Tag: SEM

  • TikTok ជិត​បង្ហាញវត្តមាន TikTok Photos ដែល​ជា​អែប​ចែក​រំលែក​រូប​ថត​ដាច់​ដោយ​ឡែក

    TikTok ជិត​បង្ហាញវត្តមាន TikTok Photos ដែល​ជា​អែប​ចែក​រំលែក​រូប​ថត​ដាច់​ដោយ​ឡែក

    ថ្មី​ៗ​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ម្នាក់​ដែល​មាន​គណនី​ X ឈ្មោះ @AssembleDebug បាន​រក​ឃើញ​កូដ​អាថ៌កំបាំង​ ដែល​ណែនាំ​អំពី​កម្មវិធី​ថ្មី​មួយ​មាន​ឈ្មោះ​ថា «TikTok Photos» គ្រា​ដែល​កំពុង​បក​ស្រាយ​​កូដ​កំណែ​បន្ទាន់​សម័យ​ TikTok ថ្មី​បំផុត​។ ប្រការ​នេះ​បង្ហាញ​ថា TikTok ទំនង​ជា​កំពុង​ត្រៀម​បង្ហាញ​វត្តមាន​ អែប​ចែក​រំលែក​រូបថត​ដាច់ដោយ​ឡែក​។

    ព័ត៌មាន​លម្អិត​អំពី​ការ​បង្ហាញ​វត្តមាន​ និង​ប្រសិទ្ធភាព​របស់​ អែប​ អាថ៌កំបាំង​នេះ​ ត្រូវ​បាន​ TikTok រក្សា​ការ​សម្ងាត់​។ ក៏ប៉ុន្តែ ការ​វិភាគ​ទៅ​លើ​ហ្វាល APK បង្ហាញ​ថា បណ្ដា​កូដ​ដែល​មាន​ដូច​ជា «បើក​ TikTok Photos» ឬ «ចែក​រំលែក​ទៅ​កាន់​ TikTok Photos» ជា​ដើម បាន​បញ្ជាក់​ថា អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​សមកាលកម្ម​បណ្ដា​អត្ថបទ​ រូបថត​​ដែល​បាន​បង្ហោះ​បច្ចុប្បន្ន​ពី​ TikTok ជាមួយ​នឹង​ TikTok Photos ក្នុង​​ក្របខណ្ឌ​មាន​ជម្រើស​។

    បច្ចុប្បន្ន​ TikTok គឺជា​បណ្ដាញ​សង្គម​ចែក​រំលែក​វីដេអូ​ដ៏​ធំមួយ​ ហើយ​វា​ក៏អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​រូប​ថត​បែប​វីដេអូ​ ឬ​រូប​ដែល​បញ្ចូល​ចម្រៀង​ផងដែរ​។

    ការ​បង្ហាញ​វត្តមាន​របស់ TikTok Photos បង្ហាញ​ថា បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ចិន Bytedance កំពុង​ឆ្ពោះ​ទៅ រក​ការ​​ប្រកួត​ប្រជែង​ជាមួយ​នឹង​ Instagram របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Meta។

  • កីឡាករ​ថៃ៖ «អាជ្ញាកណ្ដាល​គឺជា​ដើមហេតុ​នៃ​ភាពច្របូកច្របល់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម»

    កីឡាករ​ថៃ៖ «អាជ្ញាកណ្ដាល​គឺជា​ដើមហេតុ​នៃ​ភាពច្របូកច្របល់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម»

    ខ្សែការពារ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ Jonathan Khemdee យល់ថា អាជ្ញាកណ្ដាល​បង្កឱ្យមាន​កំហុសឆ្គង​ធំ​ជាច្រើន នាំទៅរក​ជម្លោះ​រវាង​ក្រុម​ជម្រើសជាតិ​ថៃ និង​ឥណ្ឌូណេស៊ី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ព្រលប់​ថ្ងៃទី 16 ឧសភា នៅលើ​ទីលាន​បាល់ទាត់​របស់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សមាជិក​ក្រុមកីឡា​ថៃ និង​ឥណ្ឌូណេស៊ី បាន​ប៉ះទង្គិច​គ្នា​ពីរលើក។ ពិសេស​គឺ​ការ​ប្រវាយប្រតប់​គ្នា​នៅក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Irfan Jauhari ជួយ​ឱ្យ​ឥណ្ឌូណេស៊ី នាំមុខ 3-2 នៅ​ដើម​នារី​ថែម​ម៉ោង​លើកទីមួយ នាំឱ្យ​អាជ្ញាកណ្ដាល​ពិន័យ​កាត់​ក្រហម​ដោយផ្ទាល់​ចំនួន​ប្រាំ​ចំពោះ​ភាគី​ទាំងពីរ។

