Tag: Tadashi Yanai

  • អ្នក​មាន​ជាង​គេ​នៅ​ជប៉ុន​ និង​ជា​អតីត​បុគ្គលិក​ផ្សារ ​Aeon ​បង្ហើប​អំពី​វិធី​សាស្ត្រ​ដើម្បី​អាច​រីក​ចម្រើន​បាន ​នៅ​ក្នុង​សម័យ​Covid-19

    អ្នក​មាន​ជាង​គេ​នៅ​ជប៉ុន​ និង​ជា​អតីត​បុគ្គលិក​ផ្សារ ​Aeon ​បង្ហើប​អំពី​វិធី​សាស្ត្រ​ដើម្បី​អាច​រីក​ចម្រើន​បាន ​នៅ​ក្នុង​សម័យ​Covid-19

    នៅក្នុងគ្រាដែលវិបត្តិសុខភាពពិភពលោក បាននិងកំពុងធ្វើឱ្យបណ្ដាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ត្រូវប្រកាសក្ស័យធន និងគូប្រជែងសំខាន់ៗមានគម្រោងបិទហាង ក្រុមហ៊ុន Uniqlo របស់អតីតបុគ្គលិកផ្សារ Aeon នៅតែបន្តរកស៊ីបានដោយរលូន។

    ថ្មីៗនេះ លោក Tadashi Yanai ដែលជាប្រធាន និងជា CEO របស់ក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ Uniqlo បានផ្ដល់បទសម្ភាសមួយជាមួយនឹងសារព័ត៌មាន Nikkei Asia។ ក្នុងបទសម្ភាស អតីតបុគ្គលិកផ្សារ Aeon រូបនេះ ស្លៀកពាក់យ៉ាងសាមញ្ញជាទីបំផុត បើទោះលោកជាមហាសេដ្ឋីលំដាប់ទីមួយនៅជប៉ុន និងជាម្ចាស់បណ្ដាញផ្សារលក់រាយសម្លៀកបំពាក់ក៏ដោយ។

    លោក Tadashi Yanai ត្រូវបានទស្សនាវដ្ដី Forbes ផ្ដល់ចំណាត់ថ្នាក់ជាអ្នកមានជាងគេបង្អស់នៅប្រទេស​ជប៉ុន​។​ បច្ចុប្បន្ន នៅប្រទេសជប៉ុន គេជឿថា មិនមានអ្នកណាមួយដែលមិនទាន់បានប្រើប្រាស់ ឬទិញផលិតផលរបស់ Uniqlo នោះឡើយ។ Uniqlo បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅចំពោះមុខវិបត្តិCovid-19 ក្នុងគ្រាដែលក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ដទៃ កំពុងជួបការលំបាកខ្លាំង ឬប្រកាសក្ស័យធន។

    ទាក់ទងនឹងយុទ្ធសាស្ត្រទីផ្សារ លោក Tadashi Yanai បានសរសេរនៅក្នុងសៀវភៅមួយក្បាលកាលពីឆ្នាំ2003ថា៖ “សម្លៀកបំពាក់ធម្មតា អាចស្លៀកពាក់គ្រប់ពេល គ្រប់ទីកន្លែង គ្រប់គ្នា និងតាមចិត្ត”។ “បើសិនជាយើងអាចលក់សម្លៀកបំពាក់សាមញ្ញសម្រាប់បុរស និងស្ត្រី ក្នុងបរិមាណច្រើន នោះនឹងជាជោគជ័យដ៏ធំធេង”។ ទាំងនោះគឺជាចក្ខុវិស័យ ឬជាត្រីវិស័យរបស់លោក តាំងពីទសវត្សរ៍ឆ្នាំ1980 នៅពេលដែលលោកបើកហាង Uniqlo ទីបួន។ បច្ចុប្បន្ន Uniqlo មានហាងលក់សម្លៀកបំពាក់ចំនួនជាង2,200កន្លែងនៅទូទាំងពិភពលោក។

    លោក Tadashi Yanai និយាយថា៖ “វាហួសសម័យហើយដែលគ្រប់គ្នាប្រឹងប្រែងដើម្បីធ្វើឱ្យលេចធ្លោនូវជីវភាពសម្ភារ​និយម។ ខុសពីមុន ជាពេលដែលគ្រប់គ្នាស្លៀកពាក់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ ពេលនេះ គ្រប់​គ្នាចង់បានឈុតខោអាវដែលអនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវភាពដែលមានគុណភាពខ្ពស់”។

    អ្នកមានជាងគេនៅជប៉ុន និងជាអតីតបុគ្គលិកផ្សារ Aeon បង្ហើបអំពីវិធីសាស្ត្រដើម្បីអាចរីកចម្រើនបាន នៅក្នុងសម័យCovid-19
    លោក Tadashi Yanai ដែលជាប្រធាន និងជា CEO របស់ក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ Uniqlo

    ជាមួយនឹងការយល់ឃើញខាងលើ សម្លៀកបំពាក់ LifeWear របស់ក្រុមហ៊ុន Uniqlo បានក្លាយជាផលិតផលដែលសមស្របយ៉ាងពិសេសទៅនឹងវិបត្តិសុខភាពនៅក្នុងឆ្នាំនេះ៖ ម៉ាស់ដែលអាចឱ្យខ្យល់ចេញចូលបានល្អ ខោកីឡាដែលសមស្របនឹងបរិយាកាសចត្តាឡីស័ក ឬការនៅដាច់ដោយឡែកពីគេឯងដើម្បីទប់ស្កាត់ការឆ្លងវីរុសជាដើម។ល។ ក្រុមហ៊ុនរបស់លោក Tadashi Yanai ក៏កំពុងតែដាក់លក់ផលិតផលសម្រាប់អ្នក “ធ្វើការពីផ្ទះ” ផងដែរ។

    លោក Tadashi Yanai បាននិយាយប្រាប់សារព័ត៌មាន Nikkei Asia ថា៖ “Covid-19 គឺជាវិបត្តិធំសម្រាប់បណ្ដាក្រុមហ៊ុនក្នុងពិភពលោក ប៉ុន្តែ វាក៏ជាឱកាសដ៏ធំផងដែរ។ បណ្ដាក្រុមហ៊ុនជោគជ័យ តែងតែរួចផុតពីវិបត្តិ”។

    Covid-19 បានសម្លាប់ក្រុមហ៊ុនជាច្រើននៅក្នុងវិស័យលក់រាយសម្លៀកបំពាក់។ Brooks Brothers, J-Crew និង J.C. Penney ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនរាប់រយដែលបានប្រកាសក្ស័យធន ខណៈដែល Fast Retailing ក៏ត្រូវបិទទ្វារហាងបណ្ដោះអាសន្ននៅទូទាំងពិភពលោក។

    ប៉ុន្តែ Uniqlo បានរួចពីការស្លាប់ ដោយសារតែមានការគាំទ្រពីអតិថិជន។ Akari Ono អាយុ27ឆ្នាំ បាននិយាយ​ថា នាងបានទិញសម្លៀកបំពាក់ជាញឹកញាប់ពីហាង Uniqlo។ នាងបន្ថែមថា ផលិតផលរបស់ Uniqlo “មានតម្លៃ​សមរម្យ និងពិសេសវាមានប្រយោជន៍ច្រើន ព្រោះខ្ញុំមិនបានចេញក្រៅផ្ទះញឹកញាប់ដូចមុននោះទេនៅក្នុងឆ្នាំនេះ”​។​

    កាលពីខែមិថុនា ប្រាក់ចំណូលរបស់ Uniqlo នៅជប៉ុន បានកើនឡើង26% បើធៀបនឹងអំឡុងពេលដូចគ្នាកាល​ពីឆ្នាំ2019។ លោក Yanai នៅតែជឿជាក់ទៅលើហាងលក់បែបបុរាណដដែល ប៉ុន្តែ ត្រូវគួបផ្សំនឹងវិធីសាស្ត្រលក់​អនឡាញ។

