Tag: price

  • អតិផរណា​របស់​ជប៉ុន​ថយ​ចុះ ​ដោយ​សារ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន

    អតិផរណា​របស់​ជប៉ុន​ថយ​ចុះ ​ដោយ​សារ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន

    យោង​តាម​ស្ថិតិថ្មីបំផុត សន្ទស្សន៍​អតិផរណា​របស់​ប្រទេស​ជប៉ុន​ បាន​ថយ​ចុះ​ក្រោម​កម្រិត​ 3% ជា​លើក​ដំបូង រាប់​ចាប់​ពី​ខែ​សីហា​ ឆ្នាំ 2022​។

    វិធានការ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន​ត្រូវ​បាន​គេ​ជឿ​ថា​ជា​មូលហេតុ​ចម្បង​ដែល​ជួយ​ឱ្យ​អតិផរណា​នៅ​ប្រទេស​ជប៉ុន​ថយ​ចុះ​។ ក៏ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​នៅ​តែ​រង​សម្ពាធ​ធ្ងន់​ គ្រា​ដែល​សន្ទស្សន៍​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​ អាច​នឹង​កើន​ឡើង​ជា​ថ្មី​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។

    ​ស្ថិតិ​របស់ក្រសួង​មហាផ្ទៃ​ និង​ទូរគមនាគមន៍​ជប៉ុន ​បាន​បង្ហាញ​ថា ក្នុង​ខែកញ្ញាកន្លង​ទៅ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់ (Customer Price Index – CPI) មិន​រាប់​បញ្ចូល​ទាំង​អាហារ​ស្រស់​របស់​ប្រទេស​នេះ​ បាន​កើន​ 2.8% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​រង្វង់ 13 ខែ ដែល​សន្ទស្សន៍​ CPI បាន​ថយ​ចុះ​មក​ក្រោម​ 3%​។

    សន្ទស្សន៍​សម្រាប់​វាស់​ស្ទង់​អតិផរណា​របស់​ប្រទេស​ជប៉ុន​ដែល​បាន​ថយ​ចុះនេះ​ ភាគ​ច្រើន​គឺ​ដោយ​សារ​ការ​ចំណាយ​សម្រាប់​ថ្លៃ​អគ្គិសនី និង​ឧស្ម័ន​របស់​អ្នក​ប្រើ​ប្រាស់​ថយ​ចុះ​​ នៅ​ពេល​មាន​ជំនួយ​ពី​រដ្ឋាភិបាល​។ បើ​ពុំ​មាន​ជំនួយ​នេះ​ទេ សន្ទស្សន៍​នេះ​នៅក្នុង​ខែ​កញ្ញារបស់​ជប៉ុន​ នឹង​ឡើង​ដល់​​ 3.8%​។

    ថ្វីបើ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​របស់ជប៉ុន​នៅ​ខ្ពស់​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​គោលដៅ​ដែល​បាន​កំណត់​ ប៉ុន្តែ​ យោង​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​ជំនាញ ដោយ​មាន​ការ​ប្រឹង​ប្រែង​ស្ដារ​បរិស្ថាន​ពាណិជ្ជកម្ម និង​ជំរុញ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់​រដ្ឋាភិបាល សេដ្ឋកិច្ច​របស់​ជប៉ុន​នឹង​បន្ត​ងើប​ឡើង​ ទាំង​ក្នុង​វិស័យ​ផលិត និង​វិស័យ​មិន​មែន​ផលិត​៕

  • តម្លៃ​មាស​កើន​ឡើង​បន្តិច​ក្នុង​ថ្ងៃ​ទី 14 កញ្ញា ដោយ​សារ​ទិន្នន័យ​សេដ្ឋកិច្ច​អាម៉េរិក​មិន​ល្អ​

    តម្លៃ​មាស​កើន​ឡើង​បន្តិច​ក្នុង​ថ្ងៃ​ទី 14 កញ្ញា ដោយ​សារ​ទិន្នន័យ​សេដ្ឋកិច្ច​អាម៉េរិក​មិន​ល្អ​

    ទិន្នន័យ​សេដ្ឋកិច្ច​អាម៉េរិក​មាន​ភាព​អវិជ្ជមាន ក្នុង​នោះ នៅ​លើ​ផ្សារ​ COMEX សម្រាប់​ទីផ្សារ​ New York តម្លៃ​មាស​ប្រគល់ក្នុង​ខែ​ធ្នូ 2023 បាន​កើន​ឡើង​ 0.30 ដុល្លារ​ (0.02%) និង​បិទ​ទ្វារ​ក្នុង​តម្លៃ​ 1,932.80 ដុល្លារ​នៅ​ក្នុង​មួយ​អោន។

