Tag: US

  • New York សុំ​ជំនួយ​បន្ទាន់!​ ព្រោះ​តែ​COVID-19

    New York សុំ​ជំនួយ​បន្ទាន់!​ ព្រោះ​តែ​COVID-19

    អភិបាល​រដ្ឋ​​ New York លោក Cuomo អំពាវនាវ​សុំ​ជំនួយ​ផ្នែក​សុខាភិបាល​ជា​បន្ទាន់​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទី​នេះ​ បាន​កើន​ឡើង​លើស​1,200​ករណី​។

    “សូម​មេត្តា​ចូល​មកជួយ​ New York ជា​បន្ទាន់​។ យើង​បាន​បាត់​បង់​មនុស្ស​ជាង​1,000​នាក់​ហើយ​។ ចំពោះ​ខ្ញុំ គឺ​យើង​បាន​ឆ្លង​មក​ដល់​ចំណុច​ដែល​លើស​ពី​ការ​គួរ​ឱ្យ​ខ្លាច​ទៅ​ហើយ​” អភិបាល​រដ្ឋ New York លោក Andrew Cuomo មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​30​មីនា​កន្លង​ទៅ​។

    លោក​អភិបាល​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ចំនួន​អ្ន​ក​ស្លាប់​ដោយ​សារ​វីរុសCOVID-19​ នៅ​ក្នុង​រដ្ឋ​​ដែល​លោក​កាន់​កាប់ គឺ​បាន​កើន​ជាង​250​នាក់​បន្ថែម​ទៀត​​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជាង​1,200​នាក់​។ លោក​ Cuomo ថ្លែង​ថា​ រដ្ឋ​ New York ត្រូវ​ការ​បុគ្គលិក​សុខាភិបាល​ប្រមាណ​ជាង​1​លាន​នាក់​បន្ថែម​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​សុខ​ភាព​នា​បច្ចុប្បន្ន​។ មន្ត្រី​​អាមេរិកាំង​ជា​ច្រើន​រូប​ក៏បាន​ព្រមាន​ថា​ ស្ថាន​ភាព​នៅ​ New York នា​ពេល​នេះ អាច​​ជា​សេណារីយ៉ោ​មួយ​ដែល​រដ្ឋ​ផ្សេង​ៗ​ទៀត​នឹង​ត្រូវ​ជួប​ប្រទះ​នាពេល​ដ៏ខ្លី​ខាង​មុខ​។

    នៅ​មុន​ពេល​អភិបាល​រដ្ឋ​ New York បាន​អំពាវនាវដូច​ខាង​លើ ក្រុមអ្នក​ជំនាញ​ រួម​នឹង​ក្រុម​វេជ្ជ​បណ្ឌិត​ និង​បុគ្គលិក​សុខាភិបាល​​ជិត​80,000​នាក់​នៅ​ New York បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ធ្វើ​ “សង្គ្រាម​” ប្រឆាំង​នឹង​ COVID-19។ នាវា​មន្ទីរពេទ្យ​ USNS Comfort ដែល​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​ចំនួន​1,000គ្រែ​ ក៏ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​នេះ កាល​ពី​ថ្ងៃទី​30​មីនា​កន្លង​ទៅ​ ដើម្បី​ជួយ​កាត់​បន្ថយ​ស្ថាន​ភាព​លើស​ចំណុះ​របស់​បណ្ដា​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​។

    នៅ​ឯ​រដ្ឋ California វិញ ក្រុម​មន្ត្រី​ក៏បាន​ស្នើ​សុំ​ដូច​ខាង​លើ​នេះ​ដែរ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ នៅ​ពេល​ដែល​ចំនួន​អ្នកជំងឺ​ត្រូវ​ចូល​ព្យាបាល​ បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ត្រឹម​4​ថ្ងៃ​មក​នេះ​ ហើយ​អ្នក​ជំងឺ​ដែល​ត្រូវ​ព្យាបាល​ជា​ពិសេស​ បន្ទាន់​ក៏បាន​កើន​ឡើង​ជាង​3​ដង​ផងដែរ​។

    នេះ​គឺជា​សញ្ញា​បង្ហាញ​ថា “សង្គ្រាម​” ប្រឆាំង​នឹង​ COVID-19 នឹង​បន្ត​អូស​សន្លាយ​ពេល​យូរ​ត​ទៅ​ទៀត ខណៈ​ដែល​វីរុស​នេះ​បាន​រាល​ដាល​ដល់​ប្រទេស​ និងដែន​ដី​ចំនួន​200​​ នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​សហរដ្ឋ​អាមេរិកគឺ​ជា​សម្បុក​មេរោគ​ធំ​បំផុត​។ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ជា​235​លាន​នាក់​ ស្មើ​នឹង​2/3​នៃ​ប្រជា​ជន​សរុប កំពុង​រស់​នៅ​ក្នុង​បម្រាម​គោចរ​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • បុគ្គលិក​ពេទ្យ​​អាមេរិកាំង បាន​ជួយ​ឱ្យ​អ្នកជំងឺ​COVID-19ជិត​ស្លាប់​ម្នាក់​ និង​កូន​ចៅ​ បាន​លា​គ្នា​ជា​​លើក​ចុង​ក្រោយ​ តាម​រយៈ​ទូរស័ព្ទ​

    បុគ្គលិក​ពេទ្យ​​អាមេរិកាំង បាន​ជួយ​ឱ្យ​អ្នកជំងឺ​COVID-19ជិត​ស្លាប់​ម្នាក់​ និង​កូន​ចៅ​ បាន​លា​គ្នា​ជា​​លើក​ចុង​ក្រោយ​ តាម​រយៈ​ទូរស័ព្ទ​

    គិលានុដ្ឋាយិកា​ម្នាក់​នៅ​ក្នុង​រដ្ឋ​ Washington បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​​ភ្ជាប់ទៅ​កាន់​កូន​របស់​អ្នកជំងឺ​​ COVID-19 ដើម្បី​ឱ្យ​ពួកគេ​បាន​ជួប​មុខ​គ្នា​ជា​លើក​ចុង​ក្រោយ​បង្អស់។

