Tag: SM Entertainment

  • ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

    ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

    ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង ក្លាយជា​អ្នក​ហាត់​ការ​ពេល​មាន​វ័យ​ទើបតែ 10 ឆ្នាំ និង​ចំណាយ​ប្រហែល 10 ឆ្នាំ​ក្នុង​ការហាត់​ច្រៀង រាំ នៅ​មុនពេល​បង្ហាញខ្លួន​ក្នុង​ក្រុម​ចម្រៀង។

    «ដើម្បី​ក្លាយជា idol Kpop ដែល​ជោគជ័យ អ្នក​ត្រូវតែ​ជា​មនុស្ស​ក្លាហាន មាន​ចំណូលចិត្ត​ខ្ពស់ មាន​វិន័យ និង​សំណាង» Patti Sunio ឱ្យដឹង​នៅលើ SCMP ដែល​និយាយ​អំពី​ដំណើរ​ក្លាយជា idol ម្នាក់។

    ជាដំបូង កុមារ​ដែលមាន​ទេពកោសល្យ​ត្រូវតែ​ចុះកិច្ចសន្យា​ធ្វើជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​មួយ។ យោងតាម Koreaboo ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ ដោយ​ពួកគេ​ចូលរួម​ការសម្ដែងសាកល្បង​​ជា​មធ្យម 30 លើក មុនពេល​ចុះកិច្ចសន្យា​ហាត់​ការ។ តាម​និន្នាការ​សកល​របស់​វិស័យ​ឧស្សាហកម្ម Kpop បណ្ដា​ក្រុម​អ្នកវិនិយោគ​បាន​ពង្រីក​ដំណើរការ​​ជ្រើសរើស​អ្នក​ហាក់​ការ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​សកលលោក ផ្ដល់ឱកាស​ដល់​ក្មេង​នៅ​ប្រទេស​ដទៃ​ក្រៅ​ពី​កូរ៉េខាងត្បូង។

    ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ

    Lisa របស់​ក្រុម Blackpink គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រការ​ខាងលើ។ នាង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ការជ្រើសរើស​របស់​ក្រុមហ៊ុន​កម្សាន្ត YG នៅ​ប្រទេស​ថៃ ហើយ​ជា​អ្នក​ហាត់​ការ​ជនជាតិ​បរទេស​ដំបូង​ដែល​បង្ហាញ​វត្ត​មាននៅ YG។ ក្រៅពី​សម្ពាធ​នៃ​ការហ្វឹកហាត់ ក្មេង​បរទេស​ក៏​ត្រូវតែ​ឆ្លងកាត់​រនាំង​ភាសា វប្បធម៌ ដើម្បី​សម្រប​ខ្លួន​។ បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​របស់​អ្នក​ហាត់​ការ។ ខ្ទង់​ប្រាក់​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ហាត់​ការ​ម្នា​ក់នៅ Kpop គឺ​ប្រហែល 50,000 ដុល្លារ/ឆ្នាំ។

