Tag: Star

  • ក្រុមហ៊ុន​អាម៉េរិក​អភិវឌ្ឍ​យន្ត​ហោះ​មាន​ល្បឿន​ជាង 11 ពាន់​គីឡូម៉ែត្រ/ម៉ោង

    ក្រុមហ៊ុន​អាម៉េរិក​អភិវឌ្ឍ​យន្ត​ហោះ​មាន​ល្បឿន​ជាង 11 ពាន់​គីឡូម៉ែត្រ/ម៉ោង

    ក្រុមហ៊ុន Venus Aerospace នៅ​រដ្ឋ Texas កំពុង​អភិវឌ្ឍ​យាន​ដែលមាន​ល្បឿន​លឿង​ជាង 9 ដង​ធៀប​នឹង​ល្បឿន​របស់​សំឡេង តាមរយៈ​យន្តហោះ​គំរូ​ដែលមាន​ឈ្មោះថា Stargazer។

    យន្តហោះ​ដឹក​អ្នកដំណើរ Stargazer កំពុង​ត្រូវបាន​អភិវឌ្ឍ​ដើម្បី​អាច​ហោះហើរ​ក្នុង​ល្បឿន 11,104 គីឡូម៉ែត្រ/ម៉ោង អនុញ្ញាតឱ្យ​វា​ហោះ​ពី New York របស់​សហរដ្ឋ​អាម៉េរិក ទៅកាន់ Sydney របស់​អូស្ត្រាលី ដោយ​ប្រើពេល​តែ 90 នាទី។ ល្បឿន​នេះ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ល្បឿន Mach 2 (2,414 គីឡូម៉ែត្រ/ម៉ោង) របស់​យន្តហោះ Concorde។ នេះ​បើតាម Tech Times ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា។

    យោងតាម​ណា​សា មកដល់​បច្ចុប្បន្ន ពុំទាន់​មាន​យន្តហោះ​ណាមួយ​ដែល​ហោះ​បាន​ក្នុង​ល្បឿន Mach 6.7 (8,273 គីឡូម៉ែត្រ/ម៉ោង) រាប់​ចាប់តាំងពី​យន្តហោះ​សម្រាប់​ធ្វើតេស្ត X15 របស់​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើបាន​បែបនេះ​កាលពី​ឆ្នាំ 1967។ ក៏ប៉ុន្តែ សមិទ្ធផល​នេះ​សុទ្ធតែ​មិនបាន​លេចធ្លោ ដោយសារតែ​ល្បឿន​នៃ​ការរីកចម្រើន​ក៏​លឿន​របស់​រ៉ុក្កែត​ហោះ​ឡើងទៅ​កាន់​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី ក្នុង​កម្រិត​ជាង Mach 9  ប្រហែល 23,358 គីឡូម៉ែត្រ/ម៉ោង។

    គម្រោង Stargazer ដែល​ប្រកបដោយ​មហិច្ឆតា​របស់ Venus Aerospace ដំណើរការ​ដោយ​រ៉ុក្កែត អាចធ្វើ​បដិវត្ត​វិស័យ​ទេសចរណ៍​អវកាស។ បើទោះជា​ប្រើប្រាស់​កម្លាំង​រុញច្រាន​ពី​រ៉ុក្កែត ប៉ុន្តែ យន្តហោះ Stargazer ក៏​ហោះ​ឡើង និង​ចុះចត​ដោយ​ប្រើ​ម៉ាស៊ីន​យន្តហោះ​ធម្មតា។

    Andrew Duggleby សហ​ស្ថាបនិក និង​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់ Venus Aerospace សង្កត់ធ្ងន់ថា ដើម្បី​ចៀសវាង​សំឡេង​រំខាន​ខ្លាំង​នៅឯ​អាកាសយានដ្ឋាន យន្តហោះ Stargazer នឹង​ប្រើប្រាស់​ម៉ាស៊ីន​យន្តហោះ​ដើម្បី​ហោះ​ឡើង ហើយ​នៅពេល​ហោះ​ផុតពី​ទីប្រជុំជន វា​នឹង​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត​ដើម្បី​បន្តធ្វើ​ដំណើរ​ទៅមុខ៕

  • SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    (សហរដ្ឋ​អាម៉េរិក) – SpaceX កំពុង​ពិសោធ​បច្ចេកវិទ្យា​ដែល​ជួយ​ពង្រឹង​ផ្ទៃ​​ខាង​ក្រោម​នៃ​ប្រព័ន្ធ​ទម្រ​ដើម្បី​អាច​ទ្រាំទ្រ​កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន​រុញច្រាន​រ៉ុក្កែត Starship នៅពេល​បាញ់​បង្ហោះម្ដងៗ។

    ប្រព័ន្ធ​ទម្រ​នៅ​មូលដ្ឋាន Starbase របស់ SpaceX ក្នុង​​តំបន់ Texas ខាងត្បូង បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុងការ​បាញ់​បង្ហោះ​សាកល្បង​ដំបូង​របស់​យាន Starship ដែលជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត កាលពី​ថ្ងៃទី 20 មេសា 2023។ កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន Raptor ចំនួន 33 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់​របស់ Starship បាន​ទម្លុះ​ជា​រណ្ដៅ​នៅ​ខាងក្រោម​ជើង​របស់​​ប្រព័ន្ធ​ទម្រ ធ្វើឱ្យ​ផ្ទាំង​បេតុង​ត្រូវ​បែកបាក់ និង​ប៉ើង​ចេញ​ឆ្ងាយ​ពី​កន្លែង​ដើម។ មួយថ្ងៃ​ក្រោយ​ការបាញ់​បង្ហោះ​សាកល្បង​ខាងលើ SpaceX ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​បង្កើត​ខែល​ទប់​ទល់នឹង​បញ្ហានេះ​។

    ការប្រឹងប្រែង​រក​វិធី​ទប់ទល់​ក៏បាន​ចាប់ផ្ដើម​តាំងពី​បី​ខែ​មុន។ ប្រព័ន្ធ​ខែល​នេះ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​សម្រាប់​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃទី 20 មេសា ប៉ុន្តែ SpaceX នៅតែ​សម្រេចចិត្ត​ធ្វើតេស្ត ព្រោះ​យល់ថា ស្រទាប់​បេតុង​ខាងក្រោមប្រព័ន្ធ​​ជើង​ទម្រ Starship អាច​ទ្រាំទ្រ​ការបាញ់​បង្ហោះ​បាន​ពីរលើក។ ក៏ប៉ុន្តែ បញ្ហា​នៅតែ​កើតឡើង ដូច្នេះ SpaceX ក៏​បង្កើន​សកម្មភាព​ដើម្បី​បង្ហើយ​កិច្ចការ​បង្កើត​ខែល​ការពារ​ដែល​ធ្វើ​ពី​ដែកថែប។

    ថ្មីៗនេះ SpaceX បាន​ពិសោធ​កម្លាំង​របស់​ខែល​ទប់ទល់​កំណែ​ដំបូង ដោយ​ការប្រើប្រាស់​កម្លាំង​របស់​ម៉ាស៊ីន Raptor មួយគ្រឿង។ នៅក្នុង​វីដេអូ 20 វិនាទី ដែល SpaceX បាន​ចែករំលែក​កាលពី​ថ្ងៃទី 19 ឧសភា គេ​ឃើញ​ថា​ នៅពេល​​ចំហាយ​ទឹកបាន​រសាត់​អស់ ​នៅ​ខាងចុង​វីដេអូ ខែល​នេះ​ហាក់​នៅ​រក្សាបាន​ទម្រង់​ដើម។

