Tag: Neymar

  • Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

    Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

    ស្ថាប័ន Guinness កាលពី​ថ្ងៃទី 01 សីហា ប្រកាសថា Lionel Messi កំពុង​កាន់កាប់​កំណត់ត្រា​ពិភពលោក​ចំនួន 41 ច្រើនជាង Cristiano Ronaldo ចំនួន​មួយ​កំណត់ត្រា។

    ក្នុងចំណោម​កំពូល​តារាបាល់ទាត់​ពិភពលោក Messi និង Ronaldo មានកំណត់​ត្រា​ពិភពលោក​ច្រើនជាងគេ ដោយមាន 81 កំណត់ត្រា​ ដែល​ត្រូវបាន Guinness ទទួលស្គាល់។ ក្រៅពីនេះ ពុំមាន​កីឡាករ​ដទៃ​រូប​ណា​ដែលមាន​កំណត់ត្រា​លើសពី 10។ ខ្សែប្រយុទ្ធ Robert Lewandowski ដែល​ឈរ​លំដាប់​ទី​បី​ដោយមាន 9 កំណត់ត្រា ខណៈ Kylian Mbappe មាន 5 និង Neymar មាន 4។

    កំណត់ត្រា​ថ្មី​បំផុត​របស់ Messi ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ Guinness គឺ «កីឡាករ​ដែល​លេង​បាន​ច្រើន​ប្រកួត​បំផុត​នៅ World Cup» ដោយ​ចូលរួម​លេងបាន​ 26 ប្រកួត និង «កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ World Cup ច្រើនជាងគេ​ក្នុងតួនាទី​ជា​ប្រធាន​ក្រុម» ដោយ​រកបាន 7 គ្រាប់។ កំណត់ត្រា​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​សាង​ឡើង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup កាលពី​ថ្ងៃទី 18 ធ្នូ 2022 ពេលដែល Messi រកបាន​ពីរ​គ្រាប់ ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ក្លាយជា​ជើងឯក។

    នៅ World Cup 2022 Messi ក៏​ទទួលបាន​កំណត់ត្រា​មួយ​ផ្សេងទៀត​ពី Guinness នោះ​គឺ «កីឡាករ​ដំបូង​គេ​ដែល​បង្ក​ឱកាស​រកបាន​គ្រាប់​បាល់​នៅ World Cup ចំនួន 5 រដូវ​កាល។

    ចំណែក Ronaldo វិញ កំណត់ត្រា​ថ្មី​បំផុត​ដែល​បានទទួល​ពី Guinness គឺ «បុគ្គល​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​នៅលើ Instagram» ដោយមាន​អ្នកតាមដាន​ជាង 565 លាន​នាក់ គិត​ត្រឹម​ថ្ងៃទី 24 មីនា 2023។ នៅថ្ងៃនោះ Ronaldo ក៏​ទទួលបាន​កំណត់ត្រា​មួយ​ផ្សេងទៀត គឺ «បុរស​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​លើ Instagram»។ បច្ចុប្បន្ន ចំនួន​គណនី​ដែល​តាមដាន Ronaldo នៅលើ Instagram បាន​កើន​ឡើងដល់​ជាង 598 លាន​នាក់។

    Ronaldo ក៏​ធ្លាប់​បង្ហោះ​រូបថត​ស្ដីពី​កំណត់ត្រា Guinness មួយ​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម ពេល CR7 យកឈ្នះ​លើ Ali Daei ដោយបាន​ក្លាយជា​កីឡាករ​ដែល​ទាត់​ចូល​ទី​បាន​ច្រើន​គ្រាប់​​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​។ Ronaldo រកបាន 123 គ្រាប់ នៅក្នុង 200 ប្រកួត​ដែល​បាន​ទាត់​ឱ្យ​ព័រទុយហ្កាល់៕

  • ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

    ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

    ម្ចាស់ជើង​ឯក​ពាន​រង្វាន់ Ligue 1 ទំនង​ជា​នឹង​ទទួល​យក​ការ​លក់​ Kylian Mbappe ក្នុង​តម្លៃ​ 160 លាន​ដុល្លារអាម៉េរិក​ ក្នុង​ពេល​ឆាប់​ៗ​ ព្រោះ​មិន​ចង់​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​បាត់​បង់​កីឡាករ​នេះទទេ​ៗ​ ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2024​។

    យោង​តាម​ ESPN ប្រធាន​ Nasser Al Khelaifi យល់​ព្រម​ឱ្យ​ Mbappe ចាក​ចេញ​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2023​ បើសិន​ជា​ទទួល​បាន​ប្រាក់​ដោះ​ដូរ​ 150 លាន​អឺរ៉ូ (ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក)​ ព្រោះ​ថា សុពលភាព​កិច្ច​ព្រម​ព្រៀង​របស់​ Mbappe នៅ​ក្លឹប​ PSG នេះ នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

    សារព័ត៌មាន​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ក្លឹប​ថ្មី​របស់ Mbappe អាច​ជា​ Real បើ​សិន​ចាក​ចេញ​ពី PSG។ ចំណែកសារព័ត៌មាន​បារាំង L’Équipe ក៏​បាន​ផ្សាយ​ថា ក្លឹប Real បាន​​ត្រៀមខ្លួន​រួច​រាល់​ដើម្បី​ដោះ​ដូរ​យក​ Mbappe ដោយ​មិន​រង់​ចាំ​ទិញ​ក្នុង​ក្រម​ខណ្ឌ​កីឡាករ​សេរី​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​។

    PSG កំពុងស្ថិត​ក្នុង​ការ​ប្រែប្រួល​ខ្លាំង​នៅ​រដូវ​កាល​នេះ​។​ Sergio Ramos, Lionel Messi បាន​ចាក​ចេញ​ទៅ​តាម​ទម្រង់​សេរី ខណៈ​ដែល Neymar ទទួល​បាន​សំណើទិញ​ក្នុង​តម្លៃ​ 300 លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ​ ពី​​ក្លឹប Al Hilal នៅ​អារ៉ាប៊ីសាអូឌីត​​។ ចំណែក​ Mbappe វិញ​ក៏​បាន​ជូន​ដំណឹង​អំពី​ការ​​មិន​ពន្យារ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប​នេះ​ផងដែរ​។

    ទំព័រ ESPN យល់​ថា ការ​ចាកចេញ​របស់ Mbappe នឹង​បង្ក​ការ​ខាត​បង់​ធំ​សម្រាប់ PSG ព្រោះ​ថា បច្ចុប្បន្ន​កីឡាករ​រូប​នេះ​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​និមិត្ត​រូប​របស់​ប្រទេស​បារាំង​ ដោយ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​តារា​ធំបំផុត​​បន្ទាប់​ពី​ Messi និង Ronaldo​៕

  • ធ្វើ​ជា​ម្ចាស់​ថ្មី​របស់ MU អ្នក​វិនិយោគ​មក​ពី​កាតា​​សម្រេច​ចិត្ត​លុប​បំបាត់​ «គោលការណ៍​ Ronaldo»

    ធ្វើ​ជា​ម្ចាស់​ថ្មី​របស់ MU អ្នក​វិនិយោគ​មក​ពី​កាតា​​សម្រេច​ចិត្ត​លុប​បំបាត់​ «គោលការណ៍​ Ronaldo»

    Sheikh Jassim bin Hamad al-Thani ចង់​លុប​បំបាត់​គោល​ការណ៍​ដែល​រារាំង​កីឡាករ​​ទទួល​បាន​ប្រាក់​បៀវត្សខ្ពស់​ជាង​ បើ​ធៀប​នឹង​មិត្ត​រួម​ក្រុម​ដទៃ​ដែល​ Manchester United កំពុង​អនុវត្ត​។

    ទំព័រ Sun Sport ថ្មី​ៗ​នេះ​បាន​រាយការណ៍​ថា ម្ចាស់​ថ្មី​ដ៏​មាន​សក្ដានុពល​របស់ Man United នឹង​​លុប​ចោល​ការ​កំណត់​ស្ដី​ពី​​ប្រាក់​បៀវត្ស​​​ក្នុង​សម័យ​របស់​គ្រូ​បង្វឹក​ Erik ten Hag ដែល​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​​របស់​ក្លឹប​ បន្ទាប់​ពី​ការ​ចាក់​ចេញ​របស់​ Cristiano Ronaldo កាល​ពី​ចុង​ឆ្នាំ​មុន​។

    យោង​តាម​អ្វី​ដែល​គេ​ហៅ​ថា «គោលការណ៍​ Ronaldo» ក្លឹប Man United បាន​កំណត់​ប្រាក់​បៀវត្ស​​អតិបរមា​ប្រចាំ​សប្ដាហ៍​ត្រឹម​ 200,000 ផោន​អង់គ្លេស​ ហើយ​នឹង​មិន​ផ្ដល់​ប្រាក់​បៀវត្ស​​លើស​ពី​នេះ​ដល់កីឡាករ​​​ណា​ទាំងអស់​។ គោល​ការណ៍​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​​មិន​ផ្លូវ​ការ​ទៅ​តាម​ឈ្មោះ​របស់ Ronaldo ព្រោះ​តែ​កំពូល​តារា​បាល់​ទាត់​ព័រទុយហ្កាល់​រូប​នេះ​ ​ធ្លាប់​ទទួល​បាន​ប្រាក់​បៀវត្ស​ 385,000 ផោន​/​សប្ដាហ៍​ នៅ​ក្នុង​ការ​ធ្វើ​ការ​ឱ្យ​ក្លឹប​នេះ​លើក​ទី​ពីរ​ មុន​ពេល​ទំនាក់​ទំនង​រវៀង​ CR7 និង​ Man United ត្រូវ​​បញ្ចប់​ក្នុង​ភាព​ចម្រូង​ចម្រាស​។

    ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ថ្មី​ ជំរុញ​ឱ្យ​បីសាច​ក្រហម​អាច​ទាក់​ទាញ​បណ្ដា​កីឡាករ​លំដាប់​ពិភពលោក​ មក​ចូល​រួម​ជាមួយ​​គ្រួសារ​ Old Trafford​ ក្នុង​នោះ​មាន​ Neymar របស់​ក្លឹប PSG ជា​ដើម​។ ការ​លុប​ចោល «​គោលការណ៍​ Ronaldo» ក៏​អាច​ជួយ​ឱ្យ​ Man United រក្សា​កំពូល​កីឡាករ​ដែល​មាន​បច្ចុប្បន្ន​ មាន​ដូច​ជា Marcus Rashford ជា​ដើម​ ដែល​កំពុង​រារែក​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ ព្រោះ​តែ​ប្រាក់​បៀវត្ស​​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ភាគី​ក្លឹប​។

    Sheikh Jassim អ្នក​វិនិយោគ​មក​ពី​កាតា​ បាន​ធ្វើ​ការ​ប្រឹង​ប្រែង​ដើម្បី​ដណ្ដើម​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​របស់​ Man United ពី​គ្រួសារ​ Glazer​។ មុន​ពេល​ម្ចាស់​ថ្មី​មក​កាន់​ Old Trafford ក្រុម​ Man United នឹង​ត្រូវ​បញ្ចប់​រដូវ​កាល​ Premier League 2022/2023 ដោយ​ការ​ប្រកួត​​នៅ​លើ​ទីលាន​របស់​ខ្លួន​ ជាមួយ​នឹង Fulham និង​ប៉ះ​ Manchester City ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FA Cup នៅ​សប្ដាហ៍​ក្រោយ​៕

  • ក្រុមខ្លាំងៗ ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នៃ World Cup

    ក្រុមខ្លាំងៗ ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នៃ World Cup

    ព្រឹត្តិការណ៍ World Cup បាន​ផ្អាក​ការប្រកួត​កាលពី​ថ្ងៃ​ពុធ ខណៈដែល​ក្រុម​ដែល​នៅតែមាន​វត្តមាន​ចំនួន 8ក្រុម ត្រៀម​សម្រាប់​ការប្រកួត​វគ្គ1/4ផ្តាច់ព្រ័ត្រ ក្រោយពី​អង់គ្លេស បាន​ក្លាយជា​ក្រុម​ចុងក្រោយ​គេ ក្នុងការ​ឈ្នះ​សិទ្ធិ​ទៅ​វគ្គ​បន្ត ក្រោយពី​ការយក​ឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី។

    ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល របស់​តារា​ឆ្នើម Neymar គឺជា​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើនជាងគេ​ក្នុង​ការលើក​ពាន World Cup ជា​លើក​ទី6 របស់​ពួកគេ​នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ នា​ថ្ងៃទី15 ខែកក្កដា ប៉ុន្តែ ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បែលហ្ស៊ិក និង​អ៊ុយ​រូ​ហ្គា​យ នឹង​ក្លាយជា​ឧបសគ្គ​របស់​ពួកគេ ក្នុងការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

    ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់លោក Gareth Southgate គឺជា​អតីត​ម្ចាស់​ជើងឯក​តែមួយ​ដែល​ស្ថិតក្នុង​បណ្តុំ​នៃ​ការចាប់​ឆ្នោត​មួយទៀត រួមជាមួយ​នឹង​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី ក្រូ​អាស៊ី និង​ស៊ុយអែត។ ការ​ដណ្តើមបាន​ជ័យជម្នះ​របស់​អង់គ្លេស លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃ​អង្គារ បានធ្វើឱ្យ​ក្រុម​របស់លោក Southgate ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ដែល​បាន​ទម្លាក់​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុង​លទ្ធផល 1-០ ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ។

    លោក Southgate បាន​បញ្ជាក់ថា លោក​បាន​ផ្តោតអារម្មណ៍​រួចជាស្រេច​ចំពោះ​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សៅរ៍​នេះ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុង​ទីក្រុង Samara ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពោលគឺ​ដើម្បី​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ឬ​រុស្ស៊ី។

    លោក Southgate ដែល​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​មិន​ចូល​ទី​ផ្ទាល់​របស់លោក បានធ្វើឱ្យ​អង់គ្លេស ចាញ់​ក្រុម​អាល្លឺម៉ង់ ក្នុង​វគ្គ1/2ផ្តាច់ព្រ័ត្រ ក្នុង Euro ឆ្នាំ1996 នា​កីឡដ្ឋាន Wembley នោះ បានឱ្យដឹងថា៖ «នេះ​ពិតជា​ពិសេស​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់ឱ្យ​យើង​បន្តដំណើរ​ទៅមុខ»៕

    ប្រភពពី៖ Channel News Asia

  • Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ថ្ងៃ​ទី​17 ខែ​ឧស​ភា និង​កំពុង​ផ្តោត​លើ World Cup

    Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ថ្ងៃ​ទី​17 ខែ​ឧស​ភា និង​កំពុង​ផ្តោត​លើ World Cup

    តារា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល Neymar បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា រូប​គេ​នឹងមិន​ចូល​លេង​វិញ​ឡើយ​រហូត​ដល់​ពាក់​កណ្តាល​ខែ​ឧស​ភា ដែលនៅ​ពេលនោះ​រូប​គេ​​​ត្រូវ​បាន​គ្រោង​ទទួល​ការ​​ពិនិត្យ​ជាលើក​ចុងក្រោយ​ បន្ទាប់​ពី​ការ​វះ​កាត់​​ប្រអប់​ជើងរួច​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល​របស់​ក្លិប Paris Saint-Germain រូបនេះ​បាន​​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ក្នុង​​ទីក្រុង Sao Paulo ថា៖ «វា​មិន​ទាន់មាន​​កាល​បរិ​ច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​ទេ​។ ខ្ញុំ​ត្រូវ​ពិនិត្យ​ជាលើក​ចុង​ក្រោយ​ទៀត ប្រសិន​បើ​ខ្ញុំ​គិតមិនខុស​ទេ​នោះ​។ ខ្ញុំ​​មិន​​ប្រាកដ​ឡើយ តែ​ការ​ពិនិត្យនោះ​ គឺ​នៅ​ថ្ងៃ​ទី​17 ខែ​ឧស​ភា​»​។ Neymar បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​នឹង​ត្រូវ​​ទទួល​ការ​ពិនិត្យ​យ៉ាង​ច្បាស់​លាស់​​ម្ដងទៀតមុន​នឹង​ចូល​លេង​។ បន្ទាប់​មក ខ្ញុំ​នឹង​រង់​ចាំ​មើលតទៅទៀត វា​អាស្រ័យ​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្សេង​ៗ វា​អាស្រ័យ​ទៅ​លើការ​ពិនិត្យ​ជាលើក​ចុងក្រោយ​របស់​ខ្ញុំ​។ វា​មិន​ទាន់​សម្រេច​នៅ​​ឡើយ​ទេ​»​។

    ពេល​វេលា​នេះ នឹង​ធ្វើ​ឱ្យ​កីឡាករ​បាល់​ទាត់​​​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​របស់​ពិភព​លោក​​រូបនេះ ស្ថិតក្នុង​ការ​​ព្យា​យាម​​ដើម្បី​អាច​ចូល​លេង​ម្តង​ទៀត​សម្រាប់​ក្រុម PSG ខណៈដែល​ក្រុម​ទើប​តែ​ឈ្នះពាន​​របស់​បារាំង​មួយ​នេះ នឹង​ត្រូវ​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​នា​ថ្ងៃ​ទី​19 ខែ​ឧស​ភា ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Caen​។ ទោះ​បី​ជា​យ៉ាង​ណា ក្តី​រំពឹង​របស់​គេក្នុង​ការ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​យុទ្ធ​នា​ការ World Cup នៅ​ប្រទេស​រុស្ស៊ី ដែល​នឹង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​14 ខែមិថុ​នា ដល់​ថ្ងៃ​ទី​15 ខែកក្កដា ហាក់​មាន​កម្រិត​ខ្ពស់​ជាង​។

    ប្រេស៊ីលនឹង​បើក​យុទ្ធ​នាការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​17 ខែ​មិថុនា ដែលនៅ​ពេល​នោះ​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិស្វ៊ីស ក្នុង​ទីក្រុង Rostov​៕

    ប្រភព​ពី៖ Channel News Asia

  • Neymar បង្កើត​ភាព​អស្ចារ្យ​នៅ​ថ្ងៃ​បង្ហាញខ្លួន​លើកដំបូង​ឲ្យ PSG

    Neymar បង្កើត​ភាព​អស្ចារ្យ​នៅ​ថ្ងៃ​បង្ហាញខ្លួន​លើកដំបូង​ឲ្យ PSG

    ខ្សែប្រយុទ្ធ Neymar មិនបាន​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​បង្កើត​ភាព​អស្ចារ្យភ្លាមៗនៅលើ​ទីលាន​សម្រាប់​ក្រុម Paris Saint-Germain ឡើយ ក្រោយពី​រូបគេ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 3-0 នៅលើ​ទឹកដី​ក្រុម Guingamp កាលពី​ថ្ងៃអាទិត្យ និង​បាន​បញ្ជាក់ថា រូបគេ​មាន​អារម្មណ៍​ថា ហាក់​មាន​ភាពរស់រវើក​ជាង​មុន។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង ដោយ​លោកគ្រូ​បង្វឹក Unai Emery សម្រាប់​ការប្រកួត​នៅ​ទីក្រុង Brittany ក្នុង​រយៈពេល2ថ្ងៃ ក្រោយពី​បានទទួល​លិខិត​ឲ្យ​ធ្វើ​ការងារ​សម្រាប់​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​របស់គេ​ក្នុង​ទឹកប្រាក់​ចំនួន 222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Barcelona រួចមក។ តារា​ឆ្នើម​វ័យ 25ឆ្នាំ​រូបនេះ​ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​លឿង​របស់​ក្រុម PSG នោះបាន​លេង​ក្នុងតួនាទី​ដ៏​សំខាន់​ក្នុងពេល​កីឡាករ Jordan Ikoko បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​ដើមតង់​ទី2។

    បន្ទាប់មក រូបគេ​បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ Edinson Cavani រកបាន​គ្រាប់​បាល់​ទី2សម្រាប់​ក្រុម​ខ្លួន តាមរយៈ​ការ​អូស​បាល់​ផុត​ខ្សែការពារ​របស់​ក្រុម Guingamp រួច​បញ្ជូន​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​មុនពេល​បំពេញ​ជ័យជម្នះ​ដ៏​កក់ក្តៅ​មួយ​សម្រាប់​ក្រុម​ថ្មី​របស់ខ្លួន​ជាមួយនឹង​គ្រាប់​បាល់​ទី3នៃ​ក្រុម​របស់គេ​នៅ​ជិត​បញ្ចប់​ការប្រកួត ខណៈដែល PSG បាន​កត់ត្រា​ជ័យជម្នះ2លើក​ពី​ការប្រកួត​ទាំង2លើកដំបូង​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ​របស់​បារាំង។ Neymar បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «មនុស្ស​ជាច្រើន​គិតថា ការចាកចេញ​ពី​ក្លិប Barca នឹងធ្វើ​ឲ្យ​ស្លាប់ ប៉ុន្តែ​មិនមែន​ទេ វា​ផ្ទុយស្រឡះ​ពី​ការគិត​បែប​នោះ។ ខ្ញុំ​មាន​ភាពរស់រវើក​ជាង​មុន។ ខ្ញុំ​អាច​លេង ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់។ កីឡាបាល់ទាត់​មាន​លក្ខណៈ​ដូចគ្នា ប៉ុន្តែ​មានតែ​ប្រទេស ទីក្រុង និង​ក្រុម​នេះ​ប៉ុណ្ណោះ​ដែល​អាច​ផ្លាស់ប្តូរ»៕

    ប្រភពពី៖ Sky Sport

  • Neymar នឹងត្រូវអង្គុយមើល ខណៈPSG បើករដូវកាល Ligue 1 នៅរាត្រីនេះ

    Neymar នឹងត្រូវអង្គុយមើល ខណៈPSG បើករដូវកាល Ligue 1 នៅរាត្រីនេះ

    ខ្សែប្រយុទ្ធ Neymar បានត្រឹមតែអាចអង្គុយទស្សនាការប្រកួតពីលើកៅអីប៉ុណ្ណោះ ខណៈដែលក្រុម Paris Saint Germain នឹងត្រូវបើករដូវកាលរបស់ខ្លួននៅថ្ងៃសៅរ៍នេះ ប៉ុន្តែក្លិបយក្សរបស់បារាំងមួយនេះបានប្រមូលប្រាក់បានប្រមាណជា1លានអឺរ៉ូរួចជាទៅស្រេចពីការចំណាយប្រាក់ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោករបស់ពួកគេ ក្រោយពីបានលក់អាវដែលឈ្មោះថា Neymar បានចំនួន 10,000អាវក្នុងរយៈពេលត្រឹមតែ1ថ្ងៃប៉ុណ្ណោះ។

    តារាឆ្នើមអន្តរជាតិប្រេស៊ីលវ័យ 25ឆ្នាំរូបនេះ ដែលបានផ្ទេរមកពីក្លិប Barcelona សម្រាប់តម្លៃខ្លួន 222លានអឺរ៉ូ (ស្មើនឹង264លានដុល្លារអាមេរិក) នឹងត្រូវបង្ហាញខ្លួននៅមុខអ្នកគាំទ្រ PSG របស់ខ្លួននៅមុនពេលការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Ligue 1 របស់ពួកគេ ជាមួយនឹងក្រុមទើបតែឡើងថ្មី Amiens។ កម្មវិធីជួបជុំនេះនឹងចាប់ផ្តើមនៅម៉ោង3:45រសៀល (ម៉ោងក្នុងស្រុក) ខណៈដែលការប្រកួតនឹងចាប់ផ្តើមនៅម៉ោង5:15ល្ងាច ដើម្បីអាចឲ្យរូបគេបង្ហាញខ្លួនឲ្យបានយូរបន្តិចនៅពីមុខអ្នកគាំទ្រច្រើនជាង 45,000នាក់ នៅកីឡដ្ឋាន Parc des Princes។

    ប៉ុន្តែ ទោះបីជាយ៉ាងណា ក្តីសង្ឃឹមរបស់ Neymar ក្នុងការលេងក្នុងការប្រកួតនេះត្រូវបានបញ្ចប់ នៅពេលដែលលិខិតបញ្ជាក់ពីការផ្ទេរជាអន្តរជាតិរបស់គេ មិនទាន់ត្រូវបានដាក់ទៅឲ្យក្របខ័ណ្ឌលីករបស់បារាំងឲ្យទាន់ពេលកាលពីយប់ថ្ងៃសុក្រ។ នៅមុនពេលជួបបញ្ហាទាក់ទងនឹងលិខិតបញ្ជាក់ឲ្យធ្វើការ Neymar បាននិយាយថា៖ «ខ្ញុំត្រៀមលក្ខណៈរួចរាល់ក្នុងការចាប់ផ្តើមនៅថ្ងៃសៅរ៍ ប្រសិនបើខ្ញុំអាច»។

    ទោះបីជាយ៉ាងណា ក្រោយពីការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក Neymar ដែលនឹងត្រូវទទួលបានប្រមាណជា30លានអឺរ៉ូ (ស្មើនឹង35លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំនោះ បានបញ្ជាក់ថា ការទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ មិនមែនជាកត្តាដែលនាំឲ្យមានការផ្ទេរនេះឡើយ។ Neymar ដែលបានចុះហត្ថលេខារយៈពេល5ឆ្នាំជាមួយនឹងក្លិប PSG បានឲ្យដឹងថា៖ «ខ្ញុំចង់បានការប្រជែងកាន់តែធំ និងកាន់តែអស្ចារ្យ។ ខ្ញុំមកទីនេះដើម្បីផ្តល់ជំនួយឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ និងជួយឲ្យក្លិបនេះឈ្នះពាននានា»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10:15យប់៕

  • Neymar សន្យាបំពេញបំណង PSG ក្រោយ​​ពី​បំពេញការ​ផ្ទេរ​ជាផ្លូវ​ការ

    Neymar សន្យាបំពេញបំណង PSG ក្រោយ​​ពី​បំពេញការ​ផ្ទេរ​ជាផ្លូវ​ការ

    ការផ្ទេរក្នុង​​តម្លៃខ្លួន​ជា​កំណត់ត្រាពិភពលោក​របស់ Neymar ទៅកាន់​ក្លិប Paris Saint-Germain ត្រូវ​បាន​បំពេញ​កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ម្សិលមិញដែលនៅពេលនោះក្លិប​យក្ស​របស់​បារាំង​មួយនេះ បាន​ប្រកាស​ថា តា​​រាឆ្នើម​អន្តរ​​ជាតិ​​ប្រេស៊ីល Neymar បាន​ចុះហត្ថលេខា​​រយៈ​ពេល​5​ឆ្នាំ ដើម្បី​​ធ្វើ​​ ​    ​ឲ្យរូប​គេ​ទទួលបាន​ចំណូល​ប្រមាណ​ជា​30លានអឺ​រ៉ូ (ស្មើនឹង​35.5លានដុល្លារអាមេ​រិក) ក្នុង​មួយ​ឆ្នាំ​បន្ទាប់​ពីកាត់​ពន្ធរួច​។ ការ​ផ្ទេរនេះត្រូវ​បាន​ចុះ​ហត្ថ​លេខា​​ត្រឹម​រយៈ​ពេល​​តែ​ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ​ពី PSG បាន​ចំណាយ​ប្រាក់ទិញ​​រំលាយកិច្ច​សន្យា​របស់ Neymar ចំនួន​222​​លាន​អឺ​រ៉ូ (ស្មើ​នឹង​260​លានដុល្លារ​អាមេ​រិក) ទៅ​ឲ្យ​ក្លិប Barcelona​​។

    ក្រោយពីបំពេញការផ្ទេរ​នេះភ្លាម​ៗ Neymar បាន​សន្យា​​ថា នឹង​ធ្វើ​រាល់​អ្វី​ទាំង​អស់​ដើម្បី​ជួយ​ឲ្យ​ក្លិប​ PSG សម្រេច​បំណង​របស់​ខ្លួន​។ តា​រាឆ្នើម​រូប​នេះ​បាន​ឲ្យ​​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ចូល​រួមជាមួយ​នឹង Paris Saint-Germain​ ចាប់​តាំងពី​ខ្ញុំ​បាន​ទៅ​ដល់​ទ្វីប​អឺ​រ៉ុប ក្លិបនេះតែង​តែ​​ជា​​ក្លិបមួយ​ដែលមានការ​ប្រកួត​ប្រជែងខ្លាំង​បំផុត ជាក្លិប​មួយមាន​មហិច្ឆ​តាធំ​បំផុត និង​មាន​ការ​ប្រជែង​ដ៏​ធំបំផុត​។ អ្វី​ដែល​​បាន​លើក​ទឹក​ចិត្ត​ខ្ញុំខ្លាំង​បំផុត​ក្នុង​ការ​ចូល​រួម​ជា​មួយ​​នឹងមិត្ត​រួមក្រុម​ថ្មី​របស់​ខ្ញុំ គឺ​ការ​ជួយ​ក្លិបនេះ​ឲ្យ​ដណ្តើម​បាន​​ពាន​ដែល​អ្នក​គាំ​ទ្រ​របស់​ពួកយើង​ចង់​បាន​»​។

    ខ្សែ​ប្រយុទ្ធ​រូប​នេះ​បានបន្ថែម​ទៀត​ថា៖ «មហិច្ឆ​តា​របស់ PSG បាន​ទាក់​ទាញ​ឲ្យ​ខ្ញុំ​ត្រូវតែមកកាន់ក្លិបនេះ រួម​ជាមួយនឹង​ការស្រេកឃ្លានជ័យជម្នះ និង​​ថាមពល​។ ខ្ញុំ​បាន​លេង​អស់​រយៈពេល​4​​រដូវកាល​នៅ​ទ្វីប​អឺ​រ៉ុប ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំបានត្រៀម​លក្ខណៈ​រួច​រាល់ហើយក្នុង​ការ​ទទួល​យកការ​ប្រជែង​មួយនេះ​។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​នឹង​ធ្វើ​រាល់​អ្វី​ៗ​ទាំង​អស់​ដែលខ្ញុំ​អាច​ធ្វើ​បាន​​ដើម្បី​ជួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្ញុំ ដើម្បី​​បើក​ជើង​មេឃ​ថ្មី​សម្រាប់ក្លិប​របស់​ខ្ញុំ និង​ដើម្បីនាំ​យក​​​ការ​រីក​រាយ​ទៅកាន់​អ្នក​គាំ​ទ្រ​រាប់​លា​ននាក់​ទូ​ទាំង​ពិភព​​លោក​»​។

    PSG បានប​ញ្ជាក់​ថា Neymar នឹង​បង្ហាញមុខ​ជាផ្លូវការ​​ក្នុង​សន្និ​​សីទ​សារ​ព័ត៌​មានមួយនៅល្ងាច​ថ្ងៃ​សុក្រនេះ​ឯង៕

    ប្រភពពី៖ Sky Sports

  • ទីបំផុត Neymar ត្រូវត្រៀម​បំពេញ​ការផ្ទេរ​ទៅ PSG មែន!

    ទីបំផុត Neymar ត្រូវត្រៀម​បំពេញ​ការផ្ទេរ​ទៅ PSG មែន!

    ខ្សែ​ប្រយុទ្ធ Neymar នឹង​ត្រូវ​បំពេញការផ្ទេរក្នុងតម្លៃខ្លួន​ជាកំណត់ត្រា​ពិភព​លោក​ទៅកាន់ក្លិប Paris Saint-Germain ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​502លានអឺ​រ៉ូ (ស្មើនឹង​595លាន​​ដុល្លារ​អាមេរិក) បើ​បូក​ទាំង​តម្លៃ​ខ្លួន និង​ប្រាក់​បៀ​​វត្សរ៍ ក្រោយ​ពី​រូបគេបានប្រាប់​ក្លិប Barcelona ថា រូបគេ​នឹង​ចាក​ចេញ​។

    PSG បាន​យល់​ព្រម​ទៅលើ​ក្នុងការ​ចំណាយ​ប្រាក់​​ទិញ​រំលាយកិច្ច​សន្យា​​ចំនួន​222​លាន​អឺ​រ៉ូ (ស្មើនឹង​260លាន​ដុល្លារអាមេរិក) ​ដែលនឹង​ត្រូវ​ប្រគល់​ឲ្យ​ការិយាល័យ​សហ​ព័ន្ធកីឡា​បាល់​ទាត់​អេ​ស្ប៉ាញ ខណៈ​ដែលនេះ​គឺ​ជា​បែប​បទ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ក្នុងការ​ជម្រះ​ការ​ផ្ទេរ​។ Neymar ដែល​​បាន​ធ្វើ​ដំណើរ​​ទៅកាន់​ទីក្រុង Porto កាលពីថ្ងៃពុធ ដើម្បី​ទទួល​ការ​ត្រួតពិនិត្យសុខភាពនោះត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បង្ហាញខ្លួន​ជាផ្លូវ​ក្នុង​ទីក្រុង​ប៉ា​រីសនៅ​សប្តាហ៍នេះ​។ កាលពីថ្ងៃពុធ​ដដែល​នោះ Neymar ដែលរួម​ដំណើរ​​ដោយ​ឪពុក​របស់គេផងនោះបាន​ធ្វើការ​បញ្ជាក់​ប្រាប់​ក្លិប Barcelona នៅ​ឯ​ទីលានហ្វឹកហាត់​របស់​ពួក​គេ អំពី​គោល​​បំណង​​របស់គេក្នុង​ការ​ចាក​ចេញ​។ ក្លិប​យក្ស​​របស់អេ​ស្ប៉ាញមួយនេះបាន​ឆ្លើយ​តប​តាមរយៈ​ការ​និយាយ​ថា ទឹក​ប្រាក់​​ទិញ​រំលាយ​កិច្ច​សន្យា​នឹង​ត្រូវ​តែ​បង់​ក្នុង​ចំនួនពេញ​លេញ​។

    ស្របពេល​ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​ជាមិត្ត​រួមក្រុម​របស់ក្លិប Neymar បាន​បង្ហោះ​​សារ​លា​គ្នា នៅ​លើបណ្តាញ​សង្គមទៅកាន់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីលរូបនេះ ខណៈ​ដែលលោក Wagner Ribeiro ដែល​ជា​ភ្នាក់​ងារ​តំណាង​របស់​គេត្រូវ​បានដក​ស្រង់​សម្តី​ខណៈ​និយាយ​ថា PSG នឹង​ចំណាយ​​ប្រាក់​ស្រប​​តាម​តម្លៃខ្លួន​ដែល Barcelona ​បានស្នើ​សុំ​​។ លោក Ribeiro បានបញ្ជាក់បន្ថែមទៀត​ថា Neymar កំពុង​ស្ថិតនៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ការផ្ទេរមួយនេះ​ហើយ។ Ribeiro បានប្រាប់​ស្ថានី​យវិទ្យុ​របស់​អេ​ស្ប៉ាញ Cadena COPE ថា៖ «PSG នឹង​ចំណាយ​ប្រាក់​រំលាយកិច្ច​សន្យា​ចំនួន​222លាន​អឺ​រ៉ូ របស់ Neymar នៅ​ថ្ងៃនេះ ហេតុនេះ រូប​គេអាច​បង្ហាញ​ខ្លួន​ជាផ្លូវការ​នៅ​ចុង​សប្តាហ៍នេះ​​»​។ Neymar បាន​ផ្ទេរមកពី​ក្លិប Santos កាលពី​ឆ្នាំ​2013 ក្នុង​តម្លៃ​ខ្លួន​ជិត​100​លាន​អឺ​រ៉ូ ហើយ​រូបគេ​​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​បាន​​ចំណូល​ជាង​1​លាន​ដុល្លារ​ក្នុងមួយ​សប្តាហ៍ នៅ PSG មុន​ពេល​កាត់​​ពន្ធ​​៕

    ប្រភព​ពី៖ The Guardian

  • Neymar ស្ថិតក្នុងភាពស្ងប់ស្ងាត់ ពេលវិលទៅកាន់ក្លិប Barcelona វិញ

    Neymar ស្ថិតក្នុងភាពស្ងប់ស្ងាត់ ពេលវិលទៅកាន់ក្លិប Barcelona វិញ

    តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar បានធ្វើដំណើរវិលទៅកាន់ក្លិប Barcelona វិញកាលពីល្ងាចថ្ងៃអង្គារ ខណៈដែលរូបគេបានគេចវេះមិនធ្វើការបកស្រាយណាមួយទៅលើការលើកឡើងផ្សេងៗពីការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកទៅកាន់ក្លិប Paris Saint-Germain ឡើយ។

    ខ្សែប្រយុទ្ធរបស់ក្លិប Barcelona វ័យ25ឆ្នាំរូបនេះបានធ្វើដំណើរចេញពីប្រទេសចិនវិញហើយនៅមុននេះបន្តិច រូបគេបានបង្ហោះរូបភាពវីដេអូនៅលើបណ្តាញសង្គម ដែលហាក់ចង់បង្ហាញថា រូបគេកំពុងតែចេញដំណើរពីអាកាសយានដ្ឋាននៃទីក្រុងដូហា ស្របពេលដែលមានការលើកឡើងផ្សេងៗថា រូបគេអាចនឹងចាកចេញទៅកាន់ក្លិប PSG។ រូបគេនៅតែស្ថិតក្នុងភាពស្ងប់ស្ងាត់ ស្របពេលដែលមានពាក្យចចាមអារ៉ាមជាច្រើនថា រូបគេនឹងចូលរួមជាមួយនឹងក្លិបយក្សរបស់បារាំងដែលកំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការចំណាយប្រាក់222លានអឺរ៉ូ (ស្មើនឹង260លានដុល្លារអាមេរិក) ដែលជាចំនួនទឹកប្រាក់ដ៏សម្បើមមួយក្នុងការរំលាយកិច្ចសន្យារបស់គេនៅឯកីឡដ្ឋាន Camp Nou។

    Neymar ដែលបានស្ថិតក្នុងប្រទសចិនកាលពីថ្ងៃចន្ទ ដើម្បីបំពេញកាតព្វកិច្ចសម្រាប់ម្ចាស់ឧបត្ថម្ភរបស់គេនោះ ក៏បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្តាញសង្គម Instagram ផងដែរ ដោយសរសេរជាភាសាព័រទុយហ្គាល់ថា៖ «ញ៉ាំអាហាថ្ងៃត្រង់នៅពាក់កណ្តាលផ្លូវ»។ ក្នុងរូបភាពវីដេអូមួយផ្សេងទៀតពីក្នុងយន្តហោះដែលNeymar ហាក់បានបង្ហាញថា រូបគេពិតជាបានទៅដល់ទីក្រុង Barcelona ពិតប្រាកដមែន។ ប្រភពព័ត៌មានជាច្រើនបានចេញផ្សាយនៅមុននេះថា រូបគេបានចាកចេញពីប្រទេសចិនទៅកាន់ទីក្រុងដូហា ដើម្បីជួបជាមួយនឹងម្ចាស់កម្មសិទ្ធិរបស់ក្លិប PSG និងទទួលការត្រួតពិនិត្យសុខភាព នៅមុនពេលផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៕
    ប្រភពពី៖ Sport24