Tag: Pep Guardiola

  • UEFA ប្រកាស​អំពី​ម្ចាស់​ពានរង្វាន់ «កីឡាករ​ឆ្នើម​បំផុត​នៅ Champions League»

    UEFA ប្រកាស​អំពី​ម្ចាស់​ពានរង្វាន់ «កីឡាករ​ឆ្នើម​បំផុត​នៅ Champions League»

    ក្នុងនាម​ជា​ម្ចាស់​ជើងឯក​បាល់ទាត់ Champions League យើង​ងាយ​យល់បាន​ថា ហេតុអ្វី​កីឡាករ​របស់ Man City ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡា​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​នេះ។

    Man City បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់ Champions League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​បាន​ផ្ដួល Inter Milan ដោយ​លទ្ធផល 1-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 11 មិថុនា 2023 (ម៉ោង​នៅ​កម្ពុជា)។ នេះ​គឺជា​សមិទ្ធផល​ដ៏​សក្ដិសម​សម្រាប់​កូនសិស្ស និង​គ្រូបង្វឹក Pep Guardiola ក្រោយពី​អ្វីដែល​ពួកគេ​បានធ្វើ​នៅក្នុង​រដូវ​កាល​នេះ។

    មិនយូរប៉ុន្មាន​បន្ទាប់​ពី​ពានរង្វាន់​ជើងឯក​បាល់ទាត់ Champions League ត្រូវបាន​ប្រគល់ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ក៏បាន​ប្រកាស​ឈ្មោះ​ម្ចាស់​ជ័យលាភី «កីឡាករ​ឆ្នើម​បំផុត​របស់ Champions League 2022/2023»។ កំពូល​កីឡាករ Erling Haaland ពុំមែន​ជា​អ្នក​បានទទួល​ពានរង្វាន់​នេះ បើ​ទោះ​រកបាន 12 គ្រាប់​ឱ្យ Man City។ ពានរង្វាន់​នេះ​បាន​ទៅលើ​កីឡាករ Rodri (Rodrigo Hernández Cascante)។

    Rodri គឺជា​អ្នក​បាន​ជួយ​ឱ្យ Man City ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។ នេះ​ក៏​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល Man City បាន​ក្លាយជា​ក្រុមបាល់ទាត់​ទី​ពីរ​នៅ​អង់គ្លេស ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​ចំនួន​បី​ក្នុង​មួយ​រដូវ​កាល បន្ទាប់ពី Man Utd ដណ្ដើមបាន​កាលពី​ឆ្នាំ 1999៕

  • «លោតរំលង» Real ក្រុមបាល់ទាត់​មួយ​នេះ​ក្លាយជា​ក្លឹប​មានតម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    «លោតរំលង» Real ក្រុមបាល់ទាត់​មួយ​នេះ​ក្លាយជា​ក្លឹប​មានតម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ដោយ​បាន​ជោគជ័យ​ច្រើន​ឆ្នាំ​បន្តបន្ទាប់ ពិសេស​គឺ​នៅ​រដូវ​កាល 2022/2023 នេះ តម្លៃ​របស់​ក្រុមបាល់ទាត់​អង់គ្លេស​មួយ​នេះ​បាន​កើន 15% និង​ក្លាយជា​ក្លឹប​បាល់ទាត់​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​នាបច្ចុប្បន្ន​។

    បន្ទាប់ពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក English Premier League និង​ជ័យជម្នះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ FA Cup 2023 ក្លឹប Manchester City កំពុង​ស្ថិតនៅ​ចំពោះមុខ​ឱកាស​ធំ​ដែល​អាច​នាំទៅរក​ការលើក​ពាន​ទាំងបី​ក្នុង​ប្រវត្តិសាស្ត្រ​នា​រដូវ​កាល​នេះ។ ការប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង Inter Milan នៅ​ពានរង្វាន់ Champions League នា​ថ្ងៃទី 11 មិថុនា​ខាងមុខ នឹង​ជា​រនាំង​ចុងក្រោយ​ដែល​កូនសិស្ស និង​គ្រូបង្វឹក Pep Guardiola របស់ Man City ត្រូវ​ឆ្លង​ឱ្យ​ផុត ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​បី​ពាន់រង្វាន់​ក្នុង​មួយ​រដូវ​កាល។

    ថ្មីៗនេះ អង្គការ Brand Finance បានប្រកាស​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​ក្លឹប​បាល់ទាត់​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក ក្នុងនោះ Man City ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់ ដោយសារ​ប្រាក់ចំណូល​កើន នាំឱ្យ​តម្លៃ​យីហោ​ក៏​កើន​បន្ថែម 13% ជួយ​ឱ្យ​តម្លៃ​សរុប​របស់​ក្លឹប​នេះ​លោត​ឡើងដល់ 1.51 ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ 2023។

    តារាង​ចំណាត់​ថ្នាក់​របស់ Brand Finance

    ចំណែក​ក្លឹប​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​​​លំដាប់​ទី​ពីរ​លើ​ពិភពលោក បាន​ទៅលើ Real Madrid ព្រោះតែ​តម្លៃ​យីហោ​បាន​ធ្លាក់​អស់ 4% មក​នៅត្រឹម 1.46 ពាន់​លាន​អឺរ៉ូ។

    បណ្ដា​ក្លឹប​របស់​អេ​ស្ប៉ា​ញ បន្ត​រីកចម្រើន​ខ្លាំង​ក្នុងឆ្នាំនេះ ក្នុងនោះ Barcelona ជាប់​លេខ​បី, Atletico Madrid លេខ 12, Sevilla លេខ 25, Real Betis លេខ 34, Villareal លេខ 36 និង Real Sociedad លេខ 37។

    Man United ជាប់​លេខ​បួន ដោយ​មាន​តម្លៃ 1.4 ពាន់​លាន​អឺរ៉ូ និង​នៅ​ពីលើ Liverpool ដែលមាន​តម្លៃ 1.4 ពាន់​លាន​អឺរ៉ូ​ដូច ប៉ុន្តែ Man United កើន 9% ខណៈ Liverpool កើន​តែ 7%។ Arsenal ជាប់​ចំណាត់ថ្នាក់​លេខ​ដប់ ខណៈ PSG ក៏មាន​ឈ្មោះ​ក្នុង Top 50៕

  • ខ្សែប្រយុទ្ធ​របស់ Man Utd ប្ដេជ្ញា​រារាំង Man City លើក​ពាន​ទាំងបី​ក្នុង​រដូវ​កាល​នេះ

    ខ្សែប្រយុទ្ធ​របស់ Man Utd ប្ដេជ្ញា​រារាំង Man City លើក​ពាន​ទាំងបី​ក្នុង​រដូវ​កាល​នេះ

    (អង់គ្លេស) – ខ្សែប្រយុទ្ធ Marcus Rashford ចាត់ទុកថា ការរារាំង Man City បង្កើត​ឡើងវិញ​ទិដ្ឋភាព​លើក​ពាន​ជើងឯក​ទាំងបី​នៃ​រដូវ​កាល 1998-1999 របស់ Manchester United គឺជា​រឿង​សំខាន់បំផុត នៅមុន​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup។

    «ការ​ធានាថា Man Utd នៅតែ​ជា​ក្លឹប​អង់គ្លេស​តែមួយគត់​ដែល​ដណ្ដើមបាន​ពាន​ជើងឯក​ទាំងបី​ក្នុង​មួយ​រដូវ​កាល (Treble) គឺជា​រឿង​សំខាន់បំផុត» Rashford ​ថ្លែង​ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​ការជំរុញ​ទឹកចិត្ត​របស់គាត់​នៅមុន​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup (Football Association Challenge Cup)។

    ក្រោយពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​លិ​គ​កំពូល​អង់គ្លេស​បន្តបន្ទាប់​ជា​លើក​ទី​បី Man City នៅសល់​ពីរ​ប្រកួត​ទៀត​ដែល​នឹងត្រូវ​ប៉ះ Man Utd ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup នៅ​ទីលាន Wembley របស់​អង់គ្លេស​ ថ្ងៃទី 03 មិថុនា រួច​ប្រកួត​ជាមួយ Inter Milan ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នៅ​ប្រទេស​តួ​ក​គី ថ្ងៃទី 10 មិថុនា។ គ្រូបង្វឹក Pep Guardiola របស់​ក្លឹប Man City ធ្លាប់បាន​សម្ដែង​អំពី​មហិច្ឆតា​លើក​ពាន​ទាំងបី​នេះ​ដើម្បី​បង្កើត​ឡើងវិញ​ទិដ្ឋភាព​នៃ​ជ័យជម្នះ​របស់ Man Utd នៅ​រដូវ​កាល 1998-1999។

    ខ្សែប្រយុទ្ធ Marcus Rashford របស់​ Manchester United

    សម្រាប់ Man Utd វិញ ការ​ផ្ដួល Man City នៅលើ​ទីលាន Wembley របស់​ក្រុង​ឡុងដ៍​នៅ​ចុង​សប្ដាហ៍​នេះ ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ពួកគេ​លើក​ពាន​ជើងឯក​បាន​ពីរ​បន្ទាប់ពី EFL Cup (League Cup) ក្នុង​មួយ​រដូវ​កាល​នោះទេ ប៉ុន្តែ​ក៏​រារាំង​គូប្រកួត​មកពី​ទីក្រុង​ជាមួយគ្នា បង្កើតឡើង​ជាថ្មី​នូវ​ជោគជ័យ​ក្រោម​ការដឹកនាំ​របស់ Sir Alex Ferguson កាលពី 24 ឆ្នាំមុន​ផងដែរ​។

    ក្នុង​ពិធី​ប្រគល់​រង្វាន់​ចុងរដូវ​កាល​របស់ Manchester United កាលពី​ព្រលប់​ថ្ងៃទី 19 ឧសភា ខ្សែប្រយុទ្ធ Rashford ដណ្ដើមបាន​ពានរង្វាន់​ប្រចាំ​រដូវ​កាល​ចំនួន​ពីរសំខាន់ៗ គឺ ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ដែល​បោះឆ្នោត​ដោយ​អ្នកគាំទ្រ (Sir Matt Busby Player of the Year) និង​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ដែល​បោះឆ្នោត​ដោយ​សមាជិក​ក្នុង​ក្រុម៕

  • Man City ដាក់​គោល​ដៅ​ឲ្យ​លោក Guardiola ត្រូវតែ​ធ្វើការ​ប្រជែង​យក​ពាន​ ៣

    Man City ដាក់​គោល​ដៅ​ឲ្យ​លោក Guardiola ត្រូវតែ​ធ្វើការ​ប្រជែង​យក​ពាន​ ៣

    លោក Pep Guardiola ត្រូវ​បាន​ជំ​រុញ​ឲ្យ​ធ្វើការ​ប្រជែង​ដណ្តើម​ពាន​ ៣ ដោយ​ម្ចាស់​កម្ម​សិទ្ធិ​ដ៏មានមហិច្ឆ​តា​របស់​ Manchester City ខណៈ​ដែលក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League មួយនេះ មាន​​បំណង​ធ្វើការ​ស្តារមុខមាត់​ឡើង​វិញ​ពី​​យុទ្ធ​នា​ការ​ដ៏ខកចិត្តកន្លងទៅ​។

    រដូវកាល​ទី១​របស់​លោក Guardiola បាន​បញ្ចប់​​ទៅទាំង​ភាពខក​ចិត្ត ខណៈ​ដែល​ពួក​គេ​បាន​បញ្ចប់​រដូវកាលដោយ​ការ​​​មិនបាន​ឈ្នះ​ពានអ្វី​សោះ ក្រោយ​ពី​​មិន​អាច​ធ្វើការ​ប្រជែង​ពាន Premier League និង​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ​។ Man City ក៏បាន​ធ្លាក់​ចេញពីយុទ្ធ​នាការ​ពាន FA Cup និង League Cup ផង​ដែរ ក្នុង​រដូវ​កាល​ដ៏កម្រ​នៃ​ការមិន​ឈ្នះ​​ពានណាមួយ​សោះ​សម្រាប់លោក Guardiola ដែល​ធ្លាប់បាន​​ឈ្នះ​ពាន​ជាច្រើន​អំឡុង​ពេលលោក​​ដឹក​នាំ​ក្នុង​ក្លិប Barcelona និង Bayern Munich​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Khaldoon Al Mubarak ដែល​ជា​ប្រធានក្លិប Man City ជឿ​ជាក់​ថា កំណត់ត្រា​របស់​លោក Guardiola នៃ​ការ​ឈ្នះ​ពាន​សរុប​ចំនួន​២១លើក​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​របស់​លោកក្នុងនាម​ជា​​អ្នក​ចាត់​ការ​ទូទៅ បង្ហាញ​ថា រដូវ​កាល​ខាងមុខ​នឹងក្លាយជា​​ពេល​វេលា​ដ៏​ជោគ​ជ័យ​។

    លោក Khaldoon បានប្រាប់​គេហ​ទំព័ររបស់ក្លិប Man City ថា៖ «យើងនឹង​​​ខិត​​ខំព្យា​យាម​ដណ្តើមពានក្រប​ខ័ណ្ឌ Premier League និង Champions League ហើយ​ទាំងអស់នោះ​នៅ​តែ​ជា​គោល​ដៅ​របស់​យើង​។ យើង​នៅ​តែមាន​មហិច្ឆ​តា​នៃការ​ឈ្នះពាន Champions League ហើយក្តី​សុបិននោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​រំភើប​ជា​រៀង​​រាល់​ថ្ងៃ និង​ដឹង​ថា យើងអាច​ធ្វើ​បាន​»​។ លោក Khaldoon បាន​បន្ថែម​ទៀត​ថា៖ «សុបិននៃ​ការ​ឈ្នះពាន​បីក្នុង​រដូវកាល​តែមួយ​មែន​ទេ​? ពិត​មែនហើយ​។ ហេតុអ្វីមិនអាច​ទៅ​រួច​?»​៕

    ប្រភព​ពី៖ Sport24