    អ៊ំស្រី​ Carolann Gann អាយុ​75​ឆ្នាំ ធ្លាប់​ធ្វើ​ជា​គិលានុបដ្ឋាក​ជាង​30​ឆ្នាំ បាន​ធ្លាក់​ខ្លួន​ឈឺ​​នៅ​ឯ​មជ្ឈមណ្ឌល​ចាស់​ជរា​មួយ​នៅ​ Issaquah ជាយ​ក្រុង​ Seattle កាល​ពី​សប្ដាហ៍​មុន​។ អ៊ំស្រី​រូប​នេះ បាន​ទូរស័ព្ទ​ទៅ​កូន​ស្រី​ ឈ្មោះ​ Michelle Bennett ដែលជា​នគរ​បាល​ជាន់​ខ្ពស់​ម្នាក់​ ដើម្បី​ប្រាប់​ថា បុគ្គលិក​ពេទ្យ​កំពុង​ធ្វើ​តេស្ត​​រកមេរោគ​ឱ្យ​គាត់​។

    បន្ទាប់​មក​ គាត់​ក៏​ត្រូវ​បាន​នាំ​ទៅ​កាន់មន្ទីរ​ពេទ្យ​ ប៉ុន្តែ​សុខ​ភាព​របស់​គាត់​ កាន់​តែ​ដុន​ដាប​ទៅ​ៗ​។ អ៊ំស្រី​ Gann បាន​បាត់​បង់ជីវិត​កាល​ពីថ្ងៃទី​27​មីនា​ ដោយ​ពុំមាន​កូន​ចៅ​ណា​​ម្នាក់​នៅ​ក្បែរ​ទាល់​តែសោះ​ ព្រោះ​តែ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មន្ទីរពេទ្យ ដោយ​សារ​ COVID-19។

    Bennett និយាយ​ថា “ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​សោះ​ថា កាល​ពី​សប្ដាហ៍មុន​ ម្ដាយ​របស់​ខ្ញុំ​នៅ​ឯមជ្ឈមណ្ឌល​ថែទាំចាស់​ជរា ហើយ​7​ថ្ងៃ​ក្រោយ គាត់​បែរ​ជា​ទៅ​ចោល​ខ្ញុំ​ដូច្នេះ​សោះ​។ ហេតុ​អី​ក៏រឿង​នេះ​អាច​កើត​ឡើង​បាន​?។ ម្ដាយ​ខ្ញុំ​ បាន​ទូរស័ព្ទ​ប្រាប់​ថា គាត់​បាន​ឆ្លង​ COVID-19។ ពេល​នោះ ពិភពលោក​ហាក់​ត្រូវ​បាក់​រលំ​ម​កលើ​​រូប​ខ្ញុំ​ដូច្នោះ​​ដែរ​”។

    Bennett ដែល​ជា​ស្ត្រី​ភេទ​ទី​3​ម្នាក់ ហើយ​ប្រពន្ធ​របស់​នាង​ឈ្មោះ​ Brand Gordon Bennet បាន​និយាយ​ថា បុគ្គលិក​ពេទ្យ​បាន​ធ្វើ​រឿង​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​ម្ដាយ​ពួកគេ​បាន​ស្ងប់​ចិត្ត។

    “ពួក​យើង​ទាំង​អស់​គ្នា បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​លាគ្នា​ជា​លើក​ចុងក្រោយ​។ ពិត​ជា​គួរ​ឱ្យ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​។ ចៅ​ៗ​របស់​គាត់ យំ​បណ្ដើរ​ និយាយ​លា​គាត់​បណ្ដើរ​។ គាត់​អាច​ស្ដាប់ និង​និយាយ​ជាមួយ​ពួកគេ​បាន​។ គាត់​និយាយ​ជាមួយ​ក្មេង​ៗ​ថា គាត់​ពិត​ជា​មាន​មោទនភាព​ចំពោះ​ពួកគេ​ខ្លាំង​ណាស់​” Bennett និយាយ​បណ្ដើរ​ស្រក់​ទឹក​ភ្នែក​​បណ្ដើរ​។

    នៅ​ពេល​ដែល​ស្ថាន​ភាព​ជំងឺ​របស់​អ៊ំស្រី Gann កាន់​តែ​អាក្រក់​ទៅ​ៗ បុគ្គលិក​ពេទ្យ​ម្នាក់​បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​ ភ្ជាប់​ទៅ​កាន់​កូន​របស់​អ្នក​ជំងឺនេះ​ ដោយ​ឱ្យ​ពួកគេ​បាន​ជួប​គ្នា​ជា​លើក​ទី​2 ដែល​ជាលើក​ចុង​ក្រោយ​បង្អស់។

    សុខភាព,កូរ៉ូណា,អាសន្នរោគ,មេរោគ,covid-19,coronavirus,2020,ជំងឺរាតត្បាត,us,អាមេរិកាំង,សហរដ្ឋអាមេរិកBennett និយាយ​ថា “បុគ្គលិក​ពេទ្យម្នាក់​​នោះ​ បាន​លើក​ទូរស័ព្ទ​នៅ​ចំពោះ​មុខ​ម្ដាយ​ខ្ញុំ ហើយ​ខ្ញុំ​អាច​មើល​ឃើញ​ និង​ដឹង​អំពី​ដង្ហើម​របស់​គាត់​។ ពេល​នោះ ខ្ញុំ​អាច​និយាយ​ពាក្យ​ថា​ “លា” ទៅកាន់​ម្ដាយ​ខ្ញុំ​ ហើយ​ថា ខ្ញុំ​ស្រឡាញ់​ និង​អាណិត​ម្ដាយ​ខ្លាំង​ណាស់​”។

    បន្ទាប់​ពី​អ៊ំស្រី Gann បាន​លា​ចាក​លោក​នេះ​ទៅ គិលានុបដ្ឋាក​​ម្នាក់​ក៏បាន​ទូរស័ព្ទ​មក​កាន់​គ្រួសារ​ Bennett។ បុគ្គលិក​ពេទ្យ​ម្នាក់​នេះ​បាន​ប្រាប់​ថា នាង​បានចាប់​ដៃ​ ​និង​យក​ដៃ​ច្បូត​សក់​ជូន​គាត់​ នៅ​ពេល​គាត់​កំពុង​បញ្ចប់​ដង្ហើម​ចុង​ក្រោយ​​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​199​ នៅ​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្សចំនួន​ 737,929​នាក់​បាន​បាត់​បង់ជីវិត​ និង​អ្នកជំងឺ​ប្រមាណជា​28,400​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ ខណៈ​ដែល​អ្ន​កជំងឺ​156,507​នាក់​ទៀត​បាន​ជា​សះស្បើយ​។ ចំណែក​សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន ជាសម្បុក​មេរោគ​កូរ៉ូណា​​ធំបំផុត​ក្នុងពិភពលោក ដោយ​មាន​អ្នក​ឆ្លង​មេរោគ​នេះ​សរុប​ឡើង​ដល់​143,055នាក់​ ក្នុង​នោះ​មាន2,513នាក់​បាន​បាត់បង់ជីវិត​ និង​4,865​នាក់​បាន​ជាសះ​ស្បើយ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Trump ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក

    Trump ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​ទំហំ​2.2​លាន​លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ និង​កម្មករ​អាមេរិកាំង​ដែ​ល​ជួប​ការ​លំបាក​ដោយ​សារ​វីរុស​COVID-19។

    “ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណ​រដ្ឋ ដែល​បាន​សាមគ្គី​គ្នា​ និង​យក​ប្រទេស​ជាតិ​ជា​ធំ​” ប្រធានាធីបតី​សហរដ្ឋ​អាមេរិក​ Donald Trump មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​27​មីនាកន្លង​ទៅ​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ខាង​លើ​។ លោក​បន្ថែម​ថា “យើង​ត្រូវ​បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ដោយ​សត្រូវ​លាក់​មុខ​។ ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា យើង​នឹង​ងើប​ឡើង​វិញ​បានយ៉ាង​ឆាប់​រហ័ស​”។

    នៅ​មុន​ពេល​ចុះ​ហត្ថលេខា លោក Trump បាន​លើក​តម្កើង​អំពី​ទំហំ​នៃ​​កញ្ចប់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​2លាន​លាន​ដុល្លារ​នេះ​។ “កន្លង​មក ខ្ញុំ​មិនដែល​បាន​ចុះ​ហត្ថលេខា​លើ​អ្វី​មួយ​ដែល​មាន​អក្សរ​លានលាន​ដូច្នេះ​នោះ​ទេ​”។

    មុន​នេះ កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ធំ​ជាង​គេបង្អស់់ក្នុង​ប្រវត្តិ​សាស្ត្រ​សហរដ្ឋ​អាមេរិក​នា​សម័យ​នេះ ក៏ត្រូវ​បាន​អនុម័ត​យល់​ព្រម​ដោយ​សភា​ជាន់​ខ្ពស់​អាមេរិកាំង​រួច​ហើយ។ កញ្ចប់​ថវិកា​នេះ​នឹង​ផ្ដល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ដែល​កំពុង​ជួប​ការ​លំបាក​ និង​ជួយ​កាត់​បន្ថយ​អត្រា​បាត់​បង់​ការ​ងារ​ ព្រម​ទាំង​ផ្ដល់​ជំនួយ​ជា​សាច់​ប្រាក់​សុទ្ធ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​រង​គ្រោះ​ព្រោះ​វីរុស​COVID-19។

    អ្វី​ដែល​ពល​រដ្ឋ​អាមេរិកាំង​មាន​ការ​សប្បាយ​ចិត្ត​ជាង​គេ​នោះ​គឺ​ ​​គម្រោង​ជំនួយ​ផ្ទាល់​ដល់​ប្រជា​ជន​។ ក្នុង​គម្រោង​ជំនួយ​នេះ ពលរដ្ឋ​ណា​ដែល​មាន​ចំណូល​ទាប​ជាង​75,000​ដុល្លារ​ក្នុង​1ឆ្នាំ​ នឹង​ទទួល​បាន​ប្រាក់​សុទ្ធ​ 1,200​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។

    មន្ទីរ​ពេទ្យ​នានា​នឹង​ទទួល​បាន​ជំនួយសរុប​ ​100​​ពាន់​លាន​ដុល្លារ​ពី​កញ្ចប់​ជំនួយខាង​លើ។​ ចំណែក​ក្រុម​ហ៊ុន​តូចៗ​នឹង​ទទួល​បាន​ទឹក​ប្រាក់​សរុប​ 350​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​ធំ​ៗដែល​រួម​ទាំង​​ក្រុម​ហ៊ុន​អាកាស​ចរណ៍ និង​ក្រុម​ហ៊ុន​នាវា​ទេសចរណ៍​ នឹង​ទទួល​បាន​ជំនួយ​សរុប​ 500​ពាន់​លាន​ដុល្លារ។ ចំណែក​150​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ទុក​សម្រាប់​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​របស់​រដ្ឋ​នីមួយ​ៗ រួម​នឹង​​តំបន់​​មូលដ្ឋាន​ផងដែរ។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopskins ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​27មីនាបាន​កើន​16,961​ករណី​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ឡើង​ដល់​ 102,936​​ករណី​ ក្នុង​នោះ​អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​ 1,607​ករណី ពោល​គឺ​កើន​312​ករណី​ បើធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19​​ ធំជាង​គេ​បង្អស់​នៅ​ទូទាំង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​​នៅ​សហរដ្ឋ​អាមេរិក កើន​លើស​100,000​នាក់​

    COVID-19! ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​​នៅ​សហរដ្ឋ​អាមេរិក កើន​លើស​100,000​នាក់​

    សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ឆ្លង​វីរុស​COVID-19 ជាង​100,000​នាក់ កើន​ជិត​17,000​នាក់​ បើ​ធៀប​នឹង​មុន​នេះ​1ថ្ងៃ​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ Johns Hopskins បាន​ឱ្យ​ដឹង​ថា តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី​27​មីនា បាន​កើន​16,961​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ទូទាំង​ប្រទេស​ឡើង​ដល់​102,936​នាក់​។ ចំនួន​អ្នក​ស្លាប់​ថ្មីដោយ​សារ​វីរុស​កូរ៉ូណា​នេះ កើន​312​នាក់​បន្ថែម​ទៀត​ ដូច្នេះ​ចំនួន​អ្នក​ស្លាប់​សរុប​​នៅ​សហរដ្ឋ​អាមេរិក​ ឡើង​ដល់​1,607​នាក់​។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​593,952​នាក់ ក្នុង​នោះ​មាន​27,341​នាក់​បាន​បាត់​បង់​ជីវិត​ និង​133,057​នាក់​ (ស្មើ​នឹង​22.3%​ នៃ​ចំនួន​អ្នក​ឆ្លង​មេរោគសរុប​) បាន​ជា​សះស្បើយ​។ ចំណែក​អ្នក​ជំងឺ​ដែល​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ មាន​ចំនួន​ដល់​ទៅ​ 23,519​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ពិភពលោក មកដល់ថ្ងៃនេះ៖ ខា​មេ​នេ​អ៊ី​ “មិនទទួលយកទឹកចិត្តសប្បុរស” របស់​អាមេរិក​ជួយ​​ស្ដារ​​វិបត្តិ,​ បុគ្គលិក​​ស្ថាប័ន​​ព័ត៌មាន​ NBC​ ឆ្លង​មេរោគ​ស្លាប់, “អាមេរិក” ឆ្លង​មេរោគ​​លំដាប់​​លេខ​​3​ ​ក្នុង​​ពិភព​​លោក, ​“អ៊ីតាលី”​ 1ថ្ងៃ ​ស្លាប់​ជិត ​800​នាក់…

    ពិភពលោក មកដល់ថ្ងៃនេះ៖ ខា​មេ​នេ​អ៊ី​ “មិនទទួលយកទឹកចិត្តសប្បុរស” របស់​អាមេរិក​ជួយ​​ស្ដារ​​វិបត្តិ,​ បុគ្គលិក​​ស្ថាប័ន​​ព័ត៌មាន​ NBC​ ឆ្លង​មេរោគ​ស្លាប់, “អាមេរិក” ឆ្លង​មេរោគ​​លំដាប់​​លេខ​​3​ ​ក្នុង​​ពិភព​​លោក, ​“អ៊ីតាលី”​ 1ថ្ងៃ ​ស្លាប់​ជិត ​800​នាក់…

    មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក យ៉ាឌុលឡោះហ៍ ខាមេនេអ៊ី កាលពីថ្ងៃទី22 មីនា ម្សិលមិញ បានប្រកាសមិនទទួលយកជំនួយគ្រប់រូបបែបពីសហរដ្ឋអាមេរិក សម្រាប់វិបត្តិមេរោគវីរុសកូរ៉ូណារាតត្បាត។ រកឃើញលោក លែរី អ៊ែដច៍វើធ(Larry Edgworth) បុគ្គលិកស្ថាប័នព័ត៌មានសហរដ្ឋអាមេរិក NBD News ស្លាប់កាលពីថ្ងៃព្រហស្បតិ៍(ទី19មីនា) បន្ទាប់ពីមិត្តរួមការងារម្នាក់ ដឹងលទ្ធផលឆ្លងមេរោគ 1ថ្ងៃមុន។ ទីក្រុងនីវយ៉ក រកឃើញអ្នកឆ្លងមេរោគថ្មី ចំនួន 8,115នាក់ ចំនួនស្លាប់ហក់ឡើងដល់ជាង 300នាក់ ជាប់លំដាប់​លេខ3 ទូទាំងពិភពលោក ចំណែកអ៊ីតាលី ក្នុង 1ថ្ងៃ(ម្សិលមិញ)មានអ្នកស្លាប់ចំនួន 793នាក់។

    CNN របស់សហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃនេះ(ទី23មីនា)ថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក យ៉ាឌុលឡោះហ៍ ខាមេនេអ៊ី កាលពីថ្ងៃអាទិត្យ(ទី22មីនា) បានចេញមកបដិសេធការជួយសង្គ្រោះពីសហរដ្ឋអាមេរិក សម្រាប់វិបត្តិការឆ្លងរាតត្បាតរបស់វីរុសកូវីដ-19 ដោយបានចង្អុលបង្ហាញថា “វាជារឿងចម្លែកខ្លាំងណាស់” ដោយមេដឹកនាំអ៊ីរ៉ង់ បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន អាចប្រើការជួយសង្គ្រោះខាងវេជ្ជសាស្ត្ររបស់ខ្លួននេះ ដើម្បីវាយប្រហារអ៊ីរ៉ង់។

    “ជួនកាល ការជួយសង្គ្រោះខាងវេជ្ជសាស្ត្រដែលបានរៀបចំឱ្យនេះ អាចជាឧបករណ៍មួយដើម្បីធ្វើឱ្យការឆ្លងរាតត្បាតនេះ កាន់តែអាក្រក់ទៅ ដូច្នេះទើបយើងគ្មានថ្ងៃនឹងជឿអ្នកឯងឡើយ”

    CNN បានចង្អុលបង្ហាញថា គឺជាការថ្លែងដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ក្នុងថ្ងៃចូលឆ្នាំថ្មីរបស់ប្រទេសអ៊ីរ៉ង់ ដោយលោក ខាមេនេអ៊ីថែមទាំងបានចំអកទៀតថា “វាជារឿងចម្លែកខ្លាំងណាស់” ដែលសហរដ្ឋអាមេរិកស្នើផ្ដល់ការជួយសង្គ្រោះខាងវេជ្ជសាស្ត្រ ទាំងក្នុងពេលនេះ កើតមានបញ្ហាខ្វះខាតផ្នែកនេះនៅក្នុងប្រទេសរបស់ខ្លួន ដោយមេដឹកនាំកំពូលអ៊ីរ៉ង បញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងមានបញ្ហាខ្វះខាតផ្នែកឧបករណ៍វេជ្ជសាស្ត្រ។

    យោងតាមតួលេខពីមហាវិទ្យាល័យ ចន ហប់ឃីនស៍ កាលពីថ្ងៃម្សិលមិញ(ទី22មីនា)បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកឆ្លងមេរោគ 20,610នាក់ ស្លាប់ 1,556នាក់ និងជាសះស្បើយចំនួន 7,635នាក់ ខណៈដែលសហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគជាប់លំដាប់លេខ3 ក្នុងពិភពលោកក្នុងពេលនេះ ចំនួន 26,747​នាក់ ស្លាប់ 340នាក់ និងជាសះស្បើយ 176នាក់។

    សម្រាប់ នីវយ៉ក ស៊ីធី ចុងក្រោយបំផុត មានការប្រកាសរកឃើញអ្នកឆ្លងមេរោគថ្មីចំនួន 8,115នាក់ និងស្លាប់​ 60នាក់ ពីចំនួនទាំងអស់ 1,450នាក់ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះរកឃើញអ្នកធ្ងន់ធ្ងរចំនួន 370នាក់។

    ចំណែកប្រទេសអេស្ប៉ាញ មានចំំនួនអ្នកឆ្លងមេរោគ 25,496នាក់ ស្លាប់ 1,381នាក់ និងនៅអ៊ីតាលី មានអ្នកឆ្លង 53,578នាក់ ស្លាប់ 4,825នាក់។ កាលពីថ្ងៃសៅរ៍ អ៊ីតាលីមានអ្នកស្លាប់ចំនួន 793នាក់ ដែលធ្វើឱ្យនៅទូទាំងប្រទេសអ៊ីតាលី មានចំនួនអ្នកស្លាប់ខ្ពស់ជាងចិន ដោយទាំងអស់នេះយោងតាមគណៈកម្មការសុខភាពនៃប្រទេសចិនដែលបានរកឃើញថា មានចំនួនអ្នកស្លាប់ 3,261នាក់ និងអ្នកឆ្លងមេរោគសរុប 81,054​នាក់ និងមានអ្នកជាសះស្បើយចំនួន 72,244នាក់។

    ផូលីទីកូ សារព័ត៌មានសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃសុក្រ(ទី20មីនា)ថា បុគ្គលិករបស់ស្ថានីយព័ត៌មាន NBC News លែរី អ៊ែដច៍វើធ បានស្លាប់ដោយសារវីរុសកូរ៉ូណា កាលពីថ្ងៃព្រហស្បតិ៍(ទី19មីនា) ដោយប្រធានគប់គ្រងរបស់ក្រុមហ៊ុន លោក អ៊ែនឌី លេកខ៍ បានប្រកាសឱ្យបានដឹងតាមរយៈកំណត់ត្រានៅក្នុងថ្ងៃសុក្រ។

    បុគ្គលិក NBC News បានដឹងលទ្ធផលនៃការឆ្លងមេរោគរបស់ លែរី អ៊ែដច៍វើធ នៅថ្ងៃពុធ(ទី18មីនា) និងបានដឹងថា លែរី បានធ្វើការនៅក្នុងស្ថាប័នព័ត៌មានមួយនេះយូរណាស់មកហើយ ភាគច្រើននៅក្នុងបន្ទប់​ឱបករណ៍ និងពេលមុននេះ ក្នុងឋានៈជាអ្នកបច្ចេកទេសសំឡេងរយៈពេល 25ឆ្នាំមកហើយជាមួយ NBC News៕

    https://www.youtube.com/watch?v=uZ4aEEcZxbM&feature=emb_logo

    https://www.youtube.com/watch?v=Gczmj1F42vc&feature=emb_logo

    ប្រភព ៖ សារព័ត៌មានបរទេស

  • មេទ័ព​កំពូល​របស់​ប្រទេស​អេហ្ស៊ីប​ បាន​ស្លាប់​ហើយ ដោយ​សារ​តែ​ឆ្លងមេរោគ COVID-19

    មេទ័ព​កំពូល​របស់​ប្រទេស​អេហ្ស៊ីប​ បាន​ស្លាប់​ហើយ ដោយ​សារ​តែ​ឆ្លងមេរោគ COVID-19

    កង​ទ័ព​អេហ្ស៊ីបបាន​ប្រកាស​ឱ្យ​ដឹង​ថា “ឧត្តមសេនីយ៍ Khaled Shaltout បាន​បាត់​បង់ជីវិត​” កាល​ពី​ម្សិល​មិញ ដែល​នេះ​ បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​​​ជា​មេទ័ព​កំពូល​បំផុត​ ដែល​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ក្នុង​ប្រទេស​មជ្ឈិម​បូព៌ា​មួយនេះ​។

    ឧត្តម​សេនីយ៍ Shaltout បាន​ឆ្លង​វីរុស​ COVID-19 នៅ​ពេល​ដែល​កំពុង​ដឹក​នាំ​ទាហាន​របស់​លោក​ ដើរ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​22​មីនា​។ យោធា​អេហ្ស៊ីប​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​ដើរ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទី​សាធារណៈ និង​ទីលាន​នានា​នៅ​ក្នុង​ទី​ក្រុង Cairo និង​ទីក្រុង​មួយ​ចំនួន​ផ្សេង​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ COVID-19។

    អេហ្ស៊ីប បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ជាង​320នាក់​ ក្នុង​នោះ​មាន​14​នាក់​បាន​បាត់​បង់ជីវិត​ និង​56​នាក់​បាន​ជា​សះស្បើយ​។ ប្រធានាធិបតី Abdel-Fattah el Sisi បានព្រមាន​ថា ចំនួន​អ្នក​ឆ្លង​រោគ COVID-19 អាច​នឹង​កើន​ឡើង​រាប់​ពាន់​នាក់ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បើ​សិន​ប្រជាពល​រដ្ឋ​មិន​អនុវត្ត​តាម​វិធានការដែល​បាន​ដាក់​ចេញ​។

    ប្រធានាធិបតី Abdel-Fattah el Sisi បាន​ថ្លែង​ថា “ប្រជាជន​អេហ្ស៊ីប សូម​ជួយ​ដល់​យើង​ខ្ញុំ! យើង​ចង់​ឱ្យ​ពល​រដ្ឋ​គ្រប់​គ្នា​ មាន​ភាព​ទទួល​ខុស​​ត្រូវ​ជាង​​នេះ​ ក្នុង​អំឡុង​2សប្ដាហ៍​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស COVID-19​ នៅ​អេហ្ស៊ីប​”។

    មុន​នេះ ប្រធានាធិបតី​អេហ្ស៊ីប បាន​ឱ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​អេហ្ស៊ីប បាន​បែង​ចែក​ថវិកា​ជាង​6.3​ពាន់​លាន​ដុល្លារ​អាមេរិក​ សម្រាប់កិច្ច​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត COVID-19។

    ប្រទេស​អេហ្ស៊ីប បាន​បិទ​សាលា​រៀន និង​ស្នើ​ឱ្យ​គ្រប់​វិហារ​សាសនា​ ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​រយៈ​ពេល​14​ថ្ងៃ​ ដើម្បី​កុំ​ឱ្យ​ក្រុម​សាសនិក​មាន​ឱកាស​​ជួប​ជុំ​គ្នា​។ ភោជនីយដ្ឋាន ហាង​កាហ្វេ ក្លិប​កម្សាន្ត និង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ជា​ដើម​ ក៏ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​។

    COVID-19 បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​ ចាប់​ពី​ខែធ្នូ ឆ្នាំ​2019 ហើយ​បាន​រាល​ដាល​​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​192​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង 338,720​នាក់​​បាន​ឆ្លង​រោគ និង​ជាង​14,680​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ជំងឺ​ជាង​ 14,000​នាក់បាន​ស្លាប់​ និងជាង​​10,000នាក់​​ប្រឈម​នឹង​ការ​ស្លាប់​ ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    អ្នក​ជំងឺ​ជាង​ 14,000​នាក់បាន​ស្លាប់​ និងជាង​​10,000នាក់​​ប្រឈម​នឹង​ការ​ស្លាប់​ ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 កំពុង​បន្ត​កើន​ឡើងខ្លាំង​នៅ​អឺរ៉ុប ធ្វើ​ឱ្យ​អ្នក​ស្លាប់​កើន​ដល់​ជាង​ 14,000​​ករណី​ ក្នុង​ចំណោម​អ្នក​ឆ្លង​រោគ​ ជាង​ 335,000​នាក់​​។

    COVID-19 បង្ហាញ​ខ្លួន​នៅ​ប្រទេស​ និង​ដែន​ដី​ចំនួន​192 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ ប្រទេស​អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​រោគ​កូរ៉ូណា​ច្រើន​ជាង​គេ​បំផុត​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​។

    ប្រទេស​អ៊ីតាលី ជា​សម្បុកមេរោគ​ COVID-19 ធំបំផុត​នៅ​អឺរ៉ុប និង​ធំ​ទី​2​នៅ​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​​ 59,138​ករណី កើន​5,560​ករណី និង​អ្នក​ស្លាប់​ 5,476​ករណី​ កើន​651​ករណី​ ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ។

    អេស្ប៉ាញ គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ទី​2 នៅ​អឺរ៉ុប ដោយ​មាន​អ្នក​ឆ្លង​រោគ​សរុប 28,603​ករណី​ កើន​3,107​ករណី និង​អ្នក​ស្លាប់​ 1,756​ករណី​ កើន​375​ករណី​ បើ​ធៀប​នឹង​ម្សិល​មិញ​។

    អាល្លឺម៉ង់ ទើប​តែ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ 2,488​ករណី​ និង​អ្នក​ស្លាប់​10ករណី​បន្ថែម​ទៀត នាំ​ឱ្យ​តួលេខ​​នៃ​អ្នក​ឆ្លង​រោគ និង​ស្លាប់​កើន​ដល់​ 24,852ករណី​​​ និង​94​ករណី​។

    អឺរ៉ុប ថ្មី​ៗ​នេះ​​ បាន​រាយ​ការណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ COVID-19 បាន​កើន​ដល់​ជិត 9,000​ករណី ស្មើ​នឹង​64%​ នៃ​ករណី​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក​។​

    នៅ​សហរដ្ឋអាមេរិក មនុស្ស​​ចំនួន 8,149​នាក់​បន្ថែម​ទៀត​ ​ត្រូវ​បាន​រក​ឃើញថា​មាន​ផ្ទុក​មេរោគ COVID-19 ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់ 32,356​ករណី​ ក្នុង​នោះ​មាន​414​ករណី​​បាន​បាត់​បង់ជីវិត​ គឺ​កើន​112​ករណី​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ នាយក​ដ្ឋាន​គ្រប់​គ្រង់​អាហារ​ និង​ឱសថ​នៃ​សហ​រដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឱ្យ​ធ្វើ​តេស្ត​លឿន​ចំពោះ​អ្នក​ត្រូវ​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា ដោយ​ចំណាយ​ពេល​ត្រឹម​តែ​45​នាទី​ប៉ុណ្ណោះ​ នឹង​ឃើញ​លទ្ធ​ផល​។

    ប្រទេស​អ៊ីរ៉ង់​ បន្ត​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំបំផុត​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ឆ្លង​រោគ​សរុប 21,638​ករណី និង​ស្លាប់​1,685​ករណី​។ មុន​នេះ សហរដ្ឋ​អាមេរិក​ក៏បាន​ស្នើ​ជួយ​ដល់​ប្រទេស​អ៊ីរ៉ង់​ ក្នុង​ការ​ប្រយុទ្ធ​នឹង​រោគ​រាត​ត្បាត​នេះ​ផងដែរ​ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ។

    ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង​មិន​ទាន់​បញ្ចេញ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ និង​តួលេខ​ថ្មី​នៅ​ឡើយ ប៉ុន្តែ កាល​ពី​ម្សិល​មិញ ប្រទេស​ចិន​បាន​រក​ឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​ចំនួន​46​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​តែ​1ករណី​គត់​ដែល​ជា​អ្នក​ជំងឺ​ក្នុង​ស្រុក ក្រៅ​ពី​នេះគឺ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​នាំ​ចូល​​។ តួលេខ​ចុង​ក្រោយនៃ​​អ្នក​ឆ្លង​រោគ​នៅ​​​ប្រទេស​ចិន គឺ​មាន81.093​ករណី​ ក្នុង​នោះ​មាន​​​អ្នក​ស្លាប់​ 3,270ករណី​។ ចំណែក​កូរ៉េ​ខាង​ត្បូង​វិញ មាន​អ្នក​ឆ្លង​រោគ​សរុប 8,897​ករណី ក្នុង​នោះ​ស្លាប់​104​ករណី​។

    តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ម៉ាឡេស៊ី បន្ត​ជា​សម្បុក​មេរោគ​ធំ​បំផុត​ ដោយ​មាន​អ្នក​ឆ្លង​រោគ​សរុប 1,306​ករណី​ និង​ស្លាប់​10​ករណី​។ ចំណែក​ឥណ្ឌូនេស៊ីវិញ គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ខ្ពស់​បំផុត​ក្នុង​តំបន់ ដោយ​មាន​អ្នក​ស្លាប់​48​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​514​នាក់​។

    នៅ​ទូទាំង​ពិភព​លោក គិត​មក​ដល់​ពេល​នេះ​ មាន​អ្នក​ស្លាប់​ដោយ​សារ​​រោគ​ COVID-19 ចំនួន​ 14,654​​ករណី​ កើន​ ជាង​1,598​ករណី​ ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ជំងឺ​ 98,884​នាក់​ ស្មើ​នឹង​29.1​% នៃ​ចំនួន​អ្នក​ឆ្លង​រោគ​សរុប បាន​ជា​សះស្បើយ​។ ក្រៅ​ពីនេះ មាន​អ្នក​ជំងឺ​ 10,553​នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ស្លាប់​ខ្ពស់​ជាង​គេ​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប។ Dominica, Grenada, Mozambique និង Syria គឺជា​បណ្ដា​ប្រទេស​ដែល​ទើប​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មន្ត្រី​នគរ​បាល​អាមេរិកាំង​នៅ​ New York ជាង​50​នាក់ ឆ្លង​មេរោគ COVID-19 ខណៈ​តួលេខ​នៃ​អ្នក​ឆ្លង​រោគ​នេះ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស

    មន្ត្រី​នគរ​បាល​អាមេរិកាំង​នៅ​ New York ជាង​50​នាក់ ឆ្លង​មេរោគ COVID-19 ខណៈ​តួលេខ​នៃ​អ្នក​ឆ្លង​រោគ​នេះ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស

    ប្រធាន​ស្នង​ការដ្ឋាន​នគរ​បាន​ទីក្រុង​ New York បាន​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ជាង​50​នាក់​​របស់​ស្នង​ការ​ដ្ឋាន​​នេះ​ បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19 ប៉ុន្តែ មាន​តែ​ម្នាក់​គត់​ដែល​បាន​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​។

    សារ​ព័ត៌មាន​ Fox News បាន​រាយការណ៍​ថា កង​កម្លាំង​នគរ​បាល​ធំ​បំផុត​នៅ​សហ​រដ្ឋ​អាមេរិក កំពុង​តែ​ប្រឈម​នឹង​ការ​កើន​ឡើង​ខ្ពស់​ និង​ឆាប់​រហ័ស​នៃ​តួលេខ​អ្នក​ឆ្លង​ COVID-19 ក្នុង​ក្រុម​ប៉ូលីស​ នៅ​ក្នុង​សង្កាត់​1 នៃ​តំបន់​​Manhattan ជា​ទី​តាំង​​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​។

    យោង​តាម​ប្រភព​ខាងលើ​ មាន​ប៉ូលីស​រហូត​ដល់​31​នាក់​នៅ​ក្នុង​សង្កាត់​1 មាន​លទ្ធផល​វិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ស្មើ​នឹង​17% នៃកម្លាំង​សរុប​ ធ្វើ​ឱ្យ​នាយក​ដ្ឋាន​ប៉ូលិស​ទីក្រុង​ New York ត្រូវ​បញ្ជូន​មន្ត្រី​នគរ​បាល​បន្ថែម​ទៅ​កាន់​ទី​នោះ​។

    ស្នង​ការ​​ដ្ឋាន​នគរ​បាល​ទីក្រុង​ New York លោក Dermot Shea បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​រៀប​ចំ​កាល​វិភាគ​ការ​ងារ​ បង្កើន​​ការ​អនាម័យ។ល​។ លោក​ បន្ត​ថា នៅ​ទី​នេះ​មាន​វេជ្ជ​បណ្ឌិត​1ក្រុម​ មាន​តួនាទី​ពិនិត្យ​ និង​សម្រេច​ទៅ​លើ​ការ​បង្ខាំង​ឱ្យ​នៅ​ដោយ​ឡែក​ចំពោះ​ប៉ូលិស​រូប​ណា​ដែល​ត្រូវបាន​សង្ស័យ​ថា​ អាច​មាន​ផ្ទុក​មេរោគ​ COVID-19។

    ក៏ប៉ុន្តែ ខាង​សហ​ជីពនគរ​បាល​ បាន​និយាយ​ថា អធិការ​ដ្ឋាន​នគរ​បាល​ទីក្រុង​ New York មិន​បាន​ផ្ដល់​សម្ភារ​ការ​ពារ​សុវត្ថិ​ភាព​សុខ​ភាព​ដែល​សមស្រប​ទៅ​ឱ្យ​មន្ត្រី​នគរ​បាល​នោះ​ទេ​។

    ស្ថាន​ភាព​រោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​អាក្រក់​ទៅ​ៗ​នៅ​សហ​រដ្ឋអាមេរិក ដោយ​សារ​ករណី​ឆ្លង​រោគ​នេះ បាន​កើន​ឡើង​រហ័ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ សហ​រដ្ឋ​អាមេរិក គិត​មក​ដល់​បច្ចុប្បន្ន​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុបជាង 26,000​ករណី និង​ស្លាប់​ 326​ករណី​។

    New York គឺជា​រដ្ឋ​ដែល​មាន​ករណី​ឆ្លង​ COVID-19 ច្រើន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក ដោយ​រដ្ឋ​នេះ​មាន​អ្នក​ឆ្លង​រោគ​ជាង 10,300​ករណី៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • កូនស្រី​របស់​លោក​ Trump ទទួល​បាន​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​រួច​ហើយ ប៉ុន្តែ​ត្រូវ​ត្រួត​ពិនិត្យ​សុខ​ភាព​ជា​ប្រចាំ

    កូនស្រី​របស់​លោក​ Trump ទទួល​បាន​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​រួច​ហើយ ប៉ុន្តែ​ត្រូវ​ត្រួត​ពិនិត្យ​សុខ​ភាព​ជា​ប្រចាំ

    Ivanka ដែល​ជា​កូនស្រី​ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក បាន​ត្រឡប់​ចូល​មក​ធ្វើ​ការ​នៅ​សេត​វិមាន​វិញនៅ​ថ្ងៃទី​20មីនា បន្ទាប់​ពី​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ជាមួយ​នឹង​វីរុស COVID-19។

    លោក​ស្រី Ivanka ​បានបង្ខាំង​ខ្លួន​ ក៏​ដូច​ជា​​ធ្វើ​ការ​នៅ​ឯ​ផ្ទះ​ ​ចាប់​ពី​ថ្ងៃទី13​មីនា ក្រោយ​ពី​មន្ត្រី​អូស្ត្រាលី​ម្នាក់​លោក​ស្រី​​​ធ្លាប់​បាន​ជួបផ្ទាល់ បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19។ Ivanka មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ ប៉ុន្តែ​​បាន​ធ្វើ​តេស្ត​រក​មេរោគ​កាល​ពី​សប្ដាហ៍​មុន​។

    “មួយ​សប្ដាហ៍​កន្លង​ទៅ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ Ivanka Trump បាន​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​ចំពោះ​វិធានការ​​ចត្តាឡីស័ក (បង្ខាំង​ខ្លួន​ និងព្យាបាល​នៅ​ដាច់​ដោយ​ឡែកពីគេ​ឯង) នៅ​ឯផ្ទះ​របស់​លោក​ស្រី” នេះ​ជា​ប្រសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ប្រាប់​សារ​ព័ត៌មាន​ the Hill កាល​ពី​ថ្ងៃទី20​ ខែ​មីនា​កន្លង​ទៅ​។

    មន្ត្រី​ខាង​លើ​បាន​បន្ត​ថា​ “យោង​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ លោក​ស្រី (Ivanka) នឹង​បន្ត​ធ្វើ​ការ​នៅ​ឯសេត​វិមាន​ ចាប់​ពី​ថ្ងៃ​នេះ ដោយ​សារ​តែ​មិន​មាន​រោគ​សញ្ញា ហើយ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​លើក​ ក៏សុទ្ធ​តែ​បង្ហាញ​ថាមិន​មាន​រោគ​អ្វី​នោះ​ដែរ​”។

    Ivanka ដែល​ជា​កូនស្រី​ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិកមន្ត្រី​រូប​នោះ​បញ្ជាក់​ថា “ដូចទៅ​នឹង​បុគ្គលិក​គ្រប់​រូប​នៅ​សេត​វិមាន លោក​ស្រី​នឹង​ត្រូវ​ពិនិត្យ​កម្ដៅ​ខ្លួន និង​សុខ​ភាព​​ជា​បន្ត​ទៀត​ ដើម្បី​ធានា​សុវត្ថិ​ភាព​សុខ​ភាព​ផ្ទាល់​ខ្លួន គ្រួ​សារ និង​អ្នក​​នៅ​ក្នុង​សេត​វិមាន​”។

    លោក​ស្រី Ivanka គឺជា​កូនស្រី​ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក Donald Trump
    លោក​ស្រី Ivanka គឺជា​កូនស្រី​ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក Donald Trump

    បុគ្គលិក​ម្នាក់​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​អនុប្រធានាធិតី​ Mike Pence ដែល​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រោគ​ COVID-19 បាន​ឆ្លង​មេរោគ​នេះ​។ ប៉ុន្តែ លេខា​ផ្នែក​សារ​ព័ត៌​មាន​របស់​អនុប្រធានាធិបតី​​សហ​រដ្ឋ​អាមេរិក​ឱ្យ​ដឹង​ថា លោក Trump និង​លោក​ Pence សុទ្ធ​តែ​មិន​បាន​នៅ​ក្បែរ​អ្នក​បាន​ឆ្លង​ COVID-19 ខាង​លើ​នោះ​ទេ​។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​185​​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 278.557​នាក់​បាន​កើត​រោគ ក្នុង​នោះមាន​7.918 ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ និង​11.554​នាក់​បាន​ស្លាប់ ខណៈ​ជិត​93.000​​នាក់​បាន​ជា​សះ​ស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទាហាន​​​អាមេរិកាំង ​2,600​នាក់​នៅ​អឺរ៉ុប ត្រូវ​បាន​បង្ខាំង​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ខណៈ​មាន​ករណី​​ឆ្លង​ COVID-19 ជា​ច្រើន​សិប​នាក់

    ទាហាន​​​អាមេរិកាំង ​2,600​នាក់​នៅ​អឺរ៉ុប ត្រូវ​បាន​បង្ខាំង​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ខណៈ​មាន​ករណី​​ឆ្លង​ COVID-19 ជា​ច្រើន​សិប​នាក់

    កង​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប បាន​ស្នើ​ឱ្យ​ទាហាន​ និង​បុគ្គលិក​ស៊ីវិល​​របស់​ខ្លួន​ចំនួន 2,600​នាក់​ ធ្វើ​ការ​បង្ខាំង​ខ្លួន​ឯង​ ព្រោះ​សង្ស័យ​ថា បាន​ឆ្លង​ COVID-19 ក្នុង​ចំណោម​នោះ ​មាន​35​នាក់ បាន​ឆ្លង​មេរោគ​នេះ​រួច​ហើយ​។

    បញ្ជាការដ្ឋាន​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​អឺរ៉ុប(EUCOM) កាល​ពីម្សិល​មិញ​បាន​ប្រកាស​ឱ្យ​ដឹង​ថា អ្នក​ទាំង​នេះ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក​(ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​) គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ COVID-19។ EUCOM ក៏បាន​ទទួល​ស្គាល់​ថា ទាហាន​ចំនួន​35​នាក់ ក្នុង​ចំណោម​ 2,600​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា​។​

    មេបញ្ជា​ការ​ EUCOM លោក Tod Wolters បាន​ថ្លែង​ថា ទាហាន​ចំនួន​72​នាក់​របស់​កង​កម្លាំង​ EUCOM កំពុងអនុវត្ត​យ៉ាង​ម៉ឺង​​ម៉ាត់​នូវ​វិធាននានា ដើម្បី​​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ​។

    លោក Tod Wolters មេបញ្ជា​ការ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អឺរ៉ុប (EUCOM)

    យោង​តាម​សេត​វិមាន គិត​មក​ដល់​ទី​20មីនា យ៉ាង​ហោច​មាន​ទាហាន និង​បុគ្គលិក​ស៊ីវិល​ចំនួន ​67​នាក់ បាន​ឆ្លង​វីរុស COVID-19 កើន​ឡើង​ជា​3ដង ធៀប​នឹងចំនួន​អ្នក​ឆ្លង​រោគ​កាល​ពី​​ដើម​សប្ដាហ៍​។ មនុស្ស​2​នាក់់​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​បញ្ចកោណ(Pentagon) ក៏ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ​។ សរុប​មក នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​រោគ​ COVID-19 ចំនួន19.774​នាក់ ក្នុង​នោះ​មាន 275​នាក់​បាន​បាត់​បង់ជីវិត។

    នៅ​ទូទាំង​ពិភពលោក វីរុស​ COVID-19 បាន​សម្លាប់​មនុស្ស​ចំនួន 11.419​នាក់ ចំណែក​អ្នក​បាន​ឆ្លង​រោគ​នេះ មាន​ចំនួន​ 276.698​នាក់​ ក្នុង​នោះ​មាន​7.914នាក់ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​។ រី​ឯ​​អ្នក​ដែល​បាន​ជា​ពី​ជំងឺ​ មាន​ចំនួន 91.954​នាក់​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស