Tag: Romelu Lukaku

  • Lukaku បំពេញចិត្ត​លោក Mourinho នៅ​ថ្ងៃ​បង្ហាញខ្លួន​ជា​លើកដំបូង​ឲ្យ Man Utd

    Lukaku បំពេញចិត្ត​លោក Mourinho នៅ​ថ្ងៃ​បង្ហាញខ្លួន​ជា​លើកដំបូង​ឲ្យ Man Utd

    ខ្សែប្រយុទ្ធ Romelu Lukaku បាន​ឆ្លើយតប​ចំពោះ​ការទាមទារ​របស់លោក Jose Mourinho ដែលថា រូបគេ​គួរតែ​ក្លាយជា​អ្នកដឹកនាំ​របស់​ក្រុម Manchester United នោះ​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​នៅ​ថ្ងៃ​នៃ​ការបង្ហាញ​ខ្លួន​ក្នុង​ក្របខ័ណ្ឌ Premier League ជា​លើកដំបូង​របស់គេ​ក្នុងនាម​ជា​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម West Ham United យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-០ នៅ​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃអាទិត្យ។

    Lukaku បា​នរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី33 មុនពេល​បន្ថែម​ការនាំ​មុខ​ឱ្យ​ក្រុម Man Unitedមួយ​គ្រាប់​ទៀត​នៅ​នាទី​ទី8នៃ​តង់​ទី2។ ការរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បន្ថែមទៀត​ពី​សំណាក់​ខ្សែប្រយុទ្ធ Anthony Martial និង​ខ្សែបម្រើ Paul Pogba នៅ​នាទី​ទី87 និង9០ បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Mourinho ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង ដោយសារ​តែមាន​គ្រាប់​បាល់​ច្រើនជាងគេ។ បន្ទាប់មក Lukaku ដែល​បាន​ផ្ទេរ​មកពី​ក្លិប Everton ក្នុងតម្លៃ​ខ្លួន75លាន​ផោន (ស្មើនឹង96លាន​ដុល្លារ​អាមេរិក) នោះបាន​ប្រកាសថា រូបគេ​កំពុងតែ​ឆ្លើយតប​ទៅនឹង​ការទទួលខុសត្រូវ និង​បន្ទុកផ្សេងៗដែល​លោក Mourinho បានដាក់​លើ​ស្មា​របស់គេ។ ខ្សែប្រយុទ្ធ​វ័យ24ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «អ្នកចាត់ការ​ទូទៅ​ចង់​ឲ្យ​ខ្ញុំ​ក្លាយជា​អ្នកដឹកនាំ​ម្នាក់​សម្រាប់​ក្រុម​នេះ និង​បង្កើត​ភាព​អស្ចារ្យ​ឲ្យ​បាន​ច្រើន​តាម​ដែល​ខ្ញុំ​អាច»។ Lukaku បាន​ប្រាប់​បន្តថា៖ «យើង​បានធ្វើ​ការងារ​ដ៏​លំបាក​ក្នុងពេល​ហ្វឹកហាត់ ហើយ​វាទ​ទួលបាន​ផល​តបស្នង​មកវិញ។ នៅពេលដែល​អ្នកលេង​ឲ្យ​ក្រុម Manchester United អ្នកមាន​ការងារ​មួយ​ក្នុង​ការធ្វើ ហើយ​ការងារ​របស់ខ្ញុំ​គឺ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បាន​ច្រើន​បំផុត»។

    Lukaku បាន​បន្ថែមទៀតថា៖ «វា​គឺជា​ពាក្យសន្យា  អ្នកគាំទ្រ​ចង់ឃើញ​ការប្រកួត​បាល់ទាត់​ដ៏​គួរ​ឲ្យ​ទាក់ទាញ ហើយ​យើង​ត្រូវតែ​រក្សា និង​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​បែប​នោះ។ ពួកគេ​នឹង​រីករាយ​នៅថ្ងៃនេះ។ នេះ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ។ យើង​ត្រូវតែ​រក្សា​ការធ្វើការ​តាម​គម្រោង​របស់​អ្នកចាត់ការ​ទូទៅ»៕

    ប្រភពពី៖ The Guardian

  • ទីបំផុត! សុបិនរបស់ Lukaku បានក្លាយជាការពិត ក្រោយពីបានបំពេញការផ្ទេរទៅ Man United

    ទីបំផុត! សុបិនរបស់ Lukaku បានក្លាយជាការពិត ក្រោយពីបានបំពេញការផ្ទេរទៅ Man United

    ខ្សែប្រយុទ្ធ Romelu Lukaku បានទទួលស្គាល់ថា រូបគេមិនអាចច្រានចោលឱកាសក្នុងការចូលរួមជាមួយនឹងក្លិបបិសាចក្រហម Manchester United បានឡើយ។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ បានបំពេញការត្រួតពិនិត្យសុខភាពរបស់គេកាលពីព្រឹកថ្ងៃសៅរ៍រួចហើយ មុននឹងបំពេញការផ្ទេររបស់គេកាលពីថ្ងៃអាទិត្យនេះក្នុងតម្លៃខ្លួន 75លានផោន (ស្មើនឹង 97លានដុល្លារអាមេរិក) ខណៈដែលតម្លៃខ្លួននេះអាចនឹងកើនដល់ 90លានផោន បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះ។

    Lukaku បានច្រានចោលឱកាសក្នុងការវិលទៅកាន់ក្លិប Chelsea ដើម្បីបានទៅចូលរួមលេងក្រោមការដឹកនាំរបស់លោក Jose Mourinho ម្តងទៀតនៅឯកីឡដ្ឋាន Old Trafford ក្រោយពីរូបគេបានផ្ទេរទៅកាន់ក្លិប Everton ក្នុងតម្លៃខ្លួន 28លានផោន។ Lukaku បានប្រាប់ទូរទស្សន៍ ESPN ថា៖ «នេះគឺជាឱកាសមួយដែលខ្ញុំតែងតែចង់បានតាំងពីខ្ញុំនៅវ័យក្មេងម្ល៉េះ»។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «នៅពេលដែល Manchester United បានចូលមកដាក់សំណើ ខ្ញុំមិនចាំបាច់គិតពីរដងឡើយ។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ពួកគេ។ តើនរណាអាចនិយាយថា ទេ ចំពោះក្លិបដ៏ធំបំផុតក្នុងពិភពលោកមួយនេះ? នេះគឺជាឱកាសយ៉ាងល្អឥតខ្ចោះមួយ។ ពួកគេមានកីឡដ្ឋានដ៏ល្អបំផុតនៅអង់គ្លេស និងអ្នកគាំទ្រដ៏ច្រើនបំផុត។ ខ្ញុំបានកំណត់គោលដៅរួចជាស្រេចហើយ ខ្ញុំមិនមើលថយក្រោយឡើយ»។

    Lukaku បានបន្ថែមទៀតថា៖ «ខ្ញុំតែងតែនិយាយថា ខ្ញុំចង់លេងឲ្យក្រុមមួយដែលប្រជែងដណ្តើមរាល់ពានទាំងអស់ដែលមាន។ ខ្ញុំគិតថា Manchester United ចង់ក្លាយជាក្រុមខ្លាំងដាច់គេ។ នៅពេលនេះ វាដល់ពេលក្នុងការធ្វើការងារយ៉ាងលំបាកហើយ ពោលគឺធ្វើការងារលំបាកជាងកាលពីមុន ហើយខ្ញុំពិតជាចង់ធ្វើបែបនេះខ្លាំងណាស់»៕
    ប្រភពពី៖ The Mirror

  • Man Utd យល់ព្រមលើតម្លៃខ្លួនរបស់ Lukaku ដែលមកពី Everton

    Man Utd យល់ព្រមលើតម្លៃខ្លួនរបស់ Lukaku ដែលមកពី Everton

    ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃខ្លួន 75លានផោន (ស្មើនឹង 97លានដុល្លារអាមេរិក) ជាមួយនឹងក្លិបទូកក្តោង Everton ដើម្បីទិញយកខ្សែប្រយុទ្ធ Romelu Lukaku។ Man United ជឿជាក់ថា នឹងបំពេញការផ្ទេរនេះឲ្យបានរួចរាល់នៅមុនចុងសប្តាហ៍នេះ ដើម្បីអាចឲ្យ Lukaku ធ្វើដំណើរជាមួយពួកគេទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ។

