Tag: Trump

  • រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

    រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

    អណ្ដូង​រ៉ែ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ដោយ​សារ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​លើ​សមុទ្រ​ខ្សាច់​ នោះ​គឺរុក្ខជាតិ​ឈ្មោះ Desert Trumpet ដែល​អ្នកវិទ្យាសាស្ត្រ​ហៅ​ថា Eriogonum inflatum។ រុក្ខជាតិ​នេះ​​តែង​តែ​ដុះ​នៅ​តំបន់​ដែល​សម្បូរ​រ៉ែ​ ក្នុង​នោះ ស្លឹក និង​មែក​របស់​ពួក​វា​អាច​ស្រូប​យក​មាស​។

    Desert Trumpet គឺជា​រុក្ខជាតិ​​ប្រភេទ​ស្មៅ​ដែល​មាន​កម្ពស់​រហូត​ដល់​មួយ​ម៉ែត្រ​ ​មាន​ពណ៌​បៃតង​ចាស់ ចំណែក​ផ្នែក​ខាង​លើ​មាន​សភាព​ប៉ោង​។ ផ្កាយ​របស់​វា​មាន​ពណ៌​លឿង និង​រីក​ជា​កញ្ចុំ​។ រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺច្រើន​មុខ​ រួម​មាន​ដូច​ជា ផ្ដាសាយ របួស​មាន​មេរោគ រាក​រូស ក្រពះ ឈឺ​សាច់​ដុំ និង​ជំងឺ​ស្វាយ​ជា​ដើម​។

    យោង​តាម​អ្នក​ស្រាវ​ជ្រាវ​អំពី​សមុទ្រ​ខ្សាច់ Desert Trumpet គឺជា​សញ្ញា​ដែល​បង្ហាញ​ថា មាន​មាស​នៅ​ក្បែរ​នោះ​។ ដោយ​សារ​តែ​សមត្ថភាព​ស្រូប​យក​សារធាតុ​មាស រុក្ខជាតិ​នេះ​អាច​រីក​លូត​លាស់​ខ្លាំង​នៅតំបន់​ដែល​សម្បូរ​រ៉ែ​មាស​។

    ដូច្នេះ​ហើយ បើ​សិន​អ្នក​កំពុង​ស្វែង​រក​មាស​នៅ​លើ​តំបន់​សមុទ្រ​ខ្សាច់ ឬ​វាល​ខ្សាច់​ធំ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រុក្ខ​ជាតិ Desert Trumpet​។ ពួក​វា​អាច​នាំ​អ្នក​ទៅ​កាន់​កន្លែង​មាន​មាស ឬ​រ៉ែ​មាស​។

  • ទ្រព្យរបស់​លោក​ Trump កើន​ឡើង​ទ្វេដង​ក្នុង​មួយ​ថ្ងៃ

    ទ្រព្យរបស់​លោក​ Trump កើន​ឡើង​ទ្វេដង​ក្នុង​មួយ​ថ្ងៃ

    ករណី Trump Media សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ដទៃ​មួយ​ផ្សេង​ទៀត ដើម្បី​ឡើង​ផ្សារ​ហ៊ុន បាន​ជួយ​ឱ្យ​អតីត​ប្រធានាធិបតី​អាម៉េរិក ជា​លើក​ដំបូង មាន​ឈ្មោះ​ក្នុង​ top 500 នៃ​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​។

    កាល​ពី​ថ្ងៃទី 25 មីនា Trump Media ដែល​ជា​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​លោក​ Donald Trump បាន​ប្រកាស​ថា សម្រេច​បាន​កិច្ច​ព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​ Digital World Acquisition Corp។ ក្រុម​ហ៊ុន​ថ្មី​នឹង​មាន​ឈ្មោះ​ថា Trump Media & Technology Group នឹង​គ្រប់​គ្រង​បណ្ដាញ​សង្គម Truth Social ដែល​បង្កើត​ឡើងដោយ​លោក Trump កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ ភាគ​ហ៊ុន​របស់​ពួក​គេ​ចាប់​ផ្ដើម​ដាក់​ឱ្យ​ជួញដូរ​ចាប់​ពី​ថ្ងៃទី 26 មីនា 2024​។

    ព័ត៌មាន​ខាងលើ​បាន​ជួយ​ឱ្យ​ភាគ​ហ៊ុន Digital World កើន 35% កាល​ពី​ថ្ងៃទី 25 មីនា​។ បើ​គិត​ទៅ​តាម​តម្លៃ​បច្ចុប្បន្ន ភាគ​ហ៊ុន​របស់​លោក​ Trump នៅ​ក្នុង​ក្រុម​ហ៊ុន​ថ្មី​ នឹង​មាន​តម្លៃ​ 4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ប្រការ​នេះ​ ជួយ​ឱ្យ​លោក​ Trump មាន​ឈ្មោះក្នុង​បញ្ជី​ស្ដី​ពី​អ្នក​មាន​ជាង​គេ​ទាំង​ 500 នាក់​ នៅ​លើ​ពិភពលោក​ របស់​ Bloomberg។ Bloomberg គណនា​ឃើញ​ថា ទ្រព្យ​របស់​លោក​ Trump បាន​កើន​ឡើង​ 4 ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​ថ្ងៃទី 25 មីនា​។ បច្ចុប្បន្ន អតីត​ប្រធានាធិបតី​អាម៉េរិក​រូប​នេះ មាន​ទ្រព្យ​ចំនួន 6.5 ពាន់​លាន​ដុល្លារ​។

  • បណ្ដាញ​សង្គម​របស់​​លោក​ Donald Trump ឈរ​លំដាប់​លើ​គេ​ក្នុង App Store

    បណ្ដាញ​សង្គម​របស់​​លោក​ Donald Trump ឈរ​លំដាប់​លើ​គេ​ក្នុង App Store

    Truth Social បាន​ក្លាយជា​កម្មវិធី​ទូរស័ព្ទ​ដែល​ត្រូវបាន​ទាញយក​ច្រើនជាងគេបង្អស់​នៅក្នុង​មួយថ្ងៃ នៅលើ App Store ប៉ុន្តែ អ្នកប្រើប្រាស់​មួយចំនួន​យល់ថា នៅមាន​ចំណុចខ្សោយ​ច្រើន។

