Tag: Premier League

  • Lukaku យល់ព្រមលើលក្ខខណ្ឌផ្សេងៗរួចស្រេចហើយដើម្បីចូលរួមជាមួយក្លិបថ្មី

    Lukaku យល់ព្រមលើលក្ខខណ្ឌផ្សេងៗរួចស្រេចហើយដើម្បីចូលរួមជាមួយក្លិបថ្មី

    ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុមទូកក្តោង Everton បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ ដើម្បីចូលរួមជាមួយនឹងក្លិបថ្មីមួយរួចជាស្រេចហើយ ដែលត្រូវបានគេជឿជាក់ថា ជាក្លិបតោខៀវ Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។

    ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកវ័យ២៤ឆ្នាំរូបនេះ បានចាកចេញពីក្លិបតោខៀវ កាលពីឆ្នាំ២០១៤ ក្រោយពីបានចំណាយពេលអស់៣រដូវកាលនៅឯកីឡដ្ឋាន Stamford Bridge។ កាលព្រឹកថ្ងៃអង្គារ Lukaku បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ភ្នាក់ងារតំណាងរបស់ខ្ញុំដឹងពីអ្វីដែលនឹងកើតឡើង ហើយខ្ញុំក៏ដឹងយ៉ាងច្បាស់ផងដែរ។ ខ្ញុំកំពុងតែស្ថិតក្នុងអារម្មណ៍ស្ងប់ចំពោះរាល់អ្វីៗទាំងអស់ ហើយយើងបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិបថ្មីមួយរួចជាស្រេច។ យើងបានរក្សានូវអារម្មណ៍ស្ងប់ ហើយយ៉ាងហោចណាស់ យើងមានគោលដៅមួយដែលយើងចង់ទៅ»។

    ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនឹងសម្រាករយៈពេលប៉ុន្មានថ្ងៃ ហើយបន្ទាប់មក ត្រៀមសម្រាប់ការប្រកួតនៅរដូវកាលក្រោយ។ ខ្ញុំចង់ចំណាយពេលវេលាក្នុងថ្ងៃវិស្សមកាលរបស់ខ្ញុំដើម្បីធ្វើឲ្យអ្វីៗឈានទៅកាន់កម្រិតមួយផ្សេងទៀត និងធ្វើឲ្យបានល្អប្រសើរជាងអ្វីដែលខ្ញុំបានធ្វើកាលពីឆ្នាំមុន»។ Lukaku ត្រូវបានខ្ចីជើងទៅកាន់ក្លិប West Brom បន្ទាប់មកត្រូវខ្ចីជើងទៅកាន់ក្លិប Everton ទៀត មុនពេលត្រឡប់មកចូលរួមជាមួយនឹងក្រុមទូកក្តោងមួយនេះវិញ ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ក្នុងតម្លៃខ្លួន២៨លានផោន កាលពីឆ្នាំ២០១៤។

    Everton ត្រូវបានរំពឹងទុកថា នឹងទាមទារតម្លៃខ្លួនដល់ទៅ១០០លានផោន (ស្មើនឹង១២៩លានដុល្លារអាមេរិក) សម្រាប់ Lukaku ដែលបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៩លើកក្នុងរដូវកាលឆ្នាំ២០១៦-២០១៧៕
    ប្រភពពី៖ The Sun

  • ក្រុមប្រឹក្សាក្លិប Arsenal ត្រៀមផ្តល់កុងត្រាថ្មីរយៈពេល២ឆ្នាំដល់លោក Wenger

    ក្រុមប្រឹក្សាក្លិប Arsenal ត្រៀមផ្តល់កុងត្រាថ្មីរយៈពេល២ឆ្នាំដល់លោក Wenger

    ក្រុមប្រឹក្សាក្លិប Arsenal នឹងផ្តល់កុងត្រាថ្មីរយៈពេល២ឆ្នាំដល់លោក Arsene Wenger នៅពេលដែលពួកគេជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃការពិភាក្សាលើសេចក្តីលម្អិតផ្សេងៗអំពីទិសដៅរបស់ក្លិបកាំភ្លើងធំមួយនេះ។ អនាគតរបស់លោក Wenger ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាប្រធានបទក្តៅនៃរបៀបវារៈ ចាប់តាំងពីតំណែងរបស់លោកស្ថិតក្នុងស្ថានភាពរង្គោះរង្គើនៅរដូវកាលនេះមក។

    កិច្ចប្រជុំនេះក៏ផ្តោតទៅលើគម្រោងថវិកាដែលអ្នកចាត់ការទូទៅត្រូវចំណាយក្នុងពេលបើកទីផ្សារដោះដូរកីឡាករផងដែរ។ លោក Wenger នឹងបង្ហាញវត្តមាន រួមជាមួយនឹងម្ចាស់ភាគហ៊ុនធំលោក Stan Kroenke និងកូនប្រុសរបស់លោកគឺលោក Chips Keswick ដែលជាប្រធានក្លិប លោក Ivan Gazidis ប្រធានប្រតិបត្តិ និងលោក David Miles ដែលជាអគ្គលេខាធិការក្លិប។ ពួកគេនឹងធ្វើការត្រួតពិនិត្យរួមគ្នាទៅលើរដូវកាលដែលទើបតែបញ្ចប់ថ្មីៗនេះ ក្រោយពីពួកគេបានផ្តួលក្រុម Chelsea ដើម្បីឈ្នះពាន FA Cup កាលពីថ្ងៃសៅរ៍ ប៉ុន្តែ អាចបញ្ចប់ត្រឹមតែក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាងក្របខ័ណ្ឌ Premier League ប៉ុណ្ណោះ។

    គ្មាននរណាម្នាក់ក្នុងក្លិបកាំភ្លើងធំរីករាយនឹងចំណាត់ថ្នាក់នៅលើតារាងលីកនេះឡើយ ព្រោះវាមានន័យថា ពួកគេនឹងត្រូវអវត្តមានក្នុងក្របខ័ណ្ឌ Champions League ជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៩៨៕
    ប្រភពពី៖ The Guardian

  • Costa បញ្ជាក់ថា គេនឹងចូលរួមជាមួយតែក្លិប Atletico ប៉ុណ្ណោះ បើចេញពី Chelsea

    Costa បញ្ជាក់ថា គេនឹងចូលរួមជាមួយតែក្លិប Atletico ប៉ុណ្ណោះ បើចេញពី Chelsea

    ខ្សែប្រយុទ្ធ Diego Costa បានបញ្ជាក់ថា រូបគេនឹងចូលរួមជាមួយនឹងក្លិប Atletico Madrid បើត្រូវចាកចេញពី Chelsea នៅរដូវក្តៅនេះ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមផ្សេងៗទាក់ទងនឹងការផ្ទេរខ្លួនរបស់គេទៅកាន់ប្រទេសចិន។

    Costa បានស៊ុតបាល់បញ្ចូលទី២២គ្រាប់នៅរដូវកាលនេះ ដើម្បីជួយឲ្យក្រុម Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី២ក្នុងរយៈពេល៣រដូវកាល។ ប៉ុន្តែ ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលរូបនេះ បានជួបការលំបាកក្នុងការសម្របខ្លួនក្នុងទីក្រុងឡុងដ៍ និងបានផ្ទុះជម្លោះជាមួយនឹងគ្រូបង្វឹករបស់ Chelsea គឺលោក Antonio Conte កាលពីខែមករា ក្នុងពេលហ្វឹកហាត់ដែលនាំឲ្យមានពាក្យចចាមអារ៉ាមថារូបគេអាចនឹងក្លាយជាតារាឆ្នើមចុងក្រោយរបស់អឺរ៉ុប ក្នុងការទៅចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌរបស់ចិន។

    ទោះបីជាយ៉ាងណា ក្រោយពីចាញ់ក្រុម Arsenal ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ Costa បាននិយាយថា រូបគេនឹងត្រូវតែវិលទៅកាន់ក្លិប Atletico ជាកន្លែងដែលរូបគេបានឈ្នះពាន La Liga កាលពីឆ្នាំ២០១៣-២០១៤ ប្រសិនបើរូបគេចាកចេញពីក្លិប Chelsea។ កីឡាកររូបនេះបានឲ្យដឹងថា៖ «ប្រសិនបើក្លិបពិតជាចង់លក់ខ្ញុំមែន ហើយវាមានសំណើពីក្លិបផ្សេងតែមួយ ខ្ញុំនឹងបន្តនៅទីនេះទៀត តែប្រសិនបើមានសំណើពីក្លិប Atletico ខ្ញុំគិតថា វានឹងមានភាពច្បាស់លាស់ជាង»។ Costa បានបន្ថែមទៀតថា៖ «ខ្ញុំនឹងជ្រើសរើសយកអនាគតរបស់ខ្ញុំ មិនមែនពួកគេឡើយ។ ខ្ញុំនឹងមិនផ្លាស់ប្តូរទីក្រុង ឬប្រទេសសម្រាប់ក្លិបផ្សេងដែលមិនស្ថិតក្នុងអេស្ប៉ាញឡើយ»៕
    ប្រភពពី៖ The Sun

  • Chelsea លុបចោលការហែក្បួនបង្ហាញពីការឈ្នះពាន ក្រោយពីការបំផ្ទុះគ្រាប់បែកនៅ Manchester

    Chelsea លុបចោលការហែក្បួនបង្ហាញពីការឈ្នះពាន ក្រោយពីការបំផ្ទុះគ្រាប់បែកនៅ Manchester

    ក្លិបតោខៀវ Chelsea បានលុបចោលគម្រោងនៃរៀបចំការហែក្បួនបង្ហាញពីការឈ្នះពាន ក្នុងទីក្រុងឡុងដ៍ នាថ្ងៃអាទិត្យនេះ ក្រោយពីការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃចន្ទក្នុងទីក្រុង Manchester។ ក្រុមរបស់លោក Antonio Conte បានឈ្នះពានក្របខ័ណ្ឌ Premier League ហើយអាចឈ្នះពានពីរក្នុងរដូវកាលតែមួយ តាមរយៈការឈ្នះពាន FA Cup នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ខាងមុខនេះ។

    អ្នកគាំទ្រដ៏ច្រើនកុះករត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងកម្មវិធីហែក្បួនដ៏រីករាយនេះ។ ក្លិប Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រោយពីការពិចារណាយ៉ាងយកចិត្តទុកដាក់ទៅលើសោកនាដកម្មនេះហើយ យើងមានអារម្មណ៍ថា វាដូចជាមិនសមរម្យឡើយក្នុងការរៀបចំឲ្យមានការហែក្បួនតាមការគ្រោងទុកនៅថ្ងៃអាទិត្យនោះ»។ ក្លិបនេះបានបញ្ជាក់ប្រាប់បន្តថា៖ «ការសម្រេចចិត្តលុបចោលការហែក្បួនអបអរនេះបានកើតឡើង ក្រោយពីមានការរឹតបន្តឹងផ្នែកសន្តិសុខដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលចក្រភពអង់គ្លេស និងយើងបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើការរៀបចំការហែរក្បួននេះរួចហើយ»។

    Chelsea បានបន្ថែមទៀតថា៖ «ដើម្បីសុវត្ថិភាព និងផ្តល់ផលប្រយោជន៍ដល់គ្រប់គ្នា យើងជឿជាក់យ៉ាងមុតមាំថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។ យើងជឿជាក់ថា អ្នកគាំទ្ររបស់យើងនឹងយល់ពីការសម្រេចចិត្តនេះ»៕
    ប្រភពពី៖ Reuters

  • ក្រុមម្ចាស់ជើងឯក Chelsea រំពឹងអាចអបអរយ៉ាងរីករាយថ្ងៃបញ្ចប់រដូវកាល

    ក្រុមម្ចាស់ជើងឯក Chelsea រំពឹងអាចអបអរយ៉ាងរីករាយថ្ងៃបញ្ចប់រដូវកាល

    ការអបអរការឈ្នះពានរបស់ក្រុមតោខៀវ Chelsea នឹងឈានដល់កម្រិតកំពូលជាមួយនឹងការទទួលពាន នៅពេលដែលក្រុម Sunderland ធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ នៅល្ងាចថ្ងៃអាទិត្យនេះ។

    ក្រោយពីបានឈ្នះពានក្របខ័ណ្ឌកំពូលអង់គ្លេស ខណៈដែលនៅសល់២ប្រកួតទៀត ក្រុមរបស់លោក Antonio Conte កំពុងតែត្រៀមបញ្ចប់រដូវកាលនេះទាំងភាពរីករាយ បើទោះបីការដណ្តើមបានជ័យជម្នះ ៤-៣ លើក្រុម Watford កាលពីថ្ងៃចន្ទ បានបង្ហាញថា ពួកគេមិនចង់បញ្ចប់រដូវកាលនេះទាំងភាពស្ងប់ស្ងាត់ក៏ដោយ។  ការជួបប្រកួតជាមួយនឹងក្រុម Sunderland ដែលត្រូវបានកាត់ចេញរួចជាស្រេច នឹងអនុញ្ញាតឲ្យពួកគេបញ្ចប់រដូវកាលទាំងភាពរីករាយ នៅមុនពេលលើកពាន Premier League នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។

    ខ្សែការពារ John Terry នឹងលើកពាននេះនៅថ្ងៃចុងក្រោយនៃការធ្វើជាប្រធានក្រុមរបស់ Chelsea នៅមុនពេលពួកគេធ្វើការផ្តោតអារម្មណ៍ទៅលើការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Arsenal ស្របពេលដែលក្រុមរបស់លោក Conte កំពុងស្រេកឃ្លានក្នុងការឈ្នះពានពីរនៅរដូវកាលតែមួយ។ Terry នឹងចាកចេញពីក្លិបមួយនេះដែលរូបគេបានចូលលេងអស់រយៈពេល២២ឆ្នាំមកហើយ នៅចុងរដូវកាលនេះ ហើយលោក Conte បានបញ្ជាក់ថា លោករំពឹងទុកថា Gary Cahill នឹងត្រូវទទួលតំណែងជាប្រធានក្រុមនៅរដូវកាលក្រោយ។ លោក Conte បានឲ្យដឹងថា៖ «Gary គឺជាអនុប្រធានរបស់យើងនៅរដូវកាលនេះ។

    រូបគេបានដឹកនាំការប្រកួតរាល់ពេលដែល Terry មិនបានចូលលេង។ ពិតណាស់ Gary បានការពារយ៉ាងល្អក្នុងពេលធ្វើជាប្រធានក្រុម ប៉ុន្តែ វាពិតជាសំខាន់ណាស់ក្នុងការបញ្ចប់រដូវកាលនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩រាត្រីនេះ៕
    ប្រភពពី៖ Reuters

  • Mata ជំរុញឲ្យ Man United បង្ហាញពីភាពខ្លាំងរបស់ខ្លួនពេលប៉ះ Southampton រាត្រីនេះ

    Mata ជំរុញឲ្យ Man United បង្ហាញពីភាពខ្លាំងរបស់ខ្លួនពេលប៉ះ Southampton រាត្រីនេះ

    ខ្សែបម្រើអន្តរជាតិអេស្ប៉ាញដ៏មានឥទ្ធិពល Juan Mata បានជំរុញឲ្យក្រុមបិសាចក្រហម Manchester United ដណ្តើមជ័យជម្នះឲ្យបានពីការប្រកួតទាំងពីរលើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ដើម្បីបង្ហាញថា ពួកគេកំពុងតែស្ថិតក្នុងការត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ការប្រកួត Europa League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Ajax។

    ក្រោយពីការរងបរាជ័យ ២-១ របស់ Man United នៅលើទឹកដីក្រុម Tottenham Hotspurs កាលពីថ្ងៃអាទិត្យ ក្រុមបិសាចក្រហមមួយនេះអស់ឱកាសក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ហើយ ហេតុនេះ យុទ្ធនាការក្នុងក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៤ ខែឧសភា ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត នឹងក្លាយជាឱកាសចុងក្រោយរបស់ពួកគេក្នុងការឈ្នះកៅអីទៅលេងក្នុង Champions League។ Man United នឹងត្រូវធ្វើដំណើរទៅជួបក្រុម Southampton នៅរាត្រីនេះ នៅមុនពេលជួបជាមួយនឹងក្រុម Crystal Palace នៅពេលចុងក្រោយនៃរដូវកាលនេះ ហើយបើទោះបីការប្រកួតទាំងពីរលើកនេះហាក់ដូចជាការប្រកួតបង្គ្រប់កិច្ចក៏ដោយ ប៉ុន្តែ Mata បានបញ្ជាក់ថា រូបគេ និងមិត្តរួមក្រុមរបស់គេបានចាត់ទុកថា ជាការប្រកួតដ៏សំខាន់មួយ។

    ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះបានសរសេរនៅលើទំព័រប្លុករបស់គេដែលត្រូវបានចេញផ្សាយតាមរយៈគេហទំព័ររបស់ Man United ថា៖ «នៅពេលនេះ វាដល់ពេលហើយក្នុងការលេងក្នុងការប្រកួតដ៏ល្អពីរទៀតដើម្បីបញ្ចប់រដូវកាល Premier League មុននឹងឈានទៅប្រកួតក្នុង Europa League វគ្គផ្តាច់ព្រ័ត្រ ក្រោមការត្រៀមលក្ខណៈដ៏ល្អបំផុតតាមដែលយើងអាច»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺយប់នេះ៕

  • Sanchez ជួយឲ្យក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងការប្រជែងតំណែងកំពូលទាំង៤

    Sanchez ជួយឲ្យក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងការប្រជែងតំណែងកំពូលទាំង៤

    ខ្សែបម្រើប្រយុទ្ធ Alexis Sanchez បានធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងការប្រជែងសម្រាប់តំណែងកំពូលទាំង៤នៅលើតារាងនៃក្របខ័ណ្ឌ Premier League តាមរយៈការដណ្តើមបានជ័យជម្នះជាលើកទី១របស់ពួកគេនៅលើទឹកដីក្រុម Southampton ក្នុងរយៈពេល១៤ឆ្នាំ ក្រោយពីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធម្សិលមិញ។

    ខ្សែបម្រើប្រយុទ្ធអន្តរជាតិសញ្ជាតិស៊ីលីវ័យ២៨ឆ្នាំរូបនេះ បានទម្លុះតំបន់ខ្សែបម្រើរបស់ក្រុម Southampton មុនពេលស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៣០។ គ្រាប់បាល់បញ្ចូលទីនេះ បានធ្វើឲ្យរូបគេក្លាយជាកីឡាកររបស់ក្រុម Arsenal ដំបូងគេដែលស៊ុតបាល់បញ្ចូលទីបាន២០គ្រាប់ក្នុងរដូវកាលមួយ បើគិតចាប់តាំងពីខ្សែប្រយុទ្ធ Robin van Persie រកគ្រាប់បាល់បញ្ចូលទីសរុបបានក្នុងចំនួននេះដូចគ្នាដែរកាលពី៥ឆ្នាំមុន។

    ខ្សែប្រយុទ្ធ Olivier Giroud បានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្នុងតង់ទី២ ដើម្បីបំពេញការទទួលជ័យជម្នះរបស់ក្រុមតាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី៨៣។ ការទទួលជ័យជម្នះនេះ មានន័យថា ក្រុមរបស់លោក Arsene Wenger ដេញតាមពីក្រោយក្រុមឈរលេខ៤ Manchester City តែ ៣ពិន្ទុប៉ុណ្ណោះ ក្រោយពីបានប្រកួតក្នុងចំនួនស្មើគ្នា និង៤ពិន្ទុតាមពីក្រោយក្រុមលេខ៣ គឺ Liverpool ខណៈដែលនៅសល់មួយប្រកួតទៀតក្នុងដៃ។ បច្ចុប្បន្នក្រុម Arsenal នឹងត្រូវធ្វើដំណើរទៅជួបក្រុម Stoke នៅថ្ងៃសៅរ៍នេះ មុនពេលបញ្ចប់យុទ្ធនាការលីករបស់ពួកគេជាមួយនឹងការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Sunderland និង Everton។

    លោក Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានឲ្យដឹងថា៖ «យើងបានផ្តោតអារម្មណ៍ ហើយខ្ញុំមានអារម្មណ៍ថា នៅពេលដែលយើងរងនូវការខកចិត្ត យើងបានស្ថិតនៅជាមួយគ្នា»។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «យើងបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់យើងបានមួយប្រកួតទៀតហើយ និងខ្ញុំដឹងថា យើងអាចធ្វើដំណើរឆ្ពោះទៅមុខ និងរកគ្រាប់បាល់បញ្ចូលទីបានទៀត។ ក្រុមទាំងមូលពិតជាមានថាមពល មានការផ្តោតអារម្មណ៍ និងបានបង្ហាញពីការស្រេកឃ្លានដ៏គួរឲ្យជឿជាក់ក្នុងការឈ្នះការប្រកួតនេះ»៕

    https://www.youtube.com/watch?v=VembzbJU9Xo
    ប្រភពពី៖ Mirror

  • Middlesbrough ត្រូវកាត់ចេញពីក្រប​ខ័ណ្ឌ Premier League ខណៈ Chelsea ឆ្ពោះទៅកាន់ការលើកពាន

    Middlesbrough ត្រូវកាត់ចេញពីក្រប​ខ័ណ្ឌ Premier League ខណៈ Chelsea ឆ្ពោះទៅកាន់ការលើកពាន

    ក្រុម Middlesbrough ត្រូវ​បាន​កាត់​ចេញ​ពី​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ ក្រោយ​ពី​ពួក​គេ​បាន​ជួប​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-០ ក្រោម​ស្នា​ដៃក្រុម​កំពុង​នាំ​មុខ​លើ​តារាង​លីក Chelsea កាល​ពី​ថ្ងៃ​ចន្ទ​។

    លទ្ធ​ផល​នេះ​មាន​ន័យ​ថា Middlesbrough ដេញ​តាម​ពី​​ក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សវុត្ថិ​ភាព​ដល់​ទៅ​ ៧​ពិន្ទុ ខណៈ​ដែល​​នៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​ ២​លើក​ទៀត​ប៉ុណ្ណោះ ហើយ​និឹងវិល​ទៅកាន់​ក្រប​ខ័ណ្ឌ Championship វិញ ក្រោយពី​បាន​ចំណាយ​ពេល​ត្រឹម​តែ​១​ឆ្នាំ​ក្នុង​ក្រប​​ខ័ណ្ឌ​កំពូល​។ ពួក​គេ​នឹង​ត្រូវ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ឆ្មា​ខ្មៅ Sunderland នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ក្រុម​មាន​មូល​ដ្ឋាន​នៅ​​ភាគ​ឦសាន​មួយ​នេះ ត្រូវ​បាន​កាត់​ចេញ​កាល​ពី​ខែ​មុន​។ ប៉ុន្តែ ការ​ទទួល​ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​​ក្រុម​តោ​ខៀវ Chelsea ត្រូវ​ការ​ជ័​យ​ជម្នះ​ត្រឹម​តែ​ ១​លើក​​ទៀត​​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ដែល​នៅ​​សល់​ ៣​ប្រកួត​​ទៀត​ដើម្បី​លើក​ពាន​​ក្រប​ខ័ណ្ឌ Premier League ជា​លើក​ទី​២​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​។

    Chelsea នឹង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​​កាន់​​ទឹក​ដីក្រុម West Brom ក្នុង​​ការ​ប្រកួត​បន្ទាប់​របស់​គេ​នៅ​ថ្ងៃ​សុក្រ ខាង​មុខ​នេះ​។ លោក Antonio Conte គ្រូ​បង្វឹក​របស់​ក្រុម Chelsea បាន​ឲ្យ​ដឹង​ថា៖ «យើង​​​ប្រាកដ​ជា​រីក​រាយ​។ វា​ជា​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​មួយ​ ហើយ​កីឡាករ​របស់​ខ្ញុំ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​​ការ​​ខិត​ខំ​ដើម្បី​ប្រជែង​យក​បី​ពិន្ទុ​​»​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​ដំណាក់​​កាល​នេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ឈ្នះ និង​ដណ្តើម​យក​ប្រៀប​លើ​ការ​បរា​ជ័យ​របស់ Tottenham​។ បច្ចុប្បន្ន វា​សល់​តែ​មួយ​ជំ​ហាន​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ឈ្នះ​ពាន​។ យើង​ត្រូវ​តែ​​សម្រាក​ឲ្យ​បាន​ល្អ និង​ត្រៀម​លក្ខណៈ​ឲ្យ​រួច​រាល់​ដើម្បី​ជួប​ជាមួយ​​នឹង​ក្រុម West Brom​»​។ ដោយ​ឡែក លោក Steve Agnew គ្រូ​បង្វឹក​របស់​ក្រុម Middlesbrough បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​សោក​ស្តាយ និង​ខក​​ចិត្ត​ណាស់​ជា​មួយ​នឹង​លទ្ធផល​នេះ ហើយ​​បច្ចុប្បន្ន​យើង​​បាន​បាត់​បង់​ទី​តាំង​របស់​​យើង​ក្នុង Premier League​»​៕

    ប្រភព​ព័ត៌​មាន៖ Reuters

  • លោក Conte ជឿជាក់ខ្ពស់ក្នុងការឈ្នះពាន Premier League មុនពេលប៉ះ Middlesbrough រាត្រីនេះ

    លោក Conte ជឿជាក់ខ្ពស់ក្នុងការឈ្នះពាន Premier League មុនពេលប៉ះ Middlesbrough រាត្រីនេះ

    លោក Antonio Conte បាន​បញ្ជាក់​ថា លោក​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ ខណៈដែល​ក្រុម Chelsea កំពុង​តែ​ខិត​​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Premier League​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ នឹង​នាំ​យក​យក​ពាន​កំពូល​របស់​អង់​គ្លេស​ទៅកាន់​​កីឡដ្ឋាន Stamford Bridge ប្រសិន​បើ​​ក្រុមរ​បស់​​លោក​ផ្តួលក្រុម Middlesbrough នៅ​រាត្រី​នេះ និង​យក​ឈ្នះ​លើ​ក្រុម West Brom នៅ​ថ្ងៃ​សុក្រ ខាង​មុខ​។ បន្ទាប់​មក លោក​នឹង​​ត្រូវ​សម្រាក​នៅ​រដូវ​​ក្តៅ ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ជួស​ជុល​ក្រុម Chelsea ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ភាពខ្លាំង​ក្លា​។

    លោក Conte បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ យើង​កំពុង​តែ​ស្ថិតក្នុង​ដំណាក់​កាល​នៃ​ការ​ផ្លាស់​ប្តូរ​។ យើង​​បាត់​បង់​កីឡាករ​ជាច្រើន​ដែល​​បាន​បង្កើត​ប្រវត្តិ​សាស្ត្ររ​បស់​ក្លិប​នេះ​​»​។ ខ្សែ​ប្រយុទ្ធ Diego Costa នឹង​ត្រូវ​ចាក​ចេញ​ដើម្បី​ចូល​​រួម​ជា​​មួយ​នឹងក្លិប​នៅ​ចិន​នា​រដូវ​ក្តៅ​នេះ ហើយ​លោក Conte បាន​បញ្ជាក់​ថា៖ «​នៅ​រដូវកាល​នេះ យើង​បាន​បាត់​បង់​ខ្សែ​ការ​ពារ Ivanovic យើង​បាន​បាត់​បង់ Mikel ហើយ​នៅ​រដូវ​​​កាល​ក្រោយ យើង​នឹង​បាត់​បង់ John Terry ពោល​គឺ​កីឡាករ​បីនាក់​។ កុំ​​ភ្លេច​ថា Oscar បាន​ចាក​ចេញ​កាល​ពី​ខែ​មក​រា ដែល​នៅ​​​ពេលនោះ​យើង​​បាន​លក់រូប​គេ​ចេញ​»​។

    គ្រូ​បង្វឹក​រូប​​បាន​បន្ថែម​ទៀត​ថា៖ «បច្ចុប្បន្ន វា​ពិត​ជា​លំ​បាក​ណាស់​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ទាក់​ទង​នឹង​ Costa ហើយ​ខ្ញុំ​មិន​ចង់​គិត​ពីបញ្ហា​នេះ​ឡើយ​។ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​ប្រកួត​បច្ចុប្ប និង​ត្រៀម​លក្ខណៈ​ឲ្យ​រួច​រាល់​ក្នុង​ការ​ប្រឈម​មុខ​នឹង​រាល់​ស្ថាន​ភាព​ទាំង​អស់ និង​ស្វែង​រក​ដំណោះស្រាយ​ដ៏​ត្រឹម​ត្រូវ​»​។ Chelsea អាច​នឹង​ទិញ​ចូល​កីឡាករ​ថ្មី​៦​នាក់​​ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​។ ក្រុម Chelsea នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ ដោយ​ការ​ជឿ​ជាក់ ក្រោយពី​​ចាញ់​តែ​មួយ​លើក​គត់​ពី​ការ​ប្រកួត​ក្នុងផ្ទះខ្លួន​ឯង​៥​លើក​ចុ​ង​ក្រោយ​របស់​ពួក​គេ ប៉ុន្តែ ឈ្នះ​ដល់​ទៅ​៤​លើក​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Mirror

  • លោក Mourinho មិនខកចិត្ត ទោះការមិនស្គាល់ចាញ់របស់ Man Utd បញ្ចប់ក្រោមដៃ Arsenal

    លោក Mourinho មិនខកចិត្ត ទោះការមិនស្គាល់ចាញ់របស់ Man Utd បញ្ចប់ក្រោមដៃ Arsenal

    កំណត់​ត្រា​នៃ​ការ​មិន​ស្គាល់​ចាញ់​ក្នុង​ការ​ប្រកួត​លីក​របស់​ក្រុម​បិសាចក្រហម Manchester United បាន​​ឈាន​​ដល់​ទី​បញ្ចប់​ទាំង​ការ​ខក​ចិត្ត ពេល​ប្រកួត​ជា​មួយ​នឹងក្រុម​របស់​លោក Arsene Wenger នា​កីឡដ្ឋាន Emirates ក្រោយ​ពី​ក្រុម​​របស់​លោក​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ ក្រោម​ស្នា​ដៃក្រុម Arsenal កាល​ពី​ថ្ងៃ​​អាទិត្យ​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​ចន្លោះ​ពេល​ដ៏​រហ័ស​​ពីសំណាក់​ខ្សែ​បម្រើ Granit Xhaka និង​ខ្សែ​​ប្រយុទ្ធ Danny Welbeck បាន​ជួយ​ឲ្យ​ក្រុម​កាំ​ភ្លើង​ធំ Arsenal ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏សំខាន់​មួយ និង​​បាន​បំ​បែក​បច្ចេក​ទេស​ការ​ពារ​នៃ​ក្រុម​របស់​លោក Jose Mourinho ដើម្បី​បង្កើន​​ឱកាស​របស់​ពួក​គេ​ក្នុង​ការ​ប្រជែង​យក​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​។ Man United មិន​ធ្លាប់​ចាញ់​សោះ​ពី​ការ​ប្រកួត​ទាំង​២៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្រោយ​ពី​ចាញ់​​ក្រោមស្នា​ដៃក្រុម Chelsea ក្នុង​លទ្ធផល ៤-០ នៅ​កីឡដ្ឋាន Stamford Bridge បើ​ទោះ​បី​ពាក់​កណ្តាល​នៃ​លទ្ធ​ផល​​ទាំង​នោះ បានប​ញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ក៏​ដោយ​។ ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​បាន​ជួប​លទ្ធ​ផល​ដ៏​ខក​ចិត្ត​ពេល​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល​​លោក Mourinho បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​កីឡាករ​ដល់​ទៅ​៨​នាក់​ទៅ​​លើ​សមា​ជិក​ក្រុម​ដែល​បាន​ផ្តួលក្រុម Celta Vigo ក្នុង​លទ្ធ​ផល ១-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

    លោក Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man United បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ផ្លាស់​ប្តូរ​កីឡាករ​៨​នាក់​។ ពិត​​ណាស់ យើង​បាន​ដឹង​ថា យើង​នឹង​មិន​មាន​ភាព​ខ្លាំង​ក្លា​ពេញ​លេញ​ឡើយ​។ នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​។ យើង​​ចង់​​ដណ្តើម​ពាន Europa League ពី​ព្រោះ​វា​សំខាន់​​ជាង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​​ទៅ​ទៀត​»​។ គ្រូ​បង្វឹក​​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ បាន​បន្ថែម​ទៀត​ថា​៖ «ពាន​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ឈ្នះ​គឺ​មាន​រយៈ​ពេល​៣​ខែ​មក​ហើយ​។ ខ្ញុំ​មិន​ខ្វល់​ពី​បញ្ហា​នោះ​ឡើយ​។ ថ្ងៃ​​ព្រហស្បតិ៍ គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់​​ប្រចាំ​រដូវ​កាល​នេះ​។ ខ្ញុំ​សង្ឃឹម​ថា Old Trafford មាន​អារម្មណ៍​បែប​នេះ ពី​ព្រោះ​យើង​ត្រូវ​ការ Old Trafford​»​៕

    ប្រភព​ពី​៖ The Sun