    បើទោះបីប្រភពពីក្លិប Everton បានបញ្ជាក់ថា វានៅសល់ចំណុចជាច្រើនទៀតដើម្បីធ្វើឲ្យការផ្ទេរនេះបំពេញរួចជាផ្លូវការក៏ដោយ ប៉ុន្តែ Man United ជឿជាក់ថា ពួកគេនឹងបំពេញរួចរាល់នូវការទិញចូលកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ទី2ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេបន្ទាប់ពីខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Lukaku នឹងក្លាយជាកីឡាករចំណូលថ្មីទី2នៅរដូវក្តៅនេះ ក្រោយពីការចូលរួមរបស់ខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ពីក្លិប Benfica ក្នុងតម្លៃខ្លួន31លានផោន។

    លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ Man United បានសម្តែងនូវការខកចិត្តចំពោះការខ្វះនូវដំណើរការនៃការទិញចូលកីឡាករថ្មីៗ ខណៈដែលគ្រូបង្វឹករូបនេះ បានបញ្ជាក់កាលពីដើមរដូវក្តៅនេះថា លោកចង់បានកីឡាករថ្មីៗឲ្យបានច្រើននាក់ នៅមុនពេលពួកគេធ្វើដំណើរទៅប្រកួតមិត្តភាពមុនបើករដូវកាល។ ប្រសិនបើបំពេញជាផ្លូវការរួចរាល់ ការផ្ទេរនេះនឹងផ្តល់ការខកចិត្តដ៏ធំមួយដល់ក្លិបតោខៀវ Chelsea ក្រោយពីអ្នកចាត់ការទូទៅរបស់ពួកគេគឺលោក Antonio Conte បានចាត់ទុក Lukaku ជាគោលដៅដ៏ចម្បងរបស់លោកក្នុងការពង្រឹងតំបន់ប្រយុទ្ធ៕
    ប្រភពព័ត៌មាន៖ The Guardian

  • Lukaku យល់ព្រមលើលក្ខខណ្ឌផ្សេងៗរួចស្រេចហើយដើម្បីចូលរួមជាមួយក្លិបថ្មី

    Lukaku យល់ព្រមលើលក្ខខណ្ឌផ្សេងៗរួចស្រេចហើយដើម្បីចូលរួមជាមួយក្លិបថ្មី

    ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុមទូកក្តោង Everton បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ ដើម្បីចូលរួមជាមួយនឹងក្លិបថ្មីមួយរួចជាស្រេចហើយ ដែលត្រូវបានគេជឿជាក់ថា ជាក្លិបតោខៀវ Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។

    ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកវ័យ២៤ឆ្នាំរូបនេះ បានចាកចេញពីក្លិបតោខៀវ កាលពីឆ្នាំ២០១៤ ក្រោយពីបានចំណាយពេលអស់៣រដូវកាលនៅឯកីឡដ្ឋាន Stamford Bridge។ កាលព្រឹកថ្ងៃអង្គារ Lukaku បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ភ្នាក់ងារតំណាងរបស់ខ្ញុំដឹងពីអ្វីដែលនឹងកើតឡើង ហើយខ្ញុំក៏ដឹងយ៉ាងច្បាស់ផងដែរ។ ខ្ញុំកំពុងតែស្ថិតក្នុងអារម្មណ៍ស្ងប់ចំពោះរាល់អ្វីៗទាំងអស់ ហើយយើងបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិបថ្មីមួយរួចជាស្រេច។ យើងបានរក្សានូវអារម្មណ៍ស្ងប់ ហើយយ៉ាងហោចណាស់ យើងមានគោលដៅមួយដែលយើងចង់ទៅ»។

    ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនឹងសម្រាករយៈពេលប៉ុន្មានថ្ងៃ ហើយបន្ទាប់មក ត្រៀមសម្រាប់ការប្រកួតនៅរដូវកាលក្រោយ។ ខ្ញុំចង់ចំណាយពេលវេលាក្នុងថ្ងៃវិស្សមកាលរបស់ខ្ញុំដើម្បីធ្វើឲ្យអ្វីៗឈានទៅកាន់កម្រិតមួយផ្សេងទៀត និងធ្វើឲ្យបានល្អប្រសើរជាងអ្វីដែលខ្ញុំបានធ្វើកាលពីឆ្នាំមុន»។ Lukaku ត្រូវបានខ្ចីជើងទៅកាន់ក្លិប West Brom បន្ទាប់មកត្រូវខ្ចីជើងទៅកាន់ក្លិប Everton ទៀត មុនពេលត្រឡប់មកចូលរួមជាមួយនឹងក្រុមទូកក្តោងមួយនេះវិញ ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ក្នុងតម្លៃខ្លួន២៨លានផោន កាលពីឆ្នាំ២០១៤។

    Everton ត្រូវបានរំពឹងទុកថា នឹងទាមទារតម្លៃខ្លួនដល់ទៅ១០០លានផោន (ស្មើនឹង១២៩លានដុល្លារអាមេរិក) សម្រាប់ Lukaku ដែលបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៩លើកក្នុងរដូវកាលឆ្នាំ២០១៦-២០១៧៕
    ប្រភពពី៖ The Sun

  • លោក Conte ត្រៀមរារាំងអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Lukaku ពេលប៉ះ Everton ថ្ងៃអាទិត្យនេះ

    លោក Conte ត្រៀមរារាំងអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Lukaku ពេលប៉ះ Everton ថ្ងៃអាទិត្យនេះ

    លោក Antonio Conte អ្នក​ចាត់​ការ​ទូ​ទៅ​​របស់​ក្រុម​ Chelsea បាន​អះ​អាង​ថា លោកកំពុង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅលើ​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្រុម Everton នៅ​សប្តាហ៍នេះ ប៉ុន្តែ ក្នុង​ទស្ស​នៈ​ក្នុងការ​បញ្ឈប់​រូបគេ​មិន​ឲ្យ​រកគ្រាប់​បាល់​បញ្ចូល​ទី​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម​​តោ​ខៀវ​របស់​លោក​ ជា​ជាង​ការ​ទិញរូប​គេ​នៅ​រដូវក្តៅ​ខាង​មុខនេះ​។

    ក្រុម Chelsea ដែល​កំពុងនាំមុខលើ​តារាង​ក្រប​ខ័ណ្ឌ Premier League បាន​ទាក់​ទង​ចង់​ចុះហត្ថលេខា​​ខ្សែ​ប្រយុទ្ធ អន្តរ​ជាតិ​បែល​ហ្ស៊ិក​រូប​នេះ ដែ​ល​ពួក​គេ​បានលក់​ទៅ​ឲ្យ​ក្លិប Everton ក្នុង​តម្លៃ​ខ្លួន​២៨​លានផោន ដើម្បី​ជំនួស​កន្លែង​​របស់ខ្សែ​ប្រយុទ្ធ Diego Costa ដែល​ចង់​ផ្ទេរ​ទៅកាន់​ក្រប​ខ័ណ្ឌ​​របស់​ចិន​។ Lukaku គឺ​ជា​អ្នក​គ្រាប់ បាល់​រក​គ្រាប់​បាល់​​ច្រើន​ជាង​គេក្នុង​ការ​ប្រកួត​លីក តាមរយៈ​ការ​រក​បាន​២៤​គ្រាប់ ខណៈ​ដែល Costa រក​បាន​១៩​គ្រាប់ និង​ក្លាយ​ជា​អាវុធ​ដ៏​មុ​តស្រួច​របស់​ក្រុម Everton ខណៈ​ដែលក្រុម Chelsea សម្លឹង​រក​ការ​បន្ថែម​​ពិន្ទុនាំមុខ​របស់​​ពួកគេ​លើក្រុម​​ឈរ​លេខ​២ Tottenham Hotspur នា​កីឡដ្ឋាន Goodison Park​។

    លោក Conte បាន​ប្រាប់​អ្នក​យក​ព័ត៌​​មាន​កាល​ពីថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​គិត​ថា រូប​គេ​ជាកីឡាករ​ដ៏ឆ្នើមម្នាក់ និង​​កំពុង​តែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជាច្រើន​នៅ​ដូវ​កាលនេះ​ ដោយ​មិន​ត្រឹម​តែ​ក្នុង​រដូវកាល​នេះ​ឡើយ ហេតុនេះ យើង​ត្រូវ​តែ​​យក​ចិត្ត​ទុក​ដាក់​​​លើ​រូបគេយ៉ាង​ខ្លាំង​»​។ គ្រូ​បង្វឹក​សញ្ជាតិ​​អ៊ី​តាលី​រូប​នេះ​បាន​​ប្រាប់​បន្ត​ថា៖ «ប៉ុន្តែ វា​ពិត​ណាស់ យើង​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​ដើម្បី​រា​រាំង​​ពួក​គេ​​។ យើង​ត្រូវ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​ត្រឹមត្រូវ​ដើម្បី​បញ្ចប់ Lukaku និង​រាល់​កីឡាករ​ផ្សេង​ៗ​ទៀត​»​។ នៅ​ពេល​​ត្រូវ​បាន​ចោទ​សួរ​ថា តើ​ខ្សែ​ប្រយុទ្ធ​​រូប​ណា​ដែល​លោក​ចូល​ចិត្ត​ជាង​គេក្នុងក្រុម​របស់​លោក លោក Conte បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ខ្ញុំ កីឡាករ​របស់ខ្ញុំ​គឺ​ជា​កីឡាករ​ឆ្នើម​បំផុតក្នុង​ពិភព​លោក​។ ខ្ញុំ​មិន​​ផ្លាស់ប្តូរ​ពួក​គេ​ជាមួយ​នឹងកីឡាករផ្សេង​​ឡើយ​»​។ ក្រុម Everton នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ ក្រោយ​ពី​បាន​បញ្ចប់ក្នុងលទ្ធផលស្មើ​ ០-០ ជាមួយនឹងក្រុម​ធ្លាក់​ទម្រង់​លេង West Ham ខណៈ​​ដែល​ Chelsea ទើប​តែ​បាន​ផ្តួល​ក្រុម Southampton ក្នុងលទ្ធផល​ ៤-២​​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៨:០៥យប់៕

    ប្រភព​ពី៖ Reuters

  • Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

    Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

    ការ​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​របស់​ខ្សែ​​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល N’Golo Kante សម្រាប់​​ក្រុម​តោ​ខៀវ Chelsea បាន​ទទួល​ផល​តប​ស្នង​វិញ​សម្រាប់​ការ​ខិត​ខំ​​របស់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​ឈ្នះ​ពាន​កីឡាករ​​បាល់​ទាត់​អាជីព​ឆ្នើម​​​ប្រចាំ​ឆ្នាំ​​របស់​អង់​គ្លេស (PFA)​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​យក​​ឈ្នះ​លើ​ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្លិប Tottenham និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លិប Everton ដើម្បី​លើក​ពាន​កិត្តិ​យស​មួយ​នេះ​​​។ វា​អាច​ប្រហែល​ជា​មិន​មែន​ជា​ពាន​តែ​មួយ​ដែល​រូប​គេ​នឹង​​ត្រូ​វលើក​នៅ​​រដូវ​កាល​នេះ​ឡើយ ខណៈ​ដែល​រូប​គេ​ស្ថិត​​យ៉ាង​ប្រៀក​ក្នុង​ការ​​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​ពាន​លីក​ពីរ​ឆ្នាំ​ជាប់​ៗ​​គ្នា​ជាមួយ​​នឹងក្លិប​ផ្សេង​​គ្នា​។

    Kante បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​ការ​​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ​។ វា​មាន​ន័យ​ថា ពិភព​លោក​ត្រូវ​បាន​ជ្រើស​រើស ហើយ​វា​​គឺ​ជា​រយៈ​ពេល​ពីរ​រដូវ​កាល​ដ៏​អស្ចារ្យ ដោយ​រដូវ​កាល​ទី​​​មួយ​​ជា​មួយ​នឹង​ក្លិប Leicester ហើយ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាងល្អ​ជា​មួយ​នឹង​ Chelsea​។ ក្នុង​ការ​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ វា​គឺ​ជា​កិត្តិ​យស​មួយ​»​៕

    ប្រភព​ព័ត៌​មាន៖ The Mirror