Tag: Premier League

  • Tottenham ជួបការខកចិត្តធំក្នុងការប្រជែងពាន ក្រោយចាញ់ West Ham

    Tottenham ជួបការខកចិត្តធំក្នុងការប្រជែងពាន ក្រោយចាញ់ West Ham

    ក្តី​សង្ឃឹម​នៃ​​ការ​ប្រជែង​ពាន​ក្រ​ខ័ណ្ឌ Premier League របស់​ក្រុម Tottenham Hotspur បាន​​​រង​នូវ​ការ​ខក​ចិត្ត​ដ៏​ធំមួយ ខណៈ​ដែល​​ការ​ទទួល​ជ័យ​ជម្នះ​ជាប់​ៗ​គ្នា​របស់​ពួក​គេ​បានប​ញ្ចប់​ត្រឹម​៩​ប្រកួត​ ក្នុង​ពេល​រង​​បរា​ជ័យ ១-០ នៅ​លើ​ទឹក​ដីក្រុម West Ham United កាល​ពី​ថ្ងៃ​សុក្រ​។

    គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​​នៅនាទី ទី​៦៥​ របស់​ខ្សែ​បម្រើ Manuel Lanzini បាន​​កាត់​សេច​ក្តី​ក្នុង​​ការ​ប្រកួត​​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​​នេះ ខណៈ​ដែល​ក្រុម Tottenham បាន​ធ្វើ​ការ​គ្រប់​គ្រង​ទាំង​ស្រុង​ ប៉ុន្តែ មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​​ក្នុង​កម្រិត​ដែល​បាន​ជួយ​បង្កើន​ក្តី​សង្ឃឹម​នៃ​ការ​ឈ្នះ​ពាន​ជា​លើក​ទី​១​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​ឡើយ​។ ក្រុម​មាន់​ខ្នាយ​មាស Tottenham អាច​កាត់​បន្ថយ​ពិន្ទុ​នាំ​មុខ​របស់​​ក្រុម Chelsea មក​នៅ​ត្រឹម​១​​ពិន្ទុ ប្រសិន​បើ​ពួក​គេ​ដ​ណ្តើម​បាន​ជ័យ​ជម្នះ​ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គម្លាត​នៃ​ការ​ដេញ​តាម​ពី​ក្រោយ​អាច​​នឹង​កើន​ដល់​៧​ពិន្ទុ ខណៈ​នៅ​សល់​តែ​៣​ប្រកួត​ទៀត បើ​ក្រុម​តោ​ខៀវ​មួយ​នេះ ​​ផ្តួលក្រុម Middlesbrough ក្នុង​ផ្ទះខ្លួន​ឯង​នៅ​ថ្ងៃ​ចន្ទ ខាង​មុខ​នេះ​។

    West Ham ដែល​ជា​ក្រុម​ដំបូង​គេ​ក្នុង​​ការ​​ការ​ពារ​មិន​ឲ្យ​ក្រុម Tottenham រក​​គ្រាប់​បាល់​បញ្ចូល​ទី​ បើ​គិ​ត​ចាប់​តាំង​ពី Liverpool ធ្វើ​​បាន​បែប​នេះ​កាល​ពី​​ខែ​កុម្ភៈនោះ បាន​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៩ ដោយ​មាន​៤២​​ពិន្ទុ និង​បច្ចុប្បន្ន មាន​សុវត្ថិ​ភាព​​ពី​តំបន់​​គ្រោះ​ថ្នាក់​​រួច​ជា​ស្រេច​។ អ្នក​ចាំ​​ទី​នៃក្រុម​ម្ចាស់​ផ្ទះ Adrian បាន​ធ្វើ​ឲ្យ​ក្រុម Tottenham ជួប​ការ​ខក​ចិត្ត​ជាមួយ​នឹង​ការ​សង្គ្រោះ​បាល់​ជា​បន្ត​បន្ទាប់​ក្នុង​តង់​ទី​១ ពី​​ការ​ស៊ុត​របស់​កីឡាករ Dele Alli និង Harry Kane ហើយ​រូប​គេ​ក៏​បាន​​បំពេញ​តួនាទី​យ៉ាងល្អ​ផង​ដែរ ក្នុង​ការ​រា​រាំង​ការ​ស៊ុត​របស់ Son Heung-Min ក្នុង​តង់​ទី​​២ ខណៈ​ដែល​ក្រុម​ភ្ញៀវ​​បាន​ដាក់​សម្ពាធ​យ៉ាងល្អ​ខ្លាំង​ដើម្បី​រក​គ្រា់ប​បាល់​បើក​ឆាក​។ លទ្ធ​ផល​នេះ​មាន​ន័យ​ថា Chelsea បច្ចុប្បន្ន​ត្រូវ​ការ​​ត្រឹម​តែ​១​​ពិន្ទុ​ប៉ុណ្ណោះ​​ពី​ការ​ប្រកួត​៤​លើក​ទៀត ​ដើម្បី​​​ឈ្នះពាន Premier League ក្នុង​រដូវ​កាល​ទី​១​​របស់​លោក Antonio Conte ក្នុង​នាម​ជា​គ្រូ​បង្វឹក​​៕

