Tag: Southampton

  • នៅ​លិ​គ​កំពូល​អង់គ្លេស (English Premier League) តើ​ក្រុមបាល់ទាត់នីមួយៗទទួលបាន​ប្រាក់​ប៉ុន្មាន?

    នៅ​លិ​គ​កំពូល​អង់គ្លេស (English Premier League) តើ​ក្រុមបាល់ទាត់នីមួយៗទទួលបាន​ប្រាក់​ប៉ុន្មាន?

    (អង់គ្លេស) – ក្លឹប​បាល់ទាត់នីមួយៗដែល​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​លិ​គ​កំពូល​អង់គ្លេស (English Premier League) រដូវ​កាល 2022/2023 ទទួលបាន​ជិត 160 លាន​ដុល្លារ​អាម៉េរិក​ពី​គណៈកម្មការ​រៀបចំ ក្នុងនោះ ម្ចាស់​ជើងឯក Man City ទទួលបាន​ប្រាក់​ច្រើនជាងគេ។

    លិ​គ​កំពូល​អង់គ្លេស​ចែក​ប្រាក់រង្វាន់ និង​ប្រាក់ចំណូល​ពី​ការលក់​សិទ្ធិ​ផ្សាយ​ផ្ទាល់​ជាង 3 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅឱ្យ​ក្លឹប​ទាំង 20 ដែល​ចូលរួម​ការប្រកួត។ បើទោះជា​គណៈកម្មការ​រៀប​ចំ​មិន​ប្រកាស​តួលេខ​ជាក់លាក់​ជា​សាធារណៈ ប៉ុន្តែ​ប្រាក់ចំណូល​ដែល​បាន​ពី​ការផ្សាយ​ផ្ទាល់​ត្រូវបាន​បែងចែក​ស្ទើរតែ​ស្មើគ្នា។ យ៉ាងនេះ​ក៏ដោយ បណ្ដា​ក្លឹប​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​នៅ​អង់គ្លេស តែងតែ​រកបាន​ប្រាក់ចំណូល​ច្រើនជាង។

    ក្លឹប​ទាំង 20 នៅ​លិគ​កំពូលអង់គ្លេស សុទ្ធតែ​ទទួលបាន​ការទូទាត់​ប្រាក់ចំណូល​គោល​ស្មើគ្នា​ពី​ការលក់​សិទ្ធិ​ផ្សាយ​ផ្ទាល់ ដែលមាន​តម្លៃ​ប្រហែល 100 លាន​ដុល្លារ​អាម៉េរិក ក្នុង​រដូវ​កាល​មុន ខណៈដែល​រដូវ​កាល​ឆ្នាំ 2022/2023 នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ខ្ពស់ជាង​មុន។ ប៉ុន្តែ ចំនួន​ប្រាក់​ដែល​ក្លឹបនីមួយៗទទួលបាន​នឹង​ខ្ពស់ជាង​នេះ អាស្រ័យ​លើ​ចំនួន​លើក​ដែល​ពួកគេ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងប្រទេស។

    ទំព័រ Mirror បាន​ផ្សាយ​ថា ម្ចាស់​ជើងឯក Man City ទទួល​ប្រាក់រង្វាន់ 210 លាន​ដុល្លារ​អាម៉េរិក ច្រើនជាងគេបង្អស់​នៅ​លិ​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ។ ចំណែក​នៅ​បាត​តារាង​វិញ Leicester, Leeds និង Southampton សុទ្ធតែ​រកបាន​ជាង 150 លាន​ដុល្លារ បើទោះជា​ត្រូវ​ធ្លាក់​ចំណាត់ថ្នាក់។

    បើសិន Man City បានក្លាយ​ជា​ជើង​ឯក​​​នៅ FA Cup និង Champions League ដើម្បី​លើក​ពាន​បី​ក្នុង​មួយ​រដូវ​កាល (Treble) ចំនួន​ទឹកប្រាក់​នេះ​នឹង​កើនឡើង​ដល់​ជាង 330 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ តំណែង​ជើងឯក FA Cup នឹង​នាំមក​នូវ​ប្រាក់រង្វាន់ 4 លាន​ដុល្លារ គ្រា​ដែល Champions League នឹង​ជួយ​ឱ្យ Man City រកបាន 116 លាន​ដុល្លារ។