    ការធ្វើជា​អ្នក​ហាត់​ការ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៅក្នុង​ការបើកផ្លូវ​សម្រាប់​ដំណើរ​ដ៏​វែងឆ្ងាយ និង​ប្រកបដោយ​ឧបសគ្គ មុននឹង​អាច​ក្លាយជា idol ម្នាក់។ ក្នុងអំឡុង​​​ហាត់​ការ​ដែល​មាន​រយៈ​ពេល​ជា​មធ្យម 7 ឆ្នាំ ក្រុមហ៊ុន​គ្រប់គ្រង​នឹង​វាយតម្លៃ​លើ​ជំនាញ សមត្ថភាព​សម្រប​ខ្លួន​នៅ​ក្នុង​ក្រុម និង​ការ​ស៊ូទ្រាំ​នឹង​សម្ពាធរបស់​អ្នក​ហាក់​ការ​ម្នាក់​ៗ។ ក្រៅពី​សំឡេង​ច្រៀង ក្បាច់​រាំ ពួកគេ​ក៏ត្រូវ​រៀន​ភាសាបរទេស វិធីសាស្ត្រ​គ្រប់គ្រង​រូបភាព ការឆ្លើយ​ក្នុង​កិច្ច​សម្ភាស ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​អាជីព និង​ការរក្សា​ទម្ងន់​រាងកាយ​ជាដើម។ ជាង​នេះ ក្រុមហ៊ុន​ជាច្រើន​ក៏​ស្នើឱ្យ​អ្នក​ហាត់​ការសន្យា​ថា​មិន​ប្រើប្រាស់​គ្រឿងញៀន ផឹក​គ្រឿង​ស្រវឹង​នៅពេល​បើកបរ និង​ចៀសវាង​រឿងអាស្រូវ​ស្នេហា​ផងដែរ។ Euny Hong អ្នកយកព័ត៌មាន​អាម៉េរិក​ដើមកំណើត​កូរ៉េខាងត្បូង បាន​សរសេរ​លើ The Paris Review ថា «ការបណ្ដុះបណ្ដាល​តារា Kpop គឺជា​ការអប់រំ​មនុស្ស​ដ៏​ពេញលេញ»។

    កាលជ្រើសរើសបេក្ខភាពសម្រាប់តំណែងអ្នកហាត់ការរបស់ SM Entertainment នៅជប៉ុន កាលពីឆ្នាំ 2019

    កំពូល​តារា Kpop ជាច្រើន បាន​ចំណាយ​ស្ទើរ​ពេញ​មួយ​យុវវ័យ​ដើម្បី​ធ្វើជា​អ្នក​ហាត់​ការ និង​រក​ឱកាស​ដើម្បី​បង្ហាញខ្លួន។ G-Dragon របស់ Bigbang បាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល 11 ឆ្នាំ ក្នុងនោះ 5 ឆ្នាំ​នៅ SM Entertainment និង 6 ឆ្នាំ​នៅ YG។ Idol Kpop ជាច្រើនរូប​ផ្សេងទៀត​ក៏​ធ្លាប់បាន​ឆ្លងកាត់​ប្រហាក់ប្រហែល​នេះ ក្នុងនោះ​មានដូចជា Jihyo (TWICE, 10 ឆ្នាំ), Heo Chan Mi (10 ឆ្នាំ), Jennie (Blackpink, 6 ឆ្នាំ), Suho (EXO, 6 ឆ្នាំ)។

    ពេល​ធ្វើជា​គណៈកម្មការ​នៃ​កម្មវិធី Idol Producer តារាចម្រៀង Lay (EXO) បាន​បង្ហើប​អំពី​ដំណើរការ​ប្រកួតប្រជែង​មុនពេល​បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ថា ក្នុង 120 នាក់ ពួកគេ​រើសយក​តែ 100 នាក់ ហើយ​បន្ត​ជម្រុះរាប់​សិប​នាក់​ទៀត​ ដើម្បី​យក 24 នាក់។ ចាប់ពី 24 នាក់ ពួកគេ​ក៏​ជ្រើសរើស 12 នាក់​ចុងក្រោយ។ រៀងរាល់​សប្ដាហ៍​សុទ្ធ​តែមាន​អ្នក​ហាត់​ការ​ម្នាក់​ត្រូវ​ចាកចេញ»។

    បើទោះជា​បង្ហាញខ្លួន​ក្នុង​រូបភាព​ដ៏​អស្ចារ្យ ប៉ុន្តែ idol ជាច្រើន​នៅ Kpop រកប្រាក់​ចំណូល​មិនបាន​ច្រើន​ដូច​ទស្សនិកជន​គិត​នោះឡើយ។ ទំព័រ Seoulspace បាន​ផ្សាយ​ថា ក្រុមហ៊ុន​ក​ន្សា​ន្ត​ជាច្រើន​យកប្រាក់​ចំណូល​រហូតដល់ 90% ហើយ​ទុក​តែ 10% ប៉ុណ្ណោះ​សម្រាប់​តារា​ម្នាក់​ៗ។ សម្រាប់​ក្រុម​ដែលមាន​សមាជិក 20 នាក់​ដូច NCT ជាដើម នឹង​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ទាប។ នេះ​មិនទាន់​និយាយ​ដល់​រឿង​បង់ពន្ធ​ជូន​រដ្ឋ​នៅឡើយ៕