    បន្ទាប់ពី​បានបង្ហាញ​វត្តមាន​នៅលើ​ផ្សារ​កម្មវិធី​សម្រាប់​ឧបករណ៍ iPhone និង iPad កាលពី​ថ្ងៃទី ២១ កុម្ភៈ បណ្ដាញ​សង្គម Truth Social ក៏បាន​លោត​ឡើង​ឈរលើ​កំពូល​តារាង​ក្នុង​បញ្ជី​កម្មវិធី​ទូរស័ព្ទ​មិន​គិតថ្លៃ​នៅ សហរដ្ឋ​អាម៉េរិក ដែលជា​ទីផ្សារ​ដំបូង​របស់​បណ្ដាញ​សង្គម​នេះ។ Truth Social បានធ្វើ​បច្ចុប្បន្នភាព​ដល់​កំណែ ១.០.។

    ក៏ប៉ុន្តែ អ្នកប្រើប្រាស់ដំបូងៗ របស់ Truth Social ភាគច្រើន​មាន​អារម្មណ៍​ថា មិនទាន់​ពេញចិត្ត។ «ខ្ញុំ​បានទទួល​សារ​ប្រាប់ថា​មាន​កំហុសឆ្គង​ច្រើន​នៅពេល​ព្យាយាម​បញ្ចូល​ព័ត៌មាន​លម្អិត និង​បញ្ជាក់​អាសយដ្ឋាន​អ៊ី​មេ​ល នៅពេល​ចូលរួម​ក្នុង Truthsayers នៅលើ Truth Social» និពន្ធ​នាយិកា​របស់ Business Insider បញ្ចេញមតិ។ «ខ្ញុំ​ត្រូវធ្វើ​រហូតដល់ ៥ ដង ទើប​អាចបង្កើត​បាន​គណនី​មួយ»។

    យ៉ាងនេះ​ក្ដី អ្នកស្រី​ត្រូវ​ចូលទៅ​កាន់​បញ្ជី​រង់ចាំ ជា​កន្លែង​ដែលមាន​ជិត ១.៦ សែន​គណនី​ផ្សេងទៀត កំពុង​រង់ចាំ។ ក្រោយ​រយៈពេល​ជាង ២ ម៉ោង អ្នកស្រី​នៅតែ​មិនទាន់​អាច​ចូលទៅក្នុង​កម្មវិធី​នេះ​បាន​ទៀត។

    សារព័ត៌មាន Techcrunch ក៏បាន​ជួប និង​រាយការណ៍​អំពី​បញ្ហា​ដូចខាងលើ​នេះដែរ។ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​រកឃើញថា នៅពេល​ប្រើប្រាស់​កម្មវិធី​រុករក ដូចជា Chrome ឬ Safari ជាដើម គេហទំព័រ Truth Social តម្រូវ​ឱ្យប្រើ http ជំនួស​ឱ្យ https។

    Truth Social ត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាម Twitter។ លោក Trump ត្រូវបាន​ហាម​ចូល​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​កាលពីដើមឆ្នាំ ២០២១ ដោយ​លោក​ត្រូវ​រង​ការចោទប្រកាន់ថា បាន​ញុះញង់​ឱ្យមាន​អំពើហិង្សា បន្ទាប់ពី​កើតមាន​ហេតុការណ៍​វឹកវរ​នៅ Capitol Hill។ មុនពេល​ត្រូវ Twitter បិទ​ខ្ទប់​គណនី លោក Donald Trump ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដើម្បី​បញ្ចេញមតិ ឬ​រិះគន់​គូប្រជែង។ គណនី Twitter កាលណោះ​របស់លោក Trump មាន​អ្នកតាមដាន​ជាង ៨៩ លាន​នាក់។

    បណ្ដាញ​សង្គម Truth Social របស់លោក Trump ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Trump Media&Technology Group (TMTG) និង​ត្រូវបាន​ប្រកាស​កាលពី​ចុងឆ្នាំ ២០២១៕

  • គំរាមលោតពីលើអគារដើម្បីបានជួបលោក Trump (វីដេអូ)

    គំរាមលោតពីលើអគារដើម្បីបានជួបលោក Trump (វីដេអូ)

    បុរសម្នាក់ វ័យប្រហែលជាងម្ភៃ បានប្រើប្រាស់ខ្សែដែលជាប់ទៅនឹងអគារ Trump រួចក៏ព្យួរខ្លួនឯងអស់រយៈពេលជាច្រើនម៉ោង នៅក្នុងទីក្រុង Chicago ព្រមទាំងបានគំរាមថានឹងលោតចុះពីលើអគារនេះ បើសិនជាមិនបានជួបមុខប្រធានាធិបតីអាមេរិក។

    វីដេអូ និងរូបភាពដែលត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គម បង្ហាញថា បរុសនេះកំពុងព្យួរខ្លួនឯងដោយខ្សែសម្រាប់ឡើងភ្នំ នៅខាងក្រៅជាន់ទី16 នៃអគារ Trump ដែលមានកម្ពស់98ជាន់ នៅក្នុងទីក្រុង Chicago កាលពីថ្ងៃទី18តុលាកន្លងទៅ។

    Tom Ahern ដែលជាអ្នកនាំពាក្យរបស់នគរបាលបានឱ្យដឹងថា បុរសដែលមានវ័យប្រហែលជាងម្ភៃនេះ បាន “ព្យួរខ្លួនឯង” ចាប់ពីម៉ោងប្រមាណ15និង30នាទី រហូតដល់យប់ ដោយស្នើសុំ “និយាយគ្នាជាមួយប្រធានាធិបតី” និងបានបញ្ជូនសារទៅកាន់អ្នកសារព័ត៌មាន។

    https://www.youtube.com/watch?v=yz5Vdwa74tI

    កងកម្លាំងប៉ូលិស កម្លាំងពិសេស និងបុគ្គលិកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ អាជ្ញាធរក៏បានប្រញាប់បិទការចេញចូលក្នុងតំបន់ក្បែរអគារ Trump ខណៈដែល “ក្រុមអ្នកចង់ដឹងចង់ឮ” ចេះតែនាំគ្នាចូលមកកាន់តែច្រើន។

    បុរសនេះបានគំរាមថានឹងលោតចុះមកក្រោម បើសិនមិនត្រូវបានគេអនុញ្ញាតឱ្យជួបប្រធានាធិបតី។ អ្នកជំនាញផ្នែកចរចាម្នាក់នៅតែបញ្ចុះបញ្ចូលឱ្យបុរសនេះចូលមកខាងក្នុងអគារ។ រហូតដល់ម៉ោង1និង36នាទីព្រឹកថ្ងៃទី19តុលា (ម៉ោង13និង36នាទី នៅកម្ពុជា) អង្គភាពប៉ូលិសនៅ Chicago ឱ្យដឹងថា “រាល់ការប្រឹងប្រែងនៅតែកំពុងត្រូវបានធ្វើឡើងដើម្បីនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ករណីនេះ” ក្រោយការចរចាជាបន្តបន្ទាប់អស់រយៈពេល8ម៉ោង។

    យោងតាមសារព័ត៌មាន New York Post បុរសខាងលើនេះគឺជាសមាជិកម្នាក់របស់ចលនា “Black Lives Matter” (ជីវិតរបស់ជនស្បែកខ្មៅក៏សំខាន់) ក៏ប៉ុន្តែ បុរសនេះនិយាយថា៖ “បើសិនជាលោក Trump បានសន្យាអ្វីមួយ លោកគួរតែអនុវត្តវានៅមុនការបោះឆ្នោតនេះ”។

    ប្រធានាធិបតីអាមេរិក Donald Trump ក្នុងថ្ងៃដដែលនេះ មានវត្តមាននៅក្នុងទីក្រុង Carson រដ្ឋ Nevada ដើម្បីធ្វើការឃោសនាបោះឆ្នោត។ នៅទីនេះ លោក Trump បានអំពាវនាវឱ្យម្ចាស់ឆ្នោតប្រញាប់ទៅបោះឆ្នោត ខណៈ​ថ្ងៃ​បោះ​ឆ្នោត​ 3​វិច្ឆិកា​ជិត​ចូល​មក​ដល់​៕

    ប្រភព៖ NY Post

  • អាមេរិក​​ទប់​ស្កាត់​ផល​អាក្រក់​​ពី​អនុសាសន៍​​​របស់​ Trump ដែល​ថា “កម្ចាត់​ COVID-19 ដោយ​ចាក់​សារធាតុ​ជម្រះ​មេរោគ​ចូល​ក្នុង​រាង​កាយ​”

    អាមេរិក​​ទប់​ស្កាត់​ផល​អាក្រក់​​ពី​អនុសាសន៍​​​របស់​ Trump ដែល​ថា “កម្ចាត់​ COVID-19 ដោយ​ចាក់​សារធាតុ​ជម្រះ​មេរោគ​ចូល​ក្នុង​រាង​កាយ​”

    ក្រុម​មន្ត្រី​​អាមេរិកាំង​ បាន​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ជា​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​ពី​អនុសាសន៍​របស់​លោក Trump ដែល​បាន​ថ្លែង​ថា៖ គួរ​តែពិសោធលើក​ការ​ចាក់​សារ​ធាតុ​សម្អាត​មេរោគ​ចូល​ក្នុង​រាង​កាយ​អ្នក​ជំងឺ​ដើម្បី​កម្ចាត់​ COVID-19

    ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សន្និសីទ​សារ​ព័ត៌មាន​​កាល​ពី​ថ្ងៃទី​23​មេសា ដែល​កាល​ណោះ​លោក​ Trump បាន​ផ្ដល់​អនុសាសន៍​ដូច​ខាង​លើ​ គេ​ឃើញ​ថា​មាន​សេចក្ដី​ប្រកាស​បន្ទាន់​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ព្រមាន​ដល់​សាធារណ​ជន​អំពី​ហានិភ័យ​ដែល​អាច​នាំ​ឱ្យ​បាត់​បង់​ជីវិត​ទាក់​ទិន​នឹង​វិធីសាស្ត្រ​ដែល​ប្រធានាធិបតី​អាមេរិកាំង​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​23​មេសា​កន្លង​ទៅ​នោះ​។

    រដ្ឋបាល​គ្រប់​គ្រង​ចំណី​អាហារ​ និង​ឱសថ​(FDA/Food and Drug Administration) របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​24​មេសា​ ក៏បាន​ព្រមាន​អំពី​ការ​ប្រើប្រាស់​ hydroxychloroquine ជា​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​​ដែល​លោក​ Trump បាន​សរសើរ​ជា​ច្រើន​​ដង​ថា​ ​ជា​កត្តា​ “ផ្លាស់​ប្ដូរ​ល្បែង​លេង​” ក្នុងសង្គ្រាម​ប្រឆាំង​នឹង​ COVID-19 ព្រោះ​ថា​ថ្នាំ​នេះ​មានបង្កប់​ហានិភ័យ​​ដែល​គ្រោះ​ថ្នាក់​ដល់​ចង្វាក់​បេះ​ដូង​។​

    Stephen Hahn សមាជិក​ម្នាក់​របស់​ FDA បាន​ថ្លែង​ថា “ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា​ នឹង​មិន​ផ្ដល់​អនុសាសន៍​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​សារ​ធាតុ​សម្អាត​មេរោគ​ទៅ​ក្នុងរាងកាយ​នោះ​ឡើយ​”។​ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក​ក៏បាន​ណែនាំ​ពល​រដ្ឋ​មិន​ឱ្យ​ធ្វើ​តាម​គំនិត​របស់​លោក​ Trump ផងដែរ​។ បណ្ឌិត​ Jerome Adams បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​កំពុង​តាម​ដាន​លោក​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា “សូម​មេត្តា​សួរ​យោបល់​ពី​គ្រូពេទ្យ​ មុន​នឹង​អនុវត្ត​វិធី​ព្យាបាល​ណា​មួយ​ ឬ​ថ្នាំ​ណា​មួយ​​សម្រាប់​ក្រុម​គ្រួ​សារ​”។ ចំណែក​ក្រុម​ហ៊ុន​ផលិត​សារធាតុ​សម្លាប់​មេរោគ​ Lysol បាន​អះអាង​ថា មិ​ន​ត្រូវ​បញ្ចូល​សារ​ធាតុ​កម្ចាត់​មេរោគ ចូល​ទៅក្នុង​រាង​កាយ​មនុស្ស​ “​បើ​ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ​”។

