Tag: OSIRIS-REx

  • រកឃើញ​ដាន​នៃ​ម៉ូលេគុលសរីរាង្គ​នៅ​លើ​អាចម៍​ផ្កាយ​ Bennu?

    រកឃើញ​ដាន​នៃ​ម៉ូលេគុលសរីរាង្គ​នៅ​លើ​អាចម៍​ផ្កាយ​ Bennu?

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សញ្ញា​នៃ​ម៉ូលេគុល​សរីរាង្គ​នៅ​ក្នុង​សំណាក​ដី​ដែល​បាន​យក​ពី​អាចម៍​ផ្កាយ​ Bennu ​ជា​អាចម៍​ផ្កាយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ផែនដី​។

    ក្នុង​នាម​ជា​អ្នក​បំពេញ​បេសកកម្ម​ស្វែង​រក​តម្រុយ​នៃ​ប្រភព​របស់​ភាវៈរស់​នៅ​លើ​ផែនដី យាន​អវកាស OSIRIS-Rex របស់​ណាសា បាន​ប្រមូល​យក​បំបែក​នានា​របស់​អាចម៍​ផ្កាយ Bennu កាល​ពី​ចុង​ឆ្នាំ 2020 ហើយ​បាន​នាំ​យក​វា​មក​កាន់​ផែនដី​កាលពី​ពីរ​ខែ​មុន​។ ថ្មី​ៗ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រការ​ដ៏​គួរ​ឱ្យចាប់​អារម្មណ៍​របស់​សំណាក​ដី​ទាំង​នេះ​។

    Lauretta សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ភព និង​គីមី​អវកាស​ នៅ​សាកលវិទ្យាល័យ Arizona សហរដ្ឋ​អាម៉េរិក បាន​ឱ្យ​ដឹង​ថា បំបែក​នានា​របស់​អាចម៍​ផ្កាយ​ដែល​មាន​អាយុ​កាល​ 3 ពាន់​លាន​ឆ្នាំ​នេះ សម្បូរ​កាបូន និង​សារធាតុ​សរីរាង្គ​។ ទាំង​អស់​សុទ្ធ​តែ​មាន​សម្បុរ​ងងឹត។

    អាចម៍ផ្កាយ Bennu

    យាន​អវកាស OSIRIS-Rex ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ហោះ​ទៅ​ជាន់​អាចម៍​ផ្កាយ Bennu ក្នុង​រយៈ​ពេល 6 វិនាទី ប៉ុន្តែ ចុង​ក្រោយ វា​បាន​ជ្រុល​ទៅ​បុក​ផ្ទៃ​របស់​អាចម៍​ផ្កាយ​នេះ​ក្នុង​ជម្រៅ 0.5 ម៉ែត្រ ក្នុង​រយៈ​ពេល 17 វិនាទី​។ យាន​នេះ​ជីក​បាន​វត្ថុធាតុ​ជា​ច្រើន​ មុន​នឹង​ហោះ​មក​កាន់​ផែនដី​ ដើម្បី​ឱ្យ​អ្នក​ជំនាញ​ធ្វើ​ការ​ពិសោធ។

    ទំហំ​របស់អាចម៍ផ្កាយ Bennu
    ទីតាំង​របស់​អាចម៍ផ្កាយ Bennu

    Lauretta ឱ្យ​ដឹង​ថា ដី​ដែល​បាន​យកពី​អាចម៍​ផ្កាយ​ Bennu ប្រហែល​ជា​មាន​ផ្ទុក​ធាតុ​ទឹក​ច្រើន​ជាង​ការ​សន្និដ្ឋាន​ដំបូង​របស់​អ្នក​វិទ្យាសាស្ត្រ​៕

  • យានអវកាស​អាម៉េរិក​នាំ​យក​សំណាក​ដី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​

    យានអវកាស​អាម៉េរិក​នាំ​យក​សំណាក​ដី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​

    យានអវកាស​ OSIRIS-REx បាន​ហោះ​ហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ 6.2 ពាន់​លាន​គីឡូម៉ែត្រ​ និង​នាំយក​កាប៊ីន​ផ្ទុក​សំណាកដី​របស់​អាចម៍​ផ្កាយ​ Bennu មក​ចុះ​ចត​លើ​សមុទ្រ​ខ្សាច់​នៅ​សហរដ្ឋ​អាម៉េរិក​ប្រកបដោយ​ភាពរលូន​។

    កាល​ពី​ថ្ងៃទី 24 កញ្ញា នៅ​តំបន់​ពិសោធន៍​ Dugway របស់​កងទ័ព​អាម៉េរិក​លើ​សមុទ្រ​ខ្សាច់​ Utah ក្រុម​បុគ្គលិក​របស់​ណាសា (NASA) និង​ទ័ព​អាកាស​អាម៉េរិក​ បាន​ប្រមូល​យក​កាប៊ីន​ផ្ទុក​សំណាក​ដី​ពី​អាចម៍​ផ្កាយ​ Bennu ដែល​យាន​អវកាស​ OSIRIS-REx យក​បាន​កាល​ពី​ឆ្នាំ 2020​។

    យោង​តាម Space បេសកកម្ម​នេះ​គឺជា​លើក​ដំបូង​ដែល​ណាសា​​បាន​យក​ និងបញ្ជូន​សំណាក​ដី​ពី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​។

    បន្ទាប់​ពី​ធ្វើ​ដំណើរ​ជាង 6.2 ពាន់​លាន​គីឡូម៉ែត្រ​ដើម្បី​ទៅ​កាន់​ Bennu និង​ត្រលប់មក​វិញ យាន​អវកាស OSIRIS-REx បាន​ទម្លាក់​កាប៊ីន​ផ្ទុក​សំណាក​ដី​អាចម៍​​ផ្កាយ​ពី​កម្ពស់​ 101,000 គីឡូម៉ែត្រ​ខាង​លើ​ផ្ទៃ​ផែនដី​។ កាប៊ីន​អវកាស​នេះ​ផ្ទុក​ដី​ និង​វត្ថុធាតុ​ផ្សេង​ៗទម្ងន់​ 250 ក្រាម​ ដែល​យក​បាន​​ពី​អាចម៍​ផ្កាយ Bennu។ សំណាក​ដី​នេះ​អាច​ជួយ​បក​ស្រាយ​សំណួរ​សំខាន់ៗ​របស់​អ្នក​វិទ្យាសាស្ត្រ​ ទាក់​ទង​នឹង​ប្រភព​នៃ​ជីវិត​​នៅ​លើ​ផែនដី​ និង​យុគ​សម័យ​ដំបូង​ៗ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។

    បេសកកម្ម​ OSIRIS-REx មាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារនេះ​​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 2016​ ហើយហោះ​​ទៅដល់​អាចម៍​ផ្កាយ​ Bennu ក្នុង​ឆ្នាំ​ 2018 និង​យក​សំណាកដី​ពី​អាចម៍​ផ្កាយ​នេះ​កាល​ពី​ឆ្នាំ 2020​។

    សំណាកដី​អាចម៍​ផ្កាយ​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ទៅ​ឱ្យ​វិទ្យាស្ថាន​ និង​ស្ថាប័ន​អវកាស​នានា​នៅ​លើ​ពិភពលោក​។ ណាសា​នឹង​រក្សា​ទុក​សំណាក់​ដី​នេះ 70% ដើម្បី​វិភាគ​នា​ពេល​ខាងមុខ​។ ក្រៅ​ពី​នេះ សំណាក់​ដី​ 25% ផ្សេង​ទៀត​នឹង​ត្រូវ​ប្រគល់​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ជាង 200 នាក់​នៅ​ស្ថាប័ន​ស្រាវ​ជ្រាវ​ចំនួន 35 ខណៈ​សំណាក​ដី​ 4% ទៀត​នឹង​ត្រូវ​ប្រគល់​ឱ្យ​ស្ថាប័ន​អវកាស​កាណាដា និង​ 0.5% សម្រាប់​ស្ថាប័ន​អវកាស​ជប៉ុន​៕

  • ទិដ្ឋភាព​យាន​អវកាស​របស់​​អង្គ​ការ NASA ​ហោះ​ចូល​​ទៅ​យកសំណាក​​ដី​នៃ​អាចម៍​ផ្កាយ​វ័យ​4.5​ពាន់​លាន​ឆ្នាំ នៅ​​លើ​​មេឃា​ (វីដេអូ)

    ទិដ្ឋភាព​យាន​អវកាស​របស់​​អង្គ​ការ NASA ​ហោះ​ចូល​​ទៅ​យកសំណាក​​ដី​នៃ​អាចម៍​ផ្កាយ​វ័យ​4.5​ពាន់​លាន​ឆ្នាំ នៅ​​លើ​​មេឃា​ (វីដេអូ)

    យានអវកាស OSIRIS-REx របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានចុះចតក្នុងរយៈពេល16វិនាទី នៅ​លើ​ផ្ទៃរបស់ Bennu ដែលជាអាចម៍ផ្កាយមួយ​​ដែល​បាន​កកើត​តាំងពីសម័យដំបូងនៃការចាប់​កំណើត​របស់ប្រព័ន្ធព្រះអាទិត្យ។

    NASA បានទទួលជោគជ័យក្នុងបេសកកម្មបញ្ជូន​យាន​អវកាស​ទៅ​ចុះចតលើអាចម៍ផ្កាយមួយដែលមានចម្ងាយ​322​លាន​គីឡូម៉ែត្រពី​ផែនដី។ យានអវកាស OSIRIS-REx បានប្រមូលយក​សំណាកដីពីផ្ទៃអាចម៍ផ្កាយ Bennu ដោយប្រើដៃយន្តរបស់​វា​។

    អាចម៍ផ្កាយ Bennu គឺជាបណ្ដុំនៃបំណែកថ្មនៅ​ទី​អវកាស​ដ៏​សែន​ឆ្ងាយ និងមានកម្ពស់ស្មើនឹងអគារ Empire State នៅ​ទីក្រុង New York នៃសហរដ្ឋអាមេរិក។

    អង្គការ NASA បានចែករំលែកឱ្យដឹងអំពីសកម្មភាពដែលបានកើតឡើងនៅក្នុងពេល OSIRIS-REx បានចុះ​ចត និងប្រមូលសំណាកដីនៅលើអាចម៍ផ្កាយ Bennu នេះ​។

    ដោយសារតែការបញ្ជូននិងការទទួលទិន្នន័យរវាងឧបករណ៍​នៅ​លើ​ផែនដីជាមួយនឹងយានអវកាស OSIRIS-REx នៅ​លើ​អាចម៍​ផ្កាយ​ Bennu យឺតជាងធម្មតា18.5នាទី ទើបបេសកកម្មនេះត្រូវបានគេកំណត់ឱ្យ OSIRIS-REx ធ្វើការដោយស្វ័យប្រវត្តិ ទៅ​តាម​កម្មវិធី​កុំព្យូទ័រ។

    OSIRIS-REx បានចុះចតលើផ្ទៃអាចម៍ផ្កាយនេះក្នុងរយៈពេលត្រឹមតែ16វិនាទីប៉ុណ្ណោះ។ បេសកកម្មនេះ ចំណាយពេល4ម៉ោងកន្លះ ប៉ុន្តែ រហូតដល់ឆ្នាំ2023 ទើបយាន OSIRIS-REx នាំយកដីរបស់អាចម៍ផ្កាយនេះត្រលប់មកកាន់ផែនដី។

    សំណាក់ដី​ដែលយកមកពីអាចម៍ផ្កាយ Bennu នឹងជួយឱ្យអ្នកវិទ្យាសាស្ត្រយល់ច្បាស់អំពីដំណើរការនៃការកកើតរបស់​​ភព​នានា និងសភាវ​មាន​ជីវិត៕

    ប្រភព៖ CNN