    ការ​បាញ់​បង្ហោះ​រ៉ុក្កែត

    SpaceX កំពុងតែ​អភិវឌ្ឍ​យាន Starship ដើម្បី​ដឹក​អ្នក​អវកាស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ។ ណា​សា​ក៏​ជ្រើសរើស Starship ធ្វើជា​ស្ថានីយ​ចុះចត​ដំបូង​ដែល​នាំ​មនុស្ស​ទៅ​ជាន់​ដី​របស់​ឋាន​ព្រះ​ចន្ទ​នៅក្នុង​កម្មវិធី Artemis។

    ការ​​ធ្វើ​តេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    បច្ចុប្បន្ន SpaceX កំពុង​ដុតដៃដុតជើង​នៅក្នុង​ការផលិត​យាន Starship ជាច្រើន​​គ្រឿង​នៅឯ​មូលដ្ឋាន Starbase ហើយ​គ្រោង​នឹង​បាញ់​បង្ហោះ​កំណែ​បន្ទាប់​នៅប្រហែល​​ពីរ​ខែ​ទៀត បើសិន​ប្រព័ន្ធ​ខែល​ដែក​ការ​ពារ​ផ្ទៃ​ជើង​ទម្រ​​បាន​ត្រៀមខ្លួន​រួចរាល់ និងបន្ទាប់​ពី​ទទួលបាន​ការ​អនុញ្ញាត​ពី​​រដ្ឋបាល​អាកាសចរណ៍​អាម៉េរិក​៕

  • ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

    ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

    ការថយចុះ​នៃ​ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​កាលពី​ចុង​សប្ដាហ៍​ទី​ពីរ របស់​ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» (ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី) ស្ថិតក្នុង​កម្រិត​ល្អ​ជាង បើ​ធៀប​នឹង​រាល់​ភាពយន្ត​របស់​Marvel រាប់​ចាប់ពី​ឆ្នាំ 2018។

    នៅពេល​ដំណើរ​ផ្សងព្រេង​ទី​បី ហើយក៏​ជា​លើកចុងក្រោយ​របស់​អ្នក​ដឹក​រឿង James Gunn ជាមួយនឹង Star-Lord, Gamora, Rocket Raccoon រួម​នឹង​អ្នកដទៃ ត្រូវបាន​ចាប់​បញ្ចាំង​កាលពី​ចុង​សប្ដាហ៍​កន្លង «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» រកចំណូលបាន 118.4 លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល​បី​ថ្ងៃ​​ដំបូង​ នៅ​អាម៉េរិក​ខាងជើង និង 289 លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក។

    នោះ​គឺជា​តួលេខ​មួយ​ដែល​មិន​អន់​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ទាប​ជាង​ធៀប​នឹង 146.5 លាន​ដុល្លារ​របស់ «Guardians of the Galaxy Vol. 2» កាលពី​ឆ្នាំ 2017 ហើយ​អាចធ្វើឱ្យ​ផលិតករ​ភាពយន្ត Disney/Marvel ព្រួយបារម្ភ។ ក៏ប៉ុន្តែ ពេលនេះ​ពួកគេ​អាច​ធូរស្រាល​ក្នុង​ចិត្ត​ នៅពេល​ដឹងថា «Guardians of the Galaxy Vol. 3»កំពុងតែ​បញ្ជាក់ថា អាច​រកបាន​ប្រាក់ចំណូលក្នុង​កម្រិត​ល្អ​សម្រាប់​រយៈ​ពេល​​យូរអង្វែង​ នៅ​ពេល​បន្ត​នាំមុខគេ​នៅ​សប្ដាហ៍​ទី​ពីរ ដោយមាន​អត្រា​ធ្លាក់ចុះ​កម្រិត​ទាប​ជាង​គេ។

    ជាក់ស្ដែង គិត​មកដល់​បច្ចុប្បន្ន «Guardians of the Galaxy Vol. 3» រកចំណូលបាន 216.6 លាន​ដុល្លារ​អាម៉េរិក​នៅ​ទីផ្សារ​អាម៉េរិក​ខាងជើង និង 530.9 លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក។ តួលេខ​នេះ​ក៏​មានន័យថា «Guardians of the Galaxy Vol. 3» បាន​យកឈ្នះ​លើ​ភាពយន្ត Marvel រឿង “Ant-Man and the Wasp: Quantumania” (ដែល​រកបាន 475.8 លាន​ដុល្លារ​ពី​រាល់​ការ​បញ្ចាំង​នៅ​រោងកុន ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ) ក្រោយពី​បញ្ចាំង​ជា​ផ្លូវការ​បាន​ជាង​មួយ​សប្ដាហ៍។

    «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» គឺជា​ខ្សែភាពយន្ត​ស្ដីពី​កំពូល​អ្នកក្លាហាន​អាម៉េរិក ដែល​ផលិត​ឡើង​ទៅ​​តាម​សាច់​រឿង​ «ក្រុម​កំពូល​អ្នកក្លាហាន​ការពារ​កាឡាក់ស៊ី​មី​ល​គី​វ៉េ» របស់ Marvel Comics។ «Guardians of the Galaxy Vol. 3» ​ត្រូវបាន​ផលិត​ដោយ Marvel Studios និង​ចាក់​បញ្ចាំង​ដោយ Walt Disney Studios Motion Pictures។ នៅក្នុង​វគ្គ​បី​នេះ ក្រុម​ពិសេស​ដែល​យើង​ធ្លាប់បាន​ស្គាល់ មានការ​ផ្លាស់ប្ដូរ​មួយចំនួន។ Peter Quill នៅតែមាន​ការឈឺចាប់​ព្រោះតែ​បាត់បង់ Gamora ប៉ុន្តែ​នៅតែ​បំពេញកាតព្វកិច្ច​​ជា​អ្នកប្រមូល​កម្លាំង​របស់​​​ក្រុម​ដើម្បី​ការពារ​ចក្រវាល​ទាំងមូល។ ពួកគេ​ត្រូវ​រ៉ាប់រង​ភារកិច្ច​ដ៏​លំបាក ហើយ​បើសិនជា​បរាជ័យ បេសកកម្ម​របស់​ពួកគេ​អាច​នឹងត្រូវ​បានបញ្ចប់៕

  • រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

    រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

    តម្លៃ 8 ម៉ឺន​ដុល្លារ​អាម៉េរិក/គ្រឿង មិនអាច​រារាំង​អតិថិជន​ដែល​ចង់​ប្រើ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Volvo បានឡើយ។

    ថ្មីៗនេះ បន្ទាប់ពី​ដាក់ឱ្យ​បញ្ជា​ទិញ​ជាមុន​រថយន្ត​អគ្គិសនី EX90 ក្រុមហ៊ុន​ផលិត​រថយន្ត Volvo ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់ រហូត​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ផ្អាក​ការលក់​បណ្ដោះអាសន្ន ព្រោះតែ​បរិមាណ​​នៃ​រថយន្ត​ដែល​ត្រូវបាន​បញ្ជា​ទិញ បាន​លើសពី​គម្រោង​នៃ​ការផលិត​លើកទីមួយ។ ប៉ុន្តែ ក្រុមហ៊ុន​បាន​សន្យាថា នឹង​បើក​លក់​ជាថ្មី​នាពេលខាងមុខ។

    Volvo EX90 ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយយោង​ទៅតាម​តួ​រថយន្ត​អគ្គិសនី SPA2 របស់​ក្រុមហ៊ុនមេ Geely ដែល​ដូច​ទៅនឹង Polestar 3។ ក្នុងពេលដែល Polestar 3 មាន​កៅអី​ចំនួន​ប្រាំ Volvo EX90 មាន​កៅអី​អាចឱ្យ​អង្គុយ​បាន 7 នាក់។

    កំណែ​មូលដ្ឋាន​របស់ Volvo EX90 ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន 402 ​សេះ ខណៈដែល​កំណែ Performance មាន​កម្លាំង 510 ​សេះ អាច​បង្កើនល្បឿន​ពី 0-97 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 4.7 វិនាទី។ កំណែ​ទាំងពីរ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល 107 kWh អាចឱ្យ​បើកបរ​បាន 580 គីឡូម៉ែត្រ ទៅតាម​ស្ដង់ដា​របស់ WLTP ឬ​ប្រហែល 483 គីឡូម៉ែត្រ​ក្នុង​ការបើកបរ​ជាក់ស្ដែង។

    Volvo EX90 ត្រូវបាន​បំពាក់​ប្រព័ន្ធ LiDAR ((Light Detection and Ranging) ដែលជា​សេន​ស័​រ 3D សម្រាប់​​បាញ់​វាស់​ចម្ងាយ និង​វាស់​ជម្រៅ​របស់​វត្ថុ ក៏ដូចជា​ដៅ​សម្គាល់​ភាព​ជ្រៅ​នៃ​ផ្ទៃ​លំហ​ជាដើម) រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រៀង, រ៉ា​ដា​ប្រាំ​គ្រឿង, កាមេរ៉ា 8 គ្រឿង និង​សែន​ស័​រ​ចាប់​រលកសញ្ញា 16 គ្រឿង។ ក្រៅពីនេះ រថយន្ត​អគ្គិសនី EX90 ក៏​បំពាក់​បច្ចេកវិទ្យា​ជាច្រើន​ទៀត​នៅ​ខាងក្នុង​កាប៊ីន រួមមាន​ទាំង​អេក្រង់​ទូរទស្សន៍ 14.5 អ៊ី​ញ​ដែល​បំពាក់​កម្មវិធី​ជំនួយការ​របស់ Google ផងដែរ៕

  • ផ្កាយ​មួយ​ដួង​កំពុង​ “ស៊ីសាច់​” មិត្ត​រួម​ដំណើររបស់​វា​ ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​នៃ​កាឡាក់ស៊ី​មួយ​ដែល​នៅ​ក្បែរ ​Milky Ways

    ផ្កាយ​មួយ​ដួង​កំពុង​ “ស៊ីសាច់​” មិត្ត​រួម​ដំណើររបស់​វា​ ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​នៃ​កាឡាក់ស៊ី​មួយ​ដែល​នៅ​ក្បែរ ​Milky Ways

    អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ធ្វើការ​វិភាគ​ទៅ​លើ​ដំណើារ​វិវឌ្ឍ​ន៍​របស់​ផ្កាយ​ភ្លោះ​នេះ ហើយ​បាន​រក​ឃើញ​ថា ផ្កាយ​ដែល​មាន​ទំហំ​ធំជាង​គេ​ បាន​ស្រូប​យកវត្ថុ​ធាតុ​ពី​ផ្កាយ​តូច​ជាង​​ដែល​កំពុងគោចរ​ជុំវិញ​វា​ នៅ​ក្នុង​រយៈ​ចម្ងាយ​ខ្លី​។

    ក្រុម​តារា​វិទូ​នៅ​​មជ្ឈ​មណ្ឌល​​រុក​រក​រលក​ទំនាញ​ ARC Centre of Excellence for Gravitational Wave Discovery (OzGrav) របស់​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​អូស្ត្រាលី​ សហការ​ជាមួយ​មន្ទីរ​ស្រាវ​ជ្រាវ​ Max Planck របស់​អាល្លឺម៉ង់ សាកលវិទ្យា​ល័យ​ Monash របស់​អូស្ត្រាលី និង​សាកល​វិទ្យា​ល័យ Birmingham នៃ​ប្រទេស​អង់គ្លេស​​ បាន​ធ្វើ​ការ​ស្វែង​យល់​អំពី​ប្រភព​នៃ​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ Be X-ray ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុងកាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង​។

    កាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង
    កាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង

    ប្រព័ន្ធ​ផ្កាយ​ភ្លោះ Be X-ray គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ ដែល​រួម​មាន​ផ្កាយ​នឺត្រុង​មួយ​ដែល​គោចរ​យ៉ាង​លឿន​ជុំវិញ​ផ្កាយ​មួយទៀត​ដែល​មាន​ទំហំ​ធំជាង​វា​។ ល្បឿន​នៃ​ការ​គោចរ​របស់​ផ្កាយ​នឺត្រុង​តូច បាន​ធ្វើ​ឱ្យ​ផ្កាយ​ធំ​ បង្កើត​បាន​ជា​កង​អវកាស​ដ៏​ធំ​មួយ​ដែល​ពេញ​ទៅ​ដោយ​វត្ថុ​ធាតុ​ផ្សេង​ៗ។ បន្ទាប់​មក ផ្កាយ​នឺត្រុង​ក៏បាន​បញ្ចេញ​កាំរស្មី​ X ដែល​ក្រុម​តារាវិទូ​អាចសង្កេត​ឃើញ និង​​វាស់​វែង​បាន​។

    បណ្ឌិត​ Serena Vinciguerra ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​នៅ​ OzGrav បាន​ប្រើ​ប្រាស់​កម្មវិធីកុំព្យូទ័រ​​ COMPAS ដើម្បី​ក្លែង​បង្កើត​​បរិយាកាស​ដែល​ដូច​ទៅ​នឹង​កាឡាក់ស៊ី​​ Small Magellanic Cloud។ តាម​រយៈ​ការ​ប្រៀប​ធៀប​ចំណុច​ពិសេស​របស់គន្លង​គោចរ​របស់​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ Be X-ray ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​កុំព្យូទ័រ ជាមួយ​នឹង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ពិត​នៅ​ក្នុង​អវកាស​ដែល​ត្រូវ​បាន​សង្កេត​ឃើញ ក្រុម​តារាវិទូ​អាច​ស្វែង​យល់​អំពី​ដំណើ​ការ​នៃ​ការ​វិវឌ្ឍ​ន៍​របស់​ផ្កាយ​ទាំង​នេះ​៖

    ដំបូង​ឡើយ​ ផ្កាយ​ទាំង​នេះ​បាន​កកើត​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ដែល​មាន​គន្លង​គោចរ​រាង​ពង​ក្រពើ​តូច​ចង្អៀត​។ ផ្កាយ​មួយ​ដួង​ដែល​មាន​ទំហំ​ធំ​ជាង​គេ​ មាន​ការ​វិវឌ្ឍន៍​​លឿងជាង​ និង​ប្រែ​ទៅ​ជា​ធំ​ជាង​មុន​យ៉ាងលឿន។ ដោយ​សារ​តែ​នៅ​មិន​សូវ​ឆ្ងាយ​ពី​គ្នា ផ្កាយ​ធំជាង​ ក៏​ស្រូប​យក​វត្ថុ​ធាតុ​ពី​ផ្កាយ​តូច​ជាង​វា​បាន​ច្រើន​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​វិវឌ្ឍន៍ ផ្កាយ​ធំ​ជាង​គេ​​​អាចនឹង​​​ផ្ទុះ​ឡើង​ក្រោម​ទម្រង់​​ supernova ហើយ​​ប្រែ​ក្លាយ​ជា​​ផ្កាយ​នឺត្រុង​តួច​ ប៉ុន្តែ​ហាប់​ណែន​។​ បើ​សិន​ជា​ផ្កាយ​ទាំង​2​នេះ​នៅ​មាន​ជីវិត​បន្ទាប់​ពី​ការ​ផ្ទុះ​ ពួក​វា​នឹង​បង្កើត​បាន​ជា​ប្រព័ន្ធផ្កាយ​ភ្លោះ​​ Be X-ray ដោយ​មាន​ផ្កាយ​នឺត្រុង​តូច​មួយ​ វិល​ជុំ​វិញ​ផ្កាយ​យក្ស​ធំ​មួយ​ ក្នុង​ល្បឿន​យ៉ាង​លឿន៕

    ប្រភព​៖ Sci Tech Daily