Tag: Russia

  • មូលហេតុ​ដែល​នាំ​ឱ្យ​យាន​អវកាស​រុស្ស៊ី​ Luna-25 ធ្លាក់​បុក​​ផ្ទៃ​ព្រះចន្ទ

    មូលហេតុ​ដែល​នាំ​ឱ្យ​យាន​អវកាស​រុស្ស៊ី​ Luna-25 ធ្លាក់​បុក​​ផ្ទៃ​ព្រះចន្ទ

    ហេតុការណ៍​ធ្លាក់​យាន​អវកាស​ព្រះចន្ទ​ Luna-25 ទំនង​ជា​កើត​ឡើង​ដោយ​សារ​បញ្ហា​ម៉ាស៊ីន​។ នេះ​បើ​តាម​ Yury Borisov ប្រធាន​អង្គការ​អវកាស​រុស្ស៊ី Roscosmos ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី 21 សីហា​។

    នៅលើ​ទូរទស្សន៍​ Russia-24 លោក Borisov និយាយ​ថា យាន​អវកាស​ Luna-25 ប្ដូរ​ទិស​ និង​បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​ឆ្ពោះ​ចូល​គន្លង​គោចរ​ជុំវិញ​ព្រះចន្ទ មុន​នឹង​ចុះ​ចត​។ ក៏ប៉ុន្តែ ម៉ាស៊ីន​មិន​បាន​ឈប់​ដូច​ការ​គ្រោង​ទុក​។ តាម​ការ​កំណត់​ ម៉ាស៊ីនត្រូវ​តែ​​ដំណើរ​ការ​ 84 វិនាទី ប៉ុន្តែ​វា​ដំណើរ​ការ​រហូត​ដល់ 127 វិនាទី។ នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​យាន​ធ្លាក់​បុក​ផ្ទៃ​​ព្រះចន្ទ​។

    Roscosmos បាន​ដាច់​ទំនាក់​ទំនង​ជាមួយ​យាន​ Luna-25 កាល​ពី​ថ្ងៃ​ទី 19 សីហា​។ មួយ​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​ប្រកាស​ថា បេសក​កម្ម​​ព្រះចន្ទ​របស់ Luna-25 បាន​បរាជ័យ​។ Roscosmos បង្ហើប​ឱ្យ​ដឹង​ថា Luna-25 បាន​ព្យាយាម​ប្រើ​ប្រាស់​ម៉ាស៊ីន​រុញ​ច្រាន​ដើម្បី​កែ​តម្រូវ​គន្លង​គោចរ​ មុន​ពេល​ដាច់​ទំនាក់​ទំនង​។

    យាន​អវកាស​ខាង​លើ​ហោះ​ឆ្ពោះ​ទៅ​កាន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ហើយ​គ្រោង​នឹង​ចុះ​ចត​នៅ​ទី​នោះ​ក្នុង​ថ្ងៃទី 21 សីហា 2023​ ប៉ុន្តែ​បាន​បរាជ័យ​។

    ទំព័រ TASS រាយការណ៍​ថា រុស្ស៊ី​កំពុង​តែ​រៀប​ផែនការ​សម្រាប់​បេសក​កម្ម​ Luna មួយ​ផ្សេង​ទៀត​ រួម​មាន Luna-26 និង Luna-27។ Luna-25 ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ជំហាន​សំខាន់​ថ្មី​បំផុត​ក្នុង​វិស័យ​អវកាស​របស់​រុស្ស៊ី​។ ប្រទេស​នេះ​មិន​ធ្លាប់​បាន​បញ្ជូន​​យាន​អវកាស​​ណា​មួយ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ រាប់​ចាប់​ពី​ក្រោយ​សម័យ​សូវៀត​។ បេសក​កម្ម​ Luna ចុង​ក្រោយ​គឺ Luna-24 ដែល​បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ទី 18 សីហា 1976​៕

  • កម្លាំងប្រដាប់អាវុធ​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន បន្ត​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី

    កម្លាំងប្រដាប់អាវុធ​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន បន្ត​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី

    RCV ដែលជា​អង្គភាព​ទ័ព​ស្ម័គ្រចិត្ត​រុស្ស៊ី (Russian Volunteer Corps) បានប្រកាស​ចាប់ផ្ដើម​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី បន្ទាប់ពី​ការវាយប្រហារ​នៅក្នុង​ខេត្ត Belgorod កាលពី​ចុងខែ​មុន។

    «ដំណាក់កាល​ទី​ពីរ​ដែល​មេបញ្ជាការ​របស់​យើង​ធ្លាប់បាន​និយាយ បានចាប់ផ្ដើម​ហើយ» តំណាង​របស់ អង្គភាព​ទ័ព​ស្ម័គ្រចិត្ត​រុស្ស៊ី (RCV) ដែល​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី 01 មិថុនា​ដូច្នេះ។ ក្រុម​នេះ​ប្រកាសថា ទាហាន​របស់ខ្លួន​បានចាប់ផ្ដើម​យុទ្ធនាការ​នៅក្នុង​ខេត្ត Belgorod របស់​រុស្ស៊ី។

    បណ្ដា​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​បន្ទាប់​នោះ បង្ហាញថា អគារ​សាលាស្រុក​នៅ Shebekino ក្នុង​តំបន់​ភាគខាងត្បូង​រប​ស់​ខេត្ត Belgorod ដែលមាន​ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​ប្រហែល 6 គីឡូម៉ែត្រ ត្រូវ​ឆេះ​សន្ធោសន្ធៅ។ ព័ត៌មាន​ខ្លះ​ឱ្យដឹងថា RCV បាន​កម្ទេច​ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត 2S4 Tyulpan មួយគ្រឿង និង​រថយន្ត​ជំនួយ​មួយគ្រឿង​របស់​រុស្ស៊ី នៅក្បែរ​ទីរួមស្រុក Shebekino។

    កងជីវពល​ដែល​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន​មួយក្រុម​ផ្សេងទៀត គឺ អង្គ​ភាពសេរី​រុស្ស៊ី (FRL/ Liberty of Russia Legion) ក៏បាន​ប្រកាសថា កំពុង​ធ្វើ​សកម្មភាព​ក្បែរ​ព្រំដែន​រុស្ស៊ី និង​វាយប្រហារ​លើ​ដោល​ដៅ​យោធា​មួយចំនួន។

    អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន Andriy Melnyk បាន​និយាយថា ក្រុម​ជីវពល​ទាំងនេះ «ធ្វើ​សកម្មភាព​ដោយ​ចិត្ត​ឯង» ហើយ​អ៊ុយ​ក្រែ​ន​មិន​ទទួលខុសត្រូវ​ចំពោះ​ពួកគេ​ឡើយ។ «អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​វាយប្រហារ​ចូល​ទឹកចិត្ត​រុស្ស៊ី ប៉ុន្តែ​នឹងធ្វើ​ដោយ​ការប្រុងប្រយ័ត្ន» លោក Andriy Melnyk បញ្ជាក់​ដូច្នេះ។

    រុស្ស៊ី​បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​ខេត្ត Belgorod រង​ការខូចខាត​ដោយសារ​កាំភ្លើង​ធំ ក្រោយ មក​ក្រុម​ប្រដាប់អាវុធ​មួយចំនួន​បាន​ព្យាយាម​ចូល​ទឹកដី​រុស្ស៊ី។ រុស្ស៊ី​ក៏បាន​ប្រកាសថា ខ្លួន​បាន​វាយ​រុញច្រាន​កងកម្លាំង​មកពី​អ៊ុយ​ក្រែ​ន និង​ដេញ​ដល់​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ហើយ​សម្លាប់​បាន 30 នាក់៕

  • រដ្ឋមន្ត្រី​រុស្ស៊ី៖ ការហាមឃាត់ Bitcoin គឺ​ប្រៀប​ដូច​ទៅនឹង​ការហាមឃាត់ អ៊ី​ន​ធើ​ណិ​ត

    រដ្ឋមន្ត្រី​រុស្ស៊ី៖ ការហាមឃាត់ Bitcoin គឺ​ប្រៀប​ដូច​ទៅនឹង​ការហាមឃាត់ អ៊ី​ន​ធើ​ណិ​ត

    ក្នុង​គ្រា​ដែល​ធនាគារជាតិ​រុស្ស៊ី បន្ត​អំពាវនាវ​ឱ្យ​រដ្ឋ ធ្វើការ​ហាមឃាត់​រូបិយវត្ថុ​ឌីជីថល ដូចជា Bitcoin ជាដើម រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Anton Siluanov បែរជា​ប្រកាស​បដិសេធ​ទៅវិញ។