    តារាង​ចំណាត់​ថ្នាក់​ចុង​ក្រោយ​របស់​​បណ្ដា​ក្លឹប​នៅ​លិគ​កំពូល​អង់គ្លេស​

    យោងតាម Mirror ប្រាក់ចំណូល​របស់​បណ្ដា​ក្លឹប​ដែល​ចូលរួម​ប្រកួត​នៅ​លិ​គ​កំពូល​អង់គ្លេស​រដូវ​កាល 2022/2023 រួមមាន៖ Man City ទទួលបាន 210 លាន​ដុល្លារ​អាម៉េរិក, Arsenal 207 លាន​ដុល្លារ, Man Utd 204 លាន, Newcastle 202 លាន, Liverpool 200 លាន, Brighton 196 លាន, Aston Villa 194 លាន, Tottenham 191 លាន, Brentford 188 លាន, Fulham 185 លាន, Crystal Palace 182 លាន, Chelsea 179 លាន, Wolves 177 លាន, West Ham 174 លាន, Bournemouth 171 លាន, Nottingham Forest 169 លាន, Everton 165 លាន, Leicester 163 លាន, Leeds 160 លាន, Southampton 158 លាន៕

  • Southampton ចុះហត្ថលេខាជាមួយ Lemina ក្នុងតម្លៃខ្លួន18លានផោន

    Southampton ចុះហត្ថលេខាជាមួយ Lemina ក្នុងតម្លៃខ្លួន18លានផោន

    ក្លិប Southampton បានបំបែកកំណត់ត្រានៃការផ្ទេររបស់ពួកគេដើម្បីបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Mario Lemina របស់ក្លិប Juventus ក្នុងតម្លៃខ្លួន18លានផោន (ស្មើនឹង23.36លានដុល្លារអាមេរិក)។ ជាមួយគ្នានេះដែរ Southampton ក៏បានរក្សាជំហររបស់ខ្លួនថា ខ្សែការពារ Virgil van Dijk នឹងមិនត្រូវបានលក់ចេញឡើយ។

    Lemina បានទទួលការត្រួតពិនិត្យសុខភាព និងបានបំពេញលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗនៅឯ Southampton ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ ក្រោយពីរូបគេក៏ស្ថិតក្នុងគោលដៅរបស់ក្លិប Leicester City, Stoke City, Watford និង Arsenal ផងដែរ។ កីឡាករវ័យ23ឆ្នាំរូបនេះ គឺជាសមាជិករបស់ក្រុម Juventus ដែលបានឈ្នះពានក្របខ័ណ្ឌ Serie A និងពាន Coppa Italia ចំនួន2លើក ហើយរូបគេក៏បានចូលលេងក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីខែមិថុនា ពេលប្រកួតជាមួយនឹងក្រុម Real Madrid ផងដែរ។ រូបគេបានផ្ទេរទៅកាន់ក្លិប Juventus ក្នុងតម្លៃខ្លួន7.5លានផោនដោយចេញពីក្លិប Marseille កាលពីឆ្នាំ2015 និងបានស្ថិតក្រោមការអង្កេតរបស់ក្លិប Arsenal ប៉ុន្តែ មិនទទួលបានសំណើដេញថ្លៃឡើយ។ លោក Les Reed អនុប្រធានក្លិប Southampton បានឲ្យដឹងថា៖ «Mario គឺជាកីឡាករដ៏មានទេពកោសល្យអស្ចារ្យម្នាក់ដែលបានសម្រេចសមិទ្ធផលដ៏អស្ចារ្យមួយរួចស្រេចហើយក្នុងអាជីពរបស់គេ តាមរយៈការឈ្នះពានជាច្រើន និងបានទទួលបទពិសោធនៃការលេងក្នុងយុទ្ធនាការធំៗបំផុតជាច្រើនក្នុងពិភពកីឡាបាល់ទាត់»។

