Tag: Porsche

  • CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

    CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

    អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ចិន​ Xiaomi នា​ថ្ងៃ​នេះ​ បាន​ឱ្យ​ដឹង​ថា គោល​ដៅ​របស់លោក​សម្រាប់​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន​ គឺ​វា​នឹង​ជា «រថយន្ត​ស្អាត​បំផុត​ ងាយ​ស្រួល​បើកបរ​បំផុត និង​ឆ្លាត​វៃបំផុត» ហើយ​មាន​តម្លៃ​ក្រោម​ 69,424 ដុល្លារ​អាម៉េរិក​។

    នៅ​ថ្ងៃ​ទី​ 28 ខាង​មុខ Xiaomi នឹង​ប្រកាស​តម្លៃ​​ជា​ផ្លូវ​ការ​ ហើយ​ក៏​ចាប់​ផ្ដើម​ទទួល​ការ​បញ្ជា​ទិញ​សម្រាប់​រថយន្ត​អគ្គិសនី SU7។

    លោក Lei Jun ដែល​ជា​ CEO របស់ Xiaomi បាន​អួត​ថា SU7 មាន​បច្ចេកវិទ្យា​ដែល​អាច​បង្កើន​ល្បឿន​បាន​ល្អ​ជាង​រថយន្ត​អគ្គិសនី​ Tesla របស់​អាម៉េរិក និង Porsche របស់​អាល្លឺម៉ង់​ទៅ​ទៀត​។

  • Honda បង្ហាញ​កង់​អគ្គិសនីដំបូង​បង្អស់​របស់​ខ្លួន​

    Honda បង្ហាញ​កង់​អគ្គិសនីដំបូង​បង្អស់​របស់​ខ្លួន​

    ក្រុម​ហ៊ុន​ជប៉ុន Honda កំពុង​តែ​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​យាន​យន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ដោយ​ការ​បញ្ចេញ​កង់​អគ្គិសនី​ដំបូង​បង្អស់​របស់​ខ្លួន នោះ​គឺ Honda e-MTB Concept។

    កង់​អគ្គិសនី​នេះ​ទើប​តែត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ Japan Mobility Show នៅ​តូក្យូ​ ជា​ទី​ដែល​ Honda រួម​នឹង​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ម៉ូតូ និង​រថយន្ត​លំដាប់​កំពូល​ៗ​ដទៃ​ទៀតនៅ​ប្រទេស​ជប៉ុន​ បង្ហាញ​ផលិត​ផល​ដែល​មាន​លក្ខណៈ​ជា​អនាគត​ និង​/ឬ​ពង្រីក​យីហោ​របស់​ពួក​គេ​។

    កង់​អគ្គិសនី​ Honda e-MTB Concept ត្រូវ​បាន​គេ​ជឿ​ថា ប្រើប្រាស់​ម៉ូទ័រ Brose ដែល​មាន​ស្រាប់​នា​បច្ចុប្បន្ន​។ វា​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​ SRAM Eagle AXS, ហ្វ្រាំង​កម្លាំង​ទឹក Shimano, ប្រព័ន្ធ​ជើង​ទប់​ក្រោម​ Fox នៅ​ខាង​មុខ​ និង​ខាង​ក្រោយ​, ទម្រ​កែប RockShox Reverb, កង់ DT Swiss XM 1700 និង​សំបកកង់ Maxxis Minion DHF។

    សម្រាប់​ Honda គោលដៅ​របស់​ពួក​គេ​គឺ​ការ​បូក​បញ្ចូល​គ្នា​រវាង​ម៉ូតូ និង​កង់​ទៅ​ក្នុង​ផលិតផល​មួយ​ដែល​អាច​ជិះ​លើ​ភ្នំ​ នៅ​តំបន់​ដែល​មាន​ឧបសគ្គ​ច្រើន​។