    យោងតាម Forbes រុស្ស៊ី នៅក្នុង​កិច្ចប្រជុំ​រវាង​ក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​រុស្ស៊ី លោក Siluanov ឱ្យដឹងថា ការចេញ​បទបញ្ជា​ហាមឃាត់​ប្រាក់​ឌីជីថល នៅ រុស្ស៊ី «ក៏​ស្មើនឹង​ការហាមឃាត់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ដែលជា​ប្រការ​មួយ​មិនអាច​ទៅរួច»។

    ជំនួស​មកវិញ លោក​រដ្ឋមន្ត្រី​យល់ថា គួរ​ស្វែងរក​វិធី​គ្រប់គ្រង​វិស័យនេះ​ឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ ជាជាង​ការហាមឃាត់​ទាំងស្រុង។ លោក​អះអាងថា ប្រាក់​ឌីជីថល អាច​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​តា​ម​ដាន​ទីផ្សារ និង​បង្កើន​ប្រាក់ចំណូល​របស់​ជាតិ តាមរយៈ​ការយកពន្ធ។

    ចំណែក​ធនាគារជាតិ​រុស្ស៊ី វិញ មិនបាន​គាំទ្រ​ដល់​គំនិត​ដែលថា អនុញ្ញាតឱ្យ​អ្នកវិនិយោគ​ដែល​មិនមាន​ជំនាញ ធ្វើការ​ជួញដូរ​ប្រាក់​ឌីជីថល ដូចជា Bitcoin នោះទេ ដោយហេតុថា អាចមាន​អំពើ​លាង​លុយ និង​អំពើ​បោក​បន្លំ។

    ក្រោយពី​ជជែក​គ្នា​អស់​ជាច្រើន​ឆ្នាំ ធនាគារជាតិ​រុស្ស៊ី និង​រដ្ឋាភិបាល គ្រោង​នឹង​ស្វែងរក​ចំណុច​ស្របគ្នា​ស្ដីពី​ការកំណត់​លើ​រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ ដែល​នឹង​ត្រូវបាន​ដាក់ចេញ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕

  • រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

    រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

    ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​រុស្ស៊ី បាន​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​ម្នាក់​ដែល​បាន​ឆ្លង Covid-19 កាលពី​ជាង 4 ខែ​មុន។

    សារព័ត៌មាន Sputnik បានឱ្យដឹងថា លទ្ធផល​នៃ​​​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ប្រកាស​នៅ​ដើមខែ​មករា​នៅលើ​ទំព័រ virological.org បង្ហាញ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា Skolkovo រួម​នឹង​​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Pavlov First State ប្រចាំ St.Petersburg វិទ្យាស្ថាន​ស្រាវជ្រាវ​វីរុស​ផ្ដាសាយ Smorodintsev និង​​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង St.Petersburg បានឱ្យដឹងថា៖ «យើង​បាន​កត់ត្រា​ការវិភាគ​ហ្សែ​ន​នៃ​វីរុស SARS-CoV-2 (Covid-19) ពី​អ្នកជំងឺ Covid-19 ម្នាក់​ដែលមាន​ជំងឺមហារីក។ ប្រព័ន្ធ​ហ្សែ​ន​បានបង្ហាញ​អំពី​ការកើនឡើង​ដោយ​ឯកឯង​របស់​វីរុស​ក្លាយ​ពូជ​ថ្មី​ចំនួន 18 ប្រភេទ នៅក្នុង​រយៈពេល​ជាង 4 ខែ​នៃ​ការឆ្លង​វីរុស​ Covid-19។ ពួកវា​រួមមាន​បណ្ដា​ប្រភេទ​វីរុស​ក្លាយ​ពូជក្នុង​​ក្រុម S ៖ Y453F និង Δ69-70HV ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​សម្បុក​វីរុស​ដែលមាន​ទាក់​ទាក់ទង​នឹង​សត្វ​កញ្ជ្រោង»។

    វីរុស​ក្លាយ​ពូជ​នានា​ដែល​បាន​រីកចម្រើន​នៅលើ​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​វ័យ​ 47 ឆ្នាំ​ខាងលើ ត្រូវបាន​គេ​ហៅថា អ្នកជំងឺ S។ អ្នកជំងឺ​នេះ ទំនងជា​បាន​ឆ្លង​វីរុស​នៅពេល​កំពុង​ព្យាបាល​ជំងឺមហារីក​នៅ​មន្ទីរពេទ្យ។ «អ្នកជំងឺ​នេះ ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់ ជា​អ្នកជំងឺ​ប្រភេទ A ដែល​​បាន​ស្លាប់​ដោយសារ​បាន​ឆ្លង Covid-19» នេះ​បើតាម​កំណត់ត្រា​នៃ​របាយការណ៍​ស្រាវជ្រាវ។

    ថ្ងៃទី 17 មេសា 2020 អ្នកជំងឺ S បាន​ចេញពី​មន្ទីរពេទ្យ។ ថ្ងៃទី 30 មេសា 2020 អ្នកជំងឺ​នេះ​វិជ្ជមាន​នឹង Covid-19។

    ការស្រាវជ្រាវ​បន្ត​ឱ្យដឹងថា៖ «លទ្ធផល​នៃ​ការធ្វើ​តេស្ត​ក្នុង​ថ្ងៃទី 14ឧសភា 19ឧសភា 9មិថុនា និង​ថ្ងៃទី 14 កក្កដា សុទ្ធតែ​បង្ហាញថា អវិជ្ជមាន​នឹង Covid-19។ ប៉ុន្តែ​អ្នកជំងឺ S នេះ មាន​អាការ​នៃ​ជំងឺ Covid-19 យ៉ាងធ្ងន់ធ្ងរ​ចាប់ពី​ថ្ងៃទី 25 ឧសភា ដល់​ថ្ងៃទី 21 សីហា។ បន្ទាប់មក​ អ្នកជំងឺ​នេះ​ក៏​វិជ្ជមាន​ជាថ្មី​នៅ​ថ្ងៃទី 3សីហា 8សីហា 17សីហា និង 20សីហា។ ចុងក្រោយ អ្នកជំងឺ​នេះ​ក៏​អវិជ្ជមាន​នៅក្នុង​ថ្ងៃទី 12កញ្ញា 2020 និង​ថ្ងៃទី 10វិច្ឆិកា និង 16ធ្នូ»។

    យោងតាម​អ្នកវិទ្យាសាស្ត្រ Nikolai Kryuchkov ការ​ក្លាយ​ពូជ​របស់​វីរុស Covid-19 បាន​កើតឡើង​ញឹកញាប់​ជាង​មុន​ចំពោះ​អ្នកជំងឺ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ បើ​ធៀប​នឹង​អ្នកជំងឺ​ដែលមាន​សុខភាព​ធម្មតា។

    ការស្រាវជ្រាវ​ខាងលើ​បានបង្ហាញ​ទៀតថា វីរុស​ក្លាយ​ពូជ​ទាំងឡាយ​នៅលើ​រាងកាយ​អ្នកជំងឺ​ខាងលើ មាន​ចំណុច​ជាច្រើន​ដែល​ដូច​ទៅនឹង​វីរុស​ក្លាយ​ពូជ​ដែល​រកឃើញ​នៅ​ប្រទេស​អង់គ្លេស។

    ប៉ុន្តែ កាលពី​ថ្ងៃទី 11 មករា 2021 លោក Alexander Gintsburg ប្រធាន​មជ្ឈមណ្ឌល Gamaleya ដែលជា​កន្លែង​អភិវឌ្ឍ​វ៉ាក់សាំង Covid-19 Sputnik V របស់​រុស្ស៊ី បានបញ្ជាក់ថា លទ្ធភាព​ដែលថា រុស្ស៊ី​មាន​វីរុស Covid-19 ប្រភេទ​​ថ្មី​​ដោយ​ឡែក​​គឺជា​រឿង​ដែល​អាច​កើតមាន​ក្នុង​កម្រិត​ខ្ពស់៕

    ប្រភព​៖ Sputnik

  • តំណាង​​រាស្ត្រ​រួម​នឹង​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបរបស់​រុស្ស៊ី​ បាន​ឆ្លង​​COVID-19 ខណៈ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​កើន​លើស​290,000​នាក់​

    តំណាង​​រាស្ត្រ​រួម​នឹង​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបរបស់​រុស្ស៊ី​ បាន​ឆ្លង​​COVID-19 ខណៈ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​កើន​លើស​290,000​នាក់​

    តំណាង​រាស្ត្រជា​ច្រើន​រូប​​របស់​សហព័ន្ធ​រុស្ស៊ី​​ ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា មាន​ផ្ទុក​មេរោគ​COVID-19 នៅ​ពេល​ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។

    ​ជំនួយ​ការ​ផ្ទាល់​របស់​ប្រធាន​សភា​ជាន់​ទាប​(State Duma)​ របស់​រុស្ស៊ី​​ កាល​ពីថ្ងៃទី​18​ឧសភា​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​450​រូប​​របស់​សភា​ជាន់​ទាប មាន​​6​រូប​ត្រូវ​បាន​រកឃើញ​ថា​មា​នផ្ទុក​វីរុស​កូរ៉ូណា​។

    នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin
    នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin

    Anastasia Kashevarova ដែលជាជំនួយ​ការ​​របស់​​ប្រធាន​សភា​ជាន់​ទាបរុស្ស៊ី​ ថ្លែង​ថា “គិត​មកដល់​​បច្ចុប្បន្ន តំណាង​រាស្ត្រ​6រូប​របស់​សភា​ជាន់​ទាប​​ ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19។ តំណាង​2រូប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ ចំណែក​2រូប​កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ និង​2រូប​ផ្សេង​ទៀត​កំពុង​បង្ខាំង​ខ្លួន​និង​ទទួល​ការ​ព្យាបាល​នៅ​ឯផ្ទះ​រៀង​ៗ​ខ្លួន​”។

    អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov
    អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov

    មន្ត្រីជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​​រដ្ឋាភិបាល​រុស្ស៊ី​ ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា​​ក្នុង​អំឡុង​ពេល​​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​ក៏មាន​នាយក​រដ្ឋ​មន្ត្រី​ (Mikhail Mishustin) អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង (លោក Dmitry Peskov) រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ (លោក​ស្រី​ Olga Lyubimova) រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ (លោក​ Valery Falkov) រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន (លោក Vladimir Yakushev) និង​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន (លោក Dmitry Volkov)។

    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី​ Olga Lyubimova
    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី​ Olga Lyubimova
    រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ លោក​ Valery Falkov
    រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ លោក​ Valery Falkov
    រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Vladimir Yakushev
    រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Vladimir Yakushev
    អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Dmitry Volkov
    អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Dmitry Volkov

    ក្នុង​សប្ដាហ៍​កន្លង​​ រុស្ស៊ី​បាន​លោត​រំលង​​អេស្ប៉ាញ​ និង​អ៊ីតាលី​ ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី2​​​នៅ​ក្នុង​​​​ពិភព​​លោក​​ ដោយ​​​​​​មាន​​​​​អ្នក​​​ជំងឺ​​​COVID-19 សរុប​ 290,678​នាក់​​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​សរុប​2,722​នាក់​។ កាល​ពី​ម្សិល​មិញ​ ប្រទេស​នេះ​ក៏​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​8,926​នាក់​ផងដែរ​៕

    ប្រភព​៖​សារ​ព័ត៌មានបរទេស​

  • វេជ្ជបណ្ឌិតរុស្ស៊ី3រូប ធ្លាក់ពីលើអគារមន្ទីរពេទ្យ ខណៈប្រទេសកំពុង​ទប់​ទល់​នឹង​COVID-19

    វេជ្ជបណ្ឌិតរុស្ស៊ី3រូប ធ្លាក់ពីលើអគារមន្ទីរពេទ្យ ខណៈប្រទេសកំពុង​ទប់​ទល់​នឹង​COVID-19

    វេជ្ជបណ្ឌិតនៅជួរមុខរបស់រុស្ស៊ីចំនួន3រូបហើយដែលបានធ្លាក់ពីលើអគារនៃមន្ទីរប្រកបដោយអាថ៌កំបាំង នៅក្នុងអំឡុង​2​សប្ដាហ៍​កន្លងមកនេះ ធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពការងាររបស់ក្រុមវេជ្ជបណ្ឌិតនៅទីនេះ ខណៈដែលវីរុសCOVID-19 កាន់តែបង្ហាញអំណាចនៅរុស្ស៊ី។

    សារព័ត៌មាន CNN និង Moscow Times កាលពីម្សិលមិញបានរាយការណ៍ថា Alexader Shulepov អាយុ37ឆ្នាំ ជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Novousmanskaya ក្នុងទីក្រុង Voronezh នៃប្រទេសរុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពអាសន្ន បន្ទាប់ពីបានធ្លាក់ពីលើអគារ។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា វេជ្ជបណ្ឌិត Shulepov បានធ្លាក់ពីបង្អួចនៃអគារកម្ពស់2ជាន់របស់មន្ទីរពេទ្យកាលពីថ្ងៃទី2ឧសភា។

    វេជ្ជបណ្ឌិត Shulepov ត្រូវចូលសម្រាក និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយសារគាត់បានឆ្លងវីរុសCOVID-19 កាលពីថ្ងៃទី22មេសា ប៉ុន្តែ ថ្ងៃដដែលនេះ Shulepov និងមិត្តរួមការងាររបស់គាត់គឺ Alexander Kosyakin បានបង្ហោះវីដេអូមួយដែលនិយាយថា គាត់ត្រូវបានបង្ខំឱ្យធ្វើការបន្ត បើទោះជាបានឆ្លងវីរុសកូរ៉ូណានេះក៏ដោយ។ កន្លងមក Kosyakin បានរិះគន់ខាងមន្ទីរពេទ្យដោយសារតែមិនមានសម្ភារ និងឈុតការពារឆ្លងមេរោគគ្រប់គ្រាន់សម្រាប់បុគ្គលិកសុខាភិបាល។ វេជ្ជបណ្ឌិត Kosyakin ក៏ធ្លាប់ត្រូវបាននគរបាលហៅទៅសួរនាំ ដោយមានការចោទប្រកាន់ថា បានបញ្ចេញព័ត៌មានមិនពិត។ 3ថ្ងៃក្រោយមក Shulepov ក៏បានដកវីដេអូដែលគាត់ធ្លាប់បានរិះគន់ខាងមន្ទីរពេទ្យ ហើយបញ្ជាក់ថាក្នុងវីដេអូនោះ គាត់ត្រូវបាន “អារម្មណ៍ដឹកមុខ”។

    ភាគីខាងមន្ទីរពេទ្យ Novousmanskaya បានអះអាងថា វេជ្ជបណ្ឌិត Shulepov ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកបន្ទាប់ពីបានឆ្លងវីរុសកូរ៉ូណា និងត្រូវបានបញ្ជូនទៅព្យាបាលក្នុងអាគារឯកទេសជំងឺឆ្លងរបស់មន្ទីរពេទ្យនេះ។

    Shulepov គឺជាវេជ្ជបណ្ឌិតទីបីហើយដែលបានធ្លាក់ពីលើអគារមន្ទីរពេទ្យយ៉ាងអាថ៌កំបាំងនៅប្រទេសរុស្ស៊ី។ វេជ្ជបណ្ឌិត2រូបដែលបានធ្លាក់ពីអាគារមុនករណីខាងលើ បានបាត់បង់ជីវិត។ ក្រុមមន្ត្រីមានសមត្ថកិច្ចកំពុងស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យមានហេតុការណ៍ធ្លាក់ពីលើអគារទាំង3ករណីនេះ ក្នុងពេលដែលរុស្ស៊ីកំពុងប្រមូលកម្លាំងដើម្បីទប់ទល់នឹងវីរុសCOVID-19។

    កាលពីថ្ងៃទី1ឧសភា Elena Nepomnyashchaya ដែលជាវេជ្ជបណ្ឌិតម្នាក់ធ្វើការនៅមន្ទីរពេទ្យ Krasnoyarsk ក្នុងតំបន់ Siberia បានបាត់បង់ជីវិត ក្រោយទទួលការព្យាបាលអស់រយៈពេល1សប្ដាហ៍។ សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា វេជ្ជបណ្ឌិតរូបនេះ បានធ្លាក់ពីលើអគាររបស់មន្ទីរពេទ្យ។

    ថ្ងៃទី24មេសា Natalya Lebedeva ប្រធានក្រុមសង្គ្រោះបន្ទាន់នៃវិទ្យាស្ថានអនាម័យនិងមេរោគលេខ2 ក្នុងតំបន់ Star City ក៏បានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានធ្លាក់ពីលើអគារខ្ពស់របស់មន្ទីរពេទ្យ។