    វិធី​សាសន៍​ដែល​ត្រូវ​បាន​លោក Trump ណែនាំ​ឱ្យ​ធ្វើ​ការ​ពិសោធ​នោះ បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ៗ​ ក្នុង​អំឡុង​សង្គ្រាម​ប្រឆាំង​ COVID-19។ នៅ​រដ្ឋ Maryland ខ្សែ​ទូរស័ព្ទ​បន្ទាន់​របស់​អាជ្ញាធរ បាន​ទទួល​ការ​ហៅ​ចូល​ជាង​100​លើក​ពី​ពលរដ្ឋ​ ដែល​​បាន​សួរ​ថា “តើ​ការ​ចាក់​ថ្នាំ​សម្អាត​មេរោគ​ចូល​ក្នុង​រាងកាយ​គឺ​ពិត​ជា​វិធី​ព្យាបាល​ជំងឺ​មែន​ ឬ​យ៉ាង​ណា​?”។

    នៅ​សេត​វិមាន Kayleigh McEnany ដែល​ជា​ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​លោក Trump បាន​ចោទ​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា “គ្មាន​ការ​ទទួល​ខុស​ត្រូវ​” ដោយ​បាននាំ​យក​មតិ​ចាក​ឆ្ងាយ​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​។ ប៉ុន្តែ ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក Trump ក៏បាន​ឱ្យ​ដឹង​ថា យោបល់​របស់​លោក​ ដែល​ត្រូវ​បាន​ចុះផ្សាយ​នោះ​គឺ​ជា​ការ​ពិត​ ប៉ុន្តែ​លោក​ Trump បាន​អះអាង​ថា​ លោក​គ្រាន់​តែ​និយាយ​បែប​ “បញ្ឆិត​បញ្ឆៀង​” តែ​ប៉ុណ្ណោះ​។

    វេជ្ជបណ្ឌិត​ Deborah Birx អ្នក​គ្រប់​គ្រង​ផ្នែក​ប្រតិ​កម្ម​​រហ័ស​របស់​សេត​វិមាន​ចំពោះ​ COVID-19 បាន​ការ​ពារ​ប្រធានាធិបតី​ ដោយ​លោក​យល់​ថា​ មតិ​យោបល់​ដែល​លោក Trump បាន​លើក​ឡើង​គឺជា​ផ្នែក​មួយ​ក្នុង​ការ​យល់​ឃើញ​ បើ​ទោះ​មិនបាន​ទទួល​ស្គាល់ជា​​ផ្លូវ​ការ​។ Deborah Birx ថ្លែង​ប្រាប់​ Fox News ថា “នៅ​ពេល​ប្រធានាធិបតី​ទទួល​បាន​ព័ត៌មាន​ថ្មី គាត់ក៏ចង់​និយាយ​ចេញ និង​ចង់​ពិភាក្សា​ជា​មួយ​គ្នា​”។

    ក៏ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ខាង​វេជ្ជ​សាស្ត្រ​យល់​ថា អនុសាសន៍​គ្មាន​មូលដ្ឋាន​ពីប្រធានាធិបតី​ Trump ដែល​ជា​អ្នក​មិន​មាន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​វេជ្ជ​សាស្ត្រ ប៉ុន្តែ​​សម្ដី​មាន​ឥទ្ធិពល​​ គឺ​ពិត​ជា​ “គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​”។

    Jack Chow ដែល​ជា​ឯក​អគ្គរដ្ឋ​ទូតសកល​​អំពី​ HIV/AIDS របស់​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​ប្រធានាធិបតី​ George W. Bush មាន​យោបល់​ថា “គំនិត​របស់​ប្រធានាធិបតី​ Trump បើ​សិន​ជា​មាន​អ្នក​សាក​ល្បង នោះ​អាច​នឹង​បង្ក​ឱ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ចំពោះ​សុខ​ភាព​ ឬ​នាំ​ឱ្យ​មាន​ការ​ពិសោធ​ប្រកប​ដោយ​ការ​ខាត​បង់​ និង​មិនអាច​បង្កើត​បាន​ជា​វិធី​ព្យាបាល​ណា​មួយ​”។

    កាល​ពី​ខែ​មុន បន្ទាប់​ពី​លោក​ Trump បាន​ប្រកាស​ថា hydroxychloroquine គឺជា​សន្លឹក​បៀរ​ដែល​ជួយ​ “ផ្លាស់​ប្ដូរ​ស្ថាន​ការណ៍​” ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ COVID-19 មាន​ប្ដីប្រពន្ធ​មួយ​គូ​ធ្វើ​តាម​ការ​លើកឡើង​នេះ​ ដោយ​​​​ផឹក​ទឹក​ថ្នាំ​ដែល​មាន​សារ​ធាតុ​​គីមី​ chloroquine phosphate ដែល​មាន​សារធាតុ​ផ្សំ​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ Trump ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​សម្លាប់​មេរោគ​ក្នុង​ខ្លួន​។ ប៉ុន្តែ ពួក​គេ​បាន​​ធ្លាក់​ខ្លួន​ឈឺ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ដែល​ក្រោយ​មកបុរស​ជា​ប្ដី​បាន​បាត់​បង់ជីវិត ខណៈ​ប្រពន្ធ​​បាន​រួច​ផុត​ពី​ការ​ស្លាប់​។

    ករណី​ខាង​លើ​នេះ ធ្វើ​ឱ្យ​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC (Centers​ for​ Disease​ Control ​and ​​Prevention) របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​28​មេសា ត្រូវ​ចេញ​សេចក្ដី​ព្រមាន​ដល់​បណ្ដា​គ្លី​និក​ទូទាំង​ប្រទេស​ ស្ដី​អំពី​គ្រោះ​ថ្នាក់​​របស់​សារ​​ធាតុ​ ​chloroquine phosphate ដែល​​ “អាច​បង្ក​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ និង​អាយុ​ជីវិត​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

    >Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​​ថ្នាំ​សម្អាត​មេរោគ​ ឬ​ពន្លឺ​ចូល​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

  • សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

    សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

    ប្រធានាធិបតី​សហរដ្ឋអាមរិក​ លោក Donald Trump បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិកាំង​ទប់ទល់នឹង​រោគ​រាត​ត្បាត​COVID-19 បាន​យ៉ាង​ល្អ និង​បាន​សង្ឃឹម​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​នឹង​ទាប​ជាងច្រើន​ ធៀប​នឹង​ការ​ព្យាករ​100,000​នាក់​ពី​សំណាក់​​ក្រុម​អ្នក​ជំនាញ​ការ​។

    គិត​ត្រឹម​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​COVID-19 សរុប​ឡើង​ដល់​ 52,092​នាក់ កើន​ជាង​1,800​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ជំងឺ​ថ្មី​ក្នុង​ប្រទេស​នេះមានជាង​3,700នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​923,612​នាក់​។

    ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ ស្ដី​អំពី​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​ ខណៈ​ដែល​មាន​អ្នក​ស្លាប់​ជាង​50,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump បាន​ឆ្លើយ​ថា “ខ្ញុំ​គិត​ថា យើង​ធ្វើ​បាន​យ៉ាង​ល្អ​ហើយ”។ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​ព្យាករ​​កន្លង​មក​របស់​ក្រុម​អ្នក​ជំនាញ​ដែល​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ អាច​មាន​​យ៉ាង​តិច​100,000​នាក់​។ លោក​ Trump ថ្លែង​ថា “យើង​សង្ឃឹម​ថា តួលេខ​ជាក់​ស្ដែង​នឹង​ទាប​ជាង​នេះ​”។

    លោក​ Trump បាន​ប្រកាស​ថា “ការ​រឹត​បន្តឹង​ការ​ដើរ​ហើរ” អាច​អូស​បន្លាយ​ដល់​ក្រោយ​ថ្ងៃទី​1​ឧសភា​។ សភាជាន់​ទាប​អាមេរិកាំង​ កាល​ពី​ម្សិល​មិញ​ក៏​បាន​អនុម័ត​យល់​ព្រម​ទម្លាក់​កញ្ចប់​ថវិកា​ជំនួយសេដ្ឋ​កិច្ច​ ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 480​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​អាជីវ​កម្ម​ខ្នាត​តូច​ មន្ទីរ​ពេទ្យ​ និង​ការ​ធ្វើ​តេស្ត​រកមេរោគ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​ពន្លឺ​ ឬ​ថ្នាំ​សម្អាត​មេរោគ​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

    Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​ពន្លឺ​ ឬ​ថ្នាំ​សម្អាត​មេរោគ​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

    ការ​ចាក់ថ្នាំ​សម្អាត​​មេរោគ​ទៅ​ក្នុង​រាងកាយ​អ្នក​ជំងឺ​ អាច​សម្លាប់​COVID-19បាន ប៉ុន្តែ​ក្រុមអ្នក​ជំនាញ​ផ្នែក​សុខាភិបាល​​យល់​ថា គំនិត​នេះ​ “គ្រោះ​ថ្នាក់​​ណាស់​”។

    “ខ្ញុំ​ឃើញ​ថា សារធាតុ​​រម្ងាប់​​មេរោគ អាច​សម្លាប់​វីរុស​ដោយ​ប្រើ​ពេល​ត្រឹម​តែ​1នាទី​ គឺ​1​នាទី​តែ​ប៉ុណ្ណោះ​។ ហើយ​ថា​ តើ​មាន​វិធី​ណា​ដែល​យើង​អាច​ធ្វើ​បែប​នេះ​បាន​ ដោយ​ការ​ចាក់​បញ្ចូល​វា​ទៅ​ក្នុង​រាង​កាយ​ ឬ​ក៏​មាន​វិធីណា​មួយ​ដែល​អាច​សម្លាប់​វា​បាន​ដែរ​ទេ?” ប្រធានាធិបតី​ Donald Trump ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី​23​មេសា​។ ប៉ុន្តែ លោក Trump មិន​បាន​លើក​ឡើង​អំពី​ឈ្មោះ​ថ្នាំ​ណាមួយ​នោះ​ទេ​។

    លោក Trump យល់​ថា COVID-19 វាយ​លុក​ចូលទៅ​ក្នុង​សួត​ដោយ​ចំនួន​ដ៏ច្រើន​ ដូច្នេះ​លោក​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនិត​មួយ​ នោះ​គឺ​ ការ​ប្រើ​ប្រាស់​សារ​ធាតុ​សម្អាត​មេរោគ​។ លោក Trump ថ្លែង​ថា “យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ពឹង​លើ​ក្រុម​គ្រូពេទ្យ​ ប៉ុន្តែ​ប្រការ​នេះ​ចំពោះ​ខ្ញុំ​ គឺ​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​”។

    មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​ម្នាក់​បាន​ឱ្យ​ដឹង​បន្ទាប់​ពី​ប្រសាសន៍​របស់​លោក​ Trump ថា បន្ទប់​ពិសោធន៍​​នានា​របស់​សហរដ្ឋ​អាមេរិក កំពុង​តែ​ពិនិត្យ​ និង​អភិវឌ្ឍ​វិធី​សាស្ត្រ​ព្យាបាល​ COVID-19 ដោយ​ប្រើ​សារ​ធាតុ​សម្អាត​​មេរោគ​នេះ​។

    យោបល់​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី Bill Bryan ដែល​ជា​មន្ត្រី​ក្រសួង​សន្តិ​សុខ​ផ្ទៃ​ក្នុង​ បាន​រាយ​ការណ៍​អំពី​ការ​ពិសោធ​ដែល​ក្រុម​នេះ​បាន​ធ្វើ​ឡើង​ ដែល​លទ្ធ​ផល​បង្ហាញ​ថា COVID-19 មិន​អាច​រស់​បាន​យូរ​នៅក្នង​បរិយាកាស​ក្ដៅនិង​​សើមនោះ​ឡើយ។ ការ​ដែល​លោក Bryan ​ថ្លែង​ថា “មេរោគ​នេះ​ងាប់​យ៉ាង​លឿន​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​” ធ្វើ​ឱ្យ​លោក​ Trump សួរ​ខ្លួន​​ឯង​ថា តើ​គេ​អាច​នាំ​យក​ពន្លឺ​​​ “ចាក់​បញ្ចូល​​​ទៅក្នុង​រាង​កាយ​” ដើម្បី​សម្លាប់​វីរុស​នេះ​ដែរ​​ ឬ​អត់​?

    ឆ្លើយ​តប​បន្ថែម​ទៅ​នឹង​សំណួរ​របស់​អ្នកយក​ព័ត៌មាន លោក Bryan និយាយ​ថា បើ​មាន​តែ​កម្ដៅ និង​សំណើម​ នោះ​នឹង​មិន​អាច​សម្លាប់​ COVID-19 បាន​ទេ បើ​សិនជា​​អ្នក​រាល់​គ្នា​មិន​បន្ត​គោរព​វិធាន​ការ​បម្រាម​គោចរ​ និង​វិធាន​ការ​ផ្សេង​ៗ​។

    ក្រុម​អ្នកជំនាញ​ខាង​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​ Vin Gupta ដែលជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាងជំងឺ​​សួត​ អ្នក​ជំនាញ​ផ្នែកខាង​​គោល​នយោបាយ​សុខាភិបាល​សកល បាន​ច្រាន​ចោល​ “អនុសាសន៍​មិន​សម​ស្រប​” របស់​ប្រធានាធិបតី​អាមេរិកាំង​។ Gupta បាន​ថ្លែង​ថា “គំនិត​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​ ឬ​លេប​ផលិត​ផល​អ្វី​មួយ​ទៅ​ក្នុង​រាងកាយ​ដើម្បី​សម្អាត​មេរោគ​ គឺជារឿង​ដែល​មិន​អាច​ទៅ​រួច​ និងប្រកប​ដោយ​គ្រោះ​ថ្នាក់​។ នោះ​គឺជា​វិធី​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ នៅ​ពេល​ពួក​គេ​ចង់សម្លាប់​ខ្លួន​”។

    លោក​ Trump កន្លង​មក​ធ្លាប់​បាន​សរសើរ​ចំពោះ​វិធី​ព្យាបាល​អ្នក​ជំងឺ​COVID-19 ដែល​មិន​ទាន់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មានស្ដី​អំពី​ COVID-19។ លោក​ធ្លាប់​គាំទ្រ​ឱ្យ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ hydroxychloroquine ដើម្បី​ព្យាបាល​ COVID-19 ហើយ​លោក​ Trump ថែម​ទាំង​បាន​សរសើរ​ថា​ នេះ​អាចជា​ “​អំណោយ​របស់​ព្រះ​” ទៀត​ផង​។ ក៏ប៉ុន្តែ ក្រុម​មន្ត្រី​សុខាភិបាល​បាន​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​​សម្រាប់​​ព្យាបាល​​COVID-19។

    បុរស​ម្នាក់​រស់នៅ​ក្នុង​រដ្ឋ Arizona នៃ​សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មីនា​បាន​បាត់​បង់ជីវិត​ បន្ទាប់​​ពី​លេប​ថ្នាំ​ chloroquine phosphate ព្រោះ​តែ​ជឿ​ថា វា​ជួយឱ្យ​គាត់ទប់​ស្កាត់​ COVID-19។ ប្រពន្ធ​របស់​បុរស​ដែល​បាន​ស្លាប់​ខាង​លើ​នេះ​ បាន​ប្រាប់​ NBC News ថា អ្នក​ស្រី​ធ្លាប់​បាន​មើល​កម្មវិធី​ទូរទស្សន៍​មួយ​ ក្នុង​នោះ​មាន​ប្រធានាធិបតី​ Donald Trump បាន​និយាយ​អំពី​អត្ថ​ប្រយោជន៍​​នានា​របស់​ថ្នាំ chloroquine​នេះ​។

    ពិភពលោក​ទាំង​មូល បច្ចុប្បន្ន​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ ដែល​មាន​វត្តមាន​របស់​COVID-19។ វីរុស​នេះ​ បាន​បណ្ដាល​ឱ្យ​មនុស្ស ​2,725,920​នាក់​កើត​រោគ​ ក្នុង​នោះ​មាន​191,061​នាក់​បាន​ស្លាប់​។ ចំណែក​នៅ​សហរដ្ឋ​អាមេរិកវិញ មាន​អ្នកជំងឺ​សរុប​​ 886,709​នាក់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ 50,243​នាក់​ ខណៈ​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ 85,922​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លោក Trump ​ប្រកាស​​ជួយ​កសិករ 19​ពាន់​លាន​ដុល្លារ​ ព្រោះ​តែ​វិបត្តិ​សុខ​ភាព​COVID-19

    លោក Trump ​ប្រកាស​​ជួយ​កសិករ 19​ពាន់​លាន​ដុល្លារ​ ព្រោះ​តែ​វិបត្តិ​សុខ​ភាព​COVID-19

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​សរុប​699,706​នាក់ និងអ្នក​​ស្លាប់សរុប​36,727​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​32,481​នាក់ និង​អ្នក​ស្លាប់​ថ្មី​4,041​នាក់​។

    រដ្ឋ​ New York ដែលជា​ចំណុច​កណ្ដាល​នៃ​វីរុស​នៅ​សហរដ្ឋ​អាមេរិក នឹង​​បើក​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​ COVID-19 ចំនួន​5​កន្លែង​បន្ថែម​ទៀត​ចាប់​ពី​ថ្ងៃទី​20​មេសា​ខាង​មុខ​។

    សហរដ្ឋ​អាមេរិក​ទទួល​រង​ផល​ប៉ះពាល់យ៉ាង​​ធ្ងន់​ធ្ងរ​​ជាងគេ​ដោយ​សារ​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 នា​បច្ចុប្បន្ន។ វិបត្តិ​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​បាត់​បង់​ការ​ងារ​ធ្វើ​ ក្នុង​នោះ​​មាន​​ជាង​​22​លាន​នាក់​​ត្រូវ​បង្ខំ​ចិត្ត​ដាក់​ពាក្យ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​។ ចំណែក​វិស័យ​កសិកម្ម​របស់​ប្រទេស​នេះ​វិញ ក៏រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ផងដែរ​ ព្រោះតែ​ផលិត​ផល​របស់​ពួក​គេ​គ្មាន​ទី​ផ្សារ​។

    ទាក់​ទិន​នឹង​វិស័យ​កសិកម្ម​ ប្រធានាធិបតី​អាមេរិកាំង​ កាល​ពី​ថ្ងៃទី​17​មេសា បាន​ប្រកាស​​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​ជំនួយ​19​ពាន់​លាន​ដុល្លារ​ សម្រាប់​ជួយ​ដល់​វិស័យ​កសិកម្ម​។ កម្មវិធី​នេះរួម​មាន​ ការ​ទូទាត់​ផ្ទាល់​ដល់​កសិករ​ ម្ចាស់​កសិដ្ឋាន និង​ក្រុម​អ្នក​ផលិត​កសិផល​ដែល​ត្រូវ​បាន​លោក​ Trump និយាយ​ថា បាន​ឆ្លង​កាត់​ “ការ​ខាត​បង់​មិន​ធ្លាប់​មាន​ពី​មុន​មក​ នៅ​ក្នុង​យុគ​សម័យ​រោគ​រាត​ត្បាត”៕

    ប្រភព៖ សារព័ត៌មាន​បរទេស​

  • COVID-19! កូនស្រី និង​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​Trump​ ទៅ​លម្ហែកាយ​ ខណៈ​បម្រាម​គោចរ​កំពុង​ត្រូវ​បាន​អនុវត្ត

    COVID-19! កូនស្រី និង​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​Trump​ ទៅ​លម្ហែកាយ​ ខណៈ​បម្រាម​គោចរ​កំពុង​ត្រូវ​បាន​អនុវត្ត

    លោក​ស្រី Ivanka Trump និង​ស្វាមី​ (​លោក Jared Kushner) បាន​នាំ​គ្នា​ទៅ​សម្រាក​លម្ហែ​កាយ​នៅ​ New Jersey បើ​ទោះ​ជា​រដ្ឋាភិបាល​អាមេរិកាំង​បាន​ចេញ​អនុសាសន៍​កាត់​បន្ថយ​ការ​ដើរ​ហើរ​ដើម្បី​ទប់​ស្កាត់​វីរុស​COVID-19។

    ប្ដី​ប្រពន្ធ​ដែល​ជា​កូន​របស់​ប្រធានាធិបតី​អាមេរិកាំង​ បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​ Washington D.C ទៅកាន់​ទី​តាំង​​លម្ហែ​កាយ​របស់​គ្រួសារ​ Trump នៅ​ឯ​តំបន់​ Bedminster ក្នុង​រដ្ឋ​ New Jersey ដើម្បី​អបអរ​បុណ្យ​ Passover (ជា​ថ្ងៃ​បុណ្យ​សាសនា​ដ៏ធំមួយ​របស់​ជនជាតិ​ជ្វីហ្វ/Jewish) ដែល​មាន​រយៈ​ពេល​1សប្ដាហ៍ ចាប់​ផ្ដើម​ពី​ថ្ងៃទី​8មេសា​​។ ព័ត៌មាន​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃទី​16​មេសា​ដោយ​សេតវិមាន​។ ប៉ុន្តែ សេតវិមាន​បញ្ជាក់​ថា ដំណើរ​ទៅ​លម្ហែ​កាយ​នេះ​ មាន​តែ​សមាជិក​​ក្រុម​​គ្រួសារ​តូច​របស់លោក​ស្រី​​ Ivanka តែប៉ុណ្ណោះ​។

    សេត​វិមាន​ប្រកាស​ថា​ “លោក​ស្រី Ivanka និង​គ្រួសារ​តួច​របស់​ខ្លួន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ Passover នៅ​ក្នុង​តំបន់​លម្ហែ​កាយ​មួយ​ដែល​បាន​ផ្អាកដំណើរ​ការ​ ដែល​ត្រូវ​ចាត់​ទុក​ដូចជា​ផ្ទះ​។ ដំណើរ​របស់​លោក​ស្រី មិន​ខុស​ពី​ការ​ទៅ​បំពេញ​ការ​ងារ​នោះ​ទេ ហើយ​ទីតាំង​នោះ​មាន​មនុស្ស​តិច​ជាងនៅ​​ជុំវិញ​ផ្ទះ​របស់​លោក​ស្រី​ដែល​នៅ​ឯរដ្ឋធានី​ទៅ​ទៀត​”។

    “ពេល​ស្ថិត​នៅ​ឯ Bedminster លោក​ស្រី Iavnka អនុវត្ត​វិធានការ​រក្សា​គម្លាត​ពី​សហគមន៍ និង​ធ្វើការ​ពី​ចម្ងាយ​។ ដំណើរ​លម្ហែ​កាយ​របស់​នេះ មិន​មែន​សំដៅ​លើ​ការ​ធ្វើ​ជំនួញ​នោះ​ទេ ប៉ុន្តែ​ជា​ការ​សម្រាក​ដោយ​ឡែក​ជាមួយ​គ្រួសារ​”។

    ប្រជាជន​ក្នុង​ទីក្រុង Washington D.C និង​តំបន់​ជា​ច្រើន​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក ត្រូវបាន​ស្នើ​ឱ្យ​នៅ​ក្នុង​ផ្ទះ ចៀស​វាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​​ក្នុង​ស្ថាន​ភាព​​ COVID-19 កំពុង​មាន​សភាព​ស្មុគ​ស្មាញ។ សេត​វិមាន​ក៏បាន​ចេញ​អនុសាសន៍​ “ចៀស​វាង​ការ​ដើរ​ហើរ​ផ្ដេស​ផ្ដាស​” ធ្វើ​ឱ្យ​ប្រជា​ជន​អាមេរិកាំង​ ត្រូវ​ប្រារព្ធ​ពិធី​ចួប​ជុំ​គ្រួ​សារ​នៅ​ក្នុង​ពិធី​បុណ្យ​ Easter និង​បុណ្យ Passover ក្នុង​ឆ្នាំ​នេះ ដោយ​វិធី​សាស្ត្រ​អនឡាញ។