    ប្រភព​ព័ត៌​មាន៖ Reuters

  • លោក Pochettino ផ្តោតលើការដាក់សម្ពាធលើ Chelsea ពេល Spurs ទៅជួប West Ham រាត្រីនេះ

    លោក Pochettino ផ្តោតលើការដាក់សម្ពាធលើ Chelsea ពេល Spurs ទៅជួប West Ham រាត្រីនេះ

    លោក Mauricio Pochettino ជឿ​ជាក់​ថា ក្រុម Tottenham Hotspur កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​​ស្ថិត​​ក្រោម​ពាក្យ​ចរ​ចាម​អា​រ៉ាម​នៃ​ការ​លក់​ចេញ​​​​កីឡាករ​ឆ្នើម​ៗ ប៉ុន្តែ គ្រូ​បង្វឹក​សញ្ជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា គ្មាន​អ្វី​​រា​រាំងក្រុម​របស់​លោក​ក្នុង​​ការ​រក្សា​ការ​ប្រជែង​ដណ្តើម​​ពាន Premier League ឡើយ​។

    ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Kyle Walker គឺ​ជា​សមា​ជិក​ចុង​ក្រោយ​គេ​នៃក្រុម​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​របស់ Spurs ដែល​ត្រូវ​បាន​គេ​ទាក់​ទង​ឲ្យ​​ផ្ទេរ​ចេញ​​កីឡ​ដ្ឋាន White Hart Lane ក្រោយ​ពី​មាន​​​​ការ​លេច​ឮ​ថា ​មាន​​ជម្លោះ​ជា​មួយ​នឹង​អ្នក​ការ​ចាត់​ការ​ទូទៅ​លោក Pochettino​​។ ក្រុម​មាន់​ខ្នាយ​​មាស Spurs អាច​នឹង​កាត់​បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Chelsea មក​​នៅ​ត្រឹម​១​ពិន្ទុ ប្រសិន​​​​បើ​​​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​លើ​​ទឹក​ដីក្រុម West Ham United នៅ​រាត្រី​នេះ ហើយ​លោក Pochettino បានប​ញ្ជាក់​ថា ទាំង Walker និង​មិត្ត​រួម​របស់​គេ នឹង​មិន​ខ្វះ​​នូវ​ការ​​ផ្តោត​អារម្មណ៍​ដោយ​សារ​តែ​​ពាក្យ​ចរ​ចាម​អារ៉ាម​​ទៅលើ​ការ​ចាក​ចេញ​ពី​ក្លិប​នេះ​ឡើយ​។

    ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ឯ​ទីលាន​ហ្វឹកហាត់ Enfield របស់ Spurs នៅ​ភាគ​ខាង​ជើង​ទីក្រុង​ឡុងដ៍ លោក Pochettino បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «រាល់​កីឡាករ​ទាំង​២១​នាក់​កំពុង​តែ​​​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​ឲ្យ​ស​ម្រេច​បាន​នូវ​​សមិទ្ធ​ផល​ដែល​យើង​​ចង់​ធ្វើ​ឲ្យ​សម្រេច​។​ ខ្ញុំ​ពិត​ជា​ស្ថិតក្នុង​អារម្មណ៍​ស្ងប់​។ កីឡាករ​ក៏​មាន​អារម្មណ៍​ស្ងប់​ផង​ដែរ​​។​ ពួក​គេ​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​​​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​»​។  លោក Pochettino បាន​បន្ថែម​ទៀត​៖​ «វា​ពិត​ជា​សំខាន់​ណាស់​ដែល​អ្នក​គាំ​ទ្រ​​ដឹដង​ថា កីឡាករ​មាន​អារម្មណ៍​ស្ងប់ ហើយ​យើង​នឹង​​រង់​ចាំ​មើល​នៅ​ចុង​រដូវ​កាល​នេះ​ថា ពាក្យ​ចរ​ចាម​​អារ៉ាម​នេះ ពិត​ ឬ​ក៏​​អត់​»​។ Spurs នឹង​​សម្លឹង​រក​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​១០​ជាប់​ៗ​ក្នា នៅពេល​ដែល​​​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​​ទឹក​ដីក្រុម West Ham ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម Chelsea នៅ​មុន​ពេល​ការ​ប្រកួត​ក្នុង​ផ្ទះ​​របស់​​ក្រុម​តោ​ខៀវ​ជា​មួយ​នឹង​ក្រុម Middlesbrough នៅ​ថ្ងៃ​ចន្ទ​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​២​ទៀប​ភ្លឺ​៕

    ប្រភព​ពី​៖ The Sun

  • Can រកគ្រាប់បាល់បញ្ចូលដ៏អស្ចារ្យ ខណៈ Liverpool ផ្តួល Watford ដើម្បីពង្រឹងទីតាំងលេខ៣

    Can រកគ្រាប់បាល់បញ្ចូលដ៏អស្ចារ្យ ខណៈ Liverpool ផ្តួល Watford ដើម្បីពង្រឹងទីតាំងលេខ៣