    តម្លៃមាស​ប្រគល់​មាន​កាល​កំណត់​នៅ​លើ​ផ្សារ COMEX សម្រាប់ទីផ្សារ​ New York (សហរដ្ឋ​អាម៉េរិក) បាន​កើន​ឡើង​បន្តិច​នៅ​​ក្នុង​ការ​ជួញដូរ​នា​ថ្ងៃទី 14 កញ្ញា 2023​ ព្រោះ​តែ​ទិន្នន័យ​ស្ដី​ពី​សេដ្ឋកិច្ច​អាម៉េរិក​មាន​ភាព​អវិជ្ជមាន​ច្រើន​។

    ជាក់​ស្ដែង មាស​ប្រគល់​ក្នុង​ខែ​ធ្នូ 2023 បាន​ឡើង​ថ្លៃ​​ 0.30 ដុល្លារ​ (0.02%) និង​បិទ​ទ្វារ​ក្នុង​តម្លៃ​ 1,932.80 ដុល្លារ​ក្នុង​មួយ​អោន (ounce)។ មួយ​អោន​ = 8.29426 ជី ដូច្នេះ ក្នុង​ករណី​នេះ មួយ​ជី​មាន​តម្លៃ​ប្រហែល ​233.0286​ ដុល្លារ​អាម៉េរិក​។

    ក្រសួង​ការ​ងារ​អាម៉េរិក​ទើប​តែ​បាន​ប្រកាសឱ្យ​ដឹង​ថា ​សន្ទស្សន៍តម្លៃអ្នកផលិត (Producer’s price index – PPI) របស់​សហរដ្ឋ​អាម៉េរិក​ បាន​កើន​ឡើង 0.7%​ ដោយ​​ត្រូវ​បាន​កែសម្រួល​ទៅ​តាម​រដូវ​ក្នុង​ខែ​សីហា 2023​ ខ្ពស់​ជាង​ការ​រំពឹងទុក 0.4% និង​ជា​សន្ទស្សន៍​​ប្រចាំ​ខែ​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ខែ​មិថុនា 2022​។

    ក្រសួង​ខាងលើ​ក៏​បាន​រាយការណ៍​ថា តួលេខ​នៃ​ពាក្យ​ស្នើ​សូមជំនួយ​ពេល​បាត់​បង់​ការ​ងារ​នៅ​​សហរដ្ឋ​អាម៉េរិក​ បាន​កើន​ 3,000 ពាក្យ​ នាំ​ឱ្យ​តួលេខ​សរុប​ឡើង​ដល់​ 220,000 ពាក្យ​ នៅក្នុង​សប្ដាហ៍​ដែល​បញ្ចប់​នៅ​ថ្ងៃទី 09 កញ្ញា​។

    ធនាគារ​កណ្ដាល​អឺរ៉ុប (ECB) បាន​ដំឡើង​ការ​ប្រាក់​ 25 ពិន្ទុ​ ធ្វើ​ឱ្យ​ការ​ប្រាក់​នៃ​ប្រាក់​បញ្ញើ​កើនឡើង​ដល់ 4% កាល​ពី​ថ្ងៃទី 14 កញ្ញា​។ ការ​ដំឡើង​ការ​ប្រាក់​បាន​នាំ​ឱ្យ​ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ និង​ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​អាម៉េរិក​ហក់​ឡើង​ បណ្ដាល​ឱ្យ​មាស​មិន​អាច​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​​។

    សន្ទស្សន៍​នៃ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​កើន 0.6% ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង 6​ ខែ​មក​នេះ ធ្វើ​ឱ្យ​កម្លាំង​ទាក់​ទាញ​របស់​មាស​ចំពោះ​អ្នក​វិនិយោគ​បរទេស​ ហើយ​អត្រា​ការ​ប្រាក់​នៃ​​មូលបត្រ​បំណុលរយៈ​ពេល​ដប់​ឆ្នាំ​នៅ​​​សហរដ្ឋ​អាម៉េរិក​ ក៏​កើន​ឡើង​ផងដែរ​។

    ក៏ប៉ុន្តែ ក្រុម​អ្នក​វិភាគ​យល់​ថា តម្លៃ 1,900 ដុល្លារ​/​អោន​របស់​មាស ត្រូវ​បាន​គាំទ្រពី​កត្តា​នានា​ ហើយថា​ ​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​បានច្រើន​ទៀត​៕

  • វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមាន​តម្លៃ 120,000ដុង​ក្នុង​មួយ​ដូ​ស

    វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមាន​តម្លៃ 120,000ដុង​ក្នុង​មួយ​ដូ​ស

    ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​ឱសថ​របស់​វៀតណាម​ដែលមាន​ឈ្មោះថា Nanogen បានប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​អំពី​គម្រោង​តម្លៃ​របស់​វ៉ាក់សាំង Covid-19 «made in Vietnam» ដែល​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ។

    សារព័ត៌មាន​វៀតណាម បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រុមមន្ត្រី​របស់​ក្រុមហ៊ុន​ផលិត​ឱសថ Nanogen ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​អាច​ផលិត​វ៉ាក់សាំង Covid-19 បាន​ប្រមាណ​ពី 10-20 លាន​ដូ​ស​នៅក្នុង​មួយឆ្នាំ។ ក្នុងដំណាក់កាល​នៃ​ការប្រើប្រាស់​សាកល្បង​នៅលើ​មនុស្ស ក្រុមហ៊ុន​នេះ​នឹង​បង្កើន​បរិមាណ​នៃ​ការផលិត​ឱ្យបាន​ចាប់ពី 50-70 លាន​ដូ​ស​ក្នុង​មួយឆ្នាំ ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស។

    តំណាង​របស់ Nanogen និយាយថា វ៉ាក់សាំង​របស់​វៀតណាម​នេះ នឹងមាន​តម្លៃ​មិន​លើសពី 500,000 ដុង (21.5 ដុល្លារ​អាមេរិក) នៅក្នុង​មួយ​ដូ​ស នៅពេល​ត្រូវបាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ។ ក៏ប៉ុន្តែ ក្រោយមក ស្ថានីយទូរទស្សន៍​ជាតិ​វៀតណាម VTV Go បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Nanogen បានប្រកាស​ជា​ផ្លូវការ​ថា វ៉ាក់សាំង​ប្រឆាំង Covid-19 «made in Vietnam» របស់​ក្រុមហ៊ុន​នេះ នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហែល 120,000 ដុង/ដូ​ស (5.22 ដុល្លារ​អាមេរិក)។

    វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមានតម្លៃ 120,000ដុងក្នុងមួយដូស

    ដូច្នេះ មនុស្ស​ម្នាក់​នឹងត្រូវ​ចំណាយ​ប្រាក់​សរុប 240,000 ដុង (10.44 ដុល្លារ​អាមេរិក/42,070 ​រៀល) សម្រាប់​ការចាក់​វ៉ាក់សាំង​ចំនួន 2ដូ​ស ដើម្បី​មាន​អង្គ​បដិបក្ខ​គ្រប់គ្រាន់​សម្រាប់​ប្រឆាំងនឹង Covid-19៕

    ប្រភព៖ VTV Go

  • តម្លៃ​មាស​ពិភព​លោក​ កើន​ឡើង​ខ្លាំង​នាចុង​សប្ដាហ៍នេះ

    តម្លៃ​មាស​ពិភព​លោក​ កើន​ឡើង​ខ្លាំង​នាចុង​សប្ដាហ៍នេះ

    ក្រោយ​រយៈ​ពេល​1សប្ដាហ៍​ដើរ​ថយ​ក្រោយ តម្លៃ​មាសក៏​បាន​កើន​ឡើង​ជាង​33​ដុល្លារ​នៅ​ក្នុង​ថ្ងៃចុង​សប្ដាហ៍​ ជួយ​ឱ្យ​តម្លៃ​របស់​លោហ​ធាតុ​នេះ​​ឡើង​ដល់​1,703​ដុល្លារ​​ក្នុង​1អោន​ សម្រាប់​សប្ដាហ៍​នេះ​។

    ប្ដូរ​ទៅ​តាម​អត្រា​ប្ដូរ​ប្រាក់​ តម្លៃ​មាស​ពិភពលោក​នាចុង​សប្ដាហ៍​នេះ មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ 2,101​ដុល្លារ​ក្នុង​1​តម្លឹង​​។ ក្រោយ​ការ​ធ្លាក់​ថ្លៃ​រយៈ​ពេល​1សប្ដាហ៍​មក​នេះ ចុង​ក្រោយ​តម្លៃ​មាស​ក៏​បាន​វិល​ទៅ​រក​​ចំណុច​1,700​ដុល្លារ​ក្នុង​1អោន​(ounce)។ ប៉ុន្តែ​ តម្លៃ​នេះ​នៅ​តែ​ទាប​ជាង​1.6​% បើ​ធៀប​ជាមួយ​នឹង​តម្លៃ​​ខ្ពស់់​បំផុត​ (1,730ដុល្លារ) កាល​ពី​ចុង​សប្ដាហ៍​មុន​។

    ក្រុម​អ្នក​ជំនាញ​បាន​ព្យាករ​ថា តម្លៃ​ទាប​របស់​មាស គឺគ្រាន់​តែ​ជា​បញ្ហា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ថា​តម្លៃ​របស់​លោហ​ធាតុ​មួយ​នេះ​នឹង​កើន​ឡើង​​នៅក្នុង​វិបត្តិ​នយោបាយ និង​សេដ្ឋ​កិច្ច​នា​សម័យ​ COVID-19នេះ​។ Gainesville Coins ដែល​ជា​អ្នក​ជំនាញ​មក​ពី​​ Everret Millman ថ្លែង​ថា “និយាយ​រួម មាស​នៅ​​តែ​មាន​ពន្លឺ​។ ក្រោយ​ពី​ការ​ធ្លាក់​ថ្លៃ យើង​នឹង​បាន​ឃើញ​តម្លៃ​របស់​វា​កើន​ឡើង​ក្នុង​សប្ដាហ៍​ខាង​មុខ​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស