Tag: U-15

  • លោក មាស សំអឿន សរសើរ U-15នារីកម្ពុជា ក្រោយឈ្នះត្រឹមលេខ៤នៃពាន AFF U-15 Girls 2017

    លោក មាស សំអឿន សរសើរ U-15នារីកម្ពុជា ក្រោយឈ្នះត្រឹមលេខ៤នៃពាន AFF U-15 Girls 2017

    បើទោះបីជាក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ១៥ឆ្នាំកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Girls’ Championship 2017 នៅប្រទេសឡាវកាលពីសប្ដាហ៍មុននោះក៏ដោយ ក៍គ្រូបង្វឹកលោកមាស សំអឿនបានកោតសរសើរពីឆន្ទៈរបស់កូនក្រុមដែលបានខិតខំព្យាយាមរហូតអស់ពីលទ្ធភាពដែរ។

    លោក មាស សំអឿន គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ១៥ឆ្នាំកម្ពុជា បានកើតសរសើរបែបនេះកាលពីល្ងាចថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ ក្រោយពីក្រុមបាល់ទាត់នារីកម្ពុជាវិលត្រឡប់ពីប្រទេសឡាវ មកដល់មាតុភូមិរបស់ខ្លួនវិញ។

    ជាមួយគ្នានេះដែរ កីឡាការិនី ញ៉ ស្រីណែត បានលើកឡើងផងដែរថា៖ ថ្វីត្បិតយុទ្ធនាការចូលរួមប្រកួតពានរង្វាន់ AFF U-15 Girls’ Championship 2017 នេះ ក្រុមកីឡាការិនីកម្ពុជាយើងទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ក្ដី ប៉ុន្ដែវាបានបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់នារីនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញនាងក៏បានទទួចសុំឲ្យមានការចូលរួមអភិវឌ្ឍដើម្បីជំរុញវិស័យបាល់ទាត់នារីកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងការចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិផងដែរ។

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះបានធ្វើឡើងកាលពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី២០ ខែឧសភាកន្លងទៅ ដោយក្រុមបាល់ទាត់នារីកម្ពុជាស្ថិតក្នុងពូលB និងបញ្ចប់ការប្រកួតសន្សំពិន្ទុត្រឹមចំណាត់ថ្នាក់លេខ២ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់នារីសិង្ហបុរី ២-១ ចាញ់ហ្វីលីពីន ៣-០ និងចុងក្រោយស្មើឥណ្ឌូនេស៊ី ១-១ ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលចាញ់ក្រុមខ្លាំងថៃ ៦-០ ។

    បន្ទាប់មកទើបប្រកួតចាញ់ក្រុមកីឡាការិនីមីយ៉ាន់ម៉ា ៣-១ ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ។ រីឯក្រុមជើងឯក គឺបានទៅក្រុមខ្លាំងថៃ ក្រោយពីយកឈ្នះហ្វីលីពីន ៦-២ កាលពីចុងសប្ដាហ៍កន្លងទៅ៕

  • U-15 កម្ពុជា អស់សិទ្ធិ ទៅដល់វគ្គផ្ដាច់ព័្រត្រ ក្រោយចាញ់ ថៃ ០-៦ ម្សិលមិញនេះ

    U-15 កម្ពុជា អស់សិទ្ធិ ទៅដល់វគ្គផ្ដាច់ព័្រត្រ ក្រោយចាញ់ ថៃ ០-៦ ម្សិលមិញនេះ

    ទីបំផុត ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ១៥ឆ្នាំកម្ពុជា(U-15)អស់ឱកាសទៅប្រកួតដណ្ដើមពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Girls’ Championship 2017 នៅវគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយពីចាញ់ ក្រុមខ្លាំងថៃ ក្នុងលទ្ធផល ០-៦ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើទឹកដីប្រទេសឡាវ។

    ចំណែកក្រុមU-15នារីថៃវិញ កំពុងអង្គុយចាំនៅវគ្គផ្ដាច់ព្រ័ត្រដោយរង់ចាំក្រុមឈ្នះរវាងក្រុមU-15នារីហ្វីលីពីន និងមីយ៉ាន់ម៉ា ។ យើងនៅចាំមើលថា តើក្រុម U-15នារីហ្វីលីពីន ឬមីយ៉ាន់ម៉ា ដែលត្រូវជួបក្រុមខ្លាំងថៃ? ។

    ប៉ុន្ដែយ៉ាងណា ក្រុមU-15នារីកម្ពុជានៅសល់មួយប្រកួតទៀតដែលជាជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ប្រចាំព្រឹត្តិការណ៍កម្រិតតំបន់អាស៊ាននេះដោយរង់ចាំក្រុមចាញ់ពីជំនួបរវាងក្រុមU-15នារីហ្វីលីពីន និងមីយ៉ាន់ម៉ា ដែលនឹងធ្វើការប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃនេះ ៕

  • U-15 នារីកម្ពុជា ប៉ះ ថៃ ម៉ោង ៤ល្ងាចនេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រ AFF U-15 Girls’ Championship 2017

    U-15 នារីកម្ពុជា ប៉ះ ថៃ ម៉ោង ៤ល្ងាចនេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រ AFF U-15 Girls’ Championship 2017

    សម្រាប់ការប្រកួតនៅលើទីលានកីឡដ្ឋាន KM16 ប្រទេសឡាវ ដែលជាជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Girls’ Championship 2017 នេះ ក្រុម U-15 នារីរបស់កម្ពុជា សង្ឃឹមឈ្នះតិចតួចណាស់លើក្រុមខ្លាំងរបស់ថៃ ។

    នេះគឺជាការប្រកួតប្រវត្តិសាស្ដ្រ ដែលក្រុមបាល់ទាត់នារីកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ ។ ក្រោយបញ្ចប់ការប្រកួតនេះដែរ ក្រុម U-15នារីហ្វីលីពីន និងមីយ៉ាន់ម៉ា ក៏នឹងត្រូវជួបគ្នាប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រផងដែរ ។

    គួរបញ្ជាក់ថា មុនឡើងមកដល់វគ្គ ១/២ផ្ដាច់ព្រ័ត្រនេះ ក្រុម U-15នារីកម្ពុជា បានបញ្ចប់ត្រឹមលេខរៀងទី២ ក្នុងពូលB ជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ។ ចំណែកក្រុម U-15នារីថៃវិញ គឺជាក្រុមខ្លាំងមិនស្គាល់ចាញ់ក្នុងពូល ដោយឈរលើលេខរៀងទី១ ពូលA ជាមួយលទ្ធផល ៤ប្រកួតឈ្នះទាំង ៤ប្រកួត ។ ចាំមើលតើក្រុមណាខ្លះ នឹងក្លាយជាបេក្ខភាពដណ្ដើមជើងឯកពាន AFF U15 Girls’ Championship 2017 នេះ?៕