Tag: Tedros

  • WHO ថា “ប្រទេស​នីមួយ​ៗ​ត្រូវ​ទទួល​សុខ​ត្រូវ​លើ​បញ្ហា​ COVID-19 ដោយ​ខ្លួន​ឯង”

    WHO ថា “ប្រទេស​នីមួយ​ៗ​ត្រូវ​ទទួល​សុខ​ត្រូវ​លើ​បញ្ហា​ COVID-19 ដោយ​ខ្លួន​ឯង”

    ប្រធានអង្គ​​ការ​សុខភាព​ពិភពលោក​(WHO) លោក Tedros បាន​ឱ្យ​ដឹង​ថា​ អង្គការ​នេះ​​បាន​ត្រឹម​តែ​លើក​ឡើង​នូវ​អនុសាសន៍​តែ​ប៉ុណ្ណោះ​ ចំណែក​ប្រទេស​នីមួយ​ៗ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ចំពោះ​វិធាន​ការ​ទប់ស្កាត់ COVID-19​។

    លោក Tedros Adhanom Ghebreyesus ប្រធានអង្គ​ការ​សុខភាព​ពិភពលោក​(WHO) បានថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃទី​27​មេសា នៅ​ទីក្រុង​ Geneva ប្រទេស​ស្វីស​ថា “យើង​ខ្ញុំ​បាន​ត្រឹម​តែ​ផ្ដល់​អនុសាសន៍​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​តែ​ដឹង​ច្បាស់​ថា​ យើង​ខ្ញុំ​មិនមាន​កាតព្វ​កិច្ច​ក្នុងការ​បង្ខំប្រទេស​ណា​មួយ​ឱ្យ​ធ្វើ​តាម​យើង​ខ្ញុំ​នោះ​ឡើយ​។ ប្រការ​នេះ​គឺអាស្រ័យ​ទៅ​លើ​ប្រទេស​នីមួយ​ៗ ដែល​ពួកគេ​អាច​ទទួលយក​ ឬ​បដិសេធ​អនុសាសន៍​របស់​យើង​ខ្ញុំ​”។

    លោក Tedros បន្ត​ថា WHO តែង​តែ​លើក​ឡើង​នូវ​អនុសាសន៍​ដែល​យោង​ទៅ​លើ​កត្តា​វិទ្យា​សាស្ត្រ​ និង​ភ័ស្ដុតាង​ប្រកប​ដោយ​ទំនុក​ចិត្ត​។ កាលពីថ្ងៃ​ទី​30​មករា WHO បាន​ប្រកាស​អាសន្ន​ទូទាំង​ពិភពលោក​អំពី​វីរុស​ COVID-19។ មេដឹកនាំ​ WHO ថ្លែង​ថា “បើ​សិនជា​អ្នក​នៅ​ចាំ​បាន ពេល​នោះ​គឺ​មានករណី​ឆ្លង​វីរុស​​ត្រឹម​តែ​82​នាក់​ប៉ុណ្ណោះ​​នៅខាង​ក្នុង​ប្រទេស​ចិន​”។

    ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​សង្កត់​ធ្ងន់​ថា “ពិភពលោក​គួរ​ណាស់​តែ​ស្ដាប់​តាម WHO ដោយ​ប្រុង​ប្រយ័ត្ន​។ ប្រទេស​ទាំង​អស់​ពេល​នោះ​អាច​បញ្ចេញ​វិធាន​ការ​ផ្នែក​សុខាភិបាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​”។

    លោក Tedros បញ្ជាក់​ថា​ “អ្នក​គួរ​តែ​ពិនិត្យ​ឡើង​វិញ បណ្ដា​ប្រទេស​ដែល​បាន​ស្ដាប់​តាម​អនុសាសន៍​​ ពួកគេ​កំពុង​តែ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរជាង​បណ្ដា​ប្រទេស​ដទៃ​។ នោះ​គឺជា​ការ​ពិត​។ និយាយ​រួម ប្រទេស​នីមួយ​ៗ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន​”។

    បើទោះ​ជា​មានការ​ខិត​ខំ​ប្រឹង​ប្រែង​ ប៉ុន្តែអង្គ​ការ​ WHO ក៏ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដឹក​នាំ​ពិភពលោក​ ឆ្លង​កាត់​វិបត្តិ​​សុខភាព​នេះនោះ​ឡើយ។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Donald Trump ជា​ច្រើន​លើក​ បាន​ចោទ​ប្រកាន់​ WHO ថា​ “បាន​ធ្វើឱ្យ​ពិភពលោក​​បង្កកំហុស​ឆ្គង​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 ព្រម​ទាំង​បាន​​បិទ​បាំង​អំពី​ការ​ឆ្លង​រាល​ដាល​របស់​វីរុស​នេះ​ទៀត​ផង​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​ជាង​1​លាន​នាក់​ ដាក់​ញត្តិ​ស្នើ​ឱ្យ​មេដឹក​នាំ​ WHO លាលែង​ពី​តំណែង​

