Tag: Venezuela

  • ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប “​ឈាម​គោ” ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​(វីដេអូ)

    ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប “​ឈាម​គោ” ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​(វីដេអូ)

    ចាប់​តាំង​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ចេញ​បម្រាម​គោចរ​​ ជា​រៀង​រាល់​ថ្ងៃ​ គេ​ឃើញ​មាន​ប្រជា​ជន​ក្រីក្រ​ជា​ច្រើន​តែង​តែ​នាំ​គ្នា​មក​តម្រៀង​ជួរ​រង់​ចាំ​នៅខាង​ក្រៅ​ទីតាំង​​កាប់​គោ​មួយ​កន្លែង​នៅ​ក្នុង​ទីរួម​ស្រុក​​ភាគ​ខាង​លិច​តំបន់ San Cristobal ដើម្បី​ទទួល​យក​ប្រូតេអ៊ីន​ដោយ​មិន​គិត​ថ្លៃ​តែ​មួយ​គត់​ នោះគឺ​ “ឈាម​សត្វ”។

    ជាង​ជួស​ជុល​ម៉ាស៊ីនម្នាក់​ ឈ្មោះ Aleyair Romero អាយុ​20​ឆ្នាំ តែ​ងតែ​មក​សុំ​ឈាម​សត្វ​ពី​កន្លែង​កាប់​គោ​ 2លើក​ក្នុង​1សប្ដាហ៍​។ Aleyair Romero​ បាន​បាត់​បង់​ការ​ងារ​​ ធ្វើ​ឱ្យ​គាត់​គ្មាន​​​ប្រាក់​ទិញ​អាហារ​ហូប​ប្រចាំ​ថ្ងៃ​ ចំណែក​អាហារ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​​លោក​ Nicolas Maduro ក៏​មាន​ការ​យឺត​យ៉ាវ​។ “ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​អាហារ​ដែល​ខ្ញុំ​អាច​រក​បាន​” Romero ថ្លែង​បែប​នេះ ខណៈ​កំពុង​កាន់​កូន​ធុង​តូច​មួយ​ រង់ចាំ​ទទួល​យក​ឈាម​សត្វ​ដែល​កន្លែង​សម្លាប់​សត្វ​មួយ​នេះ​កំពុង​ចែក​ជូន​ដោយ​មិន​គិត​ថ្លៃ​។

    ឈាម​គោ​គឺជា​ផ្នែក​មួយ​នៃ​ទំនៀម​ទម្លាប់​ក្នុងការ​ចម្អិន​ស៊ុប​ ភីឆុន(pichon)​របស់​ជនជាតិ​វ៉េណេស៊ុយអេឡា​នៅ​តំបន់​ Andes។ អ្នក​ក្រី​ក្រ​ជា​ច្រើន​ បាន​ចាប់​ផ្ដើម​ស្វែង​រក​ឈាម​គោ​តាំង​ពីវិបត្តិ​ COVID-19 ចាប់​ផ្ដើម​​​កើត​ឡើង​ក្នុង​ប្រទេស​នេះ។

    នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដើម​ឡើយ​គេ​ឃើញ​មាន​មនុស្ស​តិច​ណាស់​ដែល​ហូប​ឈាម​គោ​ជំនួស​សាច់​ ព្រោះ​ថា​ ឈាម​គោ​មាន​តម្លៃ​ថ្លៃ​។ ប៉ុន្តែ ចាប់​តាំង​ពី​ប្រធានាធិបតី​ Maduro ចេញ​បញ្ជា​ឱ្យ​ដំឡើង​ប្រាក់​ខែ​បន្ថែម​ 150,000​បូលីវ៉ា(bolivar) (ប្រហែល​​1.7​ដុល្លារ) កាល​ពី​ខែ​តុលា​2019 អត្រា​នៃ​ការ​លក់​ឈាម​សត្វ​នៅ​ប្រទេស​នេះ ក៏បាន​កើន​ឡើង​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

    ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប "​ឈាម​គោ" ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​បើ​ទោះ​ជា​មាន​អ្នក​ស្លាប់ដោយ​សារ​វីរុស​COVID-19 ​ត្រឹម​តែ​10​នាក់ និង​អ្នក​ជំងឺសរុប​​445​នាក់ ប៉ុន្តែ ប្រជា​ជន​ក្នុង​ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​​ក៏​ត្រូវ​ទទួល​ផល​វិបាក​ខ្លាំង​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ និង​ការ​យឺតយ៉ាវ​នៃ​កម្មវិធី​ផ្គត់​ផ្គង់​អាហារ​ CLAP របស់​រដ្ឋាភិបាល​។

    នៅ​មុន​វិបត្តិ​ COVID-19 អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ហៅ​គ្រោះ​ទុរភិក្ស​​នៅ​វ៉េណេស៊ុយអេឡា​ថា​ជា​វិបត្តិ​មនុស្ស​ធម៌អាក្រក់​បំផុត​មួយ​ក្នុង​ពិភពលោក​នា​ឆ្នាំ​2019 ខណៈ​ដែល​មនុស្ស​​9.3​លាន​នាក់​ក្នុង​ចំណោម​ប្រជា​ជន​សរុប​30​លាន​នាក់​ មិន​មាន​ស្បៀង​អាហារ​គ្រប់​គ្រាន់​។ ជា​លទ្ធ​ផល​ មនុស្ស​ប្រមាណជា​5​លាន​នាក់​បាន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​។

    ថ្វី​បើ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡង​ប្រកាស​ថា បាន​រកឃើញ​អ្នកជំងឺ​កូរ៉ូណា​ត្រឹម​តែ​440​នាក់​ និង​អ្នក​ស្លាប់​ត្រឹម​តែ​10​នាក់​ ក៏ប៉ុន្តែ ក្រុម​អ្នក​តាម​ដាន​ស្ថាន​ករណ៍​ជឿ​ថា តួលេខ​ពិត​ប្រាកដ​គឺ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​។

    ទីតាំង​ផ្ដល់​អាហារ​ដោយ​មិន​គិត​ថ្លៃ ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ព្រោះ​តែ​ការ​យឺត​យ៉ាវ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​បែង​ចែក​អាហារ​ ហើយបម្រាម​គោចរ​ដែល​បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ពាក់កណ្ដាល​ខែ​មីនា​ បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ការ​ងារ​។ Romero បាន​ឱ្យ​ដឹង​ថា “រដ្ឋាភិបាល​បញ្ជូន​អាហារ​មក​ឱ្យ​ប្រជា​ជន​ តាម​តែ​ចិត្ត​របស់​ពួក​គេ​”។

    ក្រុម​អ្នក​បម្រើ​​នៅ​ឯ​ទីតាំង​ចម្អិន​អាហារ​មួយ​ក្នុង​តំបន់​ក្រីក្រ​នៃ​រដ្ឋធានី​ Caracas ដែល​ចាត់​ចែង​ដោយ​ក្រុម Feeding Solidarity បាន​និយាយ​ថា ជា​ធម្មតា​ពួកគេ​ចម្អិន​ និង​ផ្គត់​ផ្គង់​អាហារ​ឱ្យ​កុមារ​ត្រឹម​តែ​80​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ត្រូវ​ផ្គត់ផ្គង់​ដល់​មនុស្ស​ពេញ​វ័យ​ចំនួន​350​នាក់​បន្ថែម​ទៀត​។

    ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប "​ឈាម​គោ" ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​នៅ​ពេល​ទទួល​ស៊ុប​មួយ​ចាន​ ជាមួយ​នឹង​សាំងវិច​មួយ​ដុំ​ ស្ដ្រី​មួយ​ចំនួន​បាន​ទុក​អាហារ​ខ្លះ​ឱ្យ​កូន​ហូប​នៅ​​​ព្រឹក​ស្អែក​។ អ្នកស្រី​ Ysimar Pernalete អាយុ​38​ឆ្នាំ មាន​កូន​2នាក់​ បាន​ឱ្យ​ដឹង​ថា “អាហារ​ដែល​បាន​ពី​កម្មវិធី​ CLAP មិន​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​យើង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​ទេ​។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​និយាយ​ជាមួយ​កូន​ៗ​ថា “ម្ដាយ​មិន​មាន​អ្វី​ឱ្យ​កូន​ហូប​នោះ​ទេ!​”?។

    នៅ​ឯ​កន្លែង​កាប់​គោ​ក្នុង​តំបន់ San Cristobal មនុស្ស​ប្រមាណ​ពី​30ទៅ​40​នាក់ នាំ​គ្នា​តម្រៀប​ជួរ​រៀង​រាល់​ថ្ងៃ​ដើម្បី​សុំ​ឈាម​។​ បុគ្គលិក​ម្នាក់​នៅ​កន្លែង​សម្លាប់​​សត្វ​នេះ​ថ្លែង​ថា ឈាម​សត្វ​នឹង​ត្រូវ​គេ​ស្អប់​នៅក្នុង​សម័យ​ក្រោយ​ COVID-19 មិនខាន​។

    “ពួក​យើង​ឃ្លាន​ខ្លាំង​ណាស់​” Baudilio Chacon អាយុ​46​ឆ្នាំ ជា​កម្មករ​សំណង់​ម្នាក់​ដែល​បាន​បាត់​បង់​ការ​ងារ​​ដោយ​សារ​វិធាន​ការ​ទប់​ទល់​នឹង​COVID-19 និយាយ​បែប​នេះ​នៅ​ពេល​គាត់​កំពុង​រង់ចាំ​ទទួល​ឈាម​សត្វ​ពី​កន្លែង​កាប់គោ​។ គាត់​បន្ថែម​ថា “ខ្ញុំ​មាន​បង​ប្អូនប្រុស​​4​នាក់ និង​ក្មេង​អាយុ​10​ឆ្នាំ​ម្នាក់។ ពួក​យើង​រស់បាន​​ដល់​ពេល​នេះ​គឺ​ដោយ​សារ​គុណ​របស់​ឈាម​សត្វ​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អតីត​ទាហាន​​ពិសេស​អាមេរិកាំង​សារ​ភាព​ថា លោក​ Trump ​នៅ​ពី​ក្រោយ​​ “ផែន​ការ​ចាប់​ជំរឹត” ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា

    អតីត​ទាហាន​​ពិសេស​អាមេរិកាំង​សារ​ភាព​ថា លោក​ Trump ​នៅ​ពី​ក្រោយ​​ “ផែន​ការ​ចាប់​ជំរឹត” ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា

    អតីត​ទាហាន​ពិសេស​​របស់​សហរដ្ឋ​អាមេរិក Denman បាន​សារ​ភាព​នៅ​លើ​ទូរទស្សន៍​វ៉េណេស៊ុយ​អេឡា​ថា ខ្លួន​ត្រូវ​បាន​គេ​សន្យា​ផ្ដល់​ប្រាក់​100,000​ដុល្លារ​អាមេរិក​ ដើម្បី​ដឹក​នាំ​ទាហាន​ស៊ី​ឈ្នួល​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​ចាប់​ជំរឹត និង​នាំ​ខ្លួន​លោក​​ប្រធានា​ធិបតី​ Maduro ទៅកាន់​សហរដ្ឋ​អាមេរិក​។

    ទូរទស្សន៍​ TeleSUR របស់​វ៉េណេស៊ុយអេឡា​ កា​លពីថ្ងៃទី​6​ឧសភា បាន​ចេញ​ផ្សាយ​វីដេអូ​ស្ដី​អំពី​ការ​សារ​ភាព​របស់​ Luke Denman អាយុ​34​ឆ្នាំ ដែល​ជា​អតីត​ទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិកដែល​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សកម្ម​ភាព​លុក​ចូល​ឆ្នេរ​សមុទ្រ​វ៉េណេស៊ុយ​អេឡា​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី​4​ឧសភា​កន្លង​ទៅ។

    នៅក្នុង​វីដេអូ​នោះ Denman បាន​ឱ្យ​ដឹង​ថា​ ខ្លួន​ត្រូវ​បាន​អតីត​ទាហានពិសេស​​អាមេរិកាំង​ឈ្មោះ Jordan Goudreau ជ្រើសរើស​កាល​ពី​ខែ​ធ្នូ2019 ដោយ​សន្យា​ថា​ នឹង​ឱ្យ​ប្រាក់​ឈ្នួល​100,000​ដុល្លារ​ដើម្បី​បង្វឹក​ខ្មាន់​កាំភ្លើង​រាប់​សិប​នាក់​ ក្នុង​បំណង​វាយ​ដណ្ដើម​ព្រលាន​យន្ត​ហោះ​មួយ​នៅ​ទីក្រុង​ Caracas ដើម្បី​ចាប់​ជំរឹត​ និង​នាំ​ខ្លួន​ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា​​ លោក Nicolas Maduro ទៅ​​កាន់​សហរដ្ឋ​អាមេរិក​។

    Luke Denman អាយុ​34​ឆ្នាំ ជា​អតីត​ទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិក
    Luke Denman អាយុ​34​ឆ្នាំ ​ជា​អតីត​ទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិក

    Denman និយាយ​ថា “ខ្ញុំ​ជួយ​ជន​ជាតិ​វ៉េណេស៊ុយ​អេឡា​ ក្នុង​ការ​ដណ្ដើម​អំណាច​​គ្រប់​គ្រង​ប្រទេស​របស់​ពួកគេ​ ដោយ​​ការ​​វាយ​ដណ្ដើម​ព្រលាន​យន្ត​ហោះ បង្កើត​ព្រំ​ដែន​ខាង​ក្រៅ​ និង​ទាក់ទង​ជាមួយ​មជ្ឈមណ្ឌល​គ្រប់​គ្រង​អាកាស​ចរណ៍​ ដើម្បី​នាំ​យន្ត​ហោះ​ចូល​ ក្នុង​នោះ​មាន​មួយ​គ្រឿងសម្រាប់​​ដឹក​លោក Maduro ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក​”។

    នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​អ្នក​ដែល​បាន​ចេញ​បញ្ជា​ឱ្យ​ Jordan Goudreau លោក Denman និយាយ​ថា “ប្រធានាធិបតី​ Donald Trump”។ បុរស​នេះ​ឱ្យ​ដឹង​ថា​ បទ​បញ្ជា​ដែល​ទទួល​បាន​ពី​ Jordan Goudreau គឺ​តម្រូវ​ឱ្យ​គ្រប់​គ្រង​​ព្រលាន​យន្ត​ហោះ​ឱ្យ​បាន​ ដើម្បី​នាំ​លោក Maduro ចាក​ចេញ​ពី​វ៉េណេស៊ុយ​អេឡា ក៏​ដូច​ជា​ដើម្បី​​ទទួល​អាវុធ​។

    Denman និយាយ​ថា ខ្លួន​រស់នៅ​ក្នុង​ទីក្រុង​ Austin រដ្ឋ Texas នៃ​សហរដ្ឋ​អាមេរិក​។ Denman រួម​ជាមួយ​អតីត​ទាហាន​ពិសេស​អាមេរិកាំង​ម្នាក់​ទៀត​គឺ Airan Berry អាយុ​41​ឆ្នាំ បាន​ជិះ​យន្ត​ហោះ​មក​ដល់​កូឡុំ​ប៊ី​កាលពី​ថ្ងៃទី​16​មករា​ ដើម្បី​បង្វឹកទាហាន​ស៊ីឈ្នួល​​​60​នាក់​​ ដែល​ក្រោយ​មក ទាហាន​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង Riohacha នៅ​ភាគ​ខាង​ជើង​ប្រទេស​កូឡុំប៊ី ហើយ​ស្នាក់​នៅ​ក្នុង​ផ្ទះ​2ខ្នង​ ដើម្បី​រៀប​ផែន​ការ​វាយ​លុក​។

    Denman ឱ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​ការ​5ឆ្នាំ​នៅក្នុង​ជួរ​កង​កម្លាំង​ពិសេស​អាមេរិកាំង​ ក្រោយ​មក​បាន​ចាក​ចេញ​ពីកង​ទ័ព​ និង​ចូល​រួម​ក្នុង​វិស័យ​សន្តិសុខ​ឯកជន​ ឬ​ហៅ​ថាទាហាន​ស៊ីឈ្នួល​។

    Luke Denman អាយុ​34​ឆ្នាំ ដែល​ជា​អតីត​ទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិកDenman និង​ Berry ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​វ៉េណេស៊ុយ​អេឡា​ បន្ទាប់​ពី​បាន​​ធ្វើ​សកម្ម​ភាព​វាយ​ឆ្មក់​បរាជ័យ​​​នៅ​ទីក្រុង​ La Guaira របស់​ប្រទេស​វ៉េណេស៊ុយ​អេឡេ​។ អតីត​ទាហាន​ពិសេស​ Jordan Goudreau ក្រោយ​មក​ក៏បាន​ទទួល​ស្គាល់​ថា​ បាន​រៀប​ផែន​ការ​សម្រាប់​វាយ​ឆ្មក់​នេះ​មែន។

    របាយការណ៍​ស៊ើប​អង្កេត​ដែល​ត្រូវ​បាន​សារ​ព័ត៌មាន AP ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​2ឧសភា​ បាន​ឱ្យ​ដឹង​ថា Denman ធ្លាប់​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ Berry នៅ​មជ្ឈិម​បូព៌ា​ផងដែរ​។

    ប្រធានាធិបតី​​ Maduro ដែល​ជា​អ្នក​​​​បង្ហាញ​វីដេអូ​នៅ​លើ​ TeleSUR បាន​ប្រកាស​ថា សម្ដី​សារ​ភាព​របស់ Denam បង្ហាញ​ថា​សេត​វិមាន​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​វាយ​ឆ្មក់​បរាជ័យ​ខាង​លើ​នេះ​។

    ក៏ប៉ុន្តែ កាល​ពី​ថ្ងៃទី​6ឧសភា​ ប្រធានាធិបតី​ Donald Trump បាន​ប្រកាស​ថា ករណី​វាយ​ឆ្មក់​នៅ​វ៉េណេស៊ុយ​អេឡា​ មិន​​​ជាប់​ទាក់​ទិន​នឹង​រដ្ឋាភិបាល​អាមេរិកាំង​នោះ​ទេ​។ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា​ ការ​ចោទ​ប្រកាន់​របស់​វ៉េណេស៊ុយ​អេឡា​​គឺ​ជា​រឿង​ “កំប្លែង​”​ ហើយ​អះអាង​ថា សកម្ម​ភាព​យោធា​ដែល​អាមេរិកាំង​​ធ្វើ​ឡើង​ “នឹង​មាន​ភាព​ខុស​គ្នា​ច្រើន​”​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​