    ក្រោយពីបំពេញការផ្ទេររបស់ខ្លួនរួចហើយ Lemina បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការបានចុះហត្ថលេខាជាមួយនឹង Southampton។ ខ្ញុំគិតថា វាជាគម្រោងដែលបានទាក់ទាញដល់ខ្ញុំបំផុត ហើយជាការសម្រេចចិត្តមួយដែលក្រុមគ្រួសាររបស់ខ្ញុំគាំទ្រ។ ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ»៕
    ប្រភពពី៖ The Telegraph

  • Southampton យល់ព្រមទិញយក Lemina ពីក្លិប Juventus

    Southampton យល់ព្រមទិញយក Lemina ពីក្លិប Juventus

    ក្លិប Southampton បានយល់ព្រមទៅលើកិច្ចព្រមព្រៀងគ្នាមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Mario Lemina ពីក្លិបសេះបង្កង់ Juventsu។ នេះបើយោងទៅតាមប្រភពនានារបស់ទូរទស្សន៍ Sky Sports។

    កាសែត Sky Sports News យល់ឃើញថា ក្លិប Southampton នឹងចំណាយប្រាក់ជាបឋមចំនួន16លានផោន (ស្មើនឹង 20.8លានដុល្លារអាមេរិក) ខណៈដែលការផ្ទេរនេះនឹងមានតម្លៃខ្លួនកើនដល់20លានផោន។ លោក Massimiliano Allegri អ្នកចាត់ការទូទៅរបស់ Juventus បានប្រកាសថា Lemina នឹងចាកចេញពីក្លិបនេះ ក្រោយពីក្រុមរបស់លោកចាញ់ក្នុងលទ្ធផល 2-0 ក្នុងការប្រកួតមិត្តភាពក្រោមស្នាដៃក្រុម Tottenham នៅកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។


    Lemina ត្រូវបានរំពឹងទុកថា នឹងទទួលការត្រួតពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ នៅមុនពេលការផ្ទេររបស់គេទៅកាន់កីឡដ្ឋាន St Mary’s ហើយរូបគេនឹងក្លាយជាកីឡាករចំណូលថ្មីទី2របស់លោកគ្រូបង្វឹក Mauricio Pellegrino នៅរដូវក្តៅនេះ ក្រោយពីការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Jan Bednarek។ ក្លិប Southampton ក៏នឹងផ្តួលក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League តែមួយគឺ Stoke City ដើម្បីចុះហត្ថលេខាជាមួយនឹង Lemina ផងដែរ បើទោះបី Stoke បានរៀបចំការពិភាក្សាផ្សេងៗជាមួយនឹង Juventus ទៅលើការផ្ទេរមួយកាលពីថ្ងៃសុក្រមុនហើយក៏ដោយ។

    Lemina បានចូលរួមជាមួយនឹង Juventus ដោយចេញពីក្លិប Marseille ក្នុងតម្លៃខ្លួន7.5លានផោន កាលពីឆ្នាំ2015 និងបានជួយឲ្យក្លិបនេះ បានឈ្នះពានក្របខ័ណ្ឌ Serie A 2លើក និងពាន Coppa Italia 2លើក។ រូបគេគឺជាកីឡាករអន្តរជាតិហ្គាបុង និងបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិរបស់គេចំនួន9លើក និងបានស៊ុតបាល់បញ្ចូលទី2គ្រាប់៕
    ប្រភពពី៖ Sky Sports

  • Liverpool ដកការចាប់អារម្មណ៍លើ Van Dijk ក្រោយ Southampton តវ៉ា

    Liverpool ដកការចាប់អារម្មណ៍លើ Van Dijk ក្រោយ Southampton តវ៉ា

    ក្លិប Southampton ជឿជាក់ថា ខ្សែការពារ Virgil van Dijk នឹងបន្តនៅជាមួយពួកគេនៅរដូវកាលក្រោយនេះ បន្ទាប់ពីក្លិប Liverpool ត្រូវបានបង្ខំឲ្យដកខ្លួនចេញទាំងអាម៉ាសពីការតាមប្រមាញ់ទិញកីឡាកររូបនេះ។