    ខ្សែ​បម្រើ Emre Can បាន​​រក​គ្រាប់​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​ ខណៈដែល​ក្រុម​ហង្ស​ក្រហម Liverpool ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១-០ លើ​ក្រុម Watford កាល​ពី​ថ្ងៃ​ចន្ទ​ នា​កីឡដ្ឋាន Vicarage Road ដើម្បី​​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​​ស៊ុត​បាល់​បក​ថយ​ក្រោយ​​ចូល​ក្នុង​​ជ្រុង​ម្ខាង​នៃ​សំណាញ់​ទី​យ៉ាងល្អ នៅ​ជិត​បញ្ចប់​តង់​ទី​មួយ​។ ជ័យ​ជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម Liverpool នាំ​មុខ​៤​​ពិន្ទុ​ដាច់​លើ​​ក្រុម​ឈរលេខ​៤ Manchester City និង​៥​ពិន្ទុ​ពីលើ​ក្រុម​ឈរ​លេខ​៥ Manchester Unite បើ​ទោះ​បី​លេង​ការ​ប្រកួត​ច្រើន​ជាង​ក្រុម​ទាំង​ពីរ​​១​ប្រកួត​ក៏​ដោយ​។ ក្រុម​ស្ថិ​តក្នុង​​ទីក្រុង Manchester ទាំង​​ពីរ​ហាក់​ដូច​ជា​ត្រូវ​ឡើង​​ទៅ​ឈរ​ពីលើ​ក្រុម​​ហង្ស​ក្រហម​របស់​លោក Jurgen Klopp ទៅ​​ហើយ ក្រោយ​ពី​ Liverpool បាន​រង​បរា​ជ័យ​​នៅ​កីឡដ្ឋាន Anfield ក្រោម​ស្នា​ដៃក្រុម Crystal Palace កាល​ពី​ចុង​សប្តាហ៍​មុន​។

    ប៉ុន្តែ ក្រុម Man City បាន​បញ្ចប់​ក្នុង​​លទ្ធ​ផល​ស្មើ ២-២ ពេល​ជួបក្រុម Middlesbrough កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម Man United មិន​អាច​យក​ឈ្នះ​លើ​ក្រុម Swansea ដូច​គ្នា​។ Liverpool មិន​បាន​ជួប​​ការ​រីក​រាយ​ខ្លាំង​ឡើយ ខណៈ​ដែល Coutinho បាន​រង​របួស ក្រោយ​ពី​លេង​បាន​រយៈ​ពេល​១២​នាទី​។ លោក Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ពិត​ណាស់​ គ្រាប់​​បាល់​នេះ​ពិត​ជា​អស្ចារ្យ​។ វា​ច្បាស់​ណាស់​ថា យើង​​ត្រូវ​តែ​ធ្វើ​ការ ហើយ​​​​នោះ​គឺ​ជា​អ្វី​ដែល​យើង​បានធ្វើ​។ វា​មិន​ងាយ​ស្រួល​នោះឡើយ​សម្រាប់​ក្រុម​ទាំ​ងអស់​ក្នុង​ការ​ឈ្នះ​នៅ​ទីនេះ​។ យើង​ត្រូវ​ការ​សំណាង​ខ្លះ ប៉ុន្តែ យើង​បាន​ធ្វើ​ការ​យ៉ាង​លំ​បាក​ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះ​នោះ»​​៕

    ប្រភព​ពី៖ Mirror

  • Klopp ស្រេកឃ្លានឲ្យ Liverpool ផ្តួល Watford នៅរាត្រីនេះ

    Klopp ស្រេកឃ្លានឲ្យ Liverpool ផ្តួល Watford នៅរាត្រីនេះ

    លោក Jurgen Klopp អ្នក​ចាត់​​ការ​ទូទៅ​នៃ​ក្រុម​ហង្ស​ Liverpool បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​របស់​លោក​ធ្វើ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​រក្សា​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​របស់​ពួក​គេ​នៅ​លើ​​ទឹក​ដីក្រុម Watford នៅ​រាត្រី​នេះ​។

    Liverpool បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​​ក្រប​ខ័ណ្ឌ Premier League ក្នុង​រយៈ​ពេល​ដ៏ខ្លី​កាល​ពី​ខែ​វិច្ឆិកា និង​ហាក់​បាន​​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​ប្រជែង​ពាន ប៉ុន្តែ បច្ចុប្បន្ន ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤​ គឺ​ជា​រឿង​ដែល​មួយ​គត់​ដែល​ពួក​​អាច​ធ្វើ​បាន​ដើម្បី​សង្គ្រោះ​រដូវ​កាល​របស់​ពួក​គេ​។ ក្រោយ​ពី​ទទួល​បាន​ការ​ជឿ​ជាក់ ដោយ​សារ​តែ​​ទាំងក្រុម Manchester City និង Man United បានប​ញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ដូច​គ្នា កាល​ពី​ថ្ងៃ អាទិត្យ ក្រុម Liverpool នឹង​មាន​ឱកាស​ក្នុង​ការ​ពង្រឹង​ទី​តាំង​របស់​ខ្លួន​​ពេល​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Vicarage Road នា​រាត្រី​នេះ​។ លោក Klopp ​ពិត​ជា​ស្រេក​ឃ្លាន​ក្នុង​ការ​ធ្វើ​ឲ្យ​​​កីឡាករ​របស់​​លោក​ស្ថិត​​ក្នុង​ការ​ប្រជែង​ដើម្បី​ការ​ពារ​​ទី​តាំង​របស់​ពួក​គេ​។

    គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «រឿង​ដែល​មួយ​គត់​ដែល​យើង​អាច​​ធ្វើ​បាន​គឺ​ការ​ប្រជែង​​ដណ្តើម​យក​ចំណាត់​​ថ្នាក់​​ដ៏គួរ​​ឲ្យ​ចាប់​អារម្មណ៍​នៅ​រដូវ​កាល​នេះ​​។ ពេល​នេះ ជិត​នបញ្ចប់​​រដូវ​កាល​ហើយ​។ វា​ជា​ខែ​ចុងក្រោយ​នៃ​ដូវ​កាល​នេះ ហើយ​យើង​កំពុង​តែ​ស្ថិ​តក្នុង​ការ​ប្រជែង​។ តើ​អ្នក​ចង់​បាន​អី​ទៀត​?»​។ ក្រុម Watford នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ជា​​មួយ​នឹង​ជ័យ​ជម្នះ​៣​លើក និង​ចាញ់​២​លើក​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ខណៈ Liverpool ចាញ់​តែ​១​លើក​គត់ ប៉ុន្តែ ឈ្នះ​ដល់​ទៅ​៣​លើក និង​ស្មើ​១​លើកពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​​២​ទៀប​ភ្លឺ​៕

    ប្រភព​ព័ត៌​មាន៖ Reuters

  • Alli និង Kane ជួយឲ្យ Spurs បំបាក់មុខកាំភ្លើងធំ និងរក្សាសម្ពាធលើតោខៀវ

    Alli និង Kane ជួយឲ្យ Spurs បំបាក់មុខកាំភ្លើងធំ និងរក្សាសម្ពាធលើតោខៀវ

    ខ្សែ​បម្រើ Dele Alli និង​ខ្សែ​ប្រយុទ្ធ Harry Kane បាន​​ជួយ​ឲ្យ​ក្រុមមាន់​ខ្នាយ​មាស Tottenham Hotspur ស្ថិតក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League ខណៈ​ដែល​​ក្រុម​របស់​ពួក​គេ​បាក់​ក្រុម​កាំ​ភ្លើង​ធំ Arsenal ក្នុង​លទ្ធ​ផល ២-០ នា​​កីឡដ្ឋាន White Hart Lane ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​។

    ក្រុម​​កំពុង​នាំ​មុខ Chelsea បាន​​​បន្ថែម​ការ​នាំ​មុខ​របស់​ពួក​គេ​រហូត​ដល់​ទៅ​៧​ពិន្ទុ​តាមរយៈ​ការ​ផ្តួល​ក្រុម Everton ៣-០ ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នេះ​នៅ​​​ថ្ងៃ​ដដែលនោះ ប៉ុន្តែ ក្រុម​ Spurs របស់​លោក Mauricio Pochettino បាន​កាត់​បន្ថយ​គម្លាត​នោះ​ឲ្យ​នៅ​ត្រឹម​៤​ពិន្ទុ​វិញ ជា​មួយ​នឹង​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​​។ គ្រាប់​បាល់បញ្ចូល​ទី​ទាំង​២​គ្រាប់​នោះ​បាន​កើត​ឡើង​នៅ​​ក្នុង​ចន្លោះ​ពេល​១៤៦​វិនាទី​ក្នុង​តង់​ទី​២ ខណៈ​ដែល Alli បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ពី​បាល់​ក្រឡក ហើយ Kane បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​ដើម្បី​ធ្វើ​ឲ្យ​គ្រាប់បាល់​សរុប​របស់​ពួក​គេ​កើន​ដល់​១៧​​គ្រាប់ និង​២១​គ្រាប់​រៀង​ៗ​ខ្លួន​ក្នុង​យុទ្ធ​នា​ការ​​នា​រូវ​កាល​នេះ​។

    Spurs នឹង​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ពី​លើ​ក្រុម Arsenal ជា​លើក​ទី​១​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៩៥ ដើម្បី​បញ្ចប់​ការ​រង់​ចាំ​អស់​រយៈ​ពេល​២២​ឆ្នាំ​។ Spurs នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Wembley នៅ​រដូវ​កាល​ក្រោយ នៅមុន​ពេល​​ប្តូរ​ទៅកាន់​​កីឡដ្ឋាន​​ថ្មី​របស់​ពួក​គេ ដែល​​នឹង​ត្រូវ​សាង​សង់​​នៅ​លើ​ទី​តាំង​នៃ​កីឡដ្ឋាន​របស់​ពួក​គេ​​នា​ពេល​បច្ចុប្បន្ន​។ ។ លោក Mauricio Pochettino អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Tottenham បាន​ប្រាប់​សារ​ព័ត៌​មាមន BBC ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​។ វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ ហើយ​​វា​ជា​ការ​​បង្ហាញ​ពី​ទម្រង់​លេង​គួរ​ជា​ទី​ពេញ​ចិត្ត​មួយ​»​​​៕

    ប្រភព​ព័ត៌​មាន៖ The Guardian

  • Pedro ជួយឲ្យក្រុមតោខៀវ ខិតយ៉ាងប្រកៀកឆ្ពោះទៅកាន់ការឈ្នះពាន

    Pedro ជួយឲ្យក្រុមតោខៀវ ខិតយ៉ាងប្រកៀកឆ្ពោះទៅកាន់ការឈ្នះពាន

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Pedro បាន​ជួយ​ឲ្យ​ក្រុម Chelsea បោះ​ជំ​ហាន​កាន់​តែ​កៀក​ឆ្ពោះ​​ទៅកាន់​ការ​ឈ្នះ​ពាន Premier League ខណៈ​ដែល​ក្រុម​​​តោ​​ខៀវ​មួយ​នេះ បាន​​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធ​ផល ៣-០ លើ​ក្រុម Everton កាល​ពី​ថ្ងៃ​អាទិត្យ​។

    ក្រុមរ​បស់​លោក Antonio Conte ត្រូវ​បាន​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​ដើម្បី​​ទម្លុះ​តំបន់​ការ​ពារ​ដ៏​រឹង​មាំ​របស់​ក្រុម Everton ប៉ុន្តែ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាងល្អ​ក្នុង​តង់​ទី​២​​របស់ Pedro បាន​​ជួយ​ឲ្យ​ក្រុម Chelsea ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​​ឈ្នះ​​ការ​ប្រកួត​ជា​លើក​ទី​៤​ក្នុង​ចំណោម​ការ​ប្រកួត​លីក​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​ការ​ពារ Gary Cahill និង​ខ្សែ​បម្រើ Willian បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​នេះ​តែ​ម្តង ខណៈ​ដែល​ក្រុម​តោ​ខៀវ បាន​រក្សា​ការ​នាំ​មុខ​៤​ពិន្ទុ​ដដែល​នៅ​​លើ​កំពូល​តារាង​។

    លោក Antonio Conte បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖​ «លទ្ធ​ផល​នេះ ផ្តល់​ឲ្យ​យើង​នូវ​ការ​ជឿ​ជាក់​យ៉ាង​ច្រើន​។ ពេល​នេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រជែង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​។ ប្រសិន​បើ​ក្នុង​ការ​​ប្រកួត​បន្ទាប់​ជា​មួយ​នឹង​ក្រុម Middlesbrough យើង​មិន​ឈ្នះ យើង​នឹង​បាត់​បង់​ជ័យ​ជម្នះ​។ យើង​ត្រូវ​តែ​​មើល​មួយ​ជំហាន​ទៅ​មួយ​ជំ​ហាន​។ Chelsea ដែល​បច្ចុប្បន្ន​កំពុង​តែ​មាន​​៨១​ពិន្ទុ​នោះ ត្រូវ​ការ​ឈ្នះ​ត្រឹម​តែ​៣​លើក​ទៀត​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ ខណៈ​ដែល​​​ពួក​គេ​​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Middlesbrough មុន​នឹង West Brom, Watford និង Sunderland​៕

    ប្រភព​ព័ត៌​មាន៖ Mirror

  • ការស្ថិតក្នុង Premier League រយៈពេល១០ឆ្នាំរបស់ Sunderland បានបញ្ចប់

    ការស្ថិតក្នុង Premier League រយៈពេល១០ឆ្នាំរបស់ Sunderland បានបញ្ចប់

    ការ​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League រយៈ​ពេល​១០​ឆ្នាំ​របស់​​ក្លិប Sunderland បញ្ចប់​ហើយ ក្រោយ​ពី​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ជិត​បញ្ចប់​​ការ​ប្រកួត​​របស់កីឡាករ Josh King បាន​ជួយ​ឲ្យក្រុម Bournemouth កត់ត្រា​ជ័យជម្នះ ១-០ ដែល​បាន​ធ្វើ​ឲ្យក្រុម​ឆា្ម​ខ្មៅ​មួយនេះ ត្រូវ​​កាត់​ចេញ​កាល​ពីថ្ងៃ​សៅរ៍​។

    ក្រុមរ​បស់​លោក David Moyes បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌកំពូល​របស់​អង់គ្លេស​ទាំងការ​ខកចិត្ត ខណៈ​ដែល​ការ​បង្ហាញពី​ទម្រង់​លេងមិន​បានល្អ​នាពេលថ្មី​ៗ​នេះ ​បានកាត់​សេចក្តី​ក្នុង​យុទ្ធ​នា​ការ​ដ៏​ត្រដាប​ត្រដួស​របស់ពួកគេ ក្រោយ​ពី King បាន​រក​គ្រាប់​បាល់​​​ឈ្នះនៅនាទី ទី​៨៨​។ Moyes បាន​គិត​ថា ក្រុម​របស់​លោក​នៅ​តែ​មាន​ឱកាស​​ក្នុង​ការ​សង្គ្រោះ នៅពេល​ដែល​គូ​ប្រជែង​ស្ថិតក្បែរ​តំបន់​កាត់​ចោល Hull បាន​បណ្តោយ​​ឲ្យ​បាល់​ប៉េ​ណាល់​ទី​នៅលើ​ទឹក​ដីក្រុម Southampton ប៉ុន្តែ ការ​ស៊ុត​របស់​កីឡាករ Dusan Tadic ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី Eldin Jakupovic ដើម្បី​ធ្វើ​ឲ្យ​ក្រុមមានរហស្ស​នាម​ខ្លា​ធំមួយ​នេះ បញ្ចប់​​ក្នុង​លទ្ធផលស្មើ ០-០ ដែល​បញ្ចប់ក្តី​សង្ឃឹម​នៃ​ការ​​សង្គ្រោះ​ការ​ធ្លាក់​ចេញ​របស់ក្រុម Sunderland តែម្តង​​។

    ជា​មួយនឹង​ការ​ស្ថិតនៅ​​បាត​តារាង​ចាប់​តាំង​ពីថ្ងៃ​ទី​១០ ខែ​កញ្ញា ក្រុម Sunderland មិន​ស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួត​១០​លើក​ចុង​ក្រោយ​​របស់​ពួកគេ និង​បាន​ធ្លាក់​​ទៅកាន់ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ បើ​ទោះបី​នៅសល់​៤​ប្រកួត​ទៀតក៏ដោយ​។ ការ​ធ្លាក់​ចេញ​របស់ក្រុម Sunderland បំពេញ​នូវ​រដូវកាល​ដ៏​វេទនា​មួយ​ផ្សេង​ទៀត​សម្រាប់​លោក Moyes ដែល​បាន​ជួប​ពេល​វេលា​ដ៏ខក​ចិត្ត ចាប់​តាំង​ពី​ចាក​ចេញពីក្លិប Everton ដើម្បី​កាន់​​តំណែង​នៅ​ក្លិប Manchester United កាលពី​ឆ្នាំ​២០១៣​៕
    ប្រភពព័ត៌​មាន៖ BBC

  • លោក Conte ត្រៀមរារាំងអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Lukaku ពេលប៉ះ Everton ថ្ងៃអាទិត្យនេះ

    លោក Conte ត្រៀមរារាំងអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Lukaku ពេលប៉ះ Everton ថ្ងៃអាទិត្យនេះ

    លោក Antonio Conte អ្នក​ចាត់​ការ​ទូ​ទៅ​​របស់​ក្រុម​ Chelsea បាន​អះ​អាង​ថា លោកកំពុង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅលើ​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្រុម Everton នៅ​សប្តាហ៍នេះ ប៉ុន្តែ ក្នុង​ទស្ស​នៈ​ក្នុងការ​បញ្ឈប់​រូបគេ​មិន​ឲ្យ​រកគ្រាប់​បាល់​បញ្ចូល​ទី​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម​​តោ​ខៀវ​របស់​លោក​ ជា​ជាង​ការ​ទិញរូប​គេ​នៅ​រដូវក្តៅ​ខាង​មុខនេះ​។

    ក្រុម Chelsea ដែល​កំពុងនាំមុខលើ​តារាង​ក្រប​ខ័ណ្ឌ Premier League បាន​ទាក់​ទង​ចង់​ចុះហត្ថលេខា​​ខ្សែ​ប្រយុទ្ធ អន្តរ​ជាតិ​បែល​ហ្ស៊ិក​រូប​នេះ ដែ​ល​ពួក​គេ​បានលក់​ទៅ​ឲ្យ​ក្លិប Everton ក្នុង​តម្លៃ​ខ្លួន​២៨​លានផោន ដើម្បី​ជំនួស​កន្លែង​​របស់ខ្សែ​ប្រយុទ្ធ Diego Costa ដែល​ចង់​ផ្ទេរ​ទៅកាន់​ក្រប​ខ័ណ្ឌ​​របស់​ចិន​។ Lukaku គឺ​ជា​អ្នក​គ្រាប់ បាល់​រក​គ្រាប់​បាល់​​ច្រើន​ជាង​គេក្នុង​ការ​ប្រកួត​លីក តាមរយៈ​ការ​រក​បាន​២៤​គ្រាប់ ខណៈ​ដែល Costa រក​បាន​១៩​គ្រាប់ និង​ក្លាយ​ជា​អាវុធ​ដ៏​មុ​តស្រួច​របស់​ក្រុម Everton ខណៈ​ដែលក្រុម Chelsea សម្លឹង​រក​ការ​បន្ថែម​​ពិន្ទុនាំមុខ​របស់​​ពួកគេ​លើក្រុម​​ឈរ​លេខ​២ Tottenham Hotspur នា​កីឡដ្ឋាន Goodison Park​។

    លោក Conte បាន​ប្រាប់​អ្នក​យក​ព័ត៌​​មាន​កាល​ពីថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​គិត​ថា រូប​គេ​ជាកីឡាករ​ដ៏ឆ្នើមម្នាក់ និង​​កំពុង​តែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជាច្រើន​នៅ​ដូវ​កាលនេះ​ ដោយ​មិន​ត្រឹម​តែ​ក្នុង​រដូវកាល​នេះ​ឡើយ ហេតុនេះ យើង​ត្រូវ​តែ​​យក​ចិត្ត​ទុក​ដាក់​​​លើ​រូបគេយ៉ាង​ខ្លាំង​»​។ គ្រូ​បង្វឹក​សញ្ជាតិ​​អ៊ី​តាលី​រូប​នេះ​បាន​​ប្រាប់​បន្ត​ថា៖ «ប៉ុន្តែ វា​ពិត​ណាស់ យើង​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​ដើម្បី​រា​រាំង​​ពួក​គេ​​។ យើង​ត្រូវ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​ត្រឹមត្រូវ​ដើម្បី​បញ្ចប់ Lukaku និង​រាល់​កីឡាករ​ផ្សេង​ៗ​ទៀត​»​។ នៅ​ពេល​​ត្រូវ​បាន​ចោទ​សួរ​ថា តើ​ខ្សែ​ប្រយុទ្ធ​​រូប​ណា​ដែល​លោក​ចូល​ចិត្ត​ជាង​គេក្នុងក្រុម​របស់​លោក លោក Conte បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ខ្ញុំ កីឡាករ​របស់ខ្ញុំ​គឺ​ជា​កីឡាករ​ឆ្នើម​បំផុតក្នុង​ពិភព​លោក​។ ខ្ញុំ​មិន​​ផ្លាស់ប្តូរ​ពួក​គេ​ជាមួយ​នឹងកីឡាករផ្សេង​​ឡើយ​»​។ ក្រុម Everton នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ ក្រោយ​ពី​បាន​បញ្ចប់ក្នុងលទ្ធផលស្មើ​ ០-០ ជាមួយនឹងក្រុម​ធ្លាក់​ទម្រង់​លេង West Ham ខណៈ​​ដែល​ Chelsea ទើប​តែ​បាន​ផ្តួល​ក្រុម Southampton ក្នុងលទ្ធផល​ ៤-២​​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៨:០៥យប់៕

    ប្រភព​ពី៖ Reuters

  • មាន់ខ្នាយមាស Spurs សម្លឹងរកការផ្តល់ការខកចិត្តដល់កាំភ្លើងធំ ថ្ងៃអាទិត្យនេះ

    មាន់ខ្នាយមាស Spurs សម្លឹងរកការផ្តល់ការខកចិត្តដល់កាំភ្លើងធំ ថ្ងៃអាទិត្យនេះ

    ក្រុម Tottenham Hotspur នឹង​សម្លឹង​រក​ការ​បន្ថែមការ​ខកចិត្តដល់​ក្រុម Arsenal នៅពេល​​ដែលក្រុម​ទាំងពីរ​ជួប​គ្នា​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែមួយ នា​កីឡដ្ឋាន While Hart Lane នៅ​រាត្រី​ថ្ងៃ​អាទិត្យនេះ​។

    ។ ក្រុមមាន់​ខ្នាយមាសមួយនេះ នឹង​​ឈានទៅកាន់ការប្រកួត​នេះ​ទាំងការ​ជឿ​ជាក់ ក្រោយ​ពី​បាន​​កត់ត្រា​ជ័យជម្នះ​​ដល់ទៅ៤​លើក​ពីការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ហើយ​អ្វី​ដែលគួរ​ឲ្យកត់សម្គាល់នោះគឺ​ថា ពួកគេ​ក៏ដណ្តើម​បាន​ជ័យជម្នះ​៥​លើក​​ពីការ​ប្រកួត​ក្នុងផ្ទះខ្លួន​ឯង​ទាំង៥​លើក​ចុងក្រោយ​របស់ពួកគេ​ងផង​ដែរ​។ ក្រោយ​ពី​បាន​យក​ឈ្នះលើក្រុម​ឡើង​ទម្រង់​លេង Crystal Palace ទាំង​ប្រផិត​ប្រផើយ​ក្នុងលទ្ធផល ១-០ កាលពី​ពាក់​កណ្តាល​សប្តាហ៍នេះ លោក Mauricio Pochettino អ្នក​ចាត់​ការ​ទូទៅ​របស់ Spurs បាន​សន្យា​ថា នឹង​មិន​បោះ​បង់​ការ​ប្រជែង​ដណ្តើម​ពាន Premier League ហើយនិង​ប្រយុទ្ធ​រហូតដល់​​ដំណាក់កាល​ចុងក្រោយ​។

    គ្រូ​បង្វឹក​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «​យើង​បាន​បង្ហាញ​ពី​ស្មារតី​អស្ចារ្យ ក្រោយ​ពី​ការ​ជួប​សប្តាហ៍​ដ៏ខក​ចិត្ត​។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​បង្ហាញ​ថា យើង​​មាន​ការ​ផ្តោត​អារម្មណ៍ និង​ព្យា​យាម​ដើម្បី​ប្រយុទ្ធ​»​។ គ្រូ​​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​បង្ហាញ​ថា យើង​បាន​រៀន​ជាច្រើន​ពី​ការ​ប្រកួត​កាល​ពី​រដូវ​កាល​មុន​​។ នោះ​ពិត​ជា​រឿង​សំខាន់​ណាស់​»​​។ ដោយឡែក ក្រុម Arsenal នឹង​ឈាន​ទៅ​កាន់ការប្រកួតនេះ​ជាមួយ​នឹង​​ជ័យជម្នះ​៣លើ ស្មើ​១​លើក និង​ចាញ់​១​លើកពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់ពួកគេ ប៉ុន្តែ ក្រុមកាំភ្លើង​ធំមួយនេះ ដណ្តើមបាន​ជ័យជម្នះតែ​ពីរលើកគត់ពីការប្រកួតកៅ​ដី​៥​លើកចុងក្រោយ​របស់ពួកគេ​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​១០:៣០ទៀប​ភ្លឺ​៕