    ក្រោយ​ការប្រកួត Jonathan Khemdee បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «អាជ្ញាកណ្ដាល​បង្កកំហុស​ធំ​ជាច្រើន ហើយ​នោះ​គឺជា​មូលហេតុ​ដែលនាំឱ្យ​មា​នក​រ​ណី​ប្រវាយប្រតប់​គ្នា។ អាជ្ញាកណ្ដាល​មិនអាច​គ្រប់គ្រង​ការប្រកួត ដូច្នេះ​គ្រប់គ្នា​ក៏​រុល​ទៅរក​គ្នា និង​វាយ​គ្នា»។

    យោងតាម​ខ្សែការពារ​កណ្ដាល​ដើមកំណើត​ដា​ណឺ​ម៉ាក​ខាងលើ កំហុស​ធំ​បំផុត​របស់​អាជ្ញាកណ្ដាល​ស្ថិតនៅត្រង់​គ្រាប់​បាល់​ចាញ់​ទី​ពីរ​របស់​ថៃ។ នាទី​ទី​ប្រាំ​នៃ​ការ​ថែម​ម៉ោង​ក្នុង​តង់​ទីមួយ កីឡាករ​ឥណ្ឌូណេស៊ី​ម្នាក់​រងរបួស​ត្រង់​ក្បាល ទើប​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​ផ្អាក​ការប្រកួត គ្រា​ដែល​គ្រាប់​បាល់​មិនបាន​ទៅខាង​ណា។ បន្ទាប់ពី​កីឡាករ​ឥណ្ឌូណេស៊ី​ត្រូវគេ​សែង​ចេញ អាជ្ញាកណ្ដាល​ក៏​ប្រគល់​បាល់​ឱ្យ​ប្រធាន​ក្រុម Rizky Ridho របស់​ឥណ្ឌូណេស៊ី ពេលដែល​កីឡាករ​របស់​ថៃ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ដណ្ដើម​បាល់ភ្លាម។ Rodho បញ្ជូន​បាល់​ឡើងដល់​ក្បែរ​តំបន់​គ្រោះថ្នាក់​របស់​ថៃ ហើយ​ខ្សែប្រយុទ្ធ Ramadhan Sananta ក៏​ទាត់​បាល់​រំលង​ក្បាល​អ្នកចាំទី Soponwit Rakyart ធ្វើឱ្យ​បាល់​ហោះចូល​ទី ជួយ​ឱ្យ​ឥណ្ឌូណេស៊ី​នាំមុខ 2-0។

    Jonathan Khemdee ក៏ទទួលបានកាតក្រហម

    ក្រុម​កីឡាករ​ថៃ ភ្លាមនោះ​ក៏បាន​តវ៉ា​ទៅកាន់​អាជ្ញាកណ្ដាល​ជនជាតិ​អូ​ម៉​ង់ Kassem Matar Al-Hatmi ព្រោះ​ពួកគេ​យល់ថា Ridho គួរតែ​ប្រគល់​បាល់​មកឱ្យ​ថៃ។ ប៉ុន្តែ លោក Al-Hatmi នៅតែ​ទទួលស្គាល់​គ្រាប់​បាល់​នេះ​បន្ទាប់ពី​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​អាជ្ញាកណ្ដាល​ខ្សែបន្ទាត់។

    ក្នុងការ​ថែម​ម៉ោង​នៅ​តង់​ទី​ពីរ សំឡេង​កញ្ចែ​របស់​អាជ្ញា​កណ្ដាល​ក៏បាន​ធ្វើឱ្យ​ក្រុម​ឥណ្ឌូណេស៊ី​យល់​ច្រ​លំ​ថា​អស់ម៉ោង​ប្រកួត ទើប​នាំគ្នា​រត់​ចូល​ទីលាន​អបអរសាទរ គ្រា​ដែល​សំឡេង​កញ្ចែ​នោះ​គឺជា​ការពិន័យ​ចំពោះ​ក្រុម​ឥណ្ឌូណេស៊ី។ ស្ថានការណ៍​នេះ​បាន​នាំទៅរក​គ្រាប់​បាល់​ស្មើ 2-2 ដោយ​កីឡាករ​ថៃ​បាន​ស៊ុត​បញ្ចូល​ទី​របស់​ឥណ្ឌូណេស៊ី។ បន្ទាប់ពី​ស៊ុត​ចូល​ភ្លាម កីឡាករ​ថៃ​ក៏រ​ត់ទៅ​ខាងមុខ​តំបន់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​ដើម្បី​សំដែង​ការអបអរ ឌឺដង ហើយក៏​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ។

    ចូលដល់​តង់​ទី​ពីរ បន្ទាប់ពី​រកបាន​មួយ​គ្រាប់​ទៀត​ដែល​ជួយ​ឱ្យ​នាំមុខ 3-2  ឥណ្ឌូណេស៊ី​ក៏​អបអរ​សងសឹក ហើយក៏​មានការ​ប្រវាយប្រតប់​គ្នា​ជាថ្មី ធ្វើឱ្យ​ការប្រកួត​ត្រូវ​អាក់ខាន​ច្រើន​នាទី។ ពេលនោះ កាត់​ក្រហម​ជាច្រើន​ក៏ត្រូវ​បាន​ហូត​ចេញ​ជា​បន្តបន្ទាប់។

    បន្ទាប់ពី​ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង ថៃ​ក៏ត្រូវ​បាត់បង់​កីឡាករ​ពីររូប​ដោយសារ​កាត់​ក្រហម។ ដោយមាន​គ្នា​តែ 9 នាក់ ក្រុម​ថៃ​ក៏ត្រូវ​ចាញ់ 2 គ្រាប់​ទៀត នាំឱ្យ​ឥណ្ឌូណេស៊ី​ឈ្នះ 5-2 ជា​ស្ថាពរ។

    ភាពច្របូកច្របល់ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេម

    «គ្រប់​ស្ថានការណ៍ អាជ្ញាកណ្ដាល​ត្រូវតែ​រក្សា​ឥរិយាបថ​យុត្តិធម៌ ប៉ុន្តែ​ការប្រកួត​នេះ អាជ្ញាកណ្ដាល​មិនអាច​ធ្វើបាន» Khemdee អះអាង​ដូច្នេះ។

    ទោះជា​យ៉ាងណាក៏ដោយ នៅពេល​ចប់​ការប្រកួត ក្រុម​ទាំងពីរ​ក៏​ពុំមាន​បញ្ហា​អ្វី​នឹង​គ្នា​ទៀត​នោះដែរ។ នេះ​គឺជា​បទពិសោធន៍​ដែល​គួរ​យក​ជា​មេរៀន ដែល​យើង​មិនគួរ​ឱ្យមាន​ករណីបែបនេះ​កើតឡើង ព្រោះ​វា​ប៉ះពាល់​ដល់​អ្នកគាំទ្រ និង​កីឡាករ​ផងដែរ។ ប៉ុន្តែ បរាជ័យ​លើក​នេះ ធ្វើឱ្យ​ថៃ​ ខកខាន​ក្នុង​ការលើក​មេដាយមាស​នៅ​ស៊ី​ហ្គេម​ចំនួន​បី​ជំនាន់​បន្តបន្ទាប់ ខណៈដែល U22 ឥណ្ឌូណេស៊ី ដណ្ដើមបាន​មេដាយមាស​លើក​ទី​បី​នៅ​ស៊ី​ហ្គេម៕

  • ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

    ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

    ការរៀបចំផែនការគ្រួសារ គឺការត្រៀមខ្លួនទាំងស្វាមី និងភរិយាក្នុងការរស់នៅជាជីវិតគូជាមួយគ្នា ដោយសារតែទាំងពីរខាងមកពីក្រុមគ្រួសារដែលផ្សេងពីគ្នា ការរស់នៅផ្ទាល់ខ្លួនក៏ច្បាស់ជាមិនដូចគ្នាដែរ ទោះជាស្រឡាញ់គ្នាក្នុងអំឡុងពេលជាគូស្នេហ៍ខ្លាំងប៉ុនណាក៏ដោយ តែនៅពេលដែលអ្នកទាំងពីរត្រូវមករស់នៅរួមគ្នាស្ទើរតែពេញ 24ម៉ោងនោះ ធ្វើឱ្យទាំងពីរនាក់ត្រូវតែមានការសម្របសម្រួលខ្លួន និងរៀបផែនការជីវិតរួមគ្នា។ ក្រៅពីនោះ បើគូស្វាមីភរិយាណាចង់បានបុត្រភ្លាមៗក្រោយពេលរៀបការហើយ ការរៀបផែនការគ្រួសាររឹតតែមានភាពចាំបាច់ និងមានភាពសំខាន់ខ្លាំងទៅទៀត និងបើសិនជាគូស្នេហ៍ណាដែលមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រ ការរៀបផែនការគ្រួសារ ក៏អាចរាប់បានថា ជាបច្ច័យសំខាន់បំផុតក្នុងការធ្វើឱ្យការគ្រងជីវិតគូអាចរស់នៅរួមគ្នាយ៉ាងមានសេចក្ដីសុខយូរអង្វែងបានដែរ។ ថ្ងៃនេះអ្នកគ្រូ ឆវី នឹងមកណែនាំពីការរៀបចំផែនការគ្រួសារលើផ្នែកការមានបុត្រថា តើមានភាពសំខាន់យ៉ាងណាខ្លះ ដូចខាងក្រោម…។

    ការមានបុត្រនៅពេលដែលអ្វីៗត្រូវបានរៀបចំហើយនោះ អាចរាប់បានថា ជាការត្រៀមខ្លួនដ៏ល្អរបស់គ្រួសារ។ ការត្រៀមខ្លួនរៀបផែនការក្នុងការមានបុត្រ ត្រូវប្រកបដោយ 2ចំណុចធំៗ ៈ

    1 . ភាពត្រៀមរួចជាស្រេចលើផ្នែករាងកាយរបស់ឪពុកម្ដាយ

    សុខភាពគួរតែរឹងមាំទាំងពីរនាក់។ ទាំងឪពុក និងម្ដាយគួរត្រៀមរាងកាយឱ្យព្រមជាស្រេច ក្រៅពីនោះ គួរតែបានទទួលការពិនិត្យឈាមថា មិនមានកើតជំងឺ ឬរោគាអ្វីដែលអាចនឹងហុចផលប៉ះពាល់បន្តទៅដល់កូន។ បើអ្នកណាម្នាក់មានជំងឺ ឬរោគអ្វីមួយ គួរតែប្រឹក្សាគ្រូពេទ្យមុននឹងសម្រេចចិត្តមានបុត្រ ដើម្បីឱ្យកូនកើតមកមិនចាំបាច់ឈឺថ្កាត់ព្រោះតែឆ្លងរោគពីឪពុកម្ដាយ។ រោគដែលឪពុកម្ដាយសម័យថ្មីគួរតែត្រូវបានពិនិត្យមុនពេលចង់បានបុត្រនោះគឺ រោគលោហិត ប្រភេទ ថាឡាស់សេមៀរ( Thalassemia ជារោគខាងលោហិតដែលឆ្លងបន្តតាមពូជកំណើត) រួមទាំងជំងឺឆ្លងខាងផ្លូវភេទផ្សេងៗទៀត។

    ក្រៅពីនោះស្រ្តីមានគភ៌គួរតែបានទទួលទានវីតាមីន ហ្វូលេត ឱ្យបានគ្រប់គ្រាន់ ព្រោះហ្វូលេតមានចំណែកជួយក្នុងការសាងផ្នែកប្រព័ន្ធប្រសាទរបស់កូន។ បើខ្វះហ្វូលេត ឱកាសដែលកូននឹងកើតមកពិការមានខ្ពស់គួរឱ្យពិចារណា។ ស្រ្តីជាភរិយាថ្មីថ្មោងដែលត្រៀមខ្លួនមានគភ៌ គួរតែទទួលទានហ្វូលេតឱ្យបានគ្រប់គ្រាន់មុនពេលតាំងគភ៌ ដោយអាចទទួលបានពីការញ៉ាំបន្លែស្លឹកបៃតង ដូចជា ខាត់ណា ប្រូខូលី រួមទាំងថ្លើមសត្វផងដែរ។ បើមិនប្រាកដក្នុងចិត្តថា នឹងបានទទួលហ្វូលេតគ្រប់ ឬយ៉ាងណានោះ គួរតែប្រឹក្សាជាមួយគ្រូពេទ្យជាមុន។

    2 .ភាពត្រៀមរួចជាស្រេចលើផ្នែកហិរញ្ញវត្ថុ និងពេលវេលា

    ការមានបុត្រ 1នាក់ ត្រូវចំណាយប្រាក់ និងពេលវេលាច្រើនឡើងក្នុងការមើលថែទាំ ទម្រាំនឹងកូនធំធាត់ឡើងរហូតអាចពឹងពាក់លើខ្លួនឯងបាន។ ការចាយវាយតាំងពីចាប់ផ្ដើមតាំងគភ៌ រហូតដល់ក្រោយប្រសូត ទាំងថ្លៃអាហារការហូបចុក សម្លៀកបំពាក់ វត្ថប្រើប្រាស់ រួមទាំងប្រាក់បម្រុងបន្ទាន់ដែលត្រូវត្រៀមទុកក្នុងករណីឈឺថ្កាត់ផង។ អ្វីទាំងអស់នេះសូមឱ្យលោកឪពុកអ្នកម្ដាយថ្មោងថ្មីត្រូវគិត និងត្រៀមឱ្យរួចជាស្រេច ក្រៅពីនោះ រឿងពេលវេលាដែលយើងអាចនឹងលះបង់ដល់កូនក្នុងការមើលថែទាំក៏ជារឿងមួយសំខាន់ខ្លាំងដែរ។ កំលោះ-ក្រមុំជាច្រើនគូមិនបានត្រៀមខ្លួនទុកជាមុន ដល់ពេលមានបុត្រ ក៏គ្មានពេលវេលាក្នុងការចិញ្ចឹមថែទាំ បណ្ដោយឱ្យក្លាយជាបន្ទុករបស់សាច់ញាតិ ឬមេដោះមកចិញ្ចឹមមើលថែជំនួស។ រឿងទាំងអស់នេះនឹងធ្វើឱ្យកូនកើតមកមិនបានទទួលសេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីឪពុកម្ដាយតាមដែលគួរបានទទួល រួមទាំងការអភិវឌ្ឍផ្សេងៗដែលគួរតែបានទទួលការជំរុញអំពីឪពុកម្ដាយផ្ទាល់ផងនោះ នឹងធ្វើឱ្យក្មេងមានវិវឌ្ឍនាការយឺតយ៉ាវ និងមានសុខភាពផ្លូវចិត្តដែលយ៉ាប់យ៉ឺនជាងក្មេងដែលក្រុមគ្រួសារមានពេលវេលាឱ្យគ្នាទៅវិញទៅមក។

    ចំណែកឯវិធីការមើលថែទាំកូនពេលនៅក្នុងផ្ទៃ ឬក្រោយពេលប្រសូត ឪពុកម្ដាយអាចសិក្សារៀនសូត្រជាបណ្ដើរៗក្នុងអំឡុងពេលដែលភរិយាចាប់ផ្ដើមតាំងគភ៌បាន។ “បើគូស្វាមីភរិយាណាមានការត្រៀមខ្លួន និងរៀបចំផែនការគ្រួសារយ៉ាងល្អក្នុងរឿងទាំង 2ចំណុចខាងលើនោះហើយ ភាគច្រើននៅពេលកូនកើតមក បញ្ហាផ្សេងៗច្រើនតែអាចដោះស្រាយបានយ៉ាងងាយ”៕

  • SEM រំពឹងទទួលបានឱកាសពី TMS

    SEM រំពឹងទទួលបានឱកាសពី TMS

    បច្ចុប្បន្នតារាចម្រៀង Sem បានផ្លាស់ប្ដូរពីផលិតកម្ម Big Man ទៅក្រុម TMS ដែលជាស្ថាប័នមួយស្ថិតនៅក្រោមការមើលឥទ្ធិពលរបស់ស្ថានីយទូរទស្សន៍ MYTV, CTN និង CNC បើគិតមកដល់ពេលនេះទើបតែមានរយៈពេលប្រមាណជិតពីរខែប៉ុណ្ណោះ ប៉ុន្ដែត្រូវបាន Sem អះអាងថា លោកមានអារម្មណ៍រីករាយ និងកក់ក្ដៅគ្រាដែលលោកមើលឃើញថា ទ្រនំថ្មីនេះអាចផ្ដល់ឱកាសការងារដល់លោកច្រើន។

    មុនពេលលោក Sem បានសម្ដែងនូវក្ដីសង្ឃឹមបែបនេះ គេធ្លាប់បានឮអ្នកនាង យុគ ចិន្ដា ប្រាប់រូចមកហើយថា ទោះបីជាសមាជិកក្រុម TMS មានច្រើនក៏ពិតមែន តែនាងនឹងបែងចែកផលប្រយោជន៍ការងារដល់សមាជិកឱ្យបានស្មើៗគ្នា តែទាមទារឱ្យពួកគេមានសមត្ថភាពដើម្បីបង្កើនប្រជាប្រិយភាពក្នុងទីផ្សារ។ វាស្របគ្នាទៅនឹងសមត្ថភាពរបស់តារាសិល្បៈពហុជំនាញ Sem ដែលគេបានដឹងថា ក្រៅពីការប្រើសំនៀងដ៏មានភាពទាក់ទាញហើយនោះ លោកក៏មានទេពកោសល្យក្នុងការសម្ដែងមិនចាញ់តារាសម្ដែងអាជីពដែរ។

    លោក Sem បានបញ្ជាក់ប្រាប់ថា លោកមានភាពកក់ក្ដៅជាខ្លាំង បើទោះជាលោកទើបតែបំពេញការងារបានមួយរយៈខ្លីក៏ដោយ។ លោកបន្ដថា ទោះបីជាសមាជិកក្នុងក្រុមមានច្រើនមែន តែលោកមិនដែលមានកង្វល់ទៅលើបញ្ហានេះទេ ផ្ទុយទៅវិញក្រុមមួយដែលមានធនធានមនុស្សច្រើន សុទ្ធតែជាអ្នកខ្លាំងនឹងកាន់តែបង្កើនភាពទាក់ទាញក្នុងទីផ្សារដែលជំរុញឱ្យមានឱកាសការងារកាន់តែច្រើន។

    ជាមួយក្ដីរំពឹងនេះ លោកបញ្ជាក់ថា លោកមានសមត្ថភាព2 ដូច្នេះកាន់តែលែងបារម្ភ ព្រោះសមត្ថភាពទាំងនេះកំពុងតែមានតម្រូវការនៅក្នុងទីផ្សារសិល្បៈ ម្យ៉ាងស្ថានីយទូរទស្សន៍ទាំងបីបច្ចុប្បន្នសុទ្ធតែមានផលិតជាភាពយន្ដ ចម្រៀងរបស់ខ្លួនឯងដូច្នេះអ្វីដែលយើងបារម្ភនោះគឺមានតែធ្វើការងារមិនអស់ផង។
    Sem បន្ដថា៖«តាំងពីថ្ងៃចូលមកកាន់ TMS ដំបូង ខ្ញុំត្រូវបានអ្នកគ្រប់គ្រងប្រគល់ការងារសម្ដែង Concert ឱ្យទៅហើយ ។ ក្រៅពីនេះការចូលមកហើយត្រូវបានកាន់ក្រុមថ្មីនេះ ក៏ជាឱកាសរបស់ខ្ញុំក្នុងការរៀនសូត្របន្ថែមដើម្បីបង្កើនសមត្ថភាពទៀតដែរ»។

    ជាមួយគ្នានេះលោកប្រាប់ថា ទោះលោកមានសមត្ថភាពក្នុងសិល្បៈច្រើនជំនាញពិតមែន ប៉ុន្ដែវាគ្រាន់តែជាទេពកោសល្យពីកំណើត ប្រសិនមានឱកាសពង្រីកសមត្ថភាពបន្ថែមជារឿងល្អសម្រាប់លោកក្នុងការឈានទៅរកសមត្ថភាពស្ដង់ដារអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់បាន៕