    Jennie (Blackpink) កាល​នៅ​ជា​អ្នក​ហាត់​ការ

  • សិល្បករកូរ៉េទាំងអស់ រំសាយការងារដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun

    សិល្បករកូរ៉េទាំងអស់ រំសាយការងារដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun

    តាមរយៈសារព័ត៌មាន koreaboo ចេញផ្សាយនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 បានឱ្យដឹងថា ចេញពីករណី Kim Jong-hyunតារាចម្រៀងប្រុសជាសមាជិកនៅក្នុងក្រុម SHINEE មានវ័យ 27 ឆ្នាំ បានធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្ទប់ដង្ហើមខ្លួនឯងជាមួយនឹងផ្សែងពុលមានសារធាតុ Carbon monoxide ហើយស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះសំណាក់មួយនៅក្នុងតំបន់ Cheongdam-dong នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលបណ្ដាលឱ្យមានអ្នកគាំទ្រកូរ៉េ និងទូទាំងពិភពលោកមានការតក់ស្លុត និងសោកសៅដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

    នៅទីបំផុត ក្រុមគ្រួសាររបស់តារាប្រុសរូបនេះ និងខាងផលិតកម្ម SM Entertainment បានរៀបចំពិធីបុណ្យសពនៅក្នុងអគារ Asan Medical Center Funeral Hall ដើម្បីឱ្យតារាកូរ៉េទាំងអស់ទូទាំងប្រទេស បានចូលទៅគោរពវិញ្ញាណក្ខន្ធសម្ដែងក្ដីអាឡោះអាល័យដល់រូប Jong-hyun នាវិនាទីចុងក្រោយ។ នៅក្នុងនោះគេសង្កេតឃើញមានក្រុមចម្រៀងជាច្រើនដូចជា តារានៅក្នុងផលិតកម្ម SM Entertainment  , BoA ,Kangta, Super Junior, Girls’ Generation, f(x), EXO, Red Velvet, NCT, BTS, IU,  F.T Island, Epik High, Block B, VIXX ដែលបានចំណាយពេលកំដរពិធីបុណ្យទាំងមូលទៀតផង។

    សូមជម្រាបបន្ថែមថា ខាងផលិតកម្ម SM Entertainment ក៏បានរៀបចំកន្លែងថ្មីមួយទៀតសម្រាប់ទទួលអ្នកគាំទ្ររបស់តារាប្រុសខាងលើនេះដើម្បីចូលទៅគោរពសពនៅក្នុងថ្ងៃទី19-20 ខែធ្នូ ឆ្នាំ2017 ចាប់ពីវេលាម៉ោង 12.00-18.00  តាមពេលវេលានៅក្នុងប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា ចំពោះការបើកគម្របមឈូសគឺតម្រូវឱ្យសមាជិកនៅក្នុងក្រុម SHINEE មានចំនួន 4 រូបផ្សេងទៀតដូចជា  Lee Tae-min, Choi Min-ho, Onew, Key ជាអ្នកបើក នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ 2017 វេលាម៉ោង 09.00 ព្រឹក តាមម៉ោងនៅប្រទេសកូរ៉េ។

    គួរកត់សម្គាល់ផងដែរថា នាវិនាទីចុងក្រោយនេះ សិល្បករកូរ៉េទាំងអស់បានប្រកាសរំសាយការងាររបស់ខ្លួនទាំងអស់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun ដែលដូចជាការរំលែកទុក្ខដល់ក្រុមគ្រួសារតារាប្រុសរូបនេះផងដែរ។ សូមទស្សនាទិដ្ឋភាពនៅក្នុងពិធីបុណ្យសពតាមរយៈវីដេអូខាងក្រោមនេះ៕