    Honda មិន​មែន​ជា​អ្នក​ផលិត​រថយន្ត​ ឬ​ម៉ូតូ​ដំបូង​គេ​ដែល​​យក​កង់​អគ្គិសនី​ធ្វើជា​អ្នក​នាំ​ផ្លូវ​ដ៏​មាន​សក្ដានុពល​ដើម្បី​ពង្រីក​យីហោ​នោះទេ​។​ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ធ្វើដូច្នេះ​ ក្នុង​នោះ​មាន​ដូច​ជា Harley-Davidson, Porsche និង​ Peugeot ជា​ដើម​។

    ថ្មី​ៗ​នេះ HUMMER និង Jeep ក៏​បាន​ និង​កំពុង​ប្រឹង​ប្រែង​ដើម្បី​ពង្រីក​យីហោ​របស់​ខ្លួន​ទៅ​កាន់​វិស័យ​កង់​អគ្គិសនី​​ផងដែរ​។

  • Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

    Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

    រថយន្ត​អគ្គិសនី RS e-tron GT អាច​តាម​ទាន់ Model S Plaid របស់ Tesla។ នេះ​គឺជា​ក្ដីសង្ឃឹម​របស់​ក្រុម​ហ៊ុន​ Audi​។ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Volkswagen Group មួយ​នេះ​កំពុង​បញ្ចុះ​តម្លៃ​រហូត​ដល់ 20,000 ដុល្លារអាម៉េរិក​ សម្រាប់​ម៉ូដែល e-tron GT គ្រា​ដែល​កំពុង​ចូល​រួមប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​។

    ទន្ទឹមនឹង Porsche Taycan Turbo ក្រុម​ហ៊ុន Audi គឺជា​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​ដែល​កំពុង​ប្រជែង​ជាមួយ​នឹង​ Tesla Model S ដោយ​ប្រើប្រាស់​ Audi e-tron GT។

    ដោយ​មាន​កម្លាំង​​ឡើង​ដល់​ 637 សេះ​ រថយន្ត​អគ្គិសនី​ Audi e-tron GT អាច​បង្កើន​ល្បឿន​ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង ដោយ​ចំណាយ​ពេល​តែ 3.1 វិនាទី​។ ថ្មលីចូម – អ៊ីយ៉ុង (lithium-ion) 93 kWh របស់​វា​ ជួយ​ឱ្យ​ធ្វើដំណើរ​បាន​ 400 គីឡូម៉ែត្រ​ និង​អាច​បញ្ចូល​ថាមពល​រហ័ស​ ចាប់​ផ្ដើម​ពី 5% ឡើងដល់ 80% ដោយ​ប្រើ​ពេល​ 22.5 នាទី​។

    ក្រុម​ហ៊ុន Audi កំពុង​បញ្ចុះ​តម្លៃ​ 20,000 ដុល្លារ​ សម្រាប់ RS e-tron GT 2023។ នេះ​បើតាម​ព័ត៌មាន​ដែល​ត្រូវ​បាន​ Audi ផ្ញើ​ទៅ​កាន់​តំណាង​ចែក​ចាយ​នានា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    Audi RS e-tron GT

    ក្រោយ​ពី​បញ្ចុះ​តម្លៃ 20,000 ដុល្លារ Audi RS e-tron GT នៅ​តែ​មាន​តម្លៃ​ចាប់​ពី 125,395 ដុល្លារ​ ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​ 80,890 ដុល្លារ​របស់ Model S Plaid របស់ Tesla។

    Tesla Model S Plaid បំពាក់​ម៉ូទ័រ​អគ្គិសនី​កម្លាំង 1,020 សេះ​ អាច​បង្កើន​ល្បឿន​ចាប់ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង​ដោយ​ស៊ី​​ពេល 1.99 វិនាទី​ និង​ធ្វើ​ដំណើរ​បាន​រហូត​ដល់ 637 គីឡូម៉ែត្រ​ ក៏ដូចជា​អាច​រត់ក្នុងល្បឿន​ 200 ម៉ាយ​/ម៉ោង ឬជិត 222 គីឡូម៉ែត្រ​/ម៉ោង​។

    Model S Plaid របស់ Tesla

    ក្រៅ​ពី RS e-tron GT ក្រុម​ហ៊ុន Audi ក៏​កំពុង​បញ្ចុះ​តម្លៃ​ 12,500 ដុល្លារ​សម្រាប់ e-tron GT 2023 កំណែ​ស្ដង់ដា, បញ្ចុះតម្លៃ​ 10,000 ដុល្លារ​សម្រាប់ RS e-tron GT 2024 និង​ 5,000 ដុល្លារ​សម្រាប់​ e-tron GT 2024 កំណែ​ធម្មតា​៕

  • ម៉ូតូ​អគ្គិសនី Yadea F 200 ABS ជា​ផលិតផល​សហការ​ជាមួយ Porsche

    ម៉ូតូ​អគ្គិសនី Yadea F 200 ABS ជា​ផលិតផល​សហការ​ជាមួយ Porsche

    ម៉ូតូ​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន Yadea សហការ​ជាមួយ​ក្រុមហ៊ុន Porsche បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ អាច​ជិះ​បាន​ចម្ងាយ 129 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។

    ក្រុមហ៊ុន​ផលិត​ម៉ូតូ​ចិន Yadea បានបង្ហាញ​ម៉ូតូ​អគ្គិសនី​ម៉ូ​ដែល F 200 ABS មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ម៉ូតូ​សាំង 125cc។ ម៉ូតូ​នេះ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ, កម្លាំង​រមួល​កង់ 235 Nm ជួយ​ឱ្យ​បង្កើនល្បឿន​ពី 0-50 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 2.5 វិនាទី ហើយ​អាចធ្វើ​ដំណើរ​បាន 100 គីឡូម៉ែត្រ/ម៉ោង និង​រត់​បាន​ចម្ងាយ 129 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ។

    ក្រៅពី​កម្លាំង ចំណុច​ពិសេស​ផ្សេងទៀត​របស់ Yadea F 200 ABS គឺ​រូបរាង។ ក្រុមហ៊ុន​ចិន Yadea និយាយថា F 200 ABS របស់​ខ្លួន​គឺ​ជា​ផលិត​ផល​ដែល​​កើត​ចេញ​ពី​កិច្ច​​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Porsche​។ រូបរាង​របស់​ម៉ូតូ​នេះ​​យក​តាម​​​គំនិត​នៅក្នុង​កិច្ចការ​ឆ្លាក់ រួម​ផ្សំ​នឹង​​ចំណុច​លេចធ្លោ​​របស់​​រថយន្ត Porsche។

    F 200 ABS បំពាក់​អំពូល​ភ្លើង​ពេល​ថ្ងៃ​ដ៏​លេចធ្លោ និង​អំពូល LED មួយគូ​នៅ​ខាងមុខ​ ហើយ​ក្បាល​របស់​ម៉ូតូ​នេះ​ក៏មាន​របាំង​​ការ​ពារ​ខ្យល់​​។ ចំណែក​​​អំពូល​ភ្លើង​ខាងក្រោយ និង​អំពូល​ភ្លើង​ហ្វ្រាំង គឺ​យក​តាម​គំនិត​ស្ដី​​ពី​​ពាណិជ្ជ​សញ្ញា​​របស់ Yadea។

    Yadea F 200 ABS មាន​តា​ប្លូ​ឌីជីថល និង​ឃ្លុប​ក្រោម​កែប ទំហំ​ធំ។ កង់​ទី​ពីរ​របស់​ម៉ូតូ​នេះ​ត្រូវបាន​បំពាក់​ហ្វាំ​ង​ឌី​ស ខណៈ​ថ្ម​ផ្ទុក​អគ្គិសនី​ត្រូវបាន​ដាក់​ក្រោម​ឈ្នាន់។

    យោងតាម​ទំព័រ Paultan ក្រុមហ៊ុន Yadea មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​តម្លៃ ថ្ងៃ​ដាក់លក់ ក៏ដូចជា​ទីផ្សារដំបូងៗរបស់ F 200 ABS នេះ​នៅឡើយ៕

  • Porsche ផ្តល់​ការ​បើកបរ​​សាក​ល្បង​​​ក្នុង​ទីលាន Sepang International Circuit

    Porsche ផ្តល់​ការ​បើកបរ​​សាក​ល្បង​​​ក្នុង​ទីលាន Sepang International Circuit

    Porsche ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​លំដាប់​ពិភព​លោក កាល​ពី​សប្តាហ៍​កន្លង​មក​បាន រៀបចំ​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​“Porsche Media Driving Academy 2017” នៅ​លើ​ទីលាន​ប្រណាំង​រថយន្ត​ Sepang International Circuit ក្នុង​ប្រទេស​ម៉ាឡេស៊ី។

    កំពូល​អ្នក​ប្រណាំង​រថយន្ត​ពិភព​លោក​ជន​ជាតិ​ញូហ្សេឡែន​របស់​ក្រុមហ៊ុន Porsche លោក Earl Bamber ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍“Porsche Media Driving Academy 2017” បាន​និយាយ​ថា​ លោក​ពិត​ជា​មាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចូល​រួម​ក្នុង​ការ​ចែក​រំលែក​នូវ​បទ​ពិសោធ​របស់​លោក​ដល់​អ្នក​ចូល​រួម​ទាំង​អស់​។ លោក​បាន​បញ្ជាក់​ថា៖”ជា​មួយ​នឹង​រថយន្ត Porsche លោក​អ្នក​នឹង​ទទួល​បាន​នូវ​ការ​បើក​មួយ​ដ៏​អស្ចារ្យ​កម្រិត​ពិភព​លោក​”។

    “Porsche Media Driving Academy 2017” មាន​ការ​ចូល​រួម​ពី​អ្នក​សារ​ព័ត៌មាន​មក​ពី​ប្រទេស​ជា​ច្រើន​ដូច​ជា កម្ពុជា ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី សិង្ហបុរី ហុងកុង និង​តៃវ៉ាន់ ជាដើម។

    ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន Porsche បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្ម​វិធី​ដែល​ប្រព្រឹត្ត​ឡើង​ពេញ​1​ថ្ងៃ​ (​ថ្ងៃ​ទី​6 ខែ​កក្កដា ឆ្នាំ​2017) មាន​គោល​បំណង​ដើម្បី​ធ្វើ​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ពី​ការ​បើក​បរ​រថយន្ត​ប្រណាំង​ពិភព​លោក​ដល់​អ្នក​សារ​ព័ត៌មាន​នៃ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ តាម​រយៈ​ការ​បង្ហាញ​ពី​បច្ចេកទេស​នៃ​ការ​បើកបរ និង​ការ​ផ្តល់​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់​បាន​បើក​បរ​នៅ​លើ​ទីលាន​ដោយ​ផ្ទាល់​នោះ នឹង​ធ្វើ​ឱ្យ​ពួក​គេ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​សុវត្ថិភាព និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បើក​បរ ព្រម​ទាំង​បាន​សាកល្បង​ជាមួយ​នឹង​រថយន្ត​ដែល​មាន​កម្លាំង​ខ្លាំង និង​មាន​បំពាក់​ទៅ​ដោយ​បច្ចេក​វិទ្យា​ទំនើបៗ​ទៀត​ផង។

    រថយន្ត​ដែលក្រុមហ៊ុន​ផ្តល់​ឱ្យ​អ្នក​ចូល​រួម​បើក​បរសាក​ល្បង​​ក្នុង​ពេល​នោះ​មាន​ដូច​ជា​ Porsche Panamera Turbo, Porsche Panamera 4S, Porsche 911 Carrera S, Porsche 911 Carrera 4S, Porsche 911 Targa 4S, Porsche 911 Turbo, Porsche 911 Turbo S, Porsche Cayenne GTS, Porsche Cayenne Turbo, Porsche Cayenne Turbo S, Porsche 718 Boxster, Porsche 718 Boxster S និង Porsche Macan GTS៕