Tag: Roma

  • ​បណ្ដា​ក្លឹប​បាល់​ទាត់​នៅ​អ៊ីតាលី​​ ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​​រង្វាន់​​ធំ​ៗ​ទាំង​បី​​នៅ​ទ្វីប​អឺរ៉ុប​

    ​បណ្ដា​ក្លឹប​បាល់​ទាត់​នៅ​អ៊ីតាលី​​ ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​​រង្វាន់​​ធំ​ៗ​ទាំង​បី​​នៅ​ទ្វីប​អឺរ៉ុប​

    ក្លឹប​បាល់​ទាត់​នានា​ដែល​ជា​តំណាង​របស់​ប្រទេស​អ៊ីតាលី បាន​ឡើង​ដល់វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Champions League, Europa League និង Conference League នៅរដូវកាល​នេះ​។

    នៅ​ឯ​ Champions League ក្លឹប​ Inter Milan បាន​ផ្ដួលក្លឹប​រួម​ស្រុក​ A.C. Milan 3-0​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ នៅ​ថ្ងៃទី 10 មិថុនា​ខាងមុខ Inter Milan នឹង​ប៉ះ​ជាមួយ​ Man City ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែល​ធ្វើឡើង​នៅ​​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​។

    នៅ​ឯ​ពាន​រង្វាន់ Europa League ក្លឹប Roma បាន​ឈ្នះ Leverkusen ដោយ​លទ្ធផល 1-0 នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ កូនសិស្ស និង​គ្រូបង្វឹក​ Jose Mourinho នឹង​ប៉ះ​ក្លឹប Sevilla នៅថ្ងៃទី 31 ឧសភា នៅ​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី​។

    តំណាង​ទីបី​របស់​អ៊ីតាលី គឺ Fiorentina នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លឹប West Ham ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​ពាន​រង្វាន់ Conference League នា​ថ្ងៃទី 07 មិថុនា​ នៅ​រដ្ឋធានី​ប្រាក ប្រទេស​ឆែក​។ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Fiorentina បាន​ផ្ដួល​ Basel ដោយ​លទ្ធផល​ 4-3​។

    បើ​សិន​ជា​ Roma, Inter និង Fiorentina សុទ្ធ​តែ​ដណ្ដើម​បាន​ជ័យ​ជម្នះ នោះ​បាល់​ទាត់​អ៊ីតាលី​នឹង​មាន​ hat-trick ទីពីរ​ បន្ទាប់​ពី​ hat-trick ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​ចន្លោះ​ពី​ឆ្នាំ 1989 ដល់ 1990​ ដោយ​ក្លឹប​ AC Milan ដណ្ដើម​បាន​ពាន​ Champions League, Sampdoria ដណ្ដើម​បាន​ពាន​ Europa League និង​ Juventus ដណ្ដើម​បាន​ពាន​ UEFA Cup។ នោះក៏​ជា​រដូវ​កាល​តែ​មួយ​គត់​ដែល​បណ្ដា​ក្លឹប​របស់ប្រទេស​មួយ​ដណ្ដើម​​បាន​ពាន​រង្វាន់​ទាំង​បី​នៅ​ទ្វីប​អឺរ៉ុប​៕

  • ទឹកជំនន់​ធំ 100 ឆ្នាំមាន​ម្ដង កំពុង​វាយប្រហារ​លើ​ប្រទេស​អ៊ីតាលី

    ទឹកជំនន់​ធំ 100 ឆ្នាំមាន​ម្ដង កំពុង​វាយប្រហារ​លើ​ប្រទេស​អ៊ីតាលី

    ទឹកជំនន់​កំពុងតែ​បំផ្លាញ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ីតាលី បណ្ដាលឱ្យ​មនុស្ស 13 នាក់​បាត់​បង់ជីវិត និង​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ខ្លួន ក្រោយពី​ភ្លៀង​ធំ​​ធ្វើ​ឱ្យ​បាក់​ដី នាំឱ្យ​ទឹកទន្លេ​ហូរ​ចូល​ទី​ប្រជុំ​ជន​។

    តំបន់ Emilia Romagna នៃ​ប្រទេស​អ៊ីតាលី នៅ​សប្ដាហ៍​នេះ​ត្រូវ​​រងគ្រោះ​ដោយសារ​ជំនន់​ដែល​បានធ្វើឱ្យ​ទឹកទន្លេ​ចំនួន 23 ឡើង​លិច​ច្រាំង បង្កឱ្យមាន​ហេតុការណ៍​បាក់​ដី​ចំនួន 300 ករណី ប៉ះ​ពាក់​ដល់ទី​ក្រុង និង​ទីប្រជុំជន 42 តំបន់ ខណៈ​​ផ្លូវ​ជាង 400 កំណាត់​ក៏​​ត្រូវ​ខូចខាត។

    ទឹក​ជំនន់​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រហែល 20,000 នាក់​ត្រូវ​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព គ្រា​ដែល​​មនុស្ស​យ៉ាង​តិច​ 13 នាក់​បាន​បាត់​បង់ជីវិត។

    ជន​ចាស់ជរា និង​ជនពិការ​ជាច្រើននាក់​​ត្រូវ​ជាប់​ក្នុងផ្ទះ នៅពេល​កងកម្លាំង​ជួយសង្គ្រោះ​ធ្វើការ​ក្រោម​ទឹកភ្លៀង​ទាំងយប់​ទាំង​ថ្ងៃ ដោយសារតែ​ទឹកជំនន់​ធំ​បំផុត​មិន​ធ្លាប់​នៅ​ប្រទេស​អ៊ីតាលី ក្នុង​រង្វង់ 100 ឆ្នាំ​មកនេះ៕

  • U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    ខ្សែបម្រើ Damoth Thongkhamsavath របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ឡាវ ប្រកាស​យ៉ាង​ជឿជាក់ថា នឹង​យក​ស្មើ​ជាមួយនឹង​ក្រុម U-22 វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ល្ងាច​ថ្ងៃទី 28 មេសា U-22 ឡាវ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម​គ្រូបង្វឹក Michael Weiss បាន​ហ្វឹកហាត់​ក្នុង​ថ្ងៃ​សំខាន់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ​វៀតណាម​នៅ​ស៊ី​ហ្គេម។ នៅក្នុងពេល​ហ្វឹកហាត់​នោះ ខ្សែបម្រើ​ដើមកំណើត​វៀតណាម​រប​ស់ U-22 ឡាវ Damoth Thongkhamsavath បានលើកឡើង​អំពី​ការ​ប៉ះគ្នា​រវាង ឡាវ និង​វៀតណាម​នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។

    Damoth Thongkhamsavath បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ភាព​ជឿជាក់ថា «វៀតណាម​ឆ្នាំ​នៅតែ​ខ្លាំង​នៅ​ស៊ី​ហ្គេម ពួកគេ​ជា​បេក្ខភាព​ទីមួយ។ ក៏ប៉ុន្តែ ខ្ញុំ​គិតថា U-22 ឡាវ នៅតែ​អាច​យក​ស្មើ​នៅក្នុង​ការប្រកួត​ដំបូង។ លទ្ធផល​នៃ​ការប្រកួត​នឹង​ជា 0-0»។

    Damoth Thongkhamsavath មាន​ជី​ដូ ជីតា​កើត​នៅ​ប្រទេស​វៀតណាម និង​ចេះ​ភាសា​នេះ​យ៉ាង​ស្ទាត់ ដោយសារ​ឪពុកម្ដាយ​តែង​និយាយ​ភាសា​វៀតណាម​ជាមួយគ្នា។ កីឡាករ​រូបនេះ​ក៏​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ផងដែរ។

    Damoth Thongkhamsavath

    ទ​ន្ទឺ​ម​នឹង Damoth Thongkhamsavath នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ ក៏មាន​តារាបាល់ទាត់​បី​រូប​ទៀត​ដែល​កំពុង​ទាត់​ឱ្យ​បរទេស រួមមាន Theo Klein (Omaha Mavericks នៅ​សហរដ្ឋ​អាម៉េរិក), Roman Angot (Bahlinger អាល្លឺម៉ង់) និង Victor Yovinasak (Montceau បារាំង)។

    ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ជនជាតិ​បារាំង​របស់​វៀតណាម លោក Troussier បាន​សង្កត់ធ្ងន់ថា «ក្រុម​កីឡាករ​វៀតណាម​ក្មេង​បំផុត​ដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម..។ ខ្ញុំ​ពេញចិត្ត។ ក្រុម​មានសង្ឃឹម ហើយ​យើង​នឹង​ប្រឹងប្រែង​ដើម្បី​បាន​លទ្ធផល​ល្អ​បំផុត»។

    Nalongsit Chanthalangsy ក៏ជា​កីឡាករ​របស់​ក្រុម​ U-22 ឡាវ ដែល​មាន​ដើម​កំណើត​វៀតណាម

    នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ​ស្ថិតក្នុង​ពូ​ល B ជាមួយ​ម្ចាស់​មេដាយមាស​ពីរលើក​ចុងក្រោយ​គឺ វៀតណាម រួម​នឹង ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី។ U-22 ឡាវ​នឹងត្រូវ​ប៉ះ​វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ថ្ងៃទី 30 មេសា 2023 នៅឯ​កីឡដ្ឋាន​ព្រី​នស៍៕

  • Chelsea យល់​ព្រម​លើ​តម្លៃ​ខ្លួន​38​​លាន​អឺ​រ៉ូ​​​ដើម្បី​ទិញ​ Rudiger ពី​ក្លិប Roma

    Chelsea យល់​ព្រម​លើ​តម្លៃ​ខ្លួន​38​​លាន​អឺ​រ៉ូ​​​ដើម្បី​ទិញ​ Rudiger ពី​ក្លិប Roma

    ក្លិប​តោ​ខៀវ Chelsea បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ជា​មួយ​នឹង​ក្លិប Roma ក្នុង​ទឹក​​ប្រាក់​38​លាន​​អឺ​រ៉ូ (ស្មើ​នឹង​43.4​លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ទិញ​យក Antonio Rudiger ខណៈ​ដែល​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ ត្រូវ​បាន​គេរំពឹង​ទុក​ថា នឹង​ធ្វើ​ដំណើរ​​ទៅកាន់​ទីក្រុង​ឡុងដ៍​នៅ​សប្តាហ៍​ក្រោយ ដើម្បី​បំពេញ​ការ​​ពិនិត្យ​សុខ​ភាព​។

    Roma បាន​​រក្សា​ជំហរ​ដោយ​ចង់​បា​ន​តម្លៃ​ខ្លួន​​45​លានអឺ​រ៉ូសម្រាប់​កីឡាករ​ Rudiger ដែល​ពួក​គេ​បាន​ទិញ​ពីក្លិប Stuttgart កាល​ពី​រដូវ​ក្តៅ​មុនក្រោយ​ពី​កីឡាកររូបនេះ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​​ក្នុង​ពេល​​ស្ថិត​ជា​កីឡាករ​កម្ចី​ពេញមួយ​រដូវ​កាលរួចមក​​។

    ក្រោយ​ពី​​បាន​ច្រាន​ចោល​សំណើ​ជា​បឋម​​របស់ Chelsea ក្នុង​ទឹកប្រាក់​​35​លាន​​អឺ​រ៉ូម្តងរួចមក ក្លិប Roma បាន​យល់ព្រមទទួល​​យក​កញ្ចប់​​តម្លៃ​ខ្លួន​មួយ​ដែល​មាន​​​ន័យ​ថា Chelsea នឹង​​ត្រូវ​ចំណាយ​​ប្រាក់​33​លាន​អឺ​រ៉ូ និង​ប្រាក់​ឧប​ត្ថម្ភ​​បន្ថែម​5​លាន​អឺ​រ៉ូ​ផ្សេង​ទៀត​។ Rudiger ដែល​ជា​ខ្សែ​ការ​ពារ​កណ្តាលប៉ុន្តែអាច​លេង​នៅ​តំបន់​ការ​ពារ​ស្លាប​ស្តាំបានដែរ​នោះ ត្រូវ​បាន​រំពឹង​ទុក​ថានឹង​ទទួល​បាន​ចំណូល​ប្រមាណ​ជា​4​លាន​អឺរ៉ូ ក្នុង​​មួយ​​រដូវ​កាល​។ រូប​គេ​​កំពុង​តែ​លេង​ក្នុង​ព្រឹត្តិការណ៍Confederations Cup ដោយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ត្រូវ​ប៉ះ​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ីលីក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ថ្ងៃ​អាទិត្យ​នេះ​។ លោក Antonio Conte បាន​ព្យា​យាម​ធ្វើ​ការ​ពង្រឹង​តំបន់​ការ​ពារបើ​ទោះ​បី​បាន​ឈ្នះ​ពាន Premier League កាល​ពី​រដូវ​កាល​​មុន​ក៏​ដោយ និង​បាន​ចាត់​ទុកកីឡាករ​វ័យ​24​ឆ្នាំ​រូប​នេះ ជា​គោល​ដៅ​ដ៏​ចម្បង​របស់​លោកក្រោយ​ពី​ការ​ពិភាក្សា​រឿងផ្សេង​ៗ​ជា​មួយ​នឹង​បុគ្គ​លិក​បច្ចេក​ទេស​របស់ Chelsea រួចមក​៕