    ក្លិប Southampton បានខឹងសម្បាយ៉ាងខ្លាំង ក្រោយពីមានសារព័ត៌មានចេញផ្សាយថា Liverpool កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការបំពេញការផ្ទេរមួយក្នុងតម្លៃខ្លួន៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារកណ្តាលអន្តរជាតិហូឡង់រូបនេះ ហើយពួកគេបានរាយការណ៍ព័ត៌មាននេះទៅកាន់ក្លិប Premier League ដោយចោទប្រកាន់ Liverpool ពីបទដាក់សំណើមិនស្របច្បាប់។ Southampton មានអារម្មណ៍ថា គោលបំណងរបស់ Liverpool ត្រូវបានបង្ហាញនៅក្នុងអត្ថបទព័ត៌មាននោះ ហើយពួកគេបានបញ្ជាក់ថា កីឡាករ Van Dijk ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Anfield ប្រាកដមែន បើទោះបីមិនមានការដាក់សំណើជាផ្លូវការណាមួយសម្រាប់រូបគេក៏ដោយ។ មានព័ត៌មានជាច្រើនចេញផ្សាយថា Van Dijk បានជួបជាមួយនឹងលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool ក្នុងទីក្រុង Blackpool ដើម្បីពិភាក្សាទៅលើការផ្ទេរដែលអាចទៅរួចមួយ ខណៈដែលការពិភាក្សានេះគឺជាការប្រព្រឹត្តខុសនឹងច្បាប់របស់លីកអាជីពអង់គ្លេសដោយសារតែគ្មានការស្នើសុំការអនុញ្ញាតពីក្លិបដែលជាម្ចាស់កម្មសិទ្ធិ។

    កាលពីថ្ងៃពុធម្សិលមិញ Liverpool បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ពួកគេ ដើម្បីបង្ហាញពីភាពសោកស្តាយ និងការសុំអភ័យទោស។ ក្លិបហង្សក្រហមមួយនេះ បានឲ្យដឹងថា៖ «យើងពិតជាសុំទោសដល់ក្លិប Southampton ចំពោះការយល់ច្រឡំណាមួយទាក់ទងនឹងការតាមទិញ Van Dijk ហើយយើងអាចនិយាយបានថា យើងបានដកការចាប់អារម្មណ៍ទៅលើរូបកីឡាករម្នាក់ហ្នឹងហើយ»៕
    ប្រភពព័ត៌មាន៖ The Guardian

  • Liverpool ត្រៀមរួចរាល់ក្នុងការបំបែកកំណត់ត្រា ដើម្បីនាំយក Van Dijk ពី Southampton

    Liverpool ត្រៀមរួចរាល់ក្នុងការបំបែកកំណត់ត្រា ដើម្បីនាំយក Van Dijk ពី Southampton

    កីឡាករអន្តរជាតិហូឡង់ Virgil van Dijk អាចនឹងក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោក និងត្រូវបានគេរំពឹងទុកថា នឹងចេញពីក្លិប Southampton ទៅចូលរួមជាមួយក្លិបយក្សរបស់អង់គ្លេស Liverpool នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស។

    ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ ដែលបានចូលរួមជាមួយនឹងក្លិប Southampton កាលពីឆ្នាំ២០១៥ ក្រោយពីបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងក្រុមម្ចាស់ជើងឯកស្កុតឡេន Celtic នោះ នឹងមានតម្លៃខ្លួនប្រមាណជា៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) នេះបើយោងតាមប្រភពព័ត៌មានផ្សេងៗ។ ប៉ុន្តែ ទោះបីជាយ៉ាងណា វិទ្យុ BBC និងបណ្តាញសារព័ត៌មានផ្សេងទៀតបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារថា ក្លិប Southampton មិនរីករាយក្នុងការផ្ទេរនេះឡើយ និងបានស្នើឲ្យក្របខ័ណ្ឌ Premier League ធ្វើការស៊ើបអង្កេតថា តើមានការដាក់សំណើមិនស្របច្បាប់ពីសំណាក់ក្លិប Liverpool ឬយ៉ាងណា?

    Van Dijk នឹងក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ Liverpool ក្រោយពីខ្សែប្រយុទ្ធ Andy Carroll បានចូលរួមជាមួយនឹងក្លិបហង្សក្រហមមួយនេះដោយចេញពីក្លិប Newcastle United ក្នុងតម្លៃខ្លួន៣៥លានផោន កាលពីឆ្នាំ២០១១។ ក្លិប Celtic នឹងទទួលបានចំណូល១០ភាគរយនៃតម្លៃខ្លួនសរុប ក្រោយពីបានបញ្ចូលលក្ខខណ្ឌនៃការផ្ទេរ ក្នុងពេលលក់ Van Dijk ទៅឲ្យក្លិប Southampton។

    គួររំឭកដែរថា David Luiz គឺជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្រោយពីត្រូវបានលក់ទៅឲ្យក្លិប Paris Saint-Germain ដោយក្លិប Chelsea ក្នុងតម្លៃខ្លួន៥០លានផោនកាលពីឆ្នាំ២០១៤៕

    ប្រភពពី៖ Daily Star

     

  • លោក Klopp ជឿជាក់ថា Liverpool អាចនាំយក Van Dijk ក្នុងតម្លៃខ្លួនខ្ពស់កប់ពពក

    លោក Klopp ជឿជាក់ថា Liverpool អាចនាំយក Van Dijk ក្នុងតម្លៃខ្លួនខ្ពស់កប់ពពក

    លោក Jurgen Klopp ជឿជាក់ថា លោកនឹងផ្តួលក្លិប Manchester City និង Chelsea ក្នុងការប្រជែងទិញយកតារាឆ្នើម Virgil van Dijk ពីក្លិប Southampton ក្នុងតម្លៃខ្លួន 60លានផោន (ស្មើនឹង77លានដុល្លារអាមេរិក)។

    លោក Klopp នឹងបញ្ចុះបញ្ចូលឲ្យម្ចាស់កម្មសិទ្ធិក្លិប Liverpool ធ្វើឲ្យ Van Dijk ក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្នុងកិច្ចព្រមព្រៀងគ្នាដែលអាចនឹងផ្តល់ចំណូលជិត 20ម៉ឺនផោនក្នុងមួយសប្តាហ៍ឱ្យកីឡាកររូបនេះ។ តម្លៃខ្លួន 60លានផោននេះ នឹងធ្វើឲ្យខ្សែការពារកណ្តាលអន្តរជាតិហូឡង់ Van Dijk ដែលបានធ្វើឲ្យក្លិប Southampton ចំណាយប្រាក់ 11,5លានផោនដើម្បីទិញយកកីឡាកររូបនេះពីក្លិប Celtic នោះ ក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត។ Van Dijk វ័យ 25ឆ្នាំ ទើបតែបានចុះហត្ថលេខាលើកុងត្រារយៈពេល 6ឆ្នាំជាមួយនឹងក្លិប Southamtpon កាលពីរដូវក្តៅមុន ប៉ុន្តែ បច្ចុប្បន្នរូបគេចង់បានការប្រជែងដ៏ធំមួយ ហើយក្លិបរបស់គេក៏ចង់បានតម្លៃខ្លួនដ៏ខ្ពស់មួយពីតារាឆ្នើមរបស់ពួកគេដែរ។

    ទាំងលោក Antonio Conte ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Chelsea និងលោក Pep Guardiola របស់ Man City សុទ្ធសឹងចាត់ទុកថា Van Dijk ជាកីឡាករសំខាន់ដែលត្រូវទិញចូលនៅរដូវក្តៅនេះ។ ប៉ុន្តែ អ្នកចាត់ការទូទៅទាំងពីរនឹងត្រូវជួបឧបសគ្គដ៏ធំមួយ ក្រោយពី Van Dijk បានបញ្ជាក់ប្រាប់ក្លិប Southampton កាលពីពេលថ្មីៗនេះ រូបគេចង់ចាកចេញដើម្បីចូលរួមជាមួយនឹងក្លិបហង្សក្រហម Liverpool៕
    ប្រភពពី៖ The Sun

  • Sanchez ជួយឲ្យក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងការប្រជែងតំណែងកំពូលទាំង៤

    Sanchez ជួយឲ្យក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងការប្រជែងតំណែងកំពូលទាំង៤

    ខ្សែបម្រើប្រយុទ្ធ Alexis Sanchez បានធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងការប្រជែងសម្រាប់តំណែងកំពូលទាំង៤នៅលើតារាងនៃក្របខ័ណ្ឌ Premier League តាមរយៈការដណ្តើមបានជ័យជម្នះជាលើកទី១របស់ពួកគេនៅលើទឹកដីក្រុម Southampton ក្នុងរយៈពេល១៤ឆ្នាំ ក្រោយពីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធម្សិលមិញ។

    ខ្សែបម្រើប្រយុទ្ធអន្តរជាតិសញ្ជាតិស៊ីលីវ័យ២៨ឆ្នាំរូបនេះ បានទម្លុះតំបន់ខ្សែបម្រើរបស់ក្រុម Southampton មុនពេលស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៣០។ គ្រាប់បាល់បញ្ចូលទីនេះ បានធ្វើឲ្យរូបគេក្លាយជាកីឡាកររបស់ក្រុម Arsenal ដំបូងគេដែលស៊ុតបាល់បញ្ចូលទីបាន២០គ្រាប់ក្នុងរដូវកាលមួយ បើគិតចាប់តាំងពីខ្សែប្រយុទ្ធ Robin van Persie រកគ្រាប់បាល់បញ្ចូលទីសរុបបានក្នុងចំនួននេះដូចគ្នាដែរកាលពី៥ឆ្នាំមុន។

    ខ្សែប្រយុទ្ធ Olivier Giroud បានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្នុងតង់ទី២ ដើម្បីបំពេញការទទួលជ័យជម្នះរបស់ក្រុមតាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី៨៣។ ការទទួលជ័យជម្នះនេះ មានន័យថា ក្រុមរបស់លោក Arsene Wenger ដេញតាមពីក្រោយក្រុមឈរលេខ៤ Manchester City តែ ៣ពិន្ទុប៉ុណ្ណោះ ក្រោយពីបានប្រកួតក្នុងចំនួនស្មើគ្នា និង៤ពិន្ទុតាមពីក្រោយក្រុមលេខ៣ គឺ Liverpool ខណៈដែលនៅសល់មួយប្រកួតទៀតក្នុងដៃ។ បច្ចុប្បន្នក្រុម Arsenal នឹងត្រូវធ្វើដំណើរទៅជួបក្រុម Stoke នៅថ្ងៃសៅរ៍នេះ មុនពេលបញ្ចប់យុទ្ធនាការលីករបស់ពួកគេជាមួយនឹងការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Sunderland និង Everton។

    លោក Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានឲ្យដឹងថា៖ «យើងបានផ្តោតអារម្មណ៍ ហើយខ្ញុំមានអារម្មណ៍ថា នៅពេលដែលយើងរងនូវការខកចិត្ត យើងបានស្ថិតនៅជាមួយគ្នា»។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «យើងបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់យើងបានមួយប្រកួតទៀតហើយ និងខ្ញុំដឹងថា យើងអាចធ្វើដំណើរឆ្ពោះទៅមុខ និងរកគ្រាប់បាល់បញ្ចូលទីបានទៀត។ ក្រុមទាំងមូលពិតជាមានថាមពល មានការផ្តោតអារម្មណ៍ និងបានបង្ហាញពីការស្រេកឃ្លានដ៏គួរឲ្យជឿជាក់ក្នុងការឈ្នះការប្រកួតនេះ»៕