    ថាមពលនៃតម្លៃ

    ជីវិតរបស់មហាសេដ្ឋីលំដាប់ទីមួយនៅជប៉ុនរូបនេះ មិនដែលចាកចេញពីវិស័យលក់រាយនោះទេ។ បន្ទាប់ពីបានរៀន​ចប់នៅឆ្នាំ1972 លោក Yanai ក៏បានចូលធ្វើការនៅក្នុងផ្សារទំនើប Aeon ហើយក្រោយមកក៏បានទៅធ្វើការនៅក្នុងក្រុមហ៊ុនសម្លៀកបំពាក់ដែលឪពុករបស់គាត់ជាអ្នកបង្កើតឡើងនៅក្នុងខេត្ត Yamaguchi។ លោក Yanai បានបើកហាង Uniqlo ដំបូងបង្អស់របស់ខ្លួននៅក្នុងឆ្នាំ1984 និងបើកហាងទីមួយនៅទីក្រុង Tokyo ក្នុងឆ្នាំ1998។

    អ្នកមានជាងគេនៅជប៉ុន និងជាអតីតបុគ្គលិកផ្សារ Aeon បង្ហើបអំពីវិធីសាស្ត្រដើម្បីអាចរីកចម្រើនបាន នៅក្នុងសម័យCovid-19
    ហាង​សម្លៀក​បំពាក់​តម្លៃ​ទាប Uniqlo ​របស់​លោក Tadashi Yanai

    កាលណោះ Uniqlo គ្រាន់តែជាហាងមួយដែលតំណាងឱ្យសម្លៀកបំពាក់តម្លៃទាបតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រការនេះបានជួយឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន កើនឡើង5ដង រាប់ចាប់ពីឆ្នាំ1998ដល់ឆ្នាំ2001។ Takahiro Kazahaya អ្នកវិភាគមកពីក្រុមហ៊ុន Credit Suisse Securities បានឱ្យដឹងថា ចាប់តាំងងពីទើបត្រូវបានបង្កើតឡើង កម្លាំងរបស់ Fast Retailing (ក្រុមហ៊ុនមេរបស់ Uniqlo) តែងតែកំណត់តម្លៃយ៉ាងសមរម្យសម្រាប់ផលិតផលមូលដ្ឋាន។

    Takahiro Kazahaya បន្តថា លោក Yanai បាន “ដាក់ចេញនូវបេសកកម្មយ៉ាងច្បាស់លាស់សម្រាប់ក្រុមហ៊ុន នោះ​គឺការផ្គត់ផ្គង់ខោអាវដែលមានតម្លៃទាបជាងគេ និងងាយស្រួលប្រើប្រាស់ជាងគេ សម្រាប់គ្រប់គ្នា និងកំពុង​តែធ្វើនូវអ្វីដែលចាំបាច់សម្រាប់ដើរទៅដល់គោលដៅដែលបានកំណត់”។

    អាថ៌កំបាំងអំពីការកំណត់តម្លៃទាបរបស់ Uniqlo មួយផ្នែកគឺអាស្រ័យទៅលើការបញ្ជាទិញផលិតផលក្នុងបរិមាណច្រើនពីវិស័យកាត់ដេរ។ ប្រការនេះក៏ជួយឱ្យក្រុមហ៊ុន មានទឹកមាត់ប្រៃសម្រាប់ជជែកជាមួយភាគីរោងចក្រកាត់​ដេរ​ផងដែរ។

    យោងតាមអ្នកវិភាគ Kazahaya តុលភាពរវាងគុណភាពនិងតម្លៃ ត្រូវបានអ្នកប្រើប្រាស់ទទួលយក ដែលនេះបាន​ជួយឱ្យក្រុមហ៊ុនដណ្ដើមបានចំណែកទីផ្សារមួយយ៉ាងធំនៅអាស៊ី ហើយប្រការនេះក៏នៅតែមិនប្ដូរផ្លាស់ បើទោះស្ថិតក្នុងវិបត្តិសុខភាព។

    Fast Retailing រកបានចំណូលសរុប 20.7ពាន់លានដុល្លារអាមេរិក និងចំណេញ1.4ពាន់លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់កាលពីខែសីហា2019។

    នៅតែបន្តវិវឌ្ឍន៍ខ្លួន

    ដើម្បីទប់ទល់នឹង Covid-19 លោក Yanai នឹងធ្វើការកែសម្រួលមួយចំនួនទៅលើហាងបែបបុរាណរបស់ខ្លួន។ ក្នុងចំណោមហាងជាង800នៅជប៉ុន ដែលជាទីផ្សារធំបំផុតរបស់ Uniqlo នឹងមានហាងប្រមាណ1/3 ត្រូវកែប្រែមុខមាត់ថ្មី ទាក់ទងនឹងការតុបតែង ឬទីតាំង។

    លោក Yanai ថ្លែងថា៖ “មានការប្ដូរផ្លាស់មួយនៅក្នុងទម្លាប់រស់នៅរបស់អ្នកប្រើប្រាស់ នោះគឺពួកគេទិញទំនិញនៅក្នុងតំបន់ក្បែរខាង។ លោកថា នឹងមានហាងកាន់តែច្រើន វាយលុកទីផ្សារជនបទនាពេលខាងមុខ។ Fast Retailing ក៏បានអះអាងថា ខ្លួនកំពុងតែបង្កើនល្បឿននៃការពង្រីកខ្លួនទៅក្នុងទីផ្សារខាងលើ និងទីផ្សារ​អនឡាញ​ផងដែរ៕

    ប្រភព៖ Nikkei Asia

  • មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

    មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

    CEO របស់ Tesla លោក Elon Musk រកបានជាង13ពាន់លានដុល្លារបន្ថែមទៀតរាប់ចាប់ពីពាក់កណ្ដាលខែមីនា2020 ខណៈដែលស្ថាបនិករបស់ Facebook លោក Mark Zuckerberg រកចំណូលបានជិត​29​ពាន់​លាន​ដុល្លារ។

    COVID-19 បានបណ្ដាលឱ្យមហាសេដ្ឋីជាច្រើនបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកនៅពេលផ្សារហ៊ុនអាមេរិកដាំក្បាលចុះកាលពីខែមីនាកន្លងទៅ ប៉ុន្តែល្បឿននៃការងើបឡើងវិញនៃផ្សារហ៊ុនបានជួយឱ្យអ្នកមានជាច្រើនស្រង់ដើមទុនបានមកវិញ ហើយក៏មានអ្នកជំនួញខ្លះថែមទាំងចំណេញយ៉ាងច្រើនផងដែរ។

    ដោយប្រើប្រាស់ទិន្នន័យតាមពេលវេលាជាក់ស្ដែងរបស់ Forbes ក្រុមហ៊ុន GoBankingRates បានរកឃើញថា មហាសេដ្ឋី7រូបដែលស្ថិតក្នុងចំណោមអ្នកមានជាងគេទាំង50នាក់របស់ពិភពលោក មានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលក្នុងដំណាក់កាលចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃទី4មិថុនា2020។ ថ្ងៃទី18 ខែមីនា គឺជារយៈពេលមួយសប្ដាហ៍បន្ទាប់ពី COVID-19 ត្រូវបានប្រកាសថាជារោគរាតត្បាតទូទាំងពិភពលោក ហើយ2ថ្ងៃក្រោយមក សន្ទស្សន៍ DJIA (Dow Jones Industrial Average) ត្រូវបានកត់សម្គាល់ឃើញថាជាថ្ងៃជួញដូរមូលបត្រមួយក្នុងចំណោមថ្ងៃជួញដូរដែលអាក្រក់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណែកថ្ងៃទី4មិថុនាវិញគឺជាថ្ងៃដែលរដ្ឋនានានៅសហរដ្ឋអាមេរិកចាប់ផ្ដើមដកបម្រាមគោចរ។

    CEO របស់ក្រុមហ៊ុន Tesla និង SpaceX គឺលោក Elon Musk បានជាប់ឈ្មោះនៅក្នុងបញ្ជីនៃក្រុមមនុស្សដែលរកបានប្រាក់ចំណូលច្រើនជាងពាក់កណ្ដាលនៃទ្រព្យសរុបរបស់ខ្លួននៅក្នុងដំណាក់ចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃ​ទី​4មិថុនា2020។ ទ្រព្យរបស់លោក Elon Musk បានកើន55% ដែលជួយឱ្យលោកមានទ្រព្យជាង​38​ពាន់​លានដុល្លារ។ ប្រការនេះបានកើតឡើងដោយសារតម្លៃមូលបត្ររបស់ក្រុមហ៊ុន Tesla ឡើងថ្លៃខ្ពស់។ បច្ចុប្បន្ន លោក Elon Musk កាន់កាប់មូលបត្រជិត39លានហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ហើយលោកក៏ទើបតែទទួលបានប្រាក់រង្វាន់ដែលមានតម្លៃជាង700លានដុល្លារកាលពីខែឧសភាផងដែរ។

    មហាសេដ្ឋីម្នាក់ផ្សេងទៀតដែលទទួលបានចំណេញច្រើនកប់ក្ដោងដែរនោះគឺម្ចាស់ Facebook លោក Mark Zuckerberg។ គិតត្រឹមដើមខែមិថុនានេះ លោក Zuckerberg មានទ្រព្យជាង83ពាន់លានដុល្លារ កើនជិត29ពាន់លានដុល្លារបើធៀបនឹងថ្ងៃទី18មីនា2020។ បច្ចុប្បន្ន ស្ថាបនិករបស់ Facebook មានភាគហ៊ុនប្រមាណជា400លានហ៊ុននៅក្នុងក្រុមហ៊ុន Facebook។

    ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី7រូបដែលមានទ្រព្យកើនឡើងជាង50%នៅក្នុងសម័យ COVID-19៖

    1. លោក Dieter Schwarz ម្ចាស់ក្រុមហ៊ុន Schwarz Group (អាល្លឺម៉ង់)

    លោក Dieter Schwarz

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 19.8ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 33.1ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ ៖ 67%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានរបាយការណ៍
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 30.8ពាន់លានដុល្លារ

    2. Mukesh Ambani – ប្រធានក្រុមហ៊ុន Reliance Industries (ឥណ្ឌា)

    លោក Mukesh Ambani

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 36.8ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 58ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 57.6%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ 68.3លានដុល្លារ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 59.4ពាន់លានដុល្លារ

    3. លោក Elon Musk – CEO របស់ក្រុមហ៊ុនTelsa/SpaceX/The Boring Company (អាមេរិក)

    CEO របស់ Tesla លោក Elon Musk

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 24.6ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 38.2ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 55%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 42ពាន់លានដុល្លារ

    4. លោក Alain Wertheimer – ម្ចាស់ក្រុមហ៊ុន Chanel (បារាំង)

    លោក Alain Wertheimer

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 17.1ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 26.3ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 53.8%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 24.7ពាន់លានដុល្លារ

    5. លោក Gerard Wertheimer – ម្ចាស់ក្រុមហ៊ុន Chanel (បារាំង)

    លោក Gerard Wertheimer

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 17.1ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 26.3ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 53.8%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 24.7ពាន់លានដុល្លារ

    6. លោក Mark Zuckerberg – CEO របស់Facebook (អាមេរិក)

    Mark Zuckerberg និងភរិយា Prisilla Chan

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 54.7ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 83.4ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 52.47%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ ជាង150លានដុល្លារ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 87.4ពាន់លានដុល្លារ

    7. លោក Tadashi Yanai – ម្ចាស់ក្រុមហ៊ុន Fast Retailing (ជប៉ុន)

    មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19
    លោក Tadashi Yanai ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Fast Retailing

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 19.7ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 29.6ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 50.2%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 29.7ពាន់លានដុល្លារ

    ប្រភព​៖ CNBC