    ហេតុការណ៍ខាងលើនេះ បានកើតឡើងក្នុងគ្រាដែលប្រទេសរុស្ស៊ីកំពុងប្រឈមនឹងការរាតត្បាតយ៉ាងខ្លាំងក្លាពីវីរុសCOVID-19។ មជ្ឈមណ្ឌលទប់ទល់នឹងវិបត្តិវីរុសកូរ៉ូណារបស់រុស្ស៊ី កាលពីថ្ងៃទី4ឧសភា បានឱ្យដឹងថា ចំនួនអ្នកជំងឺកូរ៉ូណាសរុបក្នុងប្រទេសនេះបានឡើងដល់ជាង145,000នាក់ ក្នុងនោះមានជិត1,400នាក់បានស្លាប់។ បច្ចុប្បន្ន រុស្ស៊ីឈរលំដាប់លេខ7 នៅក្នុងចំណោមបណ្ដាប្រទេសដែលមានអ្នកជំងឺកូរ៉ូណាច្រើនជាងគេក្នុងពិភពលោក៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

    ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

    ​រយៈ​ពេល​1​ថ្ងៃ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក Mishustin បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​​របស់​ប្រទេស​រុស្ស៊ី គឺ​លោក​ Yakushev ​ក៏​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ពីម្សិល​មិញ​ ដោយ​សារ​បាន​ឆ្លង​វីរុស​COVID-19។

    “ខ្ញុំ​កំពុង​ទទួល​ការ​ព្យាបាល​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ម៉ូស្គូ” ​រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក Vladimir Yakushev បាន​ប្រាប់​ Interfax កាល​ពី​ថ្ងៃទី​1​ឧសភា​​បែប​នេះ​។

    មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋ​មន្ត្រី​ Yakushev គឺ​លោកអនុរដ្ឋ​មន្ត្រី​ Dmitry Volkov ក៏បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ព្រោះ​​​តែ​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ដែរ​។ អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក​ Nikita Stasishin ត្រូវ​បាន​​តែង​តាំង​​ជា​រដ្ឋ​មន្ត្រី​ស្ដី​ទី​​នៃ​ក្រសួង​មួយ​នេះ​ ជំនួស​ឱ្យ​លោក Yakushev​។

    Yakushev គឺជា​មន្ត្រី​ជាន់​ខ្ពស់​ទី​2​របស់​​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin កាល​ពី​​ថ្ងៃទី​30​មេសា បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​កំពុង​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ទៅ​អ្នក​ផ្សេង។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ លោក Andrei Belousov ត្រូវ​បាន​ប្រធានាធិបតី​ Vladimir Putin តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី​។

    ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​COVID-19សរុប​ ជាង​114,000​នាក់ ឈរ​លំដាប់​ទី​8​ក្នុង​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជាង​1,100​នាក់​បាន​បាត់​បង់ជីវិត​ ដែល​ភាគ​ច្រើន​នៅ​រដ្ឋ​ធានី​ម៉ូស្គូ និង​ទី​ក្រុង​ St. Petersburg។ ប្រទេស​នេះ​ បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា ប្រមាណ​ជា​3.7​លាន​លើក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រុស្ស៊ីចាប់ផ្ដើមធ្ងន់ធ្ងរហើយ!! ឆ្លងមេរោគកូវីដ-19 មួយថ្ងៃ 6ពាន់នាក់ ចំនួនអ្នកឆ្លងសរុប វ៉ាដាច់ចិនហើយ

    រុស្ស៊ីចាប់ផ្ដើមធ្ងន់ធ្ងរហើយ!! ឆ្លងមេរោគកូវីដ-19 មួយថ្ងៃ 6ពាន់នាក់ ចំនួនអ្នកឆ្លងសរុប វ៉ាដាច់ចិនហើយ

    ប្រទេសរុស្ស៊ី មានតួលេខអ្នកឆ្លងមេរោគវីរុសកូវីដ-19 ដែលបានអះអាងហើយ បានវ៉ាដាច់ប្រទេសចិនរួចរាល់ហើយកាលពីថ្ងៃចន្ទ(ទី27មេសា) ក្រោយពីចំនួនអ្នកឆ្លងមេរោគសរុបបានកើនឡើងលើស 87,000នាក់ ខណៈដែលរដ្ឋបាលកំពុងប្រឈមនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរឡើងៗ ឱ្យពិចារណាបន្ធូរបន្ថយវិធានការបិទទីក្រុង ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែរោគរាតត្បាតដ៏ធំមួយនេះ។

    រុស្ស៊ី ប្រទេសដែលមានអាណាខេត្តធំទូលាយបំផុតក្នុងពិភពលោក កំពុងស្ថិតក្នុងវិធានការបិទទីក្រុង តាំងតែពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថ្លែងដាក់បញ្ជាបិទទីកន្លែងសាធារណៈភាគច្រើនកាលពីថ្ងៃទី25 ខែមីនា ដោយវិធានការទាំងអស់នេះ មានកំណត់ផុតសុពលភាពនៅថ្ងៃទី30 ខែមេសា ហើយលោកពូទីន នៅមិនទាន់បាននិយាយយ៉ាងច្បាស់លាស់ថា តើលោកមានផែនការពន្យារបញ្ជាបិទទីក្រុងជាបន្តទៀត ឬយ៉ាងណានៅឡើយ។

    យ៉ាងណាក៏ដោយ លោកស្រី អ៊ែនណា ប៉ូប៉ូវ៉ា អគ្គនាយិកាស្ថាប័ន Rospotrebnadzor ដែលជាអង្គភាពតាមដានផ្នែកសុខភាព និងអនាម័យរបស់ប្រទេសរុស្ស៊ី បានប្រាប់តាមរយៈស្ថានីយទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃចន្ទ(ទី27មេសា)ថា ក្នុងការយល់ឃើញរបស់លោកស្រី រុស្ស៊ី គួរតែតម្កល់វិធានការនេះរហូតទៅដល់ថ្ងៃទី12 ឧសភា។

    កាលពីពេលមុនហ្នឹង លោក មីខាអ៊ីល មីជូស្ទីន ជានាយករដ្ឋមន្ត្រីរុស្ស៊ី បានសំណូមពរឱ្យរដ្ឋបាលរបស់លោក លើកសំណើផ្សេងៗនៅក្នុងថ្ងៃព្រហស្បតិ៍(ទី30មេសា) ដើម្បីពិចារណាបន្ធូរបន្ថយការកំណត់មួយចំនួនដល់ផ្នែកឯកជន បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានព្រមានថា ពួកគេកំពុងប្រថុយប្រថានក្នុងការដួលរលំ បើសិនជាវិធានការបិទទីក្រុងនៅតែបន្ត ខណៈដែលបុគ្គលិកជាច្រើនម៉ឺននាក់ត្រូវបញ្ឈប់ពីការងារហើយ។

    លោក មីជូស្ទីន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញថា៖ “នៅពេលដែលស្ថានការណ៍ មានសញ្ញាថា មានការប្រែប្រួលទៅក្នុងផ្លូវល្អភ្លាម យើងចាំបាច់ត្រូវតែពិចារណាបញ្ឈប់ការកំណត់មួយចំនួនដែលបានកម្រិតទៅលើក្រុមហ៊ុនខ្លះ និងប្រតិបត្តិករខ្លះ ជាដំណាក់ៗ”

    ការទាមទារឱ្យបន្ធូរបន្ថយវិធានការបិទទីក្រុងបានកើតមានឡើង បើទោះជាស្ថានការណ៍ការឆ្លងរាលដាលរបស់កូវីដ-19 នៅក្នុងប្រទេសរុស្ស៊ីចាបផ្ដើមរាលដាលរីកធំឡើងជារឿយៗក្ដី ដោយថ្មីៗបំផុតនេះ កាលពីថ្ងៃចន្ទ(ទី27មេសា) ប្រទេសរុស្ស៊ីបានរកឃើញអ្នកឆ្លងមេរោគថ្មីច្រើនដល់ទៅ 6,198នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុបកើនឡើង 87,147នាក់ ក្លាយជាប្រទេសក្រោយគេបង្អស់បន្តពីប្រទេសទួរគី ដែលមានចំនួនអ្នកឆ្លងមេរោគ វ៉ាដាច់ប្រទេសចិន ដែលជាប្រភពដែលមេរោគកូរ៉ូណាប្រភេទថ្មីបង្ហាញខ្លួនឡើងមុនគេ។

    ទាំងអស់នេះ ប្រទេសចិនមានចំនួនអ្នកឆ្លងមេរោគសរុប 82,830នាក់ ហើយពេលនេះពួកគេកំពុងបង្វែរមុខសញ្ញាទៅប្រយុទ្ធជាមួយអ្នកឆ្លងមេរោគនាំចូលដែលកំពុងកើនឡើងជារឿយៗ ជាពិសេសជាមួយបុគ្គលដែលធ្វើដំណើរមកពីប្រទេសរុស្ស៊ី៕

    ប្រភព ៖ សារព័ត៌មានបរទេស