឆ្លងរោគ​ COVID-19 ចំនួន​8នាក់ ខណៈ​វៀត​ណាមមាន​53​នាក់ ចំណែក​ទូទាំង​ពិភពលោក មាន​ជាង162.187​នាក់​

    ក​ម្ពុជា​មាន​​អ្នក​​ឆ្លងរោគ​ COVID-19 ចំនួន​8នាក់ ខណៈ​វៀត​ណាមមាន​53​នាក់ ចំណែក​ទូទាំង​ពិភពលោក មាន​ជាង162.187​នាក់​

    កម្ពុជាគឺ​ជា​ប្រទេស​ដែល​មិន​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​ចិន ដែល​ជា​សម្បុក​វីរុស​ COVID-19 នោះ​ទេ​ ចំណែក​វៀត​ណាម​វិញ គឺ​​​មាន​ព្រំ​ដែន​ប្រវែង​1.435​គីឡូ​ម៉ែត្រ ជាប់​ជាមួយនឹង​​ប្រទេស​ចិន​​ ដូច្នេះ តួលេខ​ស្ដី​អំពី​ចំនួន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក៏​មាន​ចំនួន​លើស​ខ្វះ​គ្នា​ច្រើន​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅ​កម្ពុជា៖

    គិត​មក​ដល់​ថ្ងៃ​នេះ (15មីនា ឆ្នាំ2020)​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន​8ករណី​ ក្នុង​នោះ​មាន ​​7​ករណី​ជា​ជនជាតិ​បរទេស និង​1​ករណី​ជា​ជនជាតិ​ខ្មែរ​។

    -ករណី​ទី​1 គឺ​​ជា​ជន​ជាតិចិន​ អាយុ​60​ឆ្នាំ​ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះសីហនុ និង​ត្រូវ​បាន​​ព្យាបាល​ជាសះស្បើយ ហើយ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ។

    -ករណី​ទី​2 គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ​38ឆ្នាំ​នៅ​ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​សៀម​រាប និង​នៅមាន​សុខភាព​ល្អ​ធម្មតា​​។​

    -ករណី​ទី​3-4-5 ត្រូវ​បាន​រក​ឃើញ​នៅ​ឯខេត្ត​កំពង់​ចាម ដែល​ជា​អ្នក​ទេស​ចរ ​ធ្វើ​ដំណើរ​តាម​នាវា Viking Cruise (នាវា​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀត​ណាម) និង​សុទ្ធ​តែ​ជា​ជនជាតិ​អង់គ្លេស​ ហើយបច្ចុប្បន្ន ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ។

    ​-ករណី​ទី​6 អ្នក​ជំងឺ​​ជា​​បុរស​ជាតិ​កាណាដា ដែល​បម្រើការ​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ និង​ទើប​តែ​បាន​​​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ។ ​

    -ករណី​ទី​7 គឺជា​​​ជន​ជាតិ​បែលហ្ស៊ិក​ ដែល​បម្រើការ​នៅ​អង្គការ​អន្តរជាតិ​មួយ និង​​​ទើបតែបាន​​ធ្វើដំណើរ​ពី​អឺរ៉ុបមក​កម្ពុជា​។

    -ករណី​ទី​8 ​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​ថ្ងៃ​នេះ (15មីនា) ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ឱ្យ​ដឹង​ថា ជា​ជន​ជាតិ​បារាំង​ អាយុ​35ឆ្នាំ​ មក​ពី​ប្រទេស​បារាំង​ និង​ចូល​មក​កម្ពុជា​តាមជើង​ហោះហើរ​ MI 602 ពី​​​ប្រទេស​សិង្ហបុរី។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណាឌីន បាន​ឱ្យ​ដឹង​ថា ជនជាតិបារាំងរូបនេះ មានប្រពន្ធ និងកូន​ប្រុសអាយុ4ខែ ដែលធ្វើដំណើរជាមួយគ្នា។ អាជ្ញាធរសិង្ហបុរី បាន​ធ្វើតេស្តវត្ថុវិភាគរបស់​បុរស​នេះ កាល​ពី​​យប់ថ្ងៃទី​13​មីនា និង​ទើប​តែ​ចេញ​លទ្ធ​ផល​វិជ្ជមាន​នា​ពេល​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​បាន​មក​ដល់​កម្ពុជា​។ ​បុរស​ជនជាតិ​បារាំង​ខាង​លើនេះ ត្រូវ​បាន​អាជ្ញាធរកម្ពុជានាំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី (មន្ទីរពេទ្យ​ខ្មែរ-សូវៀត)​។ ចំណែក​ប្រពន្ធ​ និង​កូន​របស់​គាត់​ កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​​ប្អូន​របស់​គាត់​ នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ ទីក្រុង​ភ្នំ​ពេញ​ ក្រោម​ការ​តាម​ដាន​​ពី​អាជ្ញា​ធរ​ និង​មន្ត្រី​​សុខាភិបាល​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅប្រទេស​វៀតណាម៖

    គិត​មក​ដល់​ល្ងាច​នេះ ប្រទេស​វៀត​ណាម បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 សរុប​ចំនួន 53នាក់ ក្នុង​នោះ​មាន​ 16នាក់​បាន​ជា​សះស្បើយ​។ ក្នុង​ចំណោម​37ករណី​ថ្មី​ដែល​ទើប​បាន​រក​ឃើញថ្មី​ៗ​នេះ មាន​13នាក់​ជា​ជនជាតិ​បរទេស​ និង​24នាក់ ជា​ជនជាតិ​វៀត​ណាម។ អ្នក​ទាំង​នេះ កំពុង​ទទួល​ការ​ព្យា​បាល​នៅ​ក្នុង​មន្ទីរពេទ្យ​ផ្សេង​ៗ នៅ​គ្រប់​តំបន់​នៃ​ប្រទេស​នេះ​។

    -នៅ​ភាគ​ខាង​ជើង មន្ទីរពេទ្យ​នានា​ (ទីក្រុង​ Ha Noi ខេត្ត​ Ninh Binh និង​ខេត្ត Quang Ninh) កំពុង​ព្យាបាល​អ្នកជំងឺ​កូរ៉ូណា COVID-19 ចំនួន​17​នាក់ ក្នុង​នោះ​មាន​ 9នាក់​ ជា​ជនជាតិ​វៀត​ណាម។

    -នៅ​ភាគ​កណ្ដាល (ខេត្ត​ Thua Thien Hue ទីក្រុង​ Da Nang និង​ខេត្ត​ Binh Thuan) មាន​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យា​បាល​ចំនួន16នាក់ ក្នុង​នោះ​មាន​10​នាក់​ ជា​ជន​ជាតិ​វៀត​ណាម​។

    -ចំណែក​នៅ​ឯ​ភាគ​ខាង​ត្បូង (ទីក្រុង​ហូជីមិញ) វិញ មាន​អ្នក​ជំងឺ​ចំនួន4នាក់ ក្នុង​នោះ​​ ​មាន​3នាក់​ជា​ជន​ជាតិ​វៀត​ណាម​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅទូទាំង​ពិភពលោក៖

    COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វា​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង 162.187​នាក់​ បាន​ឆ្លង​រោគ ក្នុង​នោះ​មាន​ 5.974​នាក់​បាន​បាត់​បង់​ជីវិត និង​ 75.967​​នាក់​បាន​ជា​សះ​ស្បើយ​៕