Tag: Tom Cruise

  • Tom Cruise មិន​ប្រើប្រាស់​កម្មវិធី​ធ្វើ​រូបភាព​ឱ្យ​ក្មេង​ជាង​វ័យ​ក្នុង​រឿង «Mission: Impossible 7»

    Tom Cruise មិន​ប្រើប្រាស់​កម្មវិធី​ធ្វើ​រូបភាព​ឱ្យ​ក្មេង​ជាង​វ័យ​ក្នុង​រឿង «Mission: Impossible 7»

    អ្នកដឹកនាំ​រឿង «Mission: Impossible 7» និយាយថា មិន​ប្រើប្រាស់​កម្មវិធី​បំប្លែង​រូបភាព Tom Cruise ឱ្យ​ក្មេង​ជាង​វ័យ ដោយ​យល់ថា បច្ចេកវិទ្យា​មិនអាច​ជួយ​ដល់​ភាពយន្ត​នៅក្នុង​បញ្ហា​នេះ។

    នៅលើ​ទំព័រ GamesRadar+ និង Total Film កាលពី​ថ្ងៃទី 12 កក្កដា Christopher McQuarrie ដែលជា​អ្នក​ដឹក​រឿង Mission: Impossible – Dead Reckoning Part One («Mission: Impossible 7») បានឱ្យដឹងថា ដំបូង​ឡើយ ក្រុមការងារ​ប្រុង​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ទិដ្ឋភាព​បើកឆាក ដែលជា​ឈុត​ឆាក​រម្លឹក​អំពី​តួអង្គ​សំខាន់ Ethan Hunt (សម្ដែង​ដោយ Tom Cruise) កាលពី​ឆ្នាំ 1989។

    ក្រោយពី​បាន​ពិចារណា McQuarrie យល់ថា លោក​មិន​ចូលចិត្ត​ការប្រើប្រាស់​បច្ចេក​វិទ្យា​កុំព្យូទ័រ​ដើម្បី​ធ្វើឱ្យ Tom Cruise ដែលមាន​វ័យ 61 ឆ្នាំ ប្រែជា​កំលោះភ្លាមៗនៅ​លើអេក្រង់។ អ្នកដឹកនាំ​រឿង​រូបនេះ​និយាយថា ប្រការនេះ​ធ្វើឱ្យ​លោក​បាត់បង់​ការផ្ដោត​អារម្មណ៍​សម្រាប់​ខ្លឹមសារ​សំខាន់​របស់​ភាព​យន្ត និង​យល់ថា មិនទាន់​ចាំបាច់។

    បច្ចុប្បន្ន វគ្គ 7 របស់​យីហោ «Mission: Impossible» កំពុង​តែមាន​ស្ថាន​ភាពល្អ​នៅឯ​បញ្ជរ​លក់​សំបុត្រ​នៅ​រោងកុន។ Variety អះអាងថា ភាពយន្ត​របស់ Tom Cruise អាច​រកចំណូលបាន​យ៉ាងតិច 60 ដុល្លារ​អាម៉េរិក​នៅក្នុង 5 ថ្ងៃ​ដំបូង​នៃ​ការចាប់​បញ្ចាំង ហើយ​អាច​ក្លាយជា​វគ្គ​ដែល​រកចំណូលបាន​ច្រើនជាងគេ​របស់ «Mission: Impossible»។

    បច្ចុប្បន្ន ក្រុមការងារ​កំពុងតែ​ផលិត​វគ្គ 8 ដែលមាន​ឈ្មោះថា «Dead Reckoning Part Two» ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​​រោងកុន​នៅ​ឆ្នាំក្រោយ។ ចំណែក Tom Cruise វិញ ក៏​កំពុង​ត្រៀមខ្លួន​សម្រាប់​គម្រោង​​ភាពយន្ត​ដែល​ត្រូវ​ថត​នៅ​ទី​អវកាស របស់​អ្នកដឹកនាំ​រឿង Doug Liman៕

  • Tom Cruise លះបង់ខ្លាំង ចំពោះការថតភាពយន្ដ Mission Impossible

    Tom Cruise លះបង់ខ្លាំង ចំពោះការថតភាពយន្ដ Mission Impossible

    ភាពយន្ត Mission Impossible Fallout ថ្មីនេះ​ គឺ​ជា​ភាគ​​ទី ​6​ ហើយ​របស់​សែស្រឡាយ​រឿង​ Mission Impossible ដែល​មានការ​ចូលរួមសម្ដែង​ពី​សំណាក់​តារា​ហូលីវូដ​ល្បីៗ​ជា​ច្រើន​រូប ​ដូច​ជា Tom Cruise, Henry Cavill, Simon Pegg និង Rebecca Ferguson ជា​ដើម​។ កាលពីថ្ងៃ​ទី24 ​ខែ​កក្កដា​ តារាឯកប្រុស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​​ “The Tonight Show Starring Jimmy Fallon” ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់​ខ្លួន “Mission Impossible Fallout” ឬ “MI6”។ នៅ​ក្នុង​កម្មវិធី​នោះ​ លោក​បាន​និយាយ​ពី​បទ​ពិសោធ​សម្ដែង​ ក៏​ដូច​ជា​ការ​លំបាក​ផ្សេងៗក្នុងថតផងដែរ​។

    Tom Cruise បាន​បញ្ជាក់​ថា ​លោកបាន​បាក់​ឆ្អឹង​ជើង​នៅក្នុងការ​ថត​ឈុត​មួយ​ក្នុង​សាច់​រឿង គឺដោយសារការ​លោតផ្លោះ​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ទៀត​ ហើយអ្វី​ដែល​គួរ​ឱ្យ​កោត​សរសើរ​បំផុត​នោះ​គឺ លោក​ចំណាយ​ពេល​ដល់​ទៅ 1​ឆ្នាំ​កន្លះ​ដើម្បី​រៀន​បើក​បរ​ឧទ្ធម្ភាគចក្រ​ដើម្បីសម្ដែងឱ្យបានដូចមែនទែននៅក្នុង​ឈុត​មួយទៀត​នៃ​សាច់​រឿង។ យ៉ាងណាក៏ដោយ នៅក្នុងផ្ទៃរឿងនេះទាំងមូល នៅមានឈុតឆាកមួយចំនួនបានថតដោយកាមេរ៉ា IMax ជាប្រភេទកាមេរ៉ាដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់នៃឧស្សាហកម្មភាពយន្ដលំដាប់ពិភពលោក។

    គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី25 ខែកក្កដា ឆ្នាំ2018 ម្សិលមិញនេះ ក៏មានការជួបជុំបណ្ដាអ្នកគាំទ្ររបស់តារាសម្ដែង Tom Cruise នៅក្នុងបរិវេណ Major Cineplex by Smart សាខា​ Aeon Sen Sok ក្នុងរាជធានីភ្នំពេញផងដែរ និងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ អ្នកគាំទ្ររបស់តារាសម្ដែងប្រុសរូបនេះ បានទទួលនូវបទពិសោធថ្មីសន្លាងមួយ គឺការទស្សនាភាពយន្ដខាងលើនេះ ជា​លក្ខណៈ IMAX ដែលមានទំហំធំជាងរោងភាពយន្ដធម្មតាដល់ទៅ 4ដង។

    សូមជម្រាបថា រឿង «Mission Impossible» ក៏មានការបញ្ចុះតម្លៃពិសេសដល់ទៅ 50% ចំពោះអ្នកគាំទ្រដែលកំពុងរង់ចាំទស្សនាទៀតផង​៕