    ប្រភពពី៖ The Guardian

  • Liverpool បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Salah ក្នុងតម្លៃខ្លួន 35លានផោន

    Liverpool បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Salah ក្នុងតម្លៃខ្លួន 35លានផោន

    ក្លិបហង្សក្រហម Liverpool កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah ក្រោយពីពួកគេបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ ខណៈដែលពួកគេបានយល់ព្រមលើតម្លៃខ្លួន 35លានផោន (ស្មើនឹង 45លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Roma ហើយ។

    វាត្រូវបានគេមើលឃើញថា Salah បានជួបជាមួយនឹងលោក Jurgen Klopp ក្នុងទីក្រុង Liverpool ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយការព្រមព្រៀងគ្នាមួយត្រូវបានឈានដល់ជាមួយនឹងកីឡាកររូបនេះ និងភ្នាក់ងារតំណាងរបស់គេ។ ទោះបីជាយ៉ាងណា ការពិភាក្សាផ្សេងៗកំពុងតែបន្តធ្វើឡើងជាមួយនឹងក្លិប Roma ក្រោយពីការដេញថ្លៃជាបឋមក្នុងទឹកប្រាក់ 28លានផោនរបស់ក្លិប Liverpool ត្រូវបានច្រានចោល កាលពីប៉ុន្មានថ្ងៃមុន។ ប៉ុន្តែ លោក Klopp ដែលជាគ្រូបង្វឹករបស់ Liverpool បានប្តេជ្ញាថា នឹងទិញយក Salah ឲ្យបាន ហើយស្របពេលដែលកីឡាកររូបនេះត្រូវបានគេជឿជាក់ថា ចង់ចាកចេញពី Roma ដែរនោះ វាបង្ហាញថា ការព្រមព្រៀងគ្នាមួយកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ការសម្រេច ក្រោយពីការបង្កើនសំណើដេញថ្លៃពីសំណាក់ក្លិប Liverpool ។

    ប្រសិនបើការផ្ទេរនេះត្រូវបានបំពេញជាផ្លូវការ វានឹងក្លាយជារឿងដ៏មានសំណាងមួយសម្រាប់ក្លិប Liverpool ដែលចង់បាន Salah កាលពីឆ្នាំ2014 នៅមុនពេលរូបគេបានសម្រេចចិត្តចូលរួមជាមួយនឹងក្លិប Chelsea ជំនួសវិញ ក្រោយពីផ្ទេរពីក្លិបរបស់ស្វ៊ីស Basel។  Salah ដែលជាអតីតខ្សែបម្រើស្លាបរបស់ Chelsea បានចូលរួមជាមួយនឹងក្លិប Roma ក្នុងតម្លៃខ្លួន 13លានផោន កាលពីរដូវក្តៅមុន ក្រោយពីបានចំណាយពេលខ្ចីជើងពេញមួយរដូវកាលរួចមក៕
    ប្រភពពី៖ Sky Sports

  • Roma ប្រាប់ Liverpool ថា ២៨លានផោនមិនគ្រប់គ្រាន់សម្រាប់ការទិញយក Salah ទេ

    Roma ប្រាប់ Liverpool ថា ២៨លានផោនមិនគ្រប់គ្រាន់សម្រាប់ការទិញយក Salah ទេ

    ក្លិប Roma បានប្រាប់ក្លិបហង្សក្រហម Liverpool ថា ២៨លានផោន (ស្មើនឹង៣៦លានដុល្លារអាមេរិក) នឹងមិនគ្រប់គ្រាន់ក្នុងការទិញយកខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah ទេ។

    ក្លិបទាំងពីរបានរៀបចំកិច្ចពិភាក្សាជាច្រើនលើកជុំវិញកិច្ចព្រមព្រៀងដែលអាចទៅរួចមួយ ខណៈដែល Liverpool បានបញ្ជាក់ប្រាប់ថា ពួកគេត្រៀមលក្ខណៈរួចរាល់ក្នុងការដាក់សំណើជាទឹកប្រាក់២៨លានផោន ដើម្បីទិញយកកីឡាកររូបនេះ ប៉ុន្តែទោះបីជាយ៉ាងណា ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ នឹងមិនលក់កីឡាករ Salah វ័យ២៤ឆ្នាំម្នាក់នេះក្នុងតម្លៃខ្លួនប៉ុននោះឡើយ ហើយបច្ចុប្បន្ន វាអាស្រ័យទៅលើ Liverpool ក្នុងការសម្រេចថា តើពួកគេចង់បង្កើនសំណើនៃការដេញថ្លៃរបស់ខ្លួន ឬយ៉ាងណា?។