    មនុស្ស​ជាង​1​លាន​នាក់​ ដាក់​ញត្តិ​ស្នើ​ឱ្យ​មេដឹក​នាំ​ WHO លាលែង​ពី​តំណែង​

    ញត្តិ​​ស្នើ​ឱ្យ​ប្រធាន​អង្គ​ការ​សុខភាពពិភពលោក​(WHO) លាលែង​ពី​តំណែង​ ទទួល​បាន​ការ​ចុះ​ហត្ថ​លេខា​ពី​មនុស្ស​ជាង​1​លាន​នាក់ហើយ​ គិត​មក​ដល់​បច្ចុប្បន្ន​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន Korea Times បាន​ឱ្យ​ដឹង​ថា ញត្តិ​ប្រភេទ​​អនឡាញ​មួយ​ដែល​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​​គេហទំព័រ Chang.org ដោយ​គណនី​ឈ្មោះ “Osuka Yip” ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​31​មករា បាន​ទាក់​ទាញ​អ្នក​គាំទ្រ​ចូល​មក​ចុះ​ហត្ថលេខា​ជាង​1លាន​នាក់​ទៅ​ហើយ​ គិត​មក​ដល់​ពេល​នេះ​។ ខ្លឹម​សារ​នៃ​ញត្តិ​នេះ​យល់​ថា តួនាទី​ដឹក​នាំ​គ្មាន​ប្រសិទ្ធ​ភាព​របស់​ប្រធាន​អង្គ​ការ​ WHO លោក Tedros Adhanom Ghebreyesus បាន​នាំ​ឱ្យ​ COVID-19 ឆ្លង​រាល​ដាល​ខ្លាំង​។ ញត្តិ​នេះ​ ត្រូវ​បាន​គេ​បក​ប្រែ​ជា​ច្រើន​ភាសា​ រួម​មាន​ អង់គ្លេស បារាំង អេស្ប៉ាញ អាល្លឺម៉ង​ និង​អារ៉ាប់​។

    ​ស្ថិតិ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins នៅ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ថា គិត​ដល់​ថ្ងៃ​នេះ​ ពិភព​លោក​​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 សរុប​ជាង​985,000​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះក៏​បាន​កើន​ដល់ជាង​​55,000​នាក់​។

    ញត្តិ​ខាងលើ​សរសេរ​ថា លោក​ Tedros “មិន​ស័ក្ដិ​សម​” ជាមួយ​នឹង​តំណែង​ដឹកនាំ​ WHO នោះ​ទេ និង​បាន​ស្នើឱ្យ​លោក​លាលែង​ពី​តំណែង​ជា​បន្ទាន់​។ ញត្តិ​នេះ​ក៏បាន​រិះ​គន់​ថា លោក​ Tedros មាន​ប្រតិ​កម្ម​យ៉ាង​យឺត​យ៉ាវ​ នៅ​ពេល​ដែល​ COVID-19 ផ្ទុះ​ឆ្លង​រាល​ដាល​។

    “យើង​ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​។ យើង​ខ្ញុំ​ជឿ​ថា WHO គួរ​តែ​ផ្ដោត​ទៅ​លើ​នយោបាយ​។ លោក Tedros ជឿ​ទៅ​លើ​តួលេខ​នៃ​អ្នក​ស្លាប់​ និង​អ្នក​ឆ្លង​វីរុស​ ដែល​ប្រទេស​ចិន​បាន​រាយការណ៍​ ដោយ​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​” ខ្លឹម​សារ​នៃ​ញត្តិ​បាន​សរសេរ​ច្បាស់​បែប​នេះ​។

    ប្រទេស​មួយ​ចំនួន​ក៏មិន​យល់​ស្រប​ជាមួយ​នឹង​វិធី​ដោះស្រាយ​វិបត្តិ​ COVID-19 របស់​ប្រធាន​អង្គ​ការ​ WHO ផងដែរ​។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump យល់​ថា WHO មិន​បាន​បំពេញ​ភារ​កិច្ច​ជាមូល​ដ្ឋាន​របស់​ខ្លួន ហើយ​លោក​ក៏បាន​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ដល់​អង្គ​ការ​នេះ​ផងដែរ។

    កាលពី​ដើម​ខែ​នេះ លោក Trump ក៏​រិះ​គន់​ WHO ថា “យក​ចិន​ជា​ធំ” និង “កាន់​ជើង​ចិន​” ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ជា​អ្នក​ឧបត្ថម្ភ​ច្រើន​ជាង​គេ​ទៅ​ឱ្យ​​ WHO។ ប្រធានាធិបតី​អាមេរិកាំង​ ថែមទាំង​យល់​ថា តួលេខ​នៃ​អ្នក​ស្លាប់ដោយ​សារ​ COVID-19 អាច​នឹង​មានតិច​ជាង​​អ្វី​ដែល​បាន​កើត​ឡើង​ បើ​សិនជា​ WHO ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​បាន​ឆាប់​រហ័ស​ និង​លើក​ឡើង​នូវ​ការ​ “វិភាគ​ត្រឹម​ត្រូ​”។

    ក្រៅ​ពី​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី កោះតៃវ៉ាន់ ឬ​កូរ៉េខាង​ត្បូង​ក៏បាន​រិះ​គន់​ WHO ស្រដៀង​ទៅ​នឹង​អាមេរិកាំង​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​