    https://www.youtube.com/watch?v=VembzbJU9Xo
    ប្រភពពី៖ Mirror

  • Costa រកបាន២គ្រាប់ ដើម្បីជួយឲ្យ Chelsea ពង្រឹងការនាំមុខលើកំពូលតារាង

    Costa រកបាន២គ្រាប់ ដើម្បីជួយឲ្យ Chelsea ពង្រឹងការនាំមុខលើកំពូលតារាង

    ខ្សែ​ប្រយុទ្ធ Diego Costa បាន​បញ្ចប់​ការ​មិន​អាច​រក​​​គ្រាប់​បាល់ប​ញ្ចូល​ទី​​របស់​គេ​ត្រឹម​៦​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ Chelsea បោះ​ជំ​ហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​ពួក​គេ​បាន​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធ​ផល ៤-២ លើ​ក្រុម Southampton កាល​ពី​ថ្ងៃ​អង្គារ​។

    Costa បាន​ប្រើ​​ក្បាល​រក​​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​​​នៅ​នាទី ទី​៥៣ ដើម្បី​ជួយ​ឲ្យ​ក្រុម​​ Chelsea នាំ​មុខ​៧​ពិន្ទុ​ដាច់​ជា​បណ្តោះ​​អាស​ន្ន​លើ​ក្រុម​​ឈរ​លេខ​២ Tottenham ខណៈ​ដែលក្រុម​​មាន់​ខ្នាយ​មាស​របស់​លោក Mauricio Pochettino ចាំ​បាច់​ត្រូវ​តែ​ដណ្តើម​យក​ជ័យ​ជម្នះ​​​នៅ​លើ​ទឹក​ដីក្រុម Crystal Palace នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។ ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អេ​ស្ប៉ាញ​រូប​នេះ បាន​រក​គ្រាប់​បាល់​ទី​២​របស់​គេ​នៅ​​រយៈ​ពេល​ប៉ុន្មាន​នាទី​​ចុង​ក្រោយ ក្រោយ​ពី​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​​យ៉ាង​ល្អ​របស់​អ្នក​ចាំ​ទី Fraser Forster​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ម្ចាស់​ផ្ទះ​ក៏​បាន​ជួប​នូវ​ការ​ភិត​ភ័យ​​ផង​​ដែរ ក្រោយ​ពី​ខ្សែ​បម្រើ Oriol Romeu បាន​រក​​គ្រាប់​បាល់​​តាម​ស្មើ​​គ្រាប់​បាល់​របស់​ Eden Hazard ហើយ​ក្រុម​តោ​ខៀវ ហាក់​ដូច​ជា​ធ្លាក់​ចូល​ក្នុង​បញ្ហា​។

    ប៉ុន្តែ ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Costa និង​​ខ្សែ​ការ​ពារ Gary Cahill នៅ​ជិត​បញ្ចប់​តង់​ទី​១ បាន​​ជួយ​ឲ្យ​ក្រុម Chelsea វិល​ទៅកាន់​ទី​តាំង​យ៉ាង​​កក់​ក្តៅ ដើម្បី​រក្សា​ធ្វើ​ឲ្យ​លោក Antonio Conte ស្ថិត​នៅ​លើ​ផ្លូវ​​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​២​ក្នុង​រដូវកាល​តែ​​មួយ​។ ខ្សែ​ការ​ពារ Ryan Bertrand បាន​វាយ​បក​បាន​​មួយ​​គ្រាប់​វិញ​សម្រាប់​ក្រុម​ភ្ញៀវ Southampton នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​។ លោក Conte ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ឲ្យ​ដឹង​ថា៖ «នៅ​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​តែ​​ពេញ​ចិត្ត​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កីឡាករ​របស់​ខ្ញុំ​។ វា​មិន​ងាយ​ស្រួល​ឡើយ ក្រោយ​ពី​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជា​មួយ​នឹង​ក្រុម Tottenham​។ យើង​ត្រូវ​តែ​មាន​ការ​ជឿ​ជាក់​សម្រាប់​អនា​គត​។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​​​មើល​ទៅលើ​ខ្លួន​ឯង និង​មិន​មើល​ទៅ​លើ​ក្រុម​ផ្សេង​ៗ​ដូច​ជា Spurs​»​​​៕

    ប្រភព​៖ Mirror