Tag: NTU

  • សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

    សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

    ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា California (Caltech) បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​បាច់​ប្រើ​ខ្សែ​​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​។

    ជា​លើក​ដំបូង​ហើយ​ដែល​​អគ្គិសនីអាច​​ត្រូវ​បាន​បាញ់បញ្ជូន​ពីទី​អវកាស​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​។​ នេះ​បើ​តាម​ New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 05 មិថុនា 2023​។ គម្រោង​អគ្គិសនីបាន​ពី​​ព្រះ​អាទិត្យ​​ក្នុង​ទី​អវកាស​ (SSPP) មាន​គោល​ដៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត​គ្មាន​ដែន​កំណត់​នៅ​ក្នុង​គន្លង​តារា​វិថី​ផែនដី​។

    អគ្គិសនីបាន​ពី​​ព្រះអាទិត្យ​ក្នុង​ទី​អវកាស​អាច​ដោះ​ស្រាយបញ្ហា​ថាមពល​ស្អាត​ជា​ច្រើន​នៅ​លើ​ផែនដី​។ បណ្ដាញ​ផលិត​អគ្គិសនី​លើ​គន្លង​តារា​វិថី​ផែនដី​អាច​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យក្នុង​រយៈ​ពេល​​ 24/7 ដោយ​វា​មិន​មាន​ការ​រំខាន​ពី​បរិយាកាស​ ឬ​បញ្ហា​អាកាស​ធាតុ​។ យោង​តាម​ទ្រឹស្ដី ផ្ទាំង​សូឡា​ដែល​ដាក់​​ក្នុងទី​អវកាស​អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង 8​ ដង​ បើ​ធៀប​នឹង​ផ្ទាំង​សូឡា​ដាក់​នៅ​លើ​ដី​។​

    ស្ថាប័ន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​​ បើ​ទោះ​ត្រូវ​ជួប​ឧបសគ្គ​ធំ​ៗ​ជា​ច្រើន​។ ក្នុង​នោះមាន​ដូច​ជា​ ទំហំ​ដ៏​ធំ​របស់​ផ្ទាំង​សូឡា​ ថ្ម​សម្រាប់​ផ្ទុកថាមពលដែល​​បាន​ពីព្រះ​អាទិត្យ​ ប្រព័ន្ធ​ទទួល​អគ្គិសនី​ពី​ទីអវកាស​​នៅ​លើ​ដី​។ល។

    ប្រព័ន្ធ​ប្រមូល​ និង​បាញ់​បញ្ជូនអគ្គិសនី​នៅ​ទី​​អវកាស​ក៏​ត្រូវ​ការ​ការ​បាញ់បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​​ចំនួន​ 39 លើក​ (សម្រាប់​ថ្ម​ម៉ូឌុល​ស្រាល និង​ឆ្លាត​វៃ​របស់ Caltech) មុន​នឹង​ដំឡើង​​ក្នុង​ទី​អវកាស​។

    ប្រព័ន្ធ​ SSPD-1 សម្រាប់​ធ្វើ​តេស្ត​ក្នុង​គម្រោង​ខាងលើ​ដែល​មាន​ទម្ងន់ 50​ គីឡូក្រាម​ ត្រូវ​បាន​ដាក់​ក្នុង​យាន​អវកាស​ Momentus Vigoride និង​បាញ់​បង្ហោះ​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​ដោយ​រ៉ុក្កែត​​របស់ SpaceX កាល​ពី​ថ្ងៃទី 03 មករា 2023​។

    ​ម៉ូឌុល MAPLE

    SSPD-1 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ម៉ូឌុល​តូច​ៗ​ចំនួន​បី​គ្រឿង​ រួម​មាន​ ម៉ូឌុល DOLCE សម្រាប់ធ្វើ​តេស្ត​​បណ្ដា​ម៉ូឌុល​ដែល​អាច​បត់​បាន​ ខណៈ​ម៉ូឌុល ALBA ធ្វើ​តេស្ត​​ថ្មផ្ទុក​ថាមពល​ និង​ម៉ូឌុល MAPLE ធ្វើ​តេស្ត​បច្ចេកវិទ្យា​បាញ់​បញ្ជូន​​អគ្គិសនី​មិន​ប្រើខ្សែ​​ពី​ទី​អវកាស​មក​កាន់ស្ថានីយ​ទទួល​នៅ​លើ​ដី​​។

    ការ​ធ្វើតេស្ត​បាញ់បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​ប្រើ​ខ្សែ​ និង​ទទួល​បាន​ជោគ​ជ័យ​របស់​​ក្រុមអ្នក​អ្នក​ជំនាញ​​នៅ​វិទ្យាស្ថាន​​បច្ចេក​វិទ្យា California បញ្ជាក់​ថា ការ​ទាញ​យក​ថាមពល​​មិន​ចេះ​រី​ង​ស្ងួត​ និង​ស្អាត​ពី​ទីអវកាស​ បញ្ជូន​មក​កាន់​ផែនដីដើម្បី​ប្រើ​ប្រាស់​ គឺជា​រឿង​ដែល​​ទៅ​រួច​ 100%​៕

  • ​បណ្ដា​ក្លឹប​បាល់​ទាត់​នៅ​អ៊ីតាលី​​ ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​​រង្វាន់​​ធំ​ៗ​ទាំង​បី​​នៅ​ទ្វីប​អឺរ៉ុប​

    ​បណ្ដា​ក្លឹប​បាល់​ទាត់​នៅ​អ៊ីតាលី​​ ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​​រង្វាន់​​ធំ​ៗ​ទាំង​បី​​នៅ​ទ្វីប​អឺរ៉ុប​

    ក្លឹប​បាល់​ទាត់​នានា​ដែល​ជា​តំណាង​របស់​ប្រទេស​អ៊ីតាលី បាន​ឡើង​ដល់វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Champions League, Europa League និង Conference League នៅរដូវកាល​នេះ​។

    នៅ​ឯ​ Champions League ក្លឹប​ Inter Milan បាន​ផ្ដួលក្លឹប​រួម​ស្រុក​ A.C. Milan 3-0​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ នៅ​ថ្ងៃទី 10 មិថុនា​ខាងមុខ Inter Milan នឹង​ប៉ះ​ជាមួយ​ Man City ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែល​ធ្វើឡើង​នៅ​​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​។

    នៅ​ឯ​ពាន​រង្វាន់ Europa League ក្លឹប Roma បាន​ឈ្នះ Leverkusen ដោយ​លទ្ធផល 1-0 នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ កូនសិស្ស និង​គ្រូបង្វឹក​ Jose Mourinho នឹង​ប៉ះ​ក្លឹប Sevilla នៅថ្ងៃទី 31 ឧសភា នៅ​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី​។

    តំណាង​ទីបី​របស់​អ៊ីតាលី គឺ Fiorentina នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លឹប West Ham ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​ពាន​រង្វាន់ Conference League នា​ថ្ងៃទី 07 មិថុនា​ នៅ​រដ្ឋធានី​ប្រាក ប្រទេស​ឆែក​។ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Fiorentina បាន​ផ្ដួល​ Basel ដោយ​លទ្ធផល​ 4-3​។

    បើ​សិន​ជា​ Roma, Inter និង Fiorentina សុទ្ធ​តែ​ដណ្ដើម​បាន​ជ័យ​ជម្នះ នោះ​បាល់​ទាត់​អ៊ីតាលី​នឹង​មាន​ hat-trick ទីពីរ​ បន្ទាប់​ពី​ hat-trick ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​ចន្លោះ​ពី​ឆ្នាំ 1989 ដល់ 1990​ ដោយ​ក្លឹប​ AC Milan ដណ្ដើម​បាន​ពាន​ Champions League, Sampdoria ដណ្ដើម​បាន​ពាន​ Europa League និង​ Juventus ដណ្ដើម​បាន​ពាន​ UEFA Cup។ នោះក៏​ជា​រដូវ​កាល​តែ​មួយ​គត់​ដែល​បណ្ដា​ក្លឹប​របស់ប្រទេស​មួយ​ដណ្ដើម​​បាន​ពាន​រង្វាន់​ទាំង​បី​នៅ​ទ្វីប​អឺរ៉ុប​៕

  • ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

    ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

    ការថយចុះ​នៃ​ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​កាលពី​ចុង​សប្ដាហ៍​ទី​ពីរ របស់​ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» (ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី) ស្ថិតក្នុង​កម្រិត​ល្អ​ជាង បើ​ធៀប​នឹង​រាល់​ភាពយន្ត​របស់​Marvel រាប់​ចាប់ពី​ឆ្នាំ 2018។

    នៅពេល​ដំណើរ​ផ្សងព្រេង​ទី​បី ហើយក៏​ជា​លើកចុងក្រោយ​របស់​អ្នក​ដឹក​រឿង James Gunn ជាមួយនឹង Star-Lord, Gamora, Rocket Raccoon រួម​នឹង​អ្នកដទៃ ត្រូវបាន​ចាប់​បញ្ចាំង​កាលពី​ចុង​សប្ដាហ៍​កន្លង «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» រកចំណូលបាន 118.4 លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល​បី​ថ្ងៃ​​ដំបូង​ នៅ​អាម៉េរិក​ខាងជើង និង 289 លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក។

    នោះ​គឺជា​តួលេខ​មួយ​ដែល​មិន​អន់​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ទាប​ជាង​ធៀប​នឹង 146.5 លាន​ដុល្លារ​របស់ «Guardians of the Galaxy Vol. 2» កាលពី​ឆ្នាំ 2017 ហើយ​អាចធ្វើឱ្យ​ផលិតករ​ភាពយន្ត Disney/Marvel ព្រួយបារម្ភ។ ក៏ប៉ុន្តែ ពេលនេះ​ពួកគេ​អាច​ធូរស្រាល​ក្នុង​ចិត្ត​ នៅពេល​ដឹងថា «Guardians of the Galaxy Vol. 3»កំពុងតែ​បញ្ជាក់ថា អាច​រកបាន​ប្រាក់ចំណូលក្នុង​កម្រិត​ល្អ​សម្រាប់​រយៈ​ពេល​​យូរអង្វែង​ នៅ​ពេល​បន្ត​នាំមុខគេ​នៅ​សប្ដាហ៍​ទី​ពីរ ដោយមាន​អត្រា​ធ្លាក់ចុះ​កម្រិត​ទាប​ជាង​គេ។

    ជាក់ស្ដែង គិត​មកដល់​បច្ចុប្បន្ន «Guardians of the Galaxy Vol. 3» រកចំណូលបាន 216.6 លាន​ដុល្លារ​អាម៉េរិក​នៅ​ទីផ្សារ​អាម៉េរិក​ខាងជើង និង 530.9 លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក។ តួលេខ​នេះ​ក៏​មានន័យថា «Guardians of the Galaxy Vol. 3» បាន​យកឈ្នះ​លើ​ភាពយន្ត Marvel រឿង “Ant-Man and the Wasp: Quantumania” (ដែល​រកបាន 475.8 លាន​ដុល្លារ​ពី​រាល់​ការ​បញ្ចាំង​នៅ​រោងកុន ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ) ក្រោយពី​បញ្ចាំង​ជា​ផ្លូវការ​បាន​ជាង​មួយ​សប្ដាហ៍។

    «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» គឺជា​ខ្សែភាពយន្ត​ស្ដីពី​កំពូល​អ្នកក្លាហាន​អាម៉េរិក ដែល​ផលិត​ឡើង​ទៅ​​តាម​សាច់​រឿង​ «ក្រុម​កំពូល​អ្នកក្លាហាន​ការពារ​កាឡាក់ស៊ី​មី​ល​គី​វ៉េ» របស់ Marvel Comics។ «Guardians of the Galaxy Vol. 3» ​ត្រូវបាន​ផលិត​ដោយ Marvel Studios និង​ចាក់​បញ្ចាំង​ដោយ Walt Disney Studios Motion Pictures។ នៅក្នុង​វគ្គ​បី​នេះ ក្រុម​ពិសេស​ដែល​យើង​ធ្លាប់បាន​ស្គាល់ មានការ​ផ្លាស់ប្ដូរ​មួយចំនួន។ Peter Quill នៅតែមាន​ការឈឺចាប់​ព្រោះតែ​បាត់បង់ Gamora ប៉ុន្តែ​នៅតែ​បំពេញកាតព្វកិច្ច​​ជា​អ្នកប្រមូល​កម្លាំង​របស់​​​ក្រុម​ដើម្បី​ការពារ​ចក្រវាល​ទាំងមូល។ ពួកគេ​ត្រូវ​រ៉ាប់រង​ភារកិច្ច​ដ៏​លំបាក ហើយ​បើសិនជា​បរាជ័យ បេសកកម្ម​របស់​ពួកគេ​អាច​នឹងត្រូវ​បានបញ្ចប់៕

  • សាកលវិទ្យាល័យ NTU សិង្ហបុរី បង្កើតបានរ៉ូបូត អាចធ្វើចលនាស្វ័យប្រវត្តិ សម្លាប់មេរោគបាន

    សាកលវិទ្យាល័យ NTU សិង្ហបុរី បង្កើតបានរ៉ូបូត អាចធ្វើចលនាស្វ័យប្រវត្តិ សម្លាប់មេរោគបាន

    ក្រុមអ្នកស្រាវជ្រាវនៅប្រទេសសិង្ហបុរី បានបង្កើត រ៉ូបូត (មនុស្សយន្ត) មួយឡើង ដើម្បីបាញ់សម្លាប់មេរោគ ដោយមានដៃមួយ អាចធ្វើត្រាប់តាមចលនារបស់មនុស្សជួយសម្រាលបន្ទុកការងារដល់អ្នកសម្អាតក្នុងពេលកំពុងផ្ទុះកូវីដ-19។

    រ៉ូបូតនេះឈ្មោះថា “XDBOT” មានរាងដូចប្រអប់មួយ មានកង់ដែលអាចចូលទៅដល់ទីតាំងចង្អៀតៗមួយចំនួន ដូចជានៅក្រោមតុ និងក្រោមគ្រែជាដើម។

    រ៉ូបូត ដែលសាងសង់ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) របស់រដ្ឋក្នុងទីក្រុងនេះ មានក្បាលថាមពលខ្ពស់សម្រាប់បាញ់ថ្នាំសម្លាប់មេរោគ និងអាចបាញ់សម្អាតលើផ្ទៃទីធ្លាធំៗបានយ៉ាងឆាប់រហ័ស។

    រ៉ូបូត នេះអាចបញ្ជាបានពីចម្ងាយដោយប្រើកុំព្យូទ័រយួរដៃ ឬថេប្លេត ដោយជួយកាត់បន្ថយហានិភ័យដល់អ្នកសម្អាតក្នុងការឆ្លងមេរោគកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង 140 0000 នាក់នៅទូទាំងពិភពលោក។

    អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ NTU ដែលដឹកនាំគម្រោងនេះ បាននិយាយថា “ដោយប្រើប្រាស់រ៉ូបូតថ្មីរបស់យើងពីចម្ងាយ ប្រតិបត្តិករជាមនុស្សអាចគ្រប់គ្រងបានយ៉ាងច្បាស់លាស់នូវដំណើរការនៃការបាញ់សម្អាតមេរោគដោយមិនចាំបាច់ប៉ះពាល់ជាមួយនឹងផ្ទៃរបស់វត្ថុទាំងនោះឡើយ”។

    មនុស្សយន្ត XDBOT ត្រូវបានសាកល្បងនៅបរិវេណសាកលវិទ្យាល័យ NTU ហើយអ្នកបង្កើតវាសង្ឃឹមថា នឹងធ្វើតេស្តវានៅតំបន់សាធារណៈ និងក្នុងមន្ទីរពេទ្យច្រើនទៀត៕