    ក្នុង​តួនាទី​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ប្រធានាធិបតី​អាមេរិកាំង លោក​ស្រី Ivanka បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ គោរព​វិធាន​ការ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​ COVID-19។

    លោក​ Jared Kushner ដែល​ជា​ស្វាមី​របស់​លោក​ស្រី​ Ivanka គឺជា​ជនជាតិ​ជ្វីហ្វ និង​កាន់​សាសនា​យូដា។ Passover គឺជា​ពិធី​បុណ្យ​សំខាន់​របស់​សាសនា​យូដា (Judaism) ដែល​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ព្រះ​ដែល​បាន​រំដោះ​ប្រជាជនអ៊ីស្រាអែល​ឱ្យ​រួច​ផុត​ពី​នឹម​ត្រូត​ត្រា​​នៅ​អេហ្ស៊ីប។ លោក Jared Kushner ក៏ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​អាមេរិកាំង​ផងដែរ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​នៅ​ទូទាំង​ពិភព​លោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​2.2​លាន​នាក់​បាន​ឆ្លង​វីរុស ក្នុង​នោះ​មាន​ជិត​145,000​នាក់​បាន​ស្លាប់​។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​ជិត​678,000​នាក់ ខណៈ​អ្នក​ស្លាប់​បាន​កើន​ជិត​ដល់​35,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Trump បង្ហើប​ឱ្យ​ដឹងអំពី​​ “ថ្ងៃ​រន្ធត់​បំផុត​ក្នុង​ជីវិត​” របស់​លោក​

    Trump បង្ហើប​ឱ្យ​ដឹងអំពី​​ “ថ្ងៃ​រន្ធត់​បំផុត​ក្នុង​ជីវិត​” របស់​លោក​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​ថា “ថ្ងៃ​រន្ធត់​បំផុត​” ក្នុងឆាក​​ជីវិត​របស់​លោក​ នោះ​គឺ​ពេល​ដែល​បាន​ដឹង​ថា ប្រទេស​នេះ​មិន​មាន​ម៉ាស៊ីន​ជំនួយ​ដង្ហើម​គ្រប់​គ្រាន់​នៅ​ក្នុង​ឃ្លាំង​ដើម្បី​ទប់​ទល់​នឹង​COVID-19 កាលពី​ខែ​មីនា​។

    “ថ្ងៃ​ដែល​រន្ធត់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​នោះ​គឺ​កាល​ពី​1ខេមុន​ ក្រោយ​ពី​កិច្ច​ប្រជុំ​1​ថ្ងៃ​ពេញ ក្រុម​មន្ត្រី​​និយាយ​ជាមួយ​ខ្ញុំ​ថា យើង​ត្រូវ​ការ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដល់​ទៅ​130,000​គ្រឿង​ ហើយ​ថា​ យើង​នៅ​ខ្វះ​រាប់​សែន​គ្រឿង​ទៀត​” លោក​ Trump ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​និយាយ​អំពី COVID-19 ដែលធ្វើ​ឡើង​នៅ​ក្នុង​សេតវិមាន​​កាលពី​ថ្ងៃទី​14​មេសា​។

    លោក​ Trump បាន​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋ​អំណាច​មុន​ដែល​ខ្វះ​ចក្ខុវិស័យ​លើ​បញ្ហា​នេះ​។ ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​រិះ​គន់​អភិបាល​រដ្ឋ​នានា​ ព្រោះ​តែ​បាន​ទាម​ទារ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ “មិន​សម​ហេតុ​ផល” ពី​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

    “នេះ​គឺជា​ប្រព័ន្ធ​ដែល​ជំនាន់​មុន​បាន​បន្សល់​ទុក​” លោក​ Trump បន្ត​ថា “អភិបាល​រដ្ឋ​នានា​ បាន​ទាម​ទារ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដោយ​មិន​សម​ហេតុ​ផល​ ដែល​រដ្ឋាភិបាល​​មិន​មាន​ ចំណែក​រដ្ឋ​នានា​បែរ​ជា​មិន​ត្រៀម​ទៅ​វិញ​។ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​ម៉ាស៊ីន​នេះ ហើយ​បើ​មិន​មាន​ ពួក​គេ​នឹង​ស្លាប់​”។

    លោក​ Trump បាន​ឱ្យ​ដឹង​ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ រៀប​ចំ​ ផ្គត់​ផ្គង់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទៅ​ឱ្យ​អ្នក​ដែល​ត្រូវ​ការ​បំផុត​។ កាល​ពី​ខែ​មុន លោក​ Trump ក៏បាន​​យក​ច្បាប់​ Defense Production Act មក​ប្រើ​ប្រាស់​ដើម្បី​ជំរុញ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ និង​រោង​ចក្រ បង្កើន​ផលិត​កម្ម​របស់​ខ្លួន​ក្នុង​ការ​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម​នេះ​ផងដែរ​។

    “ឆ្នាំ​មុន អាមេរិកាំង​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម 30,000​គ្រឿង​។ ឆ្នាំ​នេះ តួលេខ​នេះ​នឹង​កើន​ដល់​ជាង​150,000​គ្រឿង​ ឬ​200,000​គ្រឿង​ ដែល​នឹង​ច្រើនជាង​អ្វី​ដែល​យើង​ត្រូវការ​” លោក​ប្រធានាធិបតី​អាមេរិកាំង​មាន​ប្រសាសន៍​បែប​នេះ​។

    បច្ចុប្បន្ន សហរដ្ឋ​អាមេរិក គឺជា​សម្បុក​មេរោគ​COVID-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​ជាង​600,000​នាក់ និង​អ្នកស្លាប់​ជាង​26,000​នាក់​ ខណៈ​នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះដល់​ទៅ​ជាង126,800​នាក់​ នៅ​ក្នុង​ចំណោម​អ្នកជំងឺជាង​​​2,004,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស