Tag: Pregnancy

  • គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    ស្រ្តីមានគភ៌ទាំងឡាយតែងនឹកសង្ស័យថា តើនឹងមានគ្រោះថ្នាក់ឬទេ? បើសិនជាកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃម្ដាយ ព្រោះការតាំងគភ៌កូនភ្លោះ(Multiple Pregnancy)គឺការមានទារកនៅក្នុងផ្ទៃម្ដាយច្រើនជាង 1នាក់ ដែលអាចមាន 2នាក់ 3នាក់ 4នាក់ ឬអាចនឹងច្រើនជាងនោះក៏មាន តែផ្ទៃពោះភ្លោះ2 គឺការតាំងគភ៌ភ្លោះ(Twin Pregnancy)ត្រូវបានគេជួបប្រទះច្រើនជាងគេ និងទារកមានឱកាសរស់ជីវិតច្រើនជាងគេបំផុត។ ទារកនៅក្នុងគភ៌ច្រើន ទម្ងន់ខ្លួនរបស់ទារកនឹងថយចុះ និងឱកាសក្នុងការរស់រានមានជីវិតក៏ថយចុះតាមនោះដែរ អាស្រ័យលើបច្ច័យខាងរាងកាយ និងការថែទាំគភ៌របស់ស្រ្តីជាម្ដាយផងដែរ។

    បច្ច័យដែលធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះ មានដូចជា ពូជអម្បូរ គឺមនុស្សនៅក្នុងក្រុមគ្រួសារមានប្រវត្តិធ្លាប់មានផ្ទៃពោះកូនភ្លោះ ការប្រើតិចណូឡូជីខាងវេជ្ជសាស្រ្ត ធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះច្រើនឡើង ដូចជា ការប្រើថ្នាំជំរុញឱ្យមានការទម្លាក់ស៊ុតញីម្ដងៗច្រើនគ្រាប់ជាដើម។

    ផ្ទៃពោះកូនភ្លោះ នៅក្នុងផ្នែកវេជ្ជសាស្រ្តគេរាប់ថា ជាភាពខុសប្រក្រតីរបស់ការតាំងគភ៌ ទើបមានភាពប្រថុយប្រថានពីសភាវជ្រៀតជ្រែកផ្សេងៗច្រើនជាងការតាំងគភ៌ប្រក្រតី ដូចជា ប្រសូតមុនពេលកំណត់ គភ៌មានជាតិពុល សភាវសម្ពាធឈាមឡើងខ្ពស់ ជាដើម។ តែយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែមើលថែទាំយ៉ាងដិតដល់ ដើម្បីការពារសភាវជ្រៀតជ្រែកដែលអាចកើតឡើង ដូច្នេះស្រ្តីមានគភ៌មិនចាំបាច់កង្វល់ចិត្តឡើយ។

    មានផ្ទៃពោះកូនភ្លោះ

    ស្រ្តីជាម្ដាយដែលមានគភ៌កូនភ្លោះ ករណីដែលទារកក្នុងគភ៌ 1 ក្នុងចំណោម2 ឬ 1 ក្នុងចំណោម3 បានស្លាប់ក្នុងខណៈដែលគភ៌នៅមិនទាន់គ្រប់កំណត់ប្រសូត ជាពិសេសអំឡុងពេលក្រោយ 12 – 15សប្ដាហ៍ ឬក្នុងអំឡុងត្រីមាសដំបូង ដែលរាប់ថា ផ្ទៃពោះនៅខ្ចីនោះ នឹងមិនទាន់មានបញ្ហាអ្វីទេ ព្រោះតួកំណើត ឬកូនជីវិតដែលស្លាប់នោះនឹងរលាយបាត់ទៅវិញតាមធម្មជាតិ មិនហុចផលប៉ះពាល់ ឬមានផលអាក្រក់ចំពោះទារកដែលនៅមានជីវិតរស់នោះឡើយ។

    តែបើកូនភ្លោះមួយណាស្លាប់ក្រោយអាយុគភ៌ 20សប្ដាហ៍ ដែលគេច្រើនជួបប្រទះប្រមាណជា 5ភាគរយនៃចំនួនស្រ្តីមានគភ៌កូនភ្លោះទាំងអស់នោះ អាចកើតបញ្ហាប៉ះពាល់ដល់ទារកដែលនៅមានជីវិត ព្រោះទារកដែលស្លាប់ទៅនោះប្រៀបដូចជាវត្ថុចម្លែកនៅក្នុងរាងកាយម្ដាយ និងជាកត្តាអាក្រក់ក្នុងការសាងសារធាតុដែលធ្វើឱ្យកើតការបង្កកខ្លួនរបស់ឈាមដែលខុសប្រក្រតី ហុចផលឱ្យស្រ្តីមានគភ៌អាចមានហូរឈាមខុសប្រក្រតី ធ្វើឱ្យកើតការឈឺពោះប្រសូតមុនកំណត់របស់ទារកដែលនៅរស់នោះបាន។

    ភាពខុសប្លែកនៃការស្លាប់របស់ទារកភ្លោះក្នុងគភ៌ មានដូចខាងក្រោម ៈ

    . តាំងគភ៌ភ្លោះក្នុងស៊ុតតែមួយជាមួយគ្នា ទារកភ្លោះនឹងស្ថិតនៅក្នុងថង់ទឹកតែមួយជាមួយគ្នា ការស្លាប់របស់ទារកភ្លោះមួយ នឹងធ្វើឱ្យទារកភ្លោះដែលនៅរស់បាត់បង់លោហិត ស្លេកស្លាំង មានសម្ពាធឈាមទាប និងមានឱកាសស្លាប់ខ្ពស់ដល់ទៅ 15ភាគរយ។

    . ផ្ទៃពោះកូនភ្លោះតាមរយៈស៊ុត 2គ្រាប់ ដែលទារកនឹងស្ថិតនៅក្នុងថង់ទឹកម្នាក់មួយផ្សេងគ្នា ទោះជាទារកដែលនៅរស់អាចកើតគ្រោះថ្នាក់ដល់ស្លាប់ដោយសារការបាត់បង់លោហិត ឬការឆ្លងមេរោគក្ដី តែឱកាសស្លាប់មានតិចជាង គឺត្រឹមតែ 3ភាគរយប៉ុណ្ណោះ។

    ការប្រតិបត្តិរបស់ស្រ្តីមានផ្ទៃពោះកូនភ្លោះដែលបាត់បង់កូនមួយ

    ការណែនាំពីគ្រូពេទ្យសម្រាប់ស្រ្តីដែលមានគភ៌កូនភ្លោះដែលទារកម្នាក់បានស្លាប់ ត្រូវប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនឯង និងទារកដែលនៅមានជីវិត ដោយគ្រូពេទ្យនឹងនៅតាមដានមើលថែទាំជាពិសេស។ ចំណែកឯចំណុចសង្កេតដែលសំខាន់សម្រាប់ទារកភ្លោះដែលនៅមានជីវិតនោះគឺ ៈ

    1 . សង្កេតការកម្រើក ឬរាប់ការរើរបស់ទារក ៈ បើទារកមិនសូវរើ ឬរើកាន់តែតិចទៅ ឬរើខុសប្រក្រតី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ ស្រ្តីមានគភ៌ខ្លះអាចត្រូវគេងសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យតាមដានយ៉ាងប្រយ័ត្នប្រយែងពីអាការជ្រៀតជ្រែកផ្សេងៗដែលអាចកើតឡើង ដើម្បសុវត្ថិភាពរបស់ស្រ្តីជាម្ដាយ និងកូនក្នុងផ្ទៃ។

    2 . ពិនិត្យដោយការឆ្លុះអេកូសាស្រ្ត ដើម្បីពិនិត្យមើលសុក ទឹកភ្លោះ និងពិនិត្យសុខភាពរបស់ទារកក្នុងគភ៌ ដោយគ្រូពេទ្យនឹងណាត់ឱ្យមកពិនិត្យគភ៌ញឹកញាប់ឡើង។

    3 . បើពិនិត្យឃើញមានភាពខុសប្រក្រតី គ្រូពេទ្យអាចពិចារណាឱ្យប្រសូតភ្លាមៗ។ សម្រាប់វិធីការប្រសូត ស្រ្តីមានគភ៌អាចប្រសូតដោយខ្លួនឯងតាមធម្មជាតិ បើសិនគ្មានសញ្ញាណាមួយបង្ហាញថា ត្រូវតែវះកាត់ប្រសូតទេនោះ៕

  • ធ្លាប់នឹកឆ្ងល់ទេថា កូននៅក្នុងផ្ទៃម្តាយដកដង្ហើមយ៉ាងណា?

    ធ្លាប់នឹកឆ្ងល់ទេថា កូននៅក្នុងផ្ទៃម្តាយដកដង្ហើមយ៉ាងណា?

    ការដកដង្ហើមគឺជារឿងចាំបាច់បំផុតក្នុងការមានជីវិត រួមទាំងទារកដែលនៅក្នុងគភ៌របស់អ្នកម្តាយផងដែរ ជាប្រក្រតីមនុស្សយើងដកដង្ហើមបានព្រោះមានសួតជាអវយវៈសំខាន់ដែលធ្វើឱ្យអាចដកដង្ហើមបាន តែសម្រាប់ទារកដែលនៅក្នុងគភ៌មាតាវិញ ទម្រាំតែសួតចាប់ផ្តើមអភិវឌ្ឍ ក៏ប្រមាណជា ខែទី 7 ឬប្រមាណជា 28 សប្តាហ៍ឡើងទៅ ដែលក៏នៅតែមិនទាន់អាចដកដង្ហើមបានដោយខ្លួនឯងបានដែរ រហូតទាល់តែប្រសូតចេញមក។ តើនៅក្នុងអំឡុងពេលដែលទារកស្ថិតនៅក្នុងគភ៌មាតាដកដង្ហើមយ៉ាងណានោះ យើងនាំគ្នាមកមើលដូចតទៅ។

    1 . ក្នុងអំឡុងអាយុគភ៌ 14 សប្តាហ៍ ទារកក្នុងគភ៌របស់អ្នកម្តាយនឹងបានទទួលអុកស៊ីហ្ស៊ែន ដែលត្រូវបានដឹកជញ្ជូនតាមរយៈខ្សែភ្ជឹតដោយសរសៃឈាមក្រហមខ្នាតធំដែលបំពេញតួនាទីដឹកនាំអាហារ និងអុកស៊ីហ្ស៊ែនពីម្តាយឆ្ពោះទៅទារកហ្នឹងឯង។

    2 . ក្នុងអំឡុងអាយុគភ៌ 18 សប្តាហ៍ សួតចាប់ផ្តើមអភិវឌ្ឍហើយ តែកូនតូចនៅមិនទាន់ដកដង្ហើមបានតាមរយៈទងសុកនៅឡើយទេរហូតទាល់តែជិតប្រសូត។

    3 . ក្នុងអំឡុងអាយុគភ៌ 26 សប្តាហ៍ សួតកំពុងអភិវឌ្ឍទៅក្នុងផ្លូវដែលស្ទើរតែល្អឥតខ្ចោះហើយ បំពង់ខ្យល់នៅក្នុងសួតកំពុងរីកចម្រើនធំធាត់បានយ៉ាងល្អ ថង់ខ្យល់នៅក្នុងសួតរបស់កូននឹងចាប់ផ្តើមកខ្លួនឡើងជាបណ្តើរៗតាំងតែពីពេលនេះទៅរហូតដល់ពេលដែលកូនមានអាយុគ្រប់ 8 ឆ្នាំ។ ច្រមុះរបស់កូនចាប់ផ្តើមហ្វឹកហាត់ដកដង្ហើមហើយ តែនៅមិនអាចដកដង្ហើមបានដោយខ្លួនឯងឡើយ​

    4 . ក្នុងអំឡុងអាយុគភ៌ 34 សប្តាហ៍ ពេលនេះថង់ខ្យល់តូចៗក្នុងសួតរបស់កូនកើនបរិមាណច្រើនឡើងជារឿយៗ តែសួតក៏នៅតែអភិវឌ្ឍមិនទាន់ពេញទំហឹងនៅឡើយដែរ។ នៅក្នុងសួតពេលនេះនឹងមានទឹករំអឹលនៅជុំវិញថង់ខ្យល់ដើម្បីការពារការពង្រីកខ្លួនរបស់សួតនៅពេលកូនចាប់ផ្តើមដកដង្ហើមបានដោយខ្លួនឯងលើកដំបូងក្រោយពិកើតចេញមក។ ពេលនេះទោះជាសួតនៅមិនទាន់ធ្វើការបានល្អឥតខ្ចោះមែន តែបើជាទារកដែលប្រសូតមុនពេលកំណត់ នៅក្នុងខែនេះក៏មានឱកាសក្នុងការនៅរស់ខ្ពស់ដូចគ្នាដែរ។

    5 . ក្នុងអំឡុងអាយុ 40 សប្តាហ៍ សួតរបស់កូនអភិវឌ្ឍរហូតល្អឥតខ្ចោះហើយ និងត្រៀមរួចជាស្រេចក្នុងការដកដង្ហើមដោយខ្លួនឯងហើយ លុះដល់ប្រសូតចេញមកហើយ កូនក៏អាចដកដង្ហើមបានដោយខ្លួនឯងតែម្តង។

    សួតជាអវយវៈដែលអភិវឌ្ឍក្នុងអំឡុងពេលក្រោយៗរបស់ការរីកចម្រើនធំធាត់របស់ទារក ដូច្នេះអ្នកម្តាយត្រូវទប់ប្រគងការថែរទាំគភ៌នេះឱ្យល្អឥតខ្ចោះ និងឱ្យដល់ពេលវេលាស័ក្តិសមដែលទារកអាចដកដង្ហើមបានដោយខ្លួនឯងក្រៅពីប្រសូតចេញមកហើយនោះគឺអំឡុងអាយុគភ៌ 38 – 40 សប្តាហ៍ហ្នឹងឯង៕

  • ទង្វើ 5 យ៉ាងដែលស្រ្តីមានគភ៌មិនគួរធ្វើក្រោយពេលទទួលទានអាហាររួច

    ទង្វើ 5 យ៉ាងដែលស្រ្តីមានគភ៌មិនគួរធ្វើក្រោយពេលទទួលទានអាហាររួច

    តើស្រ្តីមានគភ៌ទាំងឡាយធ្លាប់ធ្វើដែរទេ នៅពេលដែលយើងញ៉ាំអាហារឆ្អែតៗហើយ រឿងដំបូងដែលយើងចង់ធ្វើនោះគឺ គេងលេងមើលទូរទស្សន៍ ឬមិនទេក៏ទៅងូតទឹកឱ្យត្រជាក់កាយសប្បាយចិត្ត ជាដើម តែ តើអ្នកដឹងឬទេថា ទង្វើខ្លះក្រោយពេលទទួលទានអាហាររួចដែលមិនគួរធ្វើនោះ ក៏អាចនាំមកនូវគ្រោះថ្នាក់ដល់សុខភាពបានដែរ ជាពិសេសចំពោះស្រ្តីមានគភ៌។

    1 . មិនគួរងូតទឹក

    សម្រាប់ស្រ្តីមានផ្ទៃពោះ ឬមនុស្សជាច្រើនដែលមានទង្វើចូលចិត្តងូតទឹកភ្លាមៗក្រោយពេលទទួលទានអាហាររួចនោះ គួរតែកែសម្រួលទង្វើនោះជាថ្មីហើយ ព្រោះការងូតទឹកភ្លាមៗក្រោយពេលទទួលទានអាហារឆ្អែតនឹងបន្ថយប្រសិទ្ធភាពការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ តែអ្វីដែលសំខាន់នោះ វានៅហុចផលធ្វើឱ្យប្រព័ន្ធឈាមរត់នៅក្នុងរាងកាយកើតភាពមិនតុល្យការឡើងទៀតផង ដូច្នេះ ឡារ៉ែនសូមណែនាំថា ក្រោយពេលទទួលទានអាហាររួចហើយ គួរសម្រាកប្រមាណជា 30 នាទី ហើយសឹមងូតទឹក ទើបវាហុចផលល្អដល់សុខភាពខ្លាំងជាង។

    2 . មិនគួរទទួលទានផ្លែឈើ

    ក្រោយពីទទួលទានបាយឆ្អែតហើយ ភាគច្រើនយើងច្រើនតែរកផ្លែឈើមកញ៉ាំលាងមាត់ មែនទេចា៎ស? តែបងៗស្រីៗដែលកំពុងមានផ្ទៃពោះដឹងទេថា ផ្លែឈើដែលយើងញ៉ាំចូលទៅភ្លាមៗបន្ទាប់ពីញ៉ាំបាយឆ្អែតហើយនោះ នឹងធ្វើឱ្យកើតជាតិអាស៊ីតកើនឡើងនៅក្នុងក្រពះ និងកើតការចុកឆ្អល់ណែនក្នុងពោះខ្លាំងជាអ្នកដែលមិនមានគភ៌ ធ្វើឱ្យមិនស្រួលក្នុងខ្លួន ដូច្នេះ ឡារ៉ែនសូមណែនាំថា ចូរញ៉ាំផ្លែឈើក្រោយពេលទទួលទានអាហាររួចហើយ 1 ឬ 2 ម៉ោងក្រោយទើបជាការប្រសើរ។

    3 . មិនគួរញ៉ាំទឹកតែ

    បន្ទាប់ពីញ៉ាំបាយឆ្អែតហើយ ឡារ៉ែនមិនណែនាំឱ្យញ៉ាំទឹកតែទេ ព្រោះស្លឹកតែមានភាពជាអាស៊ីតខ្ពស់ នៅពេលទឹកតែដែលញ៉ាំចូលទៅនោះ វានឹងទៅមានប្រតិកម្មម្យ៉ាងជាមួយអាហារធ្វើឱ្យប្រូតេអ៊ីនក្នុងអាហារកើតភាពមិនសមប្រកបឡើង ហុចផលឱ្យក្រពះពិបាកក្នុងការរំលាយអាហារកាន់តែខ្លាំងឡើង។

    4 . មិនគួរដើរច្រើន

    ជឿថា ក្រោយពីទទួលទានអាហារឆ្អែតហើយ មិនមែនចំពោះតែស្រ្តីមានផ្ទៃពោះប៉ុណ្ណោះទេដែលចូលចិត្តក្រោកឡើងចេញទៅដើរដើម្បីរំលាយអាហារ ព្រោះនៅលើមនុស្សទូទៅច្រើនតែមានទង្វើបែបនេះដែរ ដែលនៅក្នុងការពិតវិញ ការទទួលទានអាហាររួចហើយដើរ មិនបានជួយធ្វើឱ្យអាហាររំលាយបានងាយ និងលឿនឡើងនោះទេ តែការដើរក្រោយពេលញ៉ាំបាយឆ្អែតហើយ ក្រៅពីធ្វើឱ្យមានអាការចុកណែនក្នុងពោះហើយនោះ វានៅធ្វើឱ្យប្រព័ន្ធរំលាយអាហារមិនអាចបឺតជ្រាបយកសារធាតុអាហារចូលទៅក្នុងរាងកាយបានល្អដូចតាមតែអាចធ្វើបាននោះឡើយ ដូច្នេះក្រោយពេលទទួលទានអាហារឆ្អែតហើយ មិនគួរក្រោកឡើងទៅដើររំលាយអាហារនោះទេ គួររង់ចាំយ៉ាងតិចប្រមាណជា 20 – 30 នាទី រួចហើយសឹមក្រោកទៅដើរលេងៗកំសាន្តកាយ។

    5 . មិនគួរគេងលក់ឱ្យភ្លាមឡើយ

    ញ៉ាំឆ្អែតៗហើយ អ្នកណាៗក៏ចង់តែទម្រេតខ្លួនគេងភ្លាមៗដែរ មែនទេ? ពិសេសរឹតតែជាស្រ្តីមានគភ៌ផងនោះ រឹតតែចង់ធ្វើបែបនោះទៅទៀត តែឈប់សិន! ព្រោះការគេងលក់ភ្លាមៗក្រោយពេលញ៉ាំបាយរួចហើយ នឹងធ្វើឱ្យអាហារដែលញ៉ាំចូលទៅមិនកើតមានការរំលាយ ព្រោះមិនមែនគ្រាន់តែយើងសម្រាកប៉ុណ្ណោះទេ តែអវយវៈខាងក្នុងផ្សេងៗក៏សម្រាកដូចគ្នា ធ្វើឱ្យប្រសិទ្ធភាពក្នុងការធ្វើការយឺតយ៉ាវចុះ(បេះដូងនៅតែដើរដូចមុន តែជាការដើរក្នុងចង្វាក់ដែលយឺតជាងមុន) ដែលមានទាំងប្រព័ន្ធរំលាយអាហារផងដែរ។ ការដែលអាហារមិនទទួលការរំលាយនោះ ធ្វើឱ្យអាហារត្រូវបានប្រមូលសន្សំនៅក្នុងក្រពះ និងធ្វើឱ្យកើតមានខ្យល់ កើតមានហ្កាសឡើងនៅក្នុងក្រពះ អាចហុចផលឱ្យកើតរោគអាស៊ីតហូរបញ្រ្ចាស់ឡើងបាន៕

  • តើស្រ្តីមានគភ៌អាចងូតត្រាំទឹកក្តៅបានទេ? និងមានសុវត្ថិភាពដែរឬទេ?

    តើស្រ្តីមានគភ៌អាចងូតត្រាំទឹកក្តៅបានទេ? និងមានសុវត្ថិភាពដែរឬទេ?

    នៅពេលអ្នកដឹងថា ខ្លួនមានផ្ទៃពោះហើយនោះ អ្នកតែងតែមានសំនួរ និងចំណុចសង្ស័យកើតឡើងនៅក្នុងចិត្តជាច្រើនថា តើពេលមានផ្ទៃពោះយើងអាចធ្វើបែបនេះ ឬបែបនោះបានដែរឬទេ? រស់នៅ និងធ្វើការងារដូចដែលធ្លាប់បានធ្វើមកបានដែរឬទេ? និងសំនួរ​ដែលជួបប្រទះញឹកញាប់មួយរឿងទៀតនោះគឺ តើការងូតទឹកក្តៅឧណ្ហៗ ឬការត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានទេ? ហើយបើត្រូវការងូតទឹកក្តៅឧណ្ហៗ ឬគេងត្រាំទឹកក្តៅឧណ្ហៗយូរដើម្បីឱ្យរាងកាយបានធូរស្រាលនោះ តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព? សម្រាប់សំនួរទាំងអស់នេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន។

    1 – ស្រ្តីមានគភ៌អាចងូតទឹកក្តៅឧណ្ហៗបាន តែត្រូវកុំឱ្យក្តៅជ្រុលពេក មិនត្រូវឱ្យក្តៅលើសសីតុណ្ហភាពរបស់រាងកាយរបស់អ្នកនៅពេលនោះឡើយ ព្រោះបើអ្នកងូតទឹកដែលក្តៅខ្លាំងពេក អាចធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ និងប្រព័ន្ធឈាមរត់ដែលហូរវឹលលឿនជ្រុលពេកអាចធ្វើឱ្យទារកក្នុងគភ៌មានសភាវតានតឹងធុញថប់បាន។

    2 – ក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូងអាចងូតទឹកក្តៅឧណ្ហៗ ឬត្រាំទឹកក្តៅឧណ្ហៗបាន តែត្រូវមិនឱ្យក្តៅជ្រុលពេកនោះទេ ព្រោះទឹកដែលក្តៅជ្រុលពេក អាចធ្វើឱ្យឆ្អឹងកងខ្នង និងតួកំណើតជីវិតកើតសភាវមិនសមប្រកបបាន។

    3 – មិនគួរងូតត្រាំទឹកក្តៅឧណ្ហៗយូរលើសពី 15 នាទីទេ ព្រោះអំឡុងពេលដែលអ្នកងូតត្រាំទឹកក្តៅឧណ្ហៗនោះ សីតុណ្ហភាពក្នុងរាងកាយរបស់អ្នកនឹងកើនឡើងទៅតាមនោះដែរហ្នឹងឯង។

    4 – បើអ្នកស្ថិតក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូង អាចនឹងកើតមានអាការវិលមុខ ក្អួតចង្អោ ខ្យល់គ ដូច្នេះបើត្រូវការងូតត្រាំទឹកក្តៅឧណ្ហៗនោះ គួរតែត្រៀមទឹកភេសជ្ជៈទុកញ៉ាំបំបាត់អាការវិលមុខផង និងមិនគួរដាក់គន្លឹះទ្វាបន្ទប់ទឹកឡើយ។

    5 – ការដែលស្រ្តីមានគភ៌ងូតត្រាំទឹកក្តៅឧណ្ហៗនេះនឹងធ្វើឱ្យមានការធូរស្រាលសាច់ដុំក្នុងផ្នែកផ្សេងៗបានល្អ ជាពិសេសសាច់ដុំបាតជើង និងខ្នង។ នៅពេលរាងកាយបានធូរស្រាល នឹងធ្វើឱ្យស្រ្តីមានគភ៌គេងលក់រឹតតែស្រួលឡើងដែរ។

    6 – ស្រ្តីមានផ្ទៃពោះដែលមានអាការហើមតាមរាងកាយដូចជា ដៃ ជើងជាដើមនោះ យើងណែនាំឱ្យងូត ឬត្រាំទឹកក្តៅឧណ្ហៗ ព្រោះវានឹងជួយកាត់បន្ថយអាការហើមតាមរាងកាយបានល្អខ្លាំងណាស់។

    7 – ការងូតទឹកក្តៅឧណ្ហៗនឹងជួយសម្រាលអាការបង្រួញខ្លួនរបស់ស្បូនមុនកំណត់ និងថែមទាំងជួយឱ្យទឹកភ្លោះស្ថិតក្នុងកម្រឹតល្អទៀតផង។

    ការងូតទឹកក្តៅឧណ្ហៗក្នុងអំឡុងពេលមានគភ៌ មានទាំងចំណុចល្អ និងចំណុចត្រូវប្រយ័ត្ន ដូច្នេះស្រ្តីមានគភ៌ដែលចូលចិត្តងូត ឬត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានតាមប្រក្រតី តែត្រូវគ្រប់គ្រងកម្រឹតកម្តៅរបស់ទឹកដែលនឹងងូត ឬត្រាំនោះឱ្យស្ថិតក្នុងសីតុណ្ហភាពដែលសមរម្យល្មមក៏គ្រប់គ្រាន់ហើយ៕

  • ឈឺពោះខណៈពេលមានគភ៌ តើជារឿងដែលអ្នកម្តាយត្រូវកង្វល់ដែរឬទេ?

    ឈឺពោះខណៈពេលមានគភ៌ តើជារឿងដែលអ្នកម្តាយត្រូវកង្វល់ដែរឬទេ?

    ស្រ្តីជាច្រើននាក់ដែលមុនពេលមានគភ៌ ភាគច្រើននឹងមានអាការឈឺពោះពេលមានវដ្តរដូវរាល់ខែ លុះដល់ពេលមានគភ៌ក៏គិតថា ការមានគភ៌នឹងធ្វើឱ្យលែងមានអាការឈឺពោះ តែការពិតវិញនោះ មិនមែនដូច្នេះឡើយ ព្រោះស្រ្តីមានផ្ទៃពោះសឹងតែគ្រប់គ្នាតែងតែមានអាការឈឺពោះខណៈពេលមានគភ៌ អ្នកខ្លះឈឺខ្លាំង អ្នកខ្លះឈឺតិច ដែលអាការម្នាក់នឹងខុសប្លែកពីគ្នា។ បើជាការឈឺពោះបន្តិចបន្តួច អ្នកម្តាយមិនចាំបាច់កង្វល់ឡើយ ព្រោះជារឿងប្រក្រតីទេ តែបើមានអាការឈឺបែបធ្ងន់កន្តុកទៅក្រោម ឬឈឺខ្លាំងឡើងៗជារឿយៗនោះ ក៏គួរតែត្រូវសង្កេតមើលអាការផ្សេងៗរួមជាមួយផងហើយ។

    ហេតុអីទើបអ្នកម្តាយមានអាការឈឺពោះខណៈពេលមានគភ៌

    ការតាំងគភ៌ក្នុងត្រីមាសដំបូង រាងកាយរបស់អ្នកម្តាយនឹងមានអាការប្រែប្រួលផ្សេងៗយ៉ាងឆាប់រហ័ស រហូតដល់អ្នកម្តាយអាចនឹងទប់ទល់មិនទាន់ ទើបធ្វើឱ្យអ្នកម្តាយមានអាការឈឺពោះ និងមូលហេតុសំខាន់នោះគឺ ស្បូនរបស់អ្នកម្តាយកំពុងចាប់ផ្តើមពង្រីកខ្លួនឱ្យធំឡើងហ្នឹងឯង។

    ក្នុងអំឡុងពេលដំបូងៗដែលតាំងគភ៌ អ្នកម្តាយអាចចាប់ផ្តើមឈឺពោះផ្នែកខាងស្តាំ ឬ ឆ្វេង ឈឺបែបបន្តិចបន្តួចដោយសារតែការទម្លាក់ខ្លួនរបស់កូនជីវិត។ អាការឈឺពោះដែលបណ្តាលមកពីមូលហេតុនេះនឹងមិនកើតឡើងយូរទេ និងនៅពេលទម្លាក់ខ្លួនរួចរាល់ហើយ អ្នកម្តាយអាចមានអាការឈឺពោះពីអាការឈឺស្បូនដែលចាប់ផ្តើមមានការប្រែប្រួលដើម្បីពង្រីកឱ្យធំឡើងជារឿយៗយ៉ាងយឺតៗដើម្បីមិនឱ្យអ្នកម្តាយមានអារម្មណ៍ថាទើសទែងខ្លាំងពេក។

    ប្រាកដណាស់ថា ការតាំងគភ៌មិនបានចប់ក្នុងអំឡុងពេល 2 – 3 ខែនោះទេ ស្បូននឹងពង្រីកខ្លួនធំឡើងទៅជារឿយៗរហូតទាល់តែដល់កំណត់ប្រសូត ក្រៅពីនេះក្នុងអំឡុងពេលមានគភ៌ បើអ្នកម្តាយមានភេទសម្ព័ន្ធ ឬការដើរ ការហាត់ប្រាណ ការដើរឡើងចុះជណ្តើរនោះ ក៏អាចធ្វើឱ្យអ្នកម្តាយមានអាការឈឺពោះផ្នែកខាងក្រោមបានដែរ ដោយសារតែការប្រើការរបស់សាច់ដុំលើផ្នែកនោះហ្នឹងឯង។

    តើត្រូវធ្វើយ៉ាងណានៅពេលមានអាការឈឺពោះក្នុងអំឡុងពេលមានគភ៌?

    បើអាការឈឺពោះផ្នែកខាងក្រោមរបស់អ្នកម្តាយជាអាការឈឺពោះបែបប្រក្រតីមិនពាក់ព័ន្ធជាមួយសភាវរលូតអ្វីទេនោះ អ្នកម្តាយអាចសម្រាលអាការឈឺពោះបែបនេះបាន ដូចខាងក្រោមនេះ ៈ

    – បញ្ឈប់កិច្ចការងារផ្សេងៗដែលកំពុងធ្វើនោះភ្លាម ដើម្បីអង្គុយ ឬគេងសម្រាកឱ្យរាងកាយបានធូរស្រាល មួយស្របក់អ្នកម្តាយនឹងមានអារម្មណ៍ថា ការឈឺពោះថយចុះ និងមានអាការល្អប្រសើរឡើងវិញមិនខាន។

    – ទម្លាក់ខ្លួនគេង និងសង្កេតមើលថា តើមានអាការឈឺផ្នែកខាងណា ហើយសាកល្បងគេងផ្អៀងខាងឆ្វេង ឬ ខាងស្តាំមើលថា តើគេងផ្អៀងខាងណានឹងធ្វើឱ្យអាការឈឺពោះនោះធូរស្រាលឡើងវិញ?។

    – ងូតទឹកក្តៅឧណ្ហៗ ព្រោះការងូតទឹកក្តៅឧណ្ហៗនឹងជួយកាត់បន្ថយអាការឈឺពោះតាមរាងកាយបានល្អ ឬអាចញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបន្ថយអាការឈឺបាន។

    តែក្នុងករណីដែលមានអាការឈឺពោះខ្លាំង ធ្វើយ៉ាងណាក៏មិនធូរស្រាលឡើងដែរនោះ ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលគភ៌ និងរាងកាយ ឬសុំការប្រឹក្សាក៏បាន៕