    លោក Jurgen Klopp នៃក្លិប Liverpool បានចាត់ទុកខ្សែបម្រើស្លាបរូបនេះ គឺជាកីឡាករអាទិភាពរបស់លោកក្នុងការទិញចូល ខណៈដែលក្លិបនេះត្រៀមសម្រាប់រដូវកាលថ្មីក្នុងក្របខ័ណ្ឌ Premier League និងការប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ Playoff។ Liverpool បានជួបនឹងភាពត្រដាបត្រដួសខ្លាំងកាលពីរដូវកាលមុន នៅពេលដែលពួកគេលេងដោយគ្មានខ្សែបម្រើដ៏ឆ្នើម Sadio Mane ជាពិសេសនៅកីឡដ្ឋាន Anfield ជាកន្លែងដែលពួកគេបានជួបការលំបាកក្នុងការផ្តួលក្រុមជាច្រើន ហើយលោក Klopp ជឿជាក់ថា Salah នឹងជួយបន្ថែមល្បឿនក្នុងក្រុមរបស់លោក។ Salah ទើបតែបានបំពេញរដូវកាលទី២របស់គេនៅឯក្លិប Roma ក្រោយពីរូបគេបានលេងក្នុងនាមជាកីឡាករកម្ចីពីក្លិប Fiorentina ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ និងបានក្លាយជាកីឡាករដ៏មានគ្រោះថ្នាក់បំផុតរបស់ក្របខ័ណ្ឌ Serie A។

    ក្នុងអំឡុងការចំណាយពេល២រដូវកាលរបស់គេក្នុងក្រុម Roma រូបគេបានស៊ុតបាល់បញ្ចូលទី២៩គ្រាប់ ក្នុងការប្រកួតលីក៦៥លើក៕
    ប្រភពពី៖ The Guardian

  • Perotti សង្គ្រោះ Roma នៅថ្ងៃជប់លៀងលាគ្នារបស់ Totti

    Perotti សង្គ្រោះ Roma នៅថ្ងៃជប់លៀងលាគ្នារបស់ Totti

    ខ្សែបម្រើ Diego Perotti បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម Roma បានផ្តល់ថ្ងៃនៃការលាគ្នារបស់ខ្សែប្រយុទ្ធជើងចាស់ Francesco Totti នូវការចងចាំមួយ ក្រោយពីបានកត់ត្រាជ័យជម្នះដ៏រំភើបក្នុងលទ្ធផល ៣-២ ក្នុងផ្ទះខ្លួនឯងលើក្រុម Genoa នាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃអាទិត្យ។

    Totti ដែលបានលេងការប្រកួតចុងក្រោយរបស់គេជាមួយនឹងក្រុម Roma ក្រោយពីបានចំណាយពេលលេងឲ្យក្លិបនេះអស់រយៈពេល២៥ឆ្នាំ ប៉ុន្តែ ឈ្នះពានលីកតែមួយលើកនោះ ត្រូវបានគេផ្តល់ឲ្យនូវកាដូមួយនៅថ្ងៃចុងក្រោយ នៅពេលដែលរូបគេត្រូវបានដាក់ឲ្យលេងជំនួសខ្សែបម្រើប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah នៅនាទីទី៥៤។ Totti មិនបានរកគ្រាប់បាល់បញ្ចូលទីឡើយក្នុងការបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Serie A ជាលើកទី៦១៩ និងជាលើកទី៧៨៥បើសរុបទាំងអស់។

    ស្របពេលដែលការទទួលជ័យជម្នះនេះ បានធ្វើឲ្យក្រុម Roma ឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ Totti បានជួបថ្ងៃលាគ្នាដ៏រំជួលចិត្ត ខណៈដែលអ្នកគាំទ្រជាច្រើនបានបង្ហូរទឹកភ្នែក ក្រោយពីពួកគេបាននិយាយលាហើយទៅកាន់កីឡាករដ៏អស្ចារ្យបំផុតក្នុងប្រទេសអ៊ីតាលី ក្នុងរយៈពេល២០ឆ្នាំមកនេះ។ Totti បានឲ្យដឹងថា៖ «ពេលវេលានេះបានមកដល់។ ខ្ញុំបានយំពេញមួយយប់ ហើយនេះគឺជាតែអាវមួយរបស់ខ្ញុំ»៕
    ប្រភពពី៖ Channel News Asia