    ការ​ជួបគ្នា​៣លើក​ចុងក្រោយ​រវាងក្រុម​ទាំងពីរ

    06.11.16           Arsenal 1-1 Tottenham

    05.03.16          Tottenham 2-2 Arsenal

    08.11.15           Arsenal 1-1 Tottenham

  • លោក Mourinho ចោទប្រកាន់ Aguero ថា បានសម្តែង ក្រោយ Fellaini រងកាតក្រហម

    លោក Mourinho ចោទប្រកាន់ Aguero ថា បានសម្តែង ក្រោយ Fellaini រងកាតក្រហម

    លោក Jose Mourinho បាន​ចោទ​​ប្រកាន់ខ្សែ​ប្រយុទ្ធ Sergio Aguero ពី​បទ​សម្តែង​ធ្វើ​ជា​ដួល ដើម្បី​ធ្វើ​ឲ្យខ្សែ​បម្រើ Marouane Fellaini រង​ពិន័យកាតក្រហម​ក្នុង​ពេលក្រុម​របស់​លោក​បានប​ញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើ​ទឹក​ដី​ក្រុម Manchester City ក្នុងការប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ​កាលពីថ្ងៃ​ព្រហស្បតិ៍​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​ Fellaini របស់ក្រុម Man United បាន​រង​ពិន័យ​កាត​ក្រហម​ភ្លាម​ៗ​នៅ​នាទី ទី​៨៤ សម្រាប់​ការ​ប្រើ​ក្បាល​អុក​​ទៅ​លើ​ខ្សែប្រយុទ្ធ Aguero របស់ Man City ដែល​បាន​​ធ្វើ​​ជា​ដួល​ទៅលើ​ទីលាន​។ លោក Mourinho បានអះអាង​ថា លោកមិន​បាន​ឃើញហេតុ​ការណ៍​នោះ​ឡើយ ប៉ុន្តែ បាន​បញ្ជាក់​​ថា ការ​បញ្ទេញ​ប្រតិ​​កម្ម​របស់ Aguero បាន​​ធ្វើ​ឲ្យលោក​អាជ្ញាកណ្តាល Martin Atkinson ផ្តល់​កាតក្រហម​ដល់ Fellaini សម្រាប់​ការប្រព្រឹត្ត​អំពើហិង្សា​។ លោក Mourinho បាន​​ឲ្យ​ដឹង​ថា៖ «Marouane Fellaini បាននិយាយ​ថា វា​ជា​ការ​រង​ពិន័យក្រហម​ពី​ព្រោះ​រូបគេ​ធ្វើ​ឲ្យ​មានកំហុស​​។ លោក Martin Atkinson បានប្រាប់ខ្ញុំ​ថា លោក​គិត​ថា វា​ពិត​ជា​ការផ្តល់​ការ​ពិន័យកាតក្រហម​ដ៏ស័ក្តិ​សម​​»​។

    គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ​បាន​ប្រាប់​បន្ត​ថា៖ «ប៉ុន្តែ ខ្ញុំ​បាន​ឃើញ Aguero នៅ​តាមផ្លូវ​ចូល​ទៅកាន់​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ និង​មិនបាន​រង​របួស​ច្រមុះ និង​របួសក្បាល ឡើយ ហើយ​ទឹក​មុខ​​របស់​គេ​តែង​ស្ថិតក្នុង​​ភាព​ស្រស់​ស្អាត​ ហេតុ​នេះខ្ញុំ​មិន​​ប្រាកដ​ចិត្តឡើយ​»​។ លោក Mourinho បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ Sergio មិន​ធ្វើ​ជា​ដួល​ទៅលើ​ទីលាន​ទេនោះ ពិត​ណាស់ វាមិនមែនជាការ​ពិន័យក្រហម​ឡើយ ប៉ុន្តែ ប្រសិន​បើ Marouane ធ្វើ​ឲ្យ​រូបគេ​ធ្វើ​បែបនោះ ខ្ញុំ​មិន​ដឹង​ឡើយ​»​។ លោក Pep Guardiola គ្រូ​បង្វឹក​របស់ Man City បាន​ប​ដិសេធ​​ក្នុងការ​បញ្ចេញ​មតិ​ទៅលើ​ការ​ផ្តល់​​​កាតក្រហមនោះ និង​បាននិយាយ​ថា៖ «ខ្ញុំ​មិនមែន​មកទីនេះ​ដើម្បីកាត់​សេចក្តី​លើអ្វី​ដែលគូ​​ប្រកួត​របស់ខ្ញុំ​សម្រេច​ចិត្ត​នឹង​ធ្វើឡើយ​»​៕

    https://www.youtube.com/watch?v=IUCgVVOcjVM

    ប្